រុស្ស៊ី-ស៊ីរី

ចាប់​ពី​ថ្ងៃ​នេះទៅ ពួក​ឧទ្ទាម​នៅ​ស៊ីរី​អាច​បាញ់​បំផ្លាញ​យន្តហោះស៊ីវិល​របស់​រុស្ស៊ី

លោក Sergueï Lavrov រដ្ឋមន្រ្តី​ការបរទេស​រុស្ស៊ី
លោក Sergueï Lavrov រដ្ឋមន្រ្តី​ការបរទេស​រុស្ស៊ី Reuters/Denis Sinyakov

គឺ​ថ្ងៃ​អង្គារ ទី៤ កញ្ញា​នេះ ដែល​ចូល​ជា​ធរមាន បទប្រកាស​ធ្វើ​ដោយ​ភាគី​ប្រឆាំង​នៅ​ស៊ីរី​ថា នឹង​វាយប្រហារ​ទៅ​លើ​រាល់​យន្តហោះស៊ីវិល​ណា ដែល​ហោះ​ទៅ​កាន់​រដ្ឋធានី Damas និង​ក្រុង Alep ជា​ក្រុងទី២​របស់​ស៊ីរី ដ្បិត​តាម​យោបល់​គេ យន្តហោះ​ទាំង​នេះ តែង​ត្រូវ​របប​លោក​ប្រធានាធិបតី អាសាដ ប្រើ​សម្រាប់​ដឹក​អាវុធ​ពី​ប្រទេស​រុស្ស៊ី អ៊ីរ៉ាក់ អ៊ីរ៉ង់ និងលីបង់។ ក្រសួង​ការបរទេស​រុស្ស៊ី​ទើប​ថ្លែង​ថ្កោលទោស​ដល់​គម្រោង​ឃោរឃៅ​នេះ របស់​ពួកឧទ្ទាម​ស៊ីរី ហើយ​ទូន្មាន​ពលរដ្ឋ​រុស្ស៊ី​កុំ​ឲ្យ​ហោះ​ទៅ​ទីនោះ​អី។

ផ្សាយពាណិជ្ជកម្ម

តាម​ក្រសួង​ការបរទេស​រុស្ស៊ី ការ​គម្រាម​របស់ “កងទ័ពសេរី​ស៊ីរី” ដែល​ជា​ស្លាប​ប្រយុទ្ធ​របស់​ភាគី​ប្រឆាំង​ស៊ីរី ប្រកាស​អាកាសយានដ្ឋានស៊ីវិល​នៅ​ក្រុង Damas និង​ក្រុង Alep ថា ជា​ទីដៅ​យោធា គឺ​ជា​ការ​មិន​អាច​ទទួល​យក​បាន​ជា​ដាច់ខាត។ ពីព្រោះ វា​បំពាន​យ៉ាង​កម្រោល​បំផុត​លើ​ច្បាប់​អន្តរជាតិ ជា​បឋម គឺ​លើ​អនុសញ្ញា​ក្រុង Chicago ឆ្នាំ១៩៤៤ ដែល “ស្តី​អំពី​អាកាសចរណ៍ស៊ីវិល​អន្តរជាតិ”។ ក្រសួង​ការបរទេស​រុស្ស៊ី​កត់សម្គាល់​ថា “ក្នុង​ន័យ​សីលធម៌ ការ​គម្រាម​របស់ “កងទ័ព​សេរីស៊ីរី” គឺ​បង្ខិត​ពួក​ឧទ្ទាមស៊ីរី ទៅ​ជិត”ខ្សែបន្ទាត់ក្រហម” ម្យ៉ាង កាល​ដែល​សកម្មភាព​ពួក​គេ លែង​ប្លែក​ខុស​ឡើយ ពី​ឧក្រិដ្ឋកម្ម​ប្រព្រឹត្ត​ដោយ​អង្គការ​ភេរវនិយម​អន្តរជាតិ Al-Qaeda។

ក្រសួង​ការបរទេស​រុស្ស៊ី​ក៏​រំលឹក​ថា ទាំងមក​ទល់​ឥឡូវ សំណង់​ស៊ីវិល​នានា និង​បណ្តាជន​ស៊ីវិល​នៅ​ស៊ីរី តែង​រង​នូវ​ការ​វាយប្រហារ​ជា​រឿយៗ ពី​ខាង​ក្រុម​ប្រដាប់​អាវុធ​នៃ​ភាគី​ប្រឆាំង​ស៊ីរី។ ក្រសួង​ការបរទេសរុស្ស៊ី​លើក​ឡើង​តមក​ទៀត ៖ សេចក្តីប្រកាស​របស់ “កងទ័ពសេរីស៊ីរី” តាម​ធាតុពិត​ដែល​មាន គឺ​បញ្ជាក់​ឲ្យ​ឃើញ​ថា អំពើភេរវកម្ម​ឥឡូវ​ប្រែក្លាយ​ទៅ​ជា​វិធី​មួយធំ​ជា​គោល​នៃ​សកម្មភាព​ពួក​គេ។ ប៉ុន្តែ ពួក​ប្រទេស​ដែល​ជា​អាណាព្យាបាល ឧបត្ថម្ភ​លុយ​ដល់​ពួក​ប្រឆាំង ក្បាលរឹង​មិនព្រម​សម្រុះសម្រួល​នៅ​ស៊ីរី ទាំង​លើក​ទឹកចិត្ត​ពួក​នេះ​ឲ្យ​ប្រកែក​កុំ​ចរចា​ជាមួយ​អាជ្ញាធរ និង​ជួយ​ចូកចែវ​ឲ្យ​គេ”ច្បាំង​រហូត​ដល់​ទីអវសាន​នៃ​ជ័យជំនះ” គឺ​ខំ​ខ្ទប់​ត្រចៀក​ខ្លួន​ធ្វើ​មិន​ឮ​ទេ ការ​គម្រាម​របស់​ពួក​នៅ​ក្រោម​បង្គាប់​ខ្លួន​នោះ។

ក្រសួង​ការបរទេស​រុស្ស៊ី ក្នុង​សេចក្តីថ្លែងការណ៍​ខ្លួន​សង្កត់​ធ្ងន់​ថា ៖​ក្នុង​ករណី​បើ​ការ​គម្រាម​បាញ់​យន្តហោះ​ស៊ីវិល ប្រកាស​ដោយ “កងទ័ព​សេរីស៊ីរី” លេច​ចេញ​ជា​ការ​អនុវត្តន៍​មែន​នោះ តួនាទី​ទទួល​ខុស​ត្រូវ​ចំពោះ​ផលវិបាក​នៃ​ទង្វើ​នោះ គឺ​ធ្លាក់​ទាំង​ស្រុង ទាំង​ទៅ​លើ​ពួក​ដែល​ប្រព្រឹត្ត​ផ្ទាល់ ទាំង​ទៅ​លើ​ពួក​អាណាព្យាបាល​របស់​គេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI