តំបន់ទន្លេមេគង្គ

ប្រទេស​មេគង្គ​ក្រោម​ជួបគ្នា​ជជែក​អំពី​ទំនប់​សាយ៉ាបុរី​របស់​ឡាវ

បណ្តា​ប្រទេស​ប៉ែក​ខាង​ក្រោម​ទន្លមេគង្គ​បារម្ភ​ពី​ផលប៉ះពាល់​នៃ​ទំនប់​សាយ៉ាបុរី
បណ្តា​ប្រទេស​ប៉ែក​ខាង​ក្រោម​ទន្លមេគង្គ​បារម្ភ​ពី​ផលប៉ះពាល់​នៃ​ទំនប់​សាយ៉ាបុរី RFI/Channa Siv

ប្រទេស​៤​ដែល​ស្ថិត​តាម​អម​ទន្លេ​មេគង្គ​ក្រោម បាន​ជួប​ប្រជុំ​គ្នា ​នៅ​ក្នុង​ក្រុង​សៀមរាប ​ប្រទេស​កម្ពុជា ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បី​ពិភាក្សា​គ្នា​អំពី​អនាគត​នៃ​ទំនប់​វារីអគ្គីសនី​ដ៏​ធំ​សម្បើម និង​ដ៏ចម្រូងចម្រាស​​មួយ​របស់​ប្រទេស​ឡាវ។ ទំនប់​សាយ៉ាបូរី​តម្លៃ​ជិត​៤​ពាន់​លាន​ដុល្លារ​ត្រូវ​បាន​ក្រុម​អ្នក​បរិស្ថាន​សម្តែង​ការ​ព្រួយ​បារម្ភ​ថា វា​នឹង​បង្ក​អោយ​មាន​ការ​ប៉ះពាល់​ដល់​ប្រជាជន​ប្រមាណ​៦០​លាន​នាក់​ ដែល​រស់​នៅ​អាស្រ័យ​ទន្លេមេគង្គ​នេះ។

ផ្សាយពាណិជ្ជកម្ម

អ្នកជំនាញ​របស់​កម្ពុជា ឡាវ វៀតណាម និង​ថៃ​បាន​ផ្តើម​ជួប​គ្នា ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​៨​ធ្នូ​នេះ ដើម្បី​ជជែក​អំពី​អនាគត​នៃ​ទំនប់​សាយ៉ាបូរី​របស់​ប្រទេស​ឡាវ​ដ៏​ចម្រូងចម្រាស។ កិច្ចប្រជុំ​ដែល​បាន​ប្រព្រឹត្តទៅ ​នៅ​ក្នុង​ក្រុង​សៀមរាប​ប្រទេស​កម្ពុជា។

ទំនប់​សាយ៉ាបូរី​កំពុង​ក្លាយ​ជា​ប្រធានបទ​ដ៏តឹងតែង​រវាង​ប្រទេស​ជិតខាង​ក្នុង​អាង​ទន្លេ​មេគង្គ​ នៅ​ពេល​ដែល​ទំនប់​នឹង​ផ្តល់​​ភាព​អនុគ្រោះ​ចំពោះ​ប្រទេស​ខ្លះ ហើយ​នឹង​​ផ្តល់ផល​​វិបាក​សម្រាប់​ប្រទេស​ខ្លះ​ទៅ​វិញ។ ទំនប់​សាយ៉ាបូរី​ ដែល​មាន​តម្លៃ​រហូត​ដល់​៣៨០០លាន​ដុល្លារ​ គឺ​ជា​ទំនប់​ធំ​មួយ​នៅ​ក្នុង​ចំណោម​គម្រោង​ទំនប់​១១ ​ដែល​គេ​គ្រោង​សង់​នៅ​តាម​បណ្តោយ​អាង​ទន្លេ​មេគង្គ។

អ្នកជំនាញ​បរិស្ថាន​បាន​អះអាង​ថា គម្រោង​ទំនប់​សាយ៉ាបូរី​ ដែល​ផ្តល់​ថាមពល​១២៦០​មេហ្កាវ៉ាត់​នឹង​ផ្តល់​ផល​ប៉ះពាល់​ដល់​មនុស្ស​៦០​លាន​នាក់ ​ដែល​រស់នៅ​តាម​ដង​ទន្លេ​មេគង្គ។

រដ្ឋាភិបាល​ថៃ​ដែល​មាន​ប្រយោជន៍​ច្រើន​ពី​ទំនប់​សាយ៉ាបូរី​នេះ ដោយ​ត្រូវ​ទិញ​អគ្គីសនី​ប្រមាណ​៩៥​ភាគរយ​ទៅ​ហើយ​ពី​ទំនប់​សាយ៉ាបូរី​ មិន​បាន​បង្ហាញ​ការ​ប្រឆាំង​ទៅ​នឹង​គម្រោង​នេះទេ។ ចំណែក​ឯ​កម្ពុជា​និង​វៀតណាម​វិញ​បាន​បង្ហាញ​ការ​រារែក និង​ព្រួយ​បារម្ភ​ខ្លាំង។ ប្រទេស​វៀតណាម​ ដែល​ជា​ប្រទេស​ស្ថិត​នៅ​ក្រោម​គេ​ បាន​ទាមទារ​អោយ​ផ្អាក​គម្រោង​នេះ​ក្នុង​រយៈ​១០​ឆ្នាំ​ឯណោះ។ ក្រោយ​ពី​មាន​ការ​ពិភាក្សា​គ្នា​ជា​លក្ខណៈ​តំបន់​កាល​ពី​ខែ​ឧសភា​នោះ គម្រោង​ទំនប់​វារី​អគ្គីសនី​សាយ៉ាបូរី​ត្រូវ​បាន​ផ្អាក។ ប៉ុន្តែ​កាល​ពី​សប្តាហ៍​កន្លង​ទៅ​នេះ អនុរដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ឡាវ​ លោក​វីរ៉ាផន វីរ៉ាវង់​បាន​ថ្លែង​ថា គម្រោង​នេះ​នឹង​ត្រូវ​ចាប់​ផ្តើម​ឡើងវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI