ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ជា​របត់​នយោបាយ​ថ្មី​នៅ​កម្ពុជា​

សំឡេង ០៤:១៥
ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំសង្កាត់​អាណត្តិទី៣​នឹង​មកដល់​នៅថ្ងៃអាទិត្យទី៣​មិថុនា
ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំសង្កាត់​អាណត្តិទី៣​នឹង​មកដល់​នៅថ្ងៃអាទិត្យទី៣​មិថុនា RFI/Siv Channa

ការ​បោះឆ្នោត​​ជ្រើស​រើស​​ក្រុម​ប្រឹក្សា​ឃុំ​​សង្កាត់​​អាណត្តិ​​ទី​៣​នឹ​ង​​មក​ដល់​​នៅ​​ថ្ងៃ​អាទិត្យ​​ទី​៣​មិថុនា​​ស្អែក​​នេះ​ហើយ។ ​ការិយាល័យ​​បោះឆ្នោត​​នឹង​​បើក​ទ្វារ​​ចាប់ពី​​ម៉ោង​៧​ព្រឹក​​ដល់​​ម៉ោង​៣​រសៀល​ដើម្បី​​ទទួល​​អ្នក​បោះឆ្នោត​​ប្រមាណ​​ជាង​៩​លាន​​នាក់។​ គណ​បក្ស​នយោបាយ​​ចំនួន​១០​នឹង​​ប្រកួត​ប្រជែង​​យក​​តំណែង​​ក្រុម​ប្រឹក្សា​​ឃុំ​​សង្កាត់​​ចំនួន ​១ ៦៣៣​ នៅ​​ទូទាំង​ប្រទេស។​ តើ​​អ្វី​​ទៅ​ជា​​ការ​បោះឆ្នោត​​ក្រុមប្រឹក្សា​​ឃុំ​​សង្កាត់?​ ហើយ​​ថា​តើ​​ការ​បោះឆ្នោត​​នេះ​​មាន​​សារៈ​សំខាន់​​អ្វី​ខ្លះ​​សម្រាប់​​ប្រទេស​​កម្ពុជា?​ 

ផ្សាយពាណិជ្ជកម្ម

ថ្ងៃអាទិត្យ​ទី៣មិថុនា​ស្អែក​នេះ​គឺជា​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​នៅ​កម្ពុជា។ ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​ជាជាង៩លាន២សែន​នាក់​ដែល​បាន​ចុះឈ្មោះ​ក្នុង​បញ្ជី​រួចហើយ​ត្រូវ​បាន​គេ​អញ្ជើញ​ឲ្យ​ទៅ​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​ថ្នាក់មូលដ្ឋាន​របស់ខ្លួន។ ការិយាល័យ​បោះឆ្នោត​ចំនួន​ជាង ១៨ ១០៧ កន្លែង​នឹង​ចាប់ផ្តើម​បើកទ្វារ​នៅ​ម៉ោង៧ព្រឹក​ហូត​ដល់​ម៉ោង​៣​រសៀល។

 
នេះ​ជាការ​បោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់​លើក​ទី៣ហើយ​សម្រាប់​ប្រទេស​កម្ពុជា។ ការបោះ​ឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់​លើក​ទី១ត្រូវបាន​ធ្វើឡើង​កាលពី​ឆ្នាំ២០០២។ ក្រុ​មប្រឹក្សា​ឃុំ​សង្កាត់​មាន​អាណត្តិ៥ឆ្នាំ​ដូច​តំណាងរាស្ត្រ​ដែរ។ ការបោះឆ្នោត​លើក​នេះ​មាន​គណបក្សនយោបាយ​ចំនួន១០បាន​ចូលរួម​ប្រកួតប្រជែង​យក​តំណែង​ក្នុង​ក្រុមប្រឹក្សាឃុំ​សង្កាត់​ចំនួន ១ ៦៣៣ នៅ​ទូទាំងប្រទេស។ បេក្ខជន​ជាង១១ម៉ឺន​នាក់​បាន​ឈរឈ្មោះ​ឲ្យ​ប្រជាពលរដ្ឋ​ជ្រើសរើស​ធ្វើជា​តំណាង​របស់​ពួកគេ។

កាលពី​ឆ្នាំ២០០៧ គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​អាសនៈ​ក្រុមប្រឹក្សាឃុំ​សង្កាត់​ចំនួន ៧ ៩៩៣ ក្នុងចំណោម​អាសនៈ​ ​សរុប ១១ ៣៥៣ នៅ​ទូទាំងប្រទេស។ គណបក្ស​ប្រជាជន​កម្ពុជា​ក៏បាន​កាន់កាប់​តំណែង​ប្រធាន​ក្រុមប្រឹក្សាឃុំ​សង្កាត់ចំនួន ១ ៥៩២ ក្នុងចំណោម​ឃុំ​សង្កាត់​ទាំងអស់​ដែល​កាលណោះ​មាន​ចំនួន ១ ៦២១ ទូទាំងប្រទេស។ ចំណែក​គណបក្ស​សម រង្ស៊ី​វិញ បាន​ទួល​អាសនៈ​សរុប ចំនួន ២ ៦៦០ និង​ទទួលបាន​តំណែង​ជា​ប្រធាន​ក្រុមប្រឹក្សាឃុំ​សង្កាត់​ចំនួន ២៨។ ក្រៅពីនោះ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ក៏មាន​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់​មួយចំនួន​តូច​ដែរ។

ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់​គឺជា​ការបោះឆ្នោត​សំខាន់​ទី២បន្ទាប់ពី​ការបោះឆ្នោត​ជ្រើស​រើស​​តំណាងរាស្ត្រ។ ក្រុមប្រឹក្សាឃុំ​សង្កាត់​គឺជា​អ្នកដឹកនាំ​ថ្នាក់មូលដ្ឋាន​ដែល​ទទួល​អំណាច​ពី​រដ្ឋាភិបាល​តាមរយៈ​ការអនុវត្ត​ន៍យោបាយ​វិមជ្ឈការ​នៃ​អំណាច​ថ្នាក់ជាតិ។

ក្រុមប្រឹក្សាឃុំ​សង្កាត់​នីមួយៗមាន​សមាជិក​ពី៥ដល់១១នាក់​ដែល​សមាមាត្រ​ទៅនឹង​ចំនួន​ប្រជាជន​នៅក្នុង​ដែន​រដ្ឋបាល​របស់ខ្លួន។ ក្រុមប្រឹក្សាឃុំ​សង្កាត់​ដឹកនាំ​ដោយ​ប្រធាន​មួយរូប​ដែល​ត្រូវបាន​ជ្រើសរើស​ចេញពី​គណបក្ស​ដែល​ទទួលបាន​សំឡេងគាំទ្រ​ពី​ប្រជាជន​ច្រើន​ជាងគេ។
ការបង្កើត​ឲ្យ​មាន​ក្រុមប្រឹក្សាឃុំ​សង្កាត់​តាមរយៈ​ការបោះឆ្នោត​ជា​សាកល​គឺជា​របត់​នយោបាយ​ដ៏​សំខាន់​មួយ​នៅ​កម្ពុជា។ សំខាន់​នៅត្រង់ថា អាជ្ញាធរ​មូលដ្ឋាន​ដែលជា​អ្នកដឹកនាំ​ផ្ទាល់​នៅ​កៀក​នឹង​ប្រជាពលរដ្ឋ​នោះ​ធ្លាប់តែ​ទទួល​ការតែងតាំង​ពី​ថ្នាក់លើ។ ប៉ុន្តែ បច្ចុប្បន្ននេះ គឺ​ប្រជា​ពលរដ្ឋ​ជា​អ្នកបោះឆ្នោត​ជ្រើសរើស​តំណាង​របស់ខ្លួន​ដោយ​ខ្លួនឯង។ រយៈពេល១០ឆ្នាំ​កន្លង​ទៅ​​នេះ នយោបាយ​វិមជ្ឈការ​បាននិងកំពុង​ចាក់​ឬ​ស​កាន់តែ​ជ្រៅ​នៅ​ថ្នាក់មូលដ្ឋាន។

តាមរយៈ​ការបោះឆ្នោត មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ត្រូវតែ​បង្ហាញ​ការទទួលខុសត្រូវ​ចំពោះ​មុខ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ច្រើនជាង​មុន​ពីព្រោះ ប្រសិនបើ​មិន​ដូច្នោះ​ទេ ពួកគេ​នឹងត្រូវ​ប្រជាពលរដ្ឋ​ទម្លាក់​ចេញពី​អំណាច​តាមរយៈ​សន្លឹកឆ្នោត​រប​ស់​ខ្លួន។ ខុសពី​ពេលមុន​ដែល​ពួកគេ​មិនសូវ​ខ្វល់ខ្វាយ​អំពី​បញ្ហា​របស់​ប្រជាពលរដ្ឋ។

មិន​ត្រឹមតែ​ថ្នាក់ដឹកនាំ​មូលដ្ឋាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ការបម្រើ​ប្រជាពលរដ្ឋ​បានល្អ ឬ​មិន​បានល្អ​របស់​ក្រុមប្រឹក្សាឃុំ​សង្កាត់​ក៏មាន​ផលប៉ះពាល់​ដល់​ប្រជាប្រិយភាព​របស់​គណបក្ស​នយោបាយ​ផងដែរ។ និយាយ​ដោយ​ខ្លី យន្តការ​ដឹកនាំ​ថ្នាក់មូលដ្ឋាន​នេះហើយ​ដែលជា​ទីលាន​ប្រកួត​ប្រជែង​​បម្រើ​ប្រជាពលរដ្ឋ​របស់​គណបក្សនីមួយ។

ទោះបីជា​កន្លងទៅនេះ នៅមាន​បញ្ហា​ជា​ច្រើន​​ក្នុង​រដ្ឋបាល​ក្រុមប្រឹក្សាឃុំ​សង្កាត់​ក៏ដោយ ក៏ប៉ុន្តែ ការបោះឆ្នោត​ពីមួយ​អាណត្តិ​ទៅមួយ​អាណត្តិ​ជាពិសេស​ចាប់ពីពេលនេះ​តទៅ គេ​ជឿជាក់ថា គ្មាន​គណបក្ស​នា​មួយ​ហ៊ាន​ជិះសេះ​លែងដៃ​ទៀត​បានឡើយ ពីព្រោះ​ចូរ​កុំភ្លេចថា ខណៈដែល​ពលរដ្ឋ​កាន់​តែ​យល់ច្បាស់​អំពី​សិទ្ធិ​របស់ខ្លួន ពួកគេ​នឹង​ប្រើប្រាស់​សន្លឹកឆ្នោត​ឲ្យ​កាន់​តែមាន​ប្រសិទ្ធិភាព​ជាង​មុន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI