អានតួអត្ថបទ
ភូមា-ម៉ាឡេស៊ី

ហិង្សា​លើ​រ៉ូហ៊ីងយ៉ា៖ ​ម៉ាឡេស៊ី​លុបចោល​ការ​ប្រកួត​បាល់ទាត់​ជាមួយ​ភូមា

បាតុកម្ម​នៅ​មុខ​ស្ថានទូត​ភូមា​​ប្រចាំ​ទីក្រុង​គួឡាឡាំពួរ កាល​ពីថ្ងៃ​ទី២៥​វិច្ឆិកា ២០១៦ ដើម្បី​​ថ្កោលទោស​អំពើ​ហិង្សា​លើ​ជនជាតិ​រ៉ូហ៊ីងយ៉ា​នៅ​ភូមា
បាតុកម្ម​នៅ​មុខ​ស្ថានទូត​ភូមា​​ប្រចាំ​ទីក្រុង​គួឡាឡាំពួរ កាល​ពីថ្ងៃ​ទី២៥​វិច្ឆិកា ២០១៦ ដើម្បី​​ថ្កោលទោស​អំពើ​ហិង្សា​លើ​ជនជាតិ​រ៉ូហ៊ីងយ៉ា​នៅ​ភូមា AFP
ដោយ៖ សេង ឌីណា
1 នាទី

ម៉ាឡេស៊ី​បាន​​សម្រេច​លុបចោល​ការ​ប្រកួត​បាល់ទាត់​មិត្តភាព​​ចំនួនពីរ​ជាមួយ​ភូមា ដោយសារ​រឿង​ធ្វើ​ទុក្ខបុកម្នេញ​លើ​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​នៅ​ភូមា។​ គេ​សង្កេតឃើញ​ថា នៅ​ក្នុង​មួយរយៈកាល​ចុងក្រោយ​នេះ ម៉ាឡេស៊ី ដែល​ជា​ប្រទេស​មាន​ប្រជាជនភាគច្រើន​កាន់​សាសនា​អ៊ីស្លាម បាន​ធ្វើការ​បរិហាររិះគន់​យ៉ាងខ្លាំងៗ​ទៅលើ​ភូមា ជុំវិញ​ការ​ប្រើ​អំពើ​ហិង្សា​ទៅលើ​ជនជាតិ​រ៉ូហ៊ីងយ៉ា ដែល​ជា​ជនជាតិ​ភាគតិច​កាន់​សាសនា​អ៊ីស្លាម។

ផ្សាយពាណិជ្ជកម្ម

ក្រុមបាល់ទាត់​ជម្រើសជាតិ​ម៉ាឡេស៊ី​បាន​ប្រកាស​ឲ្យដឹង​ថា ម៉ាឡេស៊ី​បាន​លុបចោល​ការប្រកួតមិត្តភាព​ចំនួន​ពីរ រវាង​ក្រុម​យុវជន​អាយុក្រោម២២ឆ្នាំ​ម៉ាឡេស៊ី និង​ភូមា ដែល​គេ​គ្រោង​ធ្វើ នៅ​​ថ្ងៃ​ទី៩ និង​ថ្ងៃ​ទី១២​ធ្នូ​ខាងមុខ នៅ​ក្នុង​ទីក្រុង​រ៉ង់ហ្គូន ប្រទេស​ភូមា។

នៅ​ក្នុង​ការ​ប្រកាស​ជាផ្លូវការ​នេះ ម៉ាឡេស៊ី​មិន​បាន​បញ្ជាក់​លម្អិត​អំពី​មូលហេតុ​ច្បាស់​លាស់​នោះទេ ហើយ​សហព័ន្ធបាល់ទាត់​ម៉ាឡេស៊ី​ក៏​មិន​ព្រម​ឆ្លើយតប​នឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន​ជុំវិញ​រឿងនេះ​ដែរ។ ក៏ប៉ុន្តែ មន្រ្តី​រដ្ឋាភិបាល​ម៉ាឡេស៊ី ទទួល​បន្ទុក​កិច្ចការ​កីឡា ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​អាអែហ្វប៉េ​ថា ការ​លុបចោល​ការ​ប្រកួត​បាល់ទាត់​នេះ គឺ​ធ្វើ​ឡើង “ក្នុងហេតុផល​នយោបាយ”។

គេ​សង្កេតឃើញ​ថា នៅ​ក្នុង​មួយរយៈកាល​ចុងក្រោយ​នេះ ម៉ាឡេស៊ី​បាន​ដំឡើង​សំឡេង​បរិហាររិះគន់​កាន់តែ​ខ្លាំងឡើង ទៅលើ​ភូមា ទាក់ទង​នឹង​ការ​រំលោភបំពាន​លើ​ពួក​រ៉ូហ៊ីងយ៉ា។

កាលពីថ្ងៃ​សុក្រ​មុន រដ្ឋាភិបាល​ម៉ាឡេស៊ី​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​ភូមា​ប្រចាំ​ទីក្រុង​គួឡាឡាំពួរ​មក​ធ្វើ​ការ​តវ៉ា​ជាផ្លូវការ ក្នុងពេល​ដែល​ប្រជាជន​ម៉ាឡេស៊ី និង​រ៉ូហ៊ីងយ៉ា ប្រមាណ​ជា ៥០០នាក់ នាំគ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​នៅ​មុខ​ស្ថានទូត​ភូមា​ ដោយ​មាន​លើក​បដា​ចោទ​ភូមា​ថា “កំពុង​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជសាសន៍”។

បាតុកម្ម​ប្រឆាំង​ភូមា​នេះ​ត្រូវ​គេ​គ្រោង​ធ្វើ​ ក្នុង​ទ្រង់ទ្រាយ​កាន់តែ​ធំ​ថែម​ទៀត នៅថ្ងៃ​អាទិត្យ​ខាងមុខ ដោយ​ក្នុងនោះ លោក​ណាជីប រ៉ាហ្សាក់ នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី ក៏​គ្រោង​នឹង​ចូលរួម​ផងដែរ។

កាលពីសប្តាហ៍​មុន គណៈរដ្ឋមន្រ្តី​ម៉ាឡេស៊ីធ្លាប់​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយរួចមកហើយ ដោយ​ធ្វើការ​​ថ្កោលទោស​ជាផ្លូវការ ចំពោះ​ការ​ប្រើ​អំពើ​ហិង្សា​ធ្វើ​ទុក្ខបុកម្នេញ​លើ​ជនជាតិ​រ៉ូហ៊ីងយ៉ា ហើយ​រដ្ឋមន្រ្តី​មួយរូប​របស់​ម៉ាឡេស៊ី​ថែមទាំង​បាន​ទាមទារ​ឲ្យ​អាស៊ាន​ធ្វើការ​សើរើ​មើលឡើងវិញ អំពី​សមាជិកភាព​របស់​ភូមា។

គេ​អាច​និយាយ​បាន​ថា​នេះ​គឺ​ជា​ការរិះគន់​ធ្ងន់ៗ​ដ៏កម្រ​មួយ រវាង​ប្រទេស​សមាជិក​អាស៊ាន ដែល​តែងតែ​ប្រកាន់​នូវ​គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​គ្នា​ទៅវិញ​ទៅមក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ