កម្ពុជា-ម៉ាឡេស៊ី

គណៈកម្មការ​សភា​ម៉ាឡេស៊ី​បើក​ភ្លើងខៀវ​ឲ្យ​កម្ពុជា​ប្តឹង​ករណី​រំលោភ​សិទ្ធិ​ពលករ​ខ្មែរ

កម្ពុជា​បានហាមឃាត់​ជា​បណ្តោះ​អាសន្នការ​បញ្ជូន​ពលករខ្មែរ​ទៅ​ម៉ាឡេស៊ី​
កម្ពុជា​បានហាមឃាត់​ជា​បណ្តោះ​អាសន្នការ​បញ្ជូន​ពលករខ្មែរ​ទៅ​ម៉ាឡេស៊ី​ © ស៊ីវ​ ចាន់ណា

ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ការ​ប្រើ​ទារុណ​កម្ម​លើ​ពលករ​ខ្មែរ​រហូត​ដល់​ស្លាប់ ជា​មូលហេតុ​ដែល​ធ្វើឲ្យ​រដ្ឋាភិបាលកម្ពុជា​សម្រេច​ផ្អាក​មិន​ឲ្យ​បញ្ជូន​ពលករ​ខ្មែរ ទៅ​ធ្វើ​ការ​នៅ​ម៉ា​ឡេ​ស៊ី​ជា​បណ្តោះ​អាសន្ន។ វា​ជា​បទ​បញ្ជា​ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ម៉ា​ឡេ​ស៊ី​ភ័យ​ចំពោះ​ភាព​ល្អក់​កករ​រវាង​ប្រទេស​ទាំង​២ និង​ចាត់​វិធាន​ការ​បន្ទាន់​ធ្វើ​យ៉ាងណា ស៊ើប​អង្កេត​ករណី​នេះ ឲ្យ​បាន​លឿន​បំផុត ។

ផ្សាយពាណិជ្ជកម្ម

គណៈ​កម្មការ​សភា​ម៉ាឡេស៊ី ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស បានសម្រេច​បើក​ភ្លើង​ខៀវ​ដល់ តំណាង​រាស្រ្ត​ក​ម្ពុជា ឲ្យ​ដាក់​លិខិត​ប្តឹង​ជុំ​វិញ​ព័ត៌​មាន​ ស្តី​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ ឬ​ករណី​​ពលករ​ខ្មែរ​ស្លាប់​នៅ​ម៉ា​ឡេ​ស៊ី ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត។ វា​ជា​សញ្ញា​វិជ្ជ​មាន​នៃ​ការ​យក​ចិត្តទុក​ដាក់​ថ្មី​បន្ថែម​ទៀត​របស់​ម៉ា​ឡេ​ស៊ី ចំពោះ​រឿង​អាស្រូវ លេច​ធ្លាយ​ពី​ការ​រំលោភ​សិទ្ធិ​និង​ប្រើ​ទារុណ​កម្ម រហូត​ធ្វើ​ឲ្យ​មាន​ពលករ​ខ្មែរ​ស្លាប់​។ នេះ​បើ​តាម​ប្រសាសន៍​របស់​អ្នក​ស្រី មួរ សុខ​ហួរ តំណាង​រាស្រ្ត​គណ​បក្ស​សម​រង្ស៊ី ដែល​ទើប​តែ​បញ្ចប់​ទស្សន​កិច្ច​៤​ថ្ងៃ​ នៅ​ទី​ក្រុង គួ​ឡា​ឡំា​ពួរ ​(Kuala Lumpur) ជា​មួយ​មន្រ្តី​អង្គ​ការ​សិទ្ធិ​មនុស្ស​៣​នាក់​ផ្សេង​ទៀត​។

ក្នុង​សន្និសីទ​កាសែត​នៅ​ឯ​ព្រលាន​យន្តអន្តរជាតិភ្នំពេញ នៅ​ព្រឹក​មិញ​នេះ អ្នក​ស្រី មួរ សុខហួរ បាន​ឲ្យ​ដឹង​ថា​រដ្ឋាភិបាល អ្នក​តំណាង​រាស្រ្ត និង​អង្គ​ការ​សង្គម​ស៊ីវិល​ នៅ​ម៉ា​ឡេ​ស៊ី នឹង​ចាត់​វិធាន​ការ​​ស៊ើប​អង្កេត​លើ​ករណី​ដែល​មាន​ពលករ​ខ្មែរ​ស្លាប់​នៅ​ម៉ា​ឡេ​ស៊ី ដើម្បី​កុំ​ឲ្យ​ប៉ះ​ពាល់​ដល់​កិត្តិយស​ប្រទេស​នេះ​ និង​ទំនាក់​ទំនង​ជា​មួយ​កម្ពុជា​។ ប្រធាន​គណៈ​កម្មការ​សភា​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​ម៉ា​ឡេ​ស៊ី​ក៏​បាន​អនុញ្ញាត​ឲ្យ​តំណាង​រាស្រ្ត​ខ្មែរ​ទាំង​អស់ មាន​សិទ្ធិ​ប្តឹង​ទៅ​សភា​ម៉ាឡេស៊ី​ដោយ​ផ្ទាល់ ​ជុំ​វិញ​ដំណឹង​ផ្សេង​ៗ ​ដែល​ពាក់​ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ ឬករណី​ពលករ​ស្លាប់​។ តំណាង​រាស្រ្ត​រូប​នេះ​ក៏​បាន​ជួប​ពិភាក្សា​ជា​មួយ​ប្រធាន​សមាគម​ក្រុម​ហ៊ុន​នាំ​ពលករ​នៅ​ម៉ាឡេ​ស៊ី ដោយ​សមាគម​បាន​សន្យា​បង្កើត​ប្រព័ន្ធ​តាម​ដាន​ឲ្យ​ច្បាស់​លាស់​ ពី​កាល​បរិច្ឆេទ​នៃ​ការ​ស្នាក់​នៅ​របស់​ពលករ​ និង​ទី​តាំង​ដែល​ពួក​គេ​ត្រូវ​ទៅ​បម្រើ​ការ​ងារ​។

ស្ថានទូត​កម្ពុជា​ ក្នុងប្រទេស​ម៉ាឡេស៊ី​ បាន​រាយការណ៍​ថា ពលករ​ខ្មែរ​នៅ​ម៉ាឡេ​ស៊ី​ចំនួន​១១នាក់​​បានស្លាប់​នៅទីនោះ​ក្នុង​ឆ្នាំនេះ ក្នុងនោះ​ ៩​នាក់​​ជាស្រ្តី​បម្រើ​ការងារ​តាមផ្ទះ។ ​ករណី​នេះ​វា​ធ្ងន់​ធ្ងរ​ដោយ​សារ​តែ​ពលករ​ចំណាក​ស្រុក​ទាំង​នោះ​មក​ធ្វើ​ការ​នៅ​ម៉ា​ឡេ​ស៊ី តែ​ត្រឡប់​ទៅ​វិញ​ជា​សាក​សព​។

កាលពី​ខែមុន រដ្ឋាភិបាល​កម្ពុជា​​បានប្រកាស​ផ្អាក​បណ្តោះអាសន្ន​ ការបញ្ជូន​ពលករ​បម្រើ​តាមផ្ទះ ​ទៅ​ប្រទេស​ម៉ាឡេស៊ី​ នៅ​ចំពេល​ដែលមានរឿង​អាស្រូវ​ជាច្រើន ​អំពី​ការ​រំលោភបំពាន​ ដែល​បាន​កើតឡើង​នៅ​ក្រុមហ៊ុន​ជ្រើសរើស​ពលករនៅ​បរទេស និងនៅ​មណ្ឌលបណ្តុះ​បណ្តាល​ពលករ​នៅ​កម្ពុជា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI