បោះឆ្នោតម៉ាដាហ្កាស្កាជុំទី២៖បេក្ខជនប្រជែងគ្នាទាំងពីររូប ចោទគ្នាទៅវិញទៅមក ថាលួចបន្លំសន្លឹកឆ្នោត
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅម៉ាដាហ្កាស្កា បន្ទាប់ពីការបោះឆ្នោតជ្រើសរើសប្រធានាធិបតីជុំទី២ បានបញ្ចប់ទៅកាលពីថ្ងៃសុក្រកន្លងទៅ នៅថ្ងៃសៅរ៍នេះ បេក្ខជនឈរឈ្មោះជាប្រធានាធិបតីទាំងពីររូប បានអះអាងរៀងៗខ្លួនថា ខ្លួនជាអ្នកឈ្នះឆ្នោត ត្រូវធ្វើជាប្រធានាធិបតី។ បេក្ខជនទាំងពីររូបនោះ គឺលោក ហ្សង់ល្វី រ៉ូប៊ីនសុន មកពីគណបក្សអាវ៉ាណា AVANA ដែលជាគណបក្សរបស់អតីតប្រធានាធិបតីម៉ាក រ៉ាវ៉ាឡូម៉ាណាណា ហើយមួយរូបទៀត គឺលោកហេរីរ៉ាចាវណារីម៉ាំពីយ៉ានីណា មកពីសមាគមឈ្មោះកម្លាំងថ្មីសម្រាប់ម៉ាដាហ្កាស្កា។ ពួកគេទាំងពីរបានចោទគ្នាទៅវិញទៅមកថា បានលួចបន្លំសន្លឹកឆ្នោត។
នៅប្រទេសម៉ាដាហ្កាស្កា ថ្ងៃសៅរ៍នេះ ទាំងលោក ហ្សង់ល្វី រ៉ូប៊ីនសុន បេក្ខជនឈរឈ្មោះជាប្រធានាធិតី មកពីគណបក្សអាវ៉ាណា AVANA របស់អតីតប្រធានាធិបតីម៉ាក រ៉ាវ៉ាឡូម៉ាណាណា ទាំងលោកហេរី រ៉ាចាវណារីម៉ាំពីយ៉ានីណា បេក្ខជនប្រធានាធិបតី មកពីសមាគមឈ្មោះថា កម្លាំងថ្មីសម្រាប់ម៉ាដាហ្កាស្កា ដែលកាន់អំណាចក្នុងប្រទេស សុទ្ធតែបានចោទគ្នាទៅវិញទៅមកថា បានលួចបន្លំសន្លឹកឆ្នោត ក្នុងការបោះឆ្នោតប្រធានាធិបតីជុំទី២ កាលពីថ្ងៃសុក្រកន្លងទៅ។ ការរាប់សន្លឹកឆ្នោតមិនទាន់បានចាប់ផ្តើមទៅបានស្រួលផង បេក្ខជនទាំងពីររូបសុទ្ធតែប្រកាសដណ្តើមជ័យជំនះ និងចោទប្រកាន់គ្នាទៅវិញទៅមករៀងខ្លួន។
នៅម៉ោងប្រមាណមួយរសៀល ថ្ងៃសៅរ៍ គណៈកម្មការបោះឆ្នោតឯករាជ្យហៅកាត់ថា សេនីត Cenit បានចុះផ្សាយលទ្ធផលនៃការបោះឆ្នោតជុំទី២ សំរាប់ការិយាល័យចំនួន២០៤ ក្នុងចំណោមការិយាល័យសរុប ពីរម៉ឺនមួយ ២000១ ការិយាល័យ។ យោងតាមលទ្ធផលសំរាប់ការិយាល័យចំនួន២០៤ បេក្ខជនរ៉ូប៊ីនសុន បានទទួលសម្លេងឆ្នោត៥០,២១ភាគរយ នាំមុខបេក្ខជន រ៉ាចាវណារីម៉ាំពីយ៉ានីណា។
លោកហ្សង់ល្វី រ៉ូប៊ីនសុន រំពឹងថា ខ្លួនទទួលបានសម្លេងឆ្នោត៥៦ភាគរយ ប៉ុន្តែខាងលោករ៉ាចាវណារីម៉ាំពីយ៉ានីណា ផ្នែកអំណាចម៉ាដាហ្កាស្កាឯណោះវិញ បានប្រកាសថា បេក្ខភាពខ្លួនបានទទួលសម្លេងឆ្នោតពី៦០ទៅ៦៥ភាគរយ។ លោករ៉ូប៊ីនសុនប្រាប់ថា បានរកឃើញសន្លឹកឆ្នោតសន្ធឹកសន្ធាប់ ជាសន្លឹកឆ្នោតគាំទ្រដៃគូប្រជែងរបស់លោក។ លោករ៉ាចាវណារីម៉ាំពីយ៉ានីណា បានចោទទៅវិញ ថាមានភស្តុតាងគ្រប់គ្រាន់ថា ខាងលោករ៉ូប៊ីនសុនត្រួតត្រា និងកេងបន្លំក្នុងពេលបោះឆ្នោត។
កាលពីថ្ងៃសុក្រ ប្រជាជនម៉ាដាហ្កាស្កាបាននាំគ្នាទៅបោះឆ្នោតជុំទី២ ជ្រើសរើសប្រធានាធិបតី និងតំណាងរាស្ត្រ១៥១រូប។ ការបោះឆ្នោតនេះមានលក្ខណៈចាំបាច់បំផុតដើម្បីដោះស្រាយវិបត្តិនយោបាយ និងសេដ្ឋកិច្ច បន្ទាប់ពីម៉ាដាហ្កាស្កាធ្លាក់ក្នុងវិបត្តិនយោបាយនៅឆ្នាំ២០០៩មក ពោលគឺបន្ទាប់ពីអតីតប្រធានាធិបតី ម៉ាក រ៉ាវាឡូម៉ាណាណា ត្រូវគេទំលាក់ពីតំណែងមក។
លោករ៉ាវ៉ាឡូម៉ាណាណា កំពុងភៀសខ្លួននៅអាហ្វ្រិកខាងត្បូង។ លោកគ្មានសិទ្ធិឈរឈ្មោះជាប្រធានាធិបតីពេលកន្លងទៅនេះទេ។ ហើយលោក អាន់ឌ្រី រ៉ាចូលីណា ដែលបានទំលាក់អតីតប្រធានាធិបតីរូបនេះពីតំណែងនោះ ក៏គ្មានសិទ្ធិឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតីនេះដែរ ព្រោះសហគមន៍អន្តរជាតិខ្លាចមានចលាចលក្នុងស្រុក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ