បេក្ខជនបក្សកាន់អំណាចទទួលជោគជ័យក្នុងការបោះឆ្នោតប្រធានាធិបតីម៉ាដាហ្កាស្កា ជុំទី២
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅម៉ាដាហ្កាស្កា ថ្ងៃសុក្រនេះ លទ្ធផលនៃការរាប់សន្លឹកឆ្នោតចេញពីការបោះឆ្នោតប្រធានាធិបតីជុំទី២ កាលពីថ្ងៃ២០ធ្នូ ឆ្នាំ២០១៣កន្លងទៅ ត្រូវបានចុះផ្សាយជាផ្លូវការហើយ។ យោងតាមលទ្ធផលនោះ បេក្ខជន ហេរី រ៉ាចាវណារី ម៉ាមពីយ៉ានីណា មកពីបក្សកាន់អំណាច បានទទួលជោគជ័យ ជាមួយសម្លេងឆ្នោត៥៣,៥០ភាគរយ ឈ្នះលោកហ្សង់ល្វី រ៉ូប៊ីនសុន ជាគូប្រជែងរបស់លោក។ ទោះយ៉ាងនេះក្តី ម៉ាដាហ្កាស្កាត្រូវចាំ១៥ថ្ងៃទៀត ព្រោះតុលាការត្រូវពិនិត្យពាក្យបណ្តឹង មុនសម្រេចជាផ្លូវការថា លោកហង់រី ជាប្រធានាធិបតីម៉ាដាហ្កាស្កា។
នៅម៉ាដាហ្កាស្កា ថ្ងៃសុក្រនេះ យោងតាមលទ្ធផលនៃការរាប់សន្លឹកឆ្នោត លោក ហេរី រ៉ាចាវណារី ម៉ាមពីយ៉ានីណា មកពីខាងបក្សកាន់អំណាច គឺជាអ្នកឈ្នះ ក្នុងការបោះឆ្នោតប្រធានាធិបតី ម៉ាដាហ្កាស្កា ថ្ងៃ២០ធ្នូ ឆ្នាំ២០១៣កន្លងទៅ។ គណៈកម្មការបោះឆ្នោត ប្រកាសថា លោក ហេរី ទទួលបានសន្លឹកឆ្នោត ៥៣,៥០ភាគរយ នាំមុខគូប្រជែងរបស់លោក គឺហ្សង់ល្វី រ៉ូប៊ីនសុន ដែលទទួលបានសម្លេង៤៦,៥០ភាគរយ។
គួររំលឹកថា លោក ហេរី អាយុ៥៥ឆ្នាំ ជាអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងជាបេក្ខជនមកពីសមាគមឈ្មោះថា កម្លាំងថ្មីសម្រាប់ម៉ាដាហ្កាស្កា ដែលគាំទ្រដោយរដ្ឋាភិបាលកាន់អំណាច។ គូប្រជែងលោក គឺលោករ៉ូប៊ីនសុន មកពីគណបក្សអាវ៉ាណា AVANA របស់អតីតប្រធានាធិបតីធ្លាក់ពីអំណាច ម៉ាក រ៉ាវ៉ាឡូម៉ាណាណា។
បន្ទាប់ពីមានការចុះផ្សាយលទ្ធផលជាផ្លូវការ លោករ៉ូប៊ីនសុន ដែលចាញ់ឆ្នោតនោះ មិនមានប្រតិកម្មអ្វីតបតភ្លាមៗនោះទេ។ ក្នុងការបោះឆ្នោតប្រធានាធិបតីថ្ងៃ២០ធ្នូ គូប្រជែងទាំង២រូបបានចោទគ្នាទៅវិញទៅមក ថាបានក្លែងបន្លំសន្លឹកឆ្នោត បង្កភាពមិនប្រក្រតី។ ប៉ុន្តែ អ្នកសង្កេតការបោះឆ្នោតបរទេសជាច្រើនរូប ក្នុងនោះ មានអ្នកសង្កេតការណ៍មកពីសហភាពអឺរ៉ុបដែរនោះ មិនបានសង្កេតឃើញពីការបន្លំសន្លឹកឆ្នោតអ្វីនោះឡើយ។
ទោះយ៉ាងនេះក្តី ប្រជាជនម៉ាដាហ្កាស្កាត្រូវរង់ចាំពេល១៥ថ្ងៃទៀត ដើម្បីដឹងថា តើលោក ហេរី រ៉ាចាវណារី ម៉ាមពីយ៉ានីណា ពិតជាក្លាយជាប្រធានាធិបតីថ្មី រឺក៏យ៉ាងណា។ ក្នុងរយៈពេល១៥ថ្ងៃនេះ តុលាការទទួលបន្ទុកត្រួតពិនិត្យពាក្យបណ្តឹងប្រឆាំងការបោះឆ្នោត នឹងពិចារណា ស៊ើបអង្កេតមើលថា តើខ្លួនអាចសំរេចអោយលោកហេរី ធ្វើជាប្រធានាធិបតី ស្របតាមលទ្ធផលបោះឆ្នោតនោះដែររឺទេ។ បេក្ខជនរ៉ូប៊ីនសុនដែលចាញ់ឆ្នោតនោះ បានដាក់ ពាក្យបណ្តឹងទៅតុលាការ បរិហារពីការក្លែងបន្លំសន្លឹកឆ្នោតលើសលុប និងសុំអោយតុលាការសំរេចថា ការបោះឆ្នោតកន្លងមក មិនមានសុពលភាពនោះទេ។
ម៉ាដាហ្កាស្កាបានធ្លាក់ក្នុងវិបត្តិនយោបាយ ក្នុងឆ្នាំ២០០៩ បន្ទាប់ពីលោកម៉ាក រ៉ាវ៉ាឡូ ម៉ាណាណា ត្រូវគេទំលាក់ពីតំណែងប្រធានាធិបតី។ លោករ៉ាវ៉ាឡូម៉ាណាណា កំពុងភៀសខ្លួននៅអាហ្វ្រិកខាងត្បូង។ លោកគ្មានសិទ្ធិឈរឈ្មោះជាប្រធានាធិបតីក្នុងពេលកន្លងទៅនេះទេ។ ហើយលោក អាន់ឌ្រី រ៉ាចូលីណា ដែលបានទំលាក់អតីតប្រធានាធិបតីរូបនេះពីតំណែង ក៏គ្មានសិទ្ធិឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតីកន្លងទៅនេះដែរ ព្រោះសហគមន៍អន្តរជាតិខ្លាចមានចលាចលក្នុងស្រុក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ