អានតួអត្ថបទ
ម៉ាឡេស៊ី-កូរ៉េ​ខាងជើង

ម៉ាឡេស៊ី​ចាប់ខ្លួន​ស្រ្តី​ម្នាក់ទៀត​ជាប់សង្ស័យ​ក្នុងការ​ធ្វើឃាត​បងប្រុស​លោក​គីមជុងអ៊ុន

លោក​គីម ជុងណាម កាល​នៅរស់ (រូបថតឯកសារ ថត​កាល​ពីខែមិថុនា ឆ្នាំ២០១០)
លោក​គីម ជុងណាម កាល​នៅរស់ (រូបថតឯកសារ ថត​កាល​ពីខែមិថុនា ឆ្នាំ២០១០) Joongang Ilbo/News1 via REUTERS
ដោយ៖ សេង ឌីណា
១៣ នាទី

នៅថ្ងៃ​ព្រហស្បតិ៍​នេះ ប៉ូលិស​ម៉ាឡេស៊ី​បាន​ចាប់ខ្លួន​ស្រ្តី​ម្នាក់​ទៀត ដែល​ជាប់​សង្ស័យ​ក្នុង​ករណី​ធ្វើ​ឃាត​លោក​ គីម ជុងណាម បងប្រុស​ម្តាយទីទៃ​របស់​ប្រមុខដឹកនាំ​កូរ៉េ​ខាងជើង គីម ជុងអ៊ុន។ ក្នុងពេល​ជាមួយគ្នា អាជ្ញាធរ​ម៉ាឡេស៊ី​ក៏​បាន​ឲ្យដឹង​ផងដែរ​ថា រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាន​ទាមទារ​យក​សាកសព​លោក​គីម ជុងណាម​ ទៅ​កូរ៉េ​ខាងជើងវិញ ហើយ​ម៉ាឡេស៊ី​បាន​យល់ព្រម​ តែ​ត្រូវ​រង់ចាំ​ឲ្យ​មាន​ដំណើរការ​នីតិវិធី​ចប់សព្វគ្រប់​ជាមុន​សិន។

ផ្សាយពាណិជ្ជកម្ម

យោងតាម​មន្រ្តី​ប៉ូលិស​ម៉ាឡេស៊ី ស្រ្តី​​ជា​ជនសង្ស័យ​ទីពីរ​​ក្នុង​សំណុំរឿង​ធ្វើ​ឃាត​លោក​គីម ជុងណាម ​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ប្រមាណជា​ម៉ោង ២រំលងអធ្រាត ឈាន​ចូល​ថ្ងៃ​ព្រហស្បតិ៍ ហើយ​ស្រ្តី​រូបនេះ​មាន​កាន់​លិខិត​ឆ្លងដែន​ឥណ្ឌូណេស៊ី គឺ​ខុស​ពី​​ស្រ្តី​ជាជន​សង្ស័យ​ទីមួយដែល​កាន់​លិខិត​ឆ្លងដែន​វៀតណាម ហើយ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​កាល​ពីថ្ងៃ​ពុធ។ ជនសង្ស័យ​ទាំងពីរ​រូបនេះ​ត្រូវ​បាន​ប៉ូលិស​សម្រេច​ឃុំខ្លួន​រយៈពេល ៧ថ្ងៃ ដើម្បី​ធ្វើការ​ស៊ើបអង្កេត មុននឹង​បញ្ជូន​ខ្លួន​ទៅ​ឲ្យ​តុលាការ ហើយ​ប៉ូលិស​ក៏​បាន​ឲ្យដឹង​ផងដែរ​ថា ជនសង្ស័យ​ផ្សេងទៀត​អាច​នឹង​ត្រូវ​ចាប់ខ្លួន នៅថ្ងៃ​ព្រហស្បតិ៍​នេះ។

គួររំឭកឡើងវិញ​ថា កាលពីថ្ងៃ​ពុធ​ម្សិលមិញ ប្រមុខទីភ្នាក់ងារ​ចារកិច្ច​កូរ៉េ​ខាង​ត្បូង​បាន​ប្រាប់​សមាជិក​សភា​ថា លោក​គីម ជុងណាម ត្រូវ​បាន​ធ្វើ​ឃាត​ដោយ​ស្រ្តី​ពីរ​នាក់ ដែល​ធ្វើ​ការ​ឲ្យ​ទីភ្នាក់ងារ​ចារកិច្ច​កូរ៉េ​ខាង​ជើង។ ប្រភព​ពី​មន្រ្តី​រដ្ឋាភិបាល​អាមេរិក​ក៏​បាន​លើកឡើង​ផងដែរ​ពី​ការ​ជាប់ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ក្នុង​ការ​ស្លាប់​របស់​លោក​គីម ជុងណាម​នេះ។

បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​អាអែហ្វប៉េ ​មន្រ្តី​ប៉ូលិស​ទទួល​បន្ទុក​ស៊ើបអង្កេត​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះបាន​ឲ្យដឹង​ថា កូរ៉េ​ខាងជើង​បាន​ទាមទារ​យក​សាកសព​របស់​លោក​គីម ជុងណាម​​ភ្លាមៗ ដោយ​ជំទាស់​មិន​ឲ្យ​មាន​ការធ្វើ​កោសល្យវិច័យ ក៏ប៉ុន្តែ អាជ្ញាធរ​ម៉ាឡេស៊ី​បាន​ឆ្លើយតប​ទៅវិញ​ថា ហេតុការណ៍​បាន​កើតឡើង​នៅ​ក្នុង​ទឹកដី​ម៉ាឡេស៊ី ដូច្នេះ គេ​ចាំបាច់​ត្រូវ​តែ​អនុវត្ត​ច្បាប់​ម៉ាឡេស៊ី ហើយ​ច្បាប់​ម៉ាឡេស៊ី​តម្រូវ​ឲ្យ​មាន​ការ​ធ្វើ​កោសល្យវិច័យ។

នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ ឧបនាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី​បាន​​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​ថា តំណាង​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​ពិតជា​បាន​ស្នើសុំ​យក​សាកសព​លោក​គីម ជុងណាម​ទៅវិញ​ពិតមែន ហើយលោក​ក៏​បាន​បញ្ជាក់​ផងដែរ​ថា ម៉ាឡេស៊ី​នឹង​ប្រគល់​សាកសព​ទៅតាម​ការ​ស្នើសុំ​ ក៏ប៉ុន្តែ ការ​ប្រគល់​សាកសព​នេះ​នឹង​ត្រូវ​ឡើង ក្រោយ​ការ​បញ្ចប់​នីតិវិធី​មួយចំនួន​ជាមុន​សិន។

គិតមក​ទល់​នឹង​ព្រឹកថ្ងៃ​ព្រហស្បតិ៍ សាកសព​របស់​លោកគីម ជុងណាម ត្រូវ​បាន​គេ​រក្សា​ទុក​នៅ​ក្នុង​មន្ទីរពេទ្យ​ក្រុង​គួឡាឡាំពួ ហើយ​ការ​ធ្វើ​កោសល្យវិច័យ​ក៏​​ត្រូវ​បាន​ធ្វើឡើង​រួចហើយ​ដែរ ប៉ុន្តែ មក​ទល់​នឹង​ពេលនេះ ​លទ្ធផល​នៃ​ការ​ធ្វើ​កោសល្យវិច័យ​នេះ​មិន​ទាន់​ត្រូវ​បាន​ប្រកាស​ឲ្យដឹង​នៅឡើយទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ