អ៊ុយក្រែន

ជំនួប​​​​​ស្តីពី​អ៊ុយក្រែន​ ​​រវាង​​​ប្រមុខការទូត​អាមេរិក​និង​​ប្រមុខ​ការទូត​រុស្ស៊ី​ នៅក្រុង​ឡុងដ៍​

ប្រមុខការទូត​អាមេរិក John Kerry (ឆ្វេង) និង​ប្រមុខការទូត​រុស្ស៊ី Sergueï Lavrov
ប្រមុខការទូត​អាមេរិក John Kerry (ឆ្វេង) និង​ប្រមុខការទូត​រុស្ស៊ី Sergueï Lavrov REUTERS/Ruben Sprich

នៅ​ថ្ងៃ​សុក្រនេះ ប្រមុខការទូត​​អាមេរិក ចន ឃែររី ​បានធ្វើដំណើរ​​មកដល់​ក្រុងឡុងដ៍ ​ដើម្បី​ជួប​ពិភាក្សាពីវិបត្តិ​អ៊ុយក្រែន​​ជាមួយ​ប្រមុខ​ការទូត​​រុស្ស៊ី ស៊ែរហ្កី ឡាវ្រ៉ូវ។ លោក​ឃែររី នឹង​ជួប​នាយករដ្ឋមន្ត្រីអង់គ្លេស និង​ប្រមុខការទូត​អង់គ្លេស​ជាមុនសិន​ មុននឹង​ជួប​ប្រមុខការទូត​រុស្ស៊ី។ ​ប្រមុខ​ការទូត​​អាមេរិក​​​មាន​​បំណង​ជំរុញ​រដ្ឋាភិបាល​​​រុស្ស៊ី​ អោយ​បញ្ឈប់​ការប៉ុនប៉ង​ដាក់​តំបន់គ្រីមេ​ ​ជា​ឧបសម្ព័ន្ធ​របស់​រុស្ស៊ីទៀត។ ​ជំនួបរវាង​លោកឃែររី និង​លោក​ឡាវ្រ៉ូវ នៅថ្ងៃ​​សុក្រ​នេះ ធ្វើឡើង​២ថ្ងៃ​ប៉ុណ្ណោះ​ មុន​​ថ្ងៃ​​អាទិត្យ​១៦មីនា នេះ ជាថ្ងៃ​បោះឆ្នោត​ប្រជាមតិ​​តំបន់​គ្រីមេ ភ្ជាប់​គ្រីមេ​​ទៅនឹង​​រុស្ស៊ី​។

ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​សុក្រ​នេះ នៅ​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស​ ជំនួប​រវាង​ប្រមុខការទូត​អាមេរិ​ក​ ចន ឃែររី និង​​ប្រមុខការទូត​រុស្ស៊ី ស៊ែរហ្កី ឡាវ្រ៉ូវ ​ស្តីពី​វិបត្តិ​អ៊ុយក្រែន​ គឺជា​ជំនួប​លើក​ទី៤​ហើយ គិត​តែ​ក្នុង​មួយសប្តាហ៍​ប៉ុណ្ណោះ។ ជំនួប​រវាង​ប្រមុខការទូត​អាមេរិក​​និងរុស្ស៊ី កន្លងមក ​នៅក្រុង​ប៉ារីស និង​ក្រុងរ៉ូម​ ទាក់ទង​បញ្ហា​​អ៊ុយក្រែន​ មិន​បាន​ផ្តល់​លទ្ធផល​អ្វី​នោះទេ។

នៅថ្ងៃ​សុក្រ​នេះ លោក​ឃែររី ត្រូវធ្វើយ៉ាងណា​​​​ជំរុញ​រដ្ឋាភិបាល​រុស្ស៊ី អោយ​​ឈប់​​ប៉ុនប៉ង​​​ដាក់​​តំបន់​គ្រីមេ ជាកម្មសិទ្ធិ​របស់​រុស្ស៊ី​ទៀត។ នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ​​​​ លោក​ឃែររី​បានជជែក​​​​​ជាមួយ​លោក​ឡាវ្រ៉ូវ តាម​ទូរសព្ទ ព្រមាន​​លោក​ឡាវ្រ៉ូវ​ជាថ្មី​ថា រុស្ស៊ី​នឹង​ទទួល​ផល​ ប្រសិន​បើ​​នៅតែ​បន្ត​ធ្វើអោយ​មានភាពតានតឹង​​ ក្នុងបញ្ហា​អ៊ុយក្រែន​នេះទៀត។ ​​ដើម្បី​ឆ្លើយតប​នឹង​​​ការ​បោះឆ្នោត​​​ប្រជាមតិនៅ​តំបន់គ្រីមេ ​​ថ្ងៃ​អាទិត្យ​១៦មីនា​នេះ ជាការបោះឆ្នោត​​​​​ភ្ជាប់​តំបន់​គ្រីមេ​ទៅ​នឹង​រុស្ស៊ី អាមេរិក​ត្រៀម​​ចាត់វិធានការ​​ម៉ឹងម៉ាត់​​ ​ដាក់ទណ្ឌកម្ម​លើ​​ក្រុង​ម៉ូស្គូ ចាប់ពី​ថ្ងៃចន្ទ​១៧មីនា​ ដើមសប្តាហ៍​ក្រោយនេះហើយ។ អាមេរិក​រំលឹក​រុស្ស៊ី​ថា ជំនួប​នៅ​ក្រុងឡុងដ៍​ថ្ងៃ​សុក្រ​នេះ ជា​សំណាង​​ចុងក្រោយ​សម្រាប់​ក្រុងម៉ូស្គូ ​ ដើម្បី​គេចផុត​ពីទណ្ឌកម្ម​បន្ថែម​ពី​សំណាក់​អាមេរិក។

គួរបញ្ជាក់​ថា កាលពី​ថ្ងៃ​៦មីនា ជាថ្ងៃ​ដែល​ប្រកាស​ធ្វើប្រជាមតិ​នៅតំបន់គ្រីមេ​នោះ អាមេរិក​បាន​រឹតបន្តឹងទិដ្ឋាការ​​​​​​​មេដឹកនាំ​ជាន់ខ្ពស់​អ៊ុយក្រែន និង​​​រុស្ស៊ី​​ជាច្រើននាក់​ ហើយ​​លោក​អូបាម៉ា​ក៏បាន​ចុះហត្ថលេខា​លើ​ក្រិត​អនុញ្ញាត​អោយ​បង្កក​ទ្រព្យសម្បត្តិ​​មេដឹកនាំ​​​ជាន់ខ្ពស់​រុស្ស៊ី​ផងដែរ។ ​​ទោះយ៉ាងនេះ​ក្តី ប្រមុខការទូត​អាមេរិក​​គូសបញ្ជាក់ថា ​អាមេរិក​ផ្តល់អាទិភាព​លើ​ដំណោះស្រាយ​ការទូត​ជាមួយ​រុស្ស៊ី។

ជំនួប​រវាង​មេដឹកនាំ​អាមេរិក​និង​រុស្ស៊ី​នៅក្រុង​ឡុងដ៍​ ថ្ងៃ​សុក្រ​នេះ ធ្វើឡើង​២ថ្ងៃ​ប៉ុណ្ណោះ​មុន​ថ្ងៃ​អាទិត្យ​ជាថ្ងៃបោះឆ្នោត​ប្រជាមតិ​ភ្ជាប់​តំបន់​គ្រីមេ​ចូលជា​កម្មសិទ្ធិ​រុស្ស៊ី។ ថ្ងៃសុក្រ​នេះ រុស្ស៊ីបាន​សុំអោយ​អង្គការ​​សន្តិសុខ​និង​សហប្រតិបត្តិការ​អឺរ៉ុបបញ្ជូន​អ្ន​ក​ជំនាញ​ខ្លួន​អោយ​ទៅ​សង្កេតការ​ការបោះឆ្នោត​ប្រជាមតិ​នេះ។ ប៉ុន្តែ កន្លងមក​ ក្រុម​ប្រទេស​​មហាអំណាច​ឧស្សាហកម្ម​ទាំង៧ ធ្លាប់​​ព្រមានរុស្ស៊ី​​រួច​ហើយ​ថា មិន​ទទួល​ស្គាល់​លទ្ធផល​ការបោះឆ្នោត​ប្រជាមតិ​តំបន់​គ្រីមេទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI