អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ក្រុមហ៊ុន​ម៉ាឡេស៊ី​អ៊ែរឡាញ​ខ្ជីខ្ជា​ក្នុង​ការ​ការពារ​សុវត្ថិភាព​សន្តិសុខ​អ្នក​ដំណើរ?​

សំឡេង ០៥:១៣
យន្តហោះ​បូអ៊ីង​ម៉ាឡេស៊ី ថតបាន​​នៅព្រលាន​យន្តហោះ​Schiphol ក្រុង​អាំស្ទែរដាំ មុន​ពេល​ហោះហើរ​​ទៅ​ជួបគ្រោះថ្នាក់​នៅ​អ៊ុយក្រែន។
យន្តហោះ​បូអ៊ីង​ម៉ាឡេស៊ី ថតបាន​​នៅព្រលាន​យន្តហោះ​Schiphol ក្រុង​អាំស្ទែរដាំ មុន​ពេល​ហោះហើរ​​ទៅ​ជួបគ្រោះថ្នាក់​នៅ​អ៊ុយក្រែន។ REUTERS/Yaron Mofaz
ដោយ៖ ព្រំ សឿន សូលីណា

យោងតាម​អ្នកជំនាញ​ច្បាប់​អាកាស ​ក្រុមគ្រួសារ​ជនរងគ្រោះ​យន្តហោះ​បូអ៊ីង​ម៉ាឡេស៊ី ដែលធ្លាក់​ឆេះ​​នៅ​តំបន់​​​​ភាគខាងកើត​អ៊ុយក្រែន អាច​ដាក់ពាក្យ​ប្តឹង​ក្រុមហ៊ុន​ម៉ាឡេស៊ី​អ៊ែរឡាញ ពីបទធ្វេសប្រហែស​ ​ដោយសារ​បាន​អនុញ្ញាត​អោយ​យន្តហោះ​ហោះហើរ​ក្នុង​ដែនអាកាស​តំបន់​ជម្លោះ​អ៊ុយក្រែន។ ក្រុមគ្រួសារ​​ជនរងគ្រោះ​អាច​​​ទាមទារ​ប្រាក់​សងជំងឺ​ចិត្ត​ ​បាន​ខ្ពស់​ហួស​ពី​ទឹកប្រាក់​សងជំងឺចិត្ត​​ចែង​​ក្នុងកិច្ចព្រមព្រៀង​​​អន្តរជាតិ។

ផ្សាយពាណិជ្ជកម្ម

កិច្ចព្រមព្រៀង​អន្តរជាតិ​ឆ្នាំ១៩៩៩ ​​​គេច្រើន​ហៅ​ថា ​​អនុសញ្ញា​ក្រុង​ម៉ុងរេអាល់ ។ កិច្ចព្រមព្រៀង​នេះ​តំរូវ​អោយ​ក្រុមហ៊ុន​​អាកាសចរណ៍​​​សង​ជំងឺចិត្ត​​ ប្រសិន​បើ​មាន​អ្នកដំណើរ​ស្លាប់។ ក្រុមហ៊ុន​ត្រូវតែ​សង​​​ចៀស​មិនរួច ​ទោះបី​ថា​សកម្មភាព​សង្គ្រាម​ រឺ​ក៏​អំពើ​ភេរវកម្ម​គឺ​ជា​មូលហេតុ​អោយ​មាន​គ្រោះថ្នាក់​យន្តហោះ​​ក៏ដោយ​ចុះ។ ​​យោងតាម​កិច្ច​ព្រមព្រៀង​អន្តរជាតិ​នេះ ​សម្រាប់​ជនរងគ្រោះ​​ម្នាក់​ដែល​ស្លាប់​​​ ​ក្នុង​គ្រោះថ្នាក់​​យន្តហោះ​ ​គ្រួសារ​​គាត់​នោះ អាច​ទទួល​ប្រាក់​ជំងឺចិត្ត​​​បាន​​ជាង​១សែន​៧ពាន់​ដុល្លារ។ គិត​សរុប​សម្រាប់​​អ្នកដំណើរ​២៨៣នាក់នៃ​យន្តហោះ​ម៉ាឡេស៊ី​ ​ក្រុមហ៊ុន​ម៉ាឡេស៊ី​ត្រូវសង​គ្រួសារ​ជនរងគ្រោះ ​៤៩លាន​ដុល្លារ។ ​​អ្នកជំនាញ​ច្បាប់​អាកាស ប្រាប់ថា គ្រួសារ​​ជន​រងគ្រោះ​​អាច​ទាមទារ​ប្រាក់​​បាន​លើស​ពីនេះ​​​ទៀត។ ​ព្រោះថា ពួកគេ​អាច​ប្តឹង​​ក្រុមហ៊ុន​​​អាកាសចរណ៍​​ម៉ាឡេស៊ី ពី​បទ​ធ្វេសប្រហែស ​ក្នុង​ការ​ការពារ​សន្តិសុខ​​អ្នកដំណើរ។

​ក្រុមហ៊ុន​ម៉ាឡេស៊ី​ ​បាន​បណ្តោយ​អោយ​យន្តហោះ​ខ្លួន​ហោះហើរ​​ក្នុងដែន​អាកាស​អ៊ុយក្រែន​​ភាគខាងកើត ជា​តំបន់​ងាយ​រងគ្រោះថ្នាក់ ដោយសារ​តែ​ក្រុមផ្តាច់ទឹកដីនិយម​និង​កងទ័ព​អ៊ុយក្រែន ​ប្រយុទ្ធគ្នា​ជាប្រចាំ។ ​ពេល​តំបន់​ភាគខាងកើត​អ៊ុយក្រែន​រង​ហេតុការណ៍​​នេះ​ ​​ ក្រុមហ៊ុន​​អាកាសចរណ៍​មួយចំនួន​បែបយ៉ាង ក្រុមហ៊ុន អ៊ែរប៊ែរឡាំង​ កាន់តាស រឺក៏​ក្រុមហ៊ុន​កូរ៉េអ៊ែរឡាញ បាន​​ចៀសវាង​ហោះហើរ​កាត់ទីនោះ ដើម្បី​ធានាសន្តិសុខអ្នកដំណើរ។ ​តែ​ក្រុមហ៊ុន​​ម៉ាឡេស៊ី​មិនបាន​ធ្វើដូច​​ក្រុមហ៊ុន​ផ្សេង​ទេ​ ​ប្រហែល​ដោយសារ​ថា​ ​​បើ​មិន​ឆ្លងកាត់​អ៊ុយក្រែន​​​ យន្តហោះ​​ត្រូវ​វាងផ្លូវ​ឆ្ងាយ ដូច្នេះ ត្រូវការ​សាំង​ក៏ច្រើន​ដែរ។ ដូច្នេះ អាច​មកពី​ក្រុមហ៊ុន​​ចង់​ចំណេញ​ពេលវេលា និងការចាយវាយ​លើ​សាំង​ធ្វើដំណើរ រហូត​ភ្លេចគិត​សុវត្ថិភាព​សន្តិសុខ​​អ្នកដំណើរ។

លើសពីនេះ​ទៅទៀត ​ពេល​​មាន​ហេតុការណ៍​​ប្រយុទ្ធ​តានតឹង​បែបនេះ ​​​ខ្លួន​យើងផ្ទាល់​ពិត​ជា​ចង់​​​ប្រាប់​អ្នក​បើកបរ​​យន្តហោះ​មិនអោយ​ឆ្លងកាត់​តាម​តំបន់​ងាយ​រងគ្រោះ​ទាំងនេះទេ។ តែ​​​អង្គការ​អន្តរជាតិ​​​ផ្សេងៗ ​ដូចជា​អង្គការ​អាកាសចរណ៍​ស៊ីវិល​អន្តរជាតិជាដើម​នោះ ​បាន​ត្រឹម​តែ​ផ្តល់​ដំបូន្មាន​ថា ​​មិនគួរ​ហោះហើរ​កាត់​តំបន់​ជម្លោះ​ប្រទេស​មួយនោះ​ទេ។ ​សំខាន់​គឺ​​អ្នកបើកបរ​ខ្លួនឯង​ផ្ទាល់ ​​ជា​អ្នកសម្រេច​​នៅ​ទីបញ្ចប់​ថា តើ​គួរ​ហោះ​កាត់​តំបន់​ងាយ​រងគ្រោះ​​មួយនោះ​ទេ។ តែ​អ្នកបើកបរ​យន្តហោះ​ម៉ាឡេស៊ី​មិនបាន​សម្រេច​ចិត្ត​ដូច្នោះទេ។ ​​ ​

ការ​ញញើត​នឹង​​ចេញបញ្ជា​​ដាច់ខាត ​​ហាមឃាត់​មិនអោយ​​ហោះកាត់​តំបន់​ជម្លោះ ការ​​មិនហ៊ាន​វាងផ្លូវ​ហោះហើរ​​​ ដោយសុខចិត្ត​ហោះ​កាត់​តំបន់​គ្រោះថ្នាក់ ដើម្បី​ឆាប់បាន​ទៅ​ដល់​គោលដៅ​​ ​ដូច្នេះ ​​វា​ហាក់​​ដូចជា​ថា ​​ ​អាយុជីវិត​មនុស្ស​មិនសូវ​ជា​ថ្លៃ​ប៉ុន្មាន​ទេ ក្នុង​ក្រសែ​ភ្នែក​អាជ្ញាធរ​​អាកាសចរណ៍​ទាំងនោះ។ រដ្ឋមន្ត្រី​ម៉ាឡេស៊ី​ថែមទាំង​ចេញមុខការពារ​​​​​ក្រុមហ៊ុន​អាកាសចរណ៍​​ម៉ាឡេស៊ី​​ថា​ យន្តហោះ​​ធ្លាប់​ហោះហើរ​​កាត់ទីនោះ​ច្រើនឆ្នាំ​​ហើយ ​ហើយ​មុន​មាន​ហេតុការណ៍​នេះ ក៏​មាន​យន្តហោះ​ក្រុមហ៊ុន​ផ្សេងៗ​ច្រើនទៀត ហោះកាត់​តំបន់​​ជម្លោះ​អ៊ុយក្រែន​​ដែរ។ ​ហើយ​​ពេល​ហោះហើរ​នោះ ផ្នែកត្រួតពិនិត្យ​អាកាស​អ៊ុយក្រែន​ក៏បាន​ប្រាប់យន្តហោះម៉ាឡេស៊ី ​​អោយ​ហោះ​កម្ពស់​​​១០គីឡូម៉ែត្រ​ពី​ដីដែរ។ សូម​​បន្ថែម​ថា អ៊ុយក្រែន​​អនុញ្ញាត​អោយ​​​ហោះហើរ កាត់​តំបន់​ជម្លោះ ​ចាប់ពី​​៧ពាន់៨រយ​ម៉ែត្រ​ពី​ដី​ឡើងទៅ។

​ដើម្បីការពារ​ខ្លួនករណី​មាន​​បណ្តឹង​ ក្រុមហ៊ុន​ម៉ាឡេស៊ី​ត្រូវ​បង្ហាញ​ថា មិនបាន​ធ្វេស​ប្រហែស​សុវត្ថិភាព​អ្នកដំណើរ​ទេ ហើយ​ត្រូវបង្ហាញ​ទៀតថា ​គ្រោះថ្នាក់​នោះ​គឺ​បណ្តាល​មកពី​ភាគីទី៣ បែបយ៉ាង​​ក្រុម​ប្រដាប់​អាវុធ​នោះឯង។ ​​​​

​​ប្រអប់ខ្មៅ​យន្តហោះ​​​ ប្រហែល​​​លែង​សំខាន់​សម្រាប់​​​​ការស៊ើបអង្កេត​ទៀតហើយ

គ្រប់គ្នា​​​សុទ្ធតែ​​គិត​​​ដូចគ្នា ថា​យន្តហោះ​ម៉ាឡេស៊ី​មិនបាន​រងគ្រោះថ្នាក់​​ធ្លាក់ឆេះ​ មិនបាន​រងគ្រោះ​​បច្ចេកទេស​​ធម្មតា​ទេ តែ​រងគ្រោះដោយ​ការ​​បាញ់ប្រហារ​​មីស៊ីល។ ​អាមេរិក​លើកឡើង​តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍​ ​ក្រោយ​ហេតុការណ៍​កើតឡើង​បាន​បន្តិច​ម្ល៉េះថា យន្តហោះ​​ត្រូវ​គ្រាប់​មីស៊ីល​​ផលិត​ដោយ​​​រុស្ស៊ី។ ​បើគ្រប់គ្នា​នាំគ្នា​គិតថា គឺ​មីស៊ីល​ជា​មូលហេតុ​បង្ក​គ្រោះថ្នាក់ ​ដូច្នេះ ​ប្រអប់​ខ្មៅ​លែង​សំខាន់ហើយ ព្រោះ​ប្រអប់​ខ្មៅ​បានត្រឹម​តែ​ថត​សម្លេង​ហេតុការណ៍​​មុនពេល​យន្តហោះ​ផ្ទុះ​ឆេះ​ប៉ុណ្ណោះ។​​ អ្នកស៊ើបអង្កេត​ត្រូវ​រកអោយ​ឃើញ​ថា តើ​មីស៊ីល​បាញ់​យន្តហោះ​នោះ ​ជា​ប្រភេទ​អ្វី ដើម្បីរក​អត្តសញ្ញាណ​ម្ចាស់​​មីស៊ីល​នេះ។

បន្ទាប់​​ពីជម្លោះ​​​​អ៊ុយក្រែន អាមេរិក​ អ៊ុយក្រែន និង​រុស្ស៊ី បន្ត​យក​បញ្ហា​​យន្តហោះ​​ម៉ាឡេស៊ី​ ធ្វើ​ជា​លេស​​វាយ​ប្រហារ​គ្នា​​

យោងតាម​ព័ត៌មាន​ផ្តល់​ដោយ​​​​លោក ហ្សង់ ស៊ែររ៉ា ជា​អតីត​​អ្នកបើកបរ​យន្តហោះ​បារាំង​​ មួយរូប ​​​មុន​មាន​ហេតុការណ៍គ្រោះថ្នាក់​យន្តហោះ​ម៉ាឡេស៊ី នៅ​​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ ​កាលពី​ថ្ងៃចន្ទ​ នៅតំបន់​ហេតុការណ៍​នេះដដែល ​​ក៏​មាន​​យន្តហោះ​​​ដឹកជញ្ជូន​​យោធា​មួយគ្រឿង ​​រងការ​បាញ់ប្រហារ​ដែរ។ តែ​គ្រប់គ្នា​ហាក់​មិនបាន​ចាប់អារម្មណ៍​ពី​​ផលវិបាក​​នៃ​ជម្លោះ​ក្នុងស្រុក​​អ៊ុយក្រែន​ទេ។ ​ទាល់តែ​មាន​ការ​ឆេះធ្លាក់​យន្តហោះ​ម៉ាឡេស៊ី​​ដឹក​មនុស្ស​សន្ធឹកសន្ធាប់​ ជា​ពលរដ្ឋ​មកពី​គ្រប់ប្រទេស​បែបនេះ ​ទើប​ម្នាក់ៗ​នាំគ្នា​សស្រាក់សស្រាំ ​ជំរុញ​ការ​ស៊ើបអង្កេត​រក​ជនដៃដល់ ជំរុញ​អោយឆាប់​​ដោះស្រាយ​បញ្ហាអ៊ុយក្រែន។ ប្រាកដណាស់ មាន​មនុស្ស​ច្រើនប្រទេស មកពី​គ្រប់ទ្វីប​ រឿងនេះ ក៏​ក្លាយ​ជា​​​រឿង​អន្តរជាតិ​ទៅដោយ​ឯកឯង។ ​

ម្សិលមិញ ​ក្នុង​អង្គប្រជុំ​សមាជិក​ទាំង​១៥ នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ មហា​អំណាច​​​រុស្ស៊ី​​ និង​អាមេរិក​ ​ដែល​ឈ្លោះគ្នា​ក្នុង​វិបត្តិ​អ៊ុយក្រែន ឆ្លៀត​​បន្ត​យក​រឿង​យន្តហោះ​ម៉ាឡេស៊ី​នេះ មកវាយ​ប្រហារ​គ្នា​បន្ត​ទៀត។ ​ហើយ​អង្គការ​សហប្រជាជាតិ​វិញ ក៏​ហាក់​ជឿ​អាមេរិក​​ដែល​ចោទ​ថា​ ក្រុម​​បះបោរ​​អ៊ុយក្រែន​ក្រោមការ​គាំទ្រ​របស់​រុស្ស៊ី ប្រហែល​​​ជា​បាន​បាញ់​យន្តហោះ​ម៉ាឡេស៊ី។​ ដោយឡែក ​​ទាំងអាមេរិក​ខ្លួន​ឯង មិនទាំង​ច្បាស់​ខ្លួនឯង​ផង​ថា វា​​ពិតរឺ​ក៏​មិនពិត​នោះ។ ​ចិន​ព្រមាន​​​ដែរថា ​ប្រទេស​លោក​ខាងលិច​​​ហាក់ដូច​ជា​ចោទ​លឿនពេក​ថា​រុស្ស៊ី​ជាប់ពាក់ព័ន្ធ​​រឿងនេះ។ ​បើ​គ្រប់​មហាអំណាច​​​​​បន្ត​ខាំគ្នា​យ៉ាងនេះ​ មើលទៅ​មិនងាយ​​ដោះស្រាយ​​​​វិបត្តិ​អ៊ុយក្រែន ដែល​​​​គម្រាម​រហូត​ដល់​សន្តិសុខ​ពលរដ្ឋ​បរទេស​​គ្រប់ទ្វីបទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ