យន្តហោះម៉ាឡេស៊ីបាត់ ការអង្កេតផ្តុំលើអ្នកបើកបរនិងអ្នកដំណើរ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
៧ថ្ងៃក្រោយការបាត់យន្តហោះប៊ូអ៊ីននៃក្រុមហ៊ុនម៉ាឡេស៊ីអ៊ែរឡាញ បានងាកផ្តោតលើការបង្វែរដាន។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានប្រកាសថា ទិសដៅហោះហើរ ទំនងជាត្រូវបានប្តូរផ្លាស់ដោយស្នាដៃមនុស្ស។ មនុស្សដែលមានបទពិសោធន៍ ក្នុងការបើកបរ ហើយយន្តហោះបន្តហោះហើរ រយៈពេលជិត៧ម៉ោង ទម្រាំបាត់ខ្លួនឈឹងរហូតមកទល់ពេលនេះម៉ោងនេះ។ តើយន្តហោះនោះទៅណា ? ចុះចតនៅកន្លែងណាមួយ ? ឬក៏ធ្លាក់បាត់ក្នុងសមុទ្ទ ? សំណួរមានច្រើន តែគ្មានចម្លើយដដែល។ ការស្វែងរកពេលនេះ បន្តធ្វើនៅក្នុងមហាសមុទ្ទឥណ្ឌាម្តង។
លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី មិនបានប្រើពាក្យច្បាស់ៗ ថាជាការបង្វែរដានទេ ប៉ុន្តែលោកបានបញ្ជាក់ថា ការយន្តហោះបានបើកខុសទិសដែលគ្រោងទុក។ នេះជាលើកទីមួយហើយ ដែលអាជ្ញាធរម៉ាឡេស៊ី បានបញ្ជាក់ជាផ្លូវការថា យន្តហោះបានបកក្រោយ មុននឹងបាត់ខ្លួនទៅយ៉ាងចម្លែកកាលពីសប្តាហ៍មុន។
យន្តហោះទំនងជាប្តូរទិស ហោះរំលងប្រទេសម៉ាឡេស៊ីវិញ ដោយមានមនុស្សប្រកបដោយបទពិសោធន៍ទៅចុច កាច់បិទប្រព័ន្ធទូរគមនាគមន៍និងប្រព័ន្ធដៅ មិនឱ្យរ៉ាដាត្រួតពិនិត្យការហោះហើរចាប់បាន។ ប្រព័ន្ធផ្កាយរណបយោធាបានទទួល សញ្ញាចុងក្រោយបំផុត គឺនៅ ៦ម៉ោងកន្លះ ក្រោយយន្តហោះបាត់ខ្លួនពីប្រព័ន្ធរ៉ាដា ព្រោះសូមបញ្ជាក់ថាយន្តហោះប៊ូអ៊ីន៧៧៧នេះប្រេងបំរុងអាចហោះហើរបាន៧ម៉ោង។
►សូមអាន ៖ សន្និសីទកាសែតរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីជាភាសាអង់គ្លេស
បើតាមកាសែត The New York Time ដែលបានសូត្រប្រភពព័ត៌មានស្និទ្ធនឹងអ្នកអង្កេតអាមេរិក យន្តហោះ MH370 មិនត្រឹមតែហោះខុសទិសម្តងជាពីរដងទេ តែថែមទាំងហោះក្នុងរយៈកម្ពស់ ខ្ពស់ជាងនិងទាបជាងការអនុញ្ញាត ជាច្រើនលើកច្រើនសា។
ពេលនេះអ្នកអង្កេតបាន ប្រមូលផ្តុំការស្រាវជ្រាវមកលើ អ្នកបើកបរនិងអ្នកបំរើតាមយន្តហោះ ព្រមទាំងអ្នកដំណើរ។ ឯការស្វែងរកបំណែកយន្តហោះជាយថាហេតុ ដែលមានប្រទេសចំនួន១៤ យន្តហោះ៥៨គ្រឿង និងនាវា៤៣ ចូលរួម ត្រូវងាកមករកខាងមហាសមុទ្ទឥណ្ឌាវិញ។ ប្រតិបត្តិការនៅ សមុទ្ទចិនខាងត្បូងត្រូវ លុបចោល។ ក្រុមអ្នកអង្កេតបានផ្តោតអាទិភាពលើទិសដៅសំខាន់ៗពីរ ៖ យន្តហោះអាចហោះទៅប៉ែកខាងជើងពីប្រទេសថៃទៅប្រទេសកាហ្សាក់ស្ថានឬទៅខាងត្បូងពីឥណ្ឌូណេស៊ីទៅមហាសមុទ្ទឥណ្ឌា។
សន្និសីទកាសែតរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី កាលពីព្រឹកថ្ងៃសៅរ៍ បានធ្វើសេណារីយោ ភេរវកម្មរស់រវើកឡើងវិញ។ ភេរវជនដែលអាចបង្ខំអ្នកបើកបរឱ្យប្តូរទិសដៅហោះហើរ និងកាត់ផ្តាច់ប្រព័ន្ធផ្តល់ព័ត៌មានរ៉ាដា ឬពុំនោះទេជាចេតនារបស់អ្នកបើក ម្នាក់ក្នុងចំណោម ឬអ្នកបើកទាំងពីរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ