តុលាការកំពូលម៉ាឡេស៊ីហាមមិនឲ្យអ្នកកាន់គ្រិស្តសាសនាប្រើពាក្យ “អាឡាហ៍”
តុលាការកំពូលម៉ាឡេស៊ីទើបនឹងបានចេញសេចក្តីសម្រេច នៅថ្ងៃចន្ទនេះ ដោយបានច្រានចោលបណ្តឹងរបស់អ្នកកាន់គ្រិស្តសាសនា ដែលទាមទារសិទ្ធិប្រើពាក្យ “អាឡាហ៍” ដើម្បីសំដៅលើព្រះរបស់ពួកគេ។ ជម្លោះជុំវិញការប្រើពាក្យ “អាឡាហ៍” នេះ បានបង្កភាពចម្រូងចម្រាស នៅក្នុងសង្គមម៉ាឡេស៊ីអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
បញ្ហាបានចាប់ផ្ទុះឡើង កាលពីឆ្នាំ២០០៧ នៅពេលដែលក្រសួងមហាផ្ទៃម៉ាឡេស៊ី បានចេញប្រកាសមួយ ហាមឃាត់មិនឲ្យកាសែតកាតូលិក ដែលសរសេរជាភាសាម៉ាឡេ យកពាក្យ “អាឡាហ៍” ទៅប្រើ ដើម្បីសំដៅលើព្រះនៃគ្រិស្តសាសនា។ អាជ្ញាធរម៉ាឡេស៊ីក៏ដូចជាប្រជាជនម៉ាឡេស៊ីភាគច្រើនដែលកាន់សាសនាអ៊ីស្លាមយល់ថា ពាក្យ “អាឡាហ៍” អាចប្រើបាន សម្រាប់តែសំដៅលើព្រះនៃសាសនាអ៊ីស្លាមតែប៉ុណ្ណោះ។
ក៏ប៉ុន្តែ កាសែតកាតូលិកម៉ាឡេបានដាក់ពាក្យបណ្តឹងទៅតុលាការរដ្ឋបាល ដើម្បីទាមទារឲ្យលុបចោលបម្រាមរបស់ក្រសួងមហាផ្ទៃ ដោយលើកឡើងថា ពាក្យ “អាឡាហ៍” ដែលមានដើមកំណើតពីភាសាអារ៉ាប់ គឺជាពាក្យតែមួយគត់ ក្នុងភាសាម៉ាឡេ ដែលមានន័យថា “ព្រះ” ហើយថា អ្នកកាន់គ្រិស្តសាសនានៅម៉ាឡេស៊ីធ្លាប់ប្រើពាក្យនេះ ដើម្បីសំដៅលើព្រះរបស់ខ្លួនអស់រយៈពេលរាប់សតវត្សរ៍មកហើយ។ ដូច្នេះ ប្រសិនបើអាជ្ញាធរហាមឃាត់មិនឲ្យអ្នកកាន់សាសនាផ្សេងប្រើពាក្យនេះ វាគឺជាការរំលោភលើសិទ្ធិរបស់អ្នកកាន់សាសនាភាគតិច។
នៅឆ្នាំ២០០៩ តុលាការរដ្ឋបាលម៉ាឡេស៊ីក៏បានចេញសេចក្តីសម្រេចលុបចោលបម្រាមរបស់ក្រសួងមហាផ្ទៃវិញ ទៅតាមបណ្តឹងរបស់កាសែតកាតូលិក។ សេចក្តីសម្រេចដែលបានបណ្តាលឲ្យមានភាពតានតឹងយ៉ាងខ្លាំង រវាងអ្នកកាន់សាសនាអ៊ីស្លាម និងអ្នកកាន់សាសនាគ្រិស្តនៅម៉ាឡេស៊ី រហូតមានការវាយប្រហារទៅលើវិហារសាសនាគ្នាទៅវិញទៅមក។
នៅឆ្នាំ២០១៣ ក្រោយពីមានសេចក្តីសម្រេចពីសាលាឧទ្ធរណ៍ ការហាមមិនឲ្យប្រើពាក្យ “អាឡាហ៍” ស្រាប់តែត្រូវបានដាក់ឡើងវិញ ទើបធ្វើឲ្យកាសែតកាតូលិកប្តឹងបន្តទៅតុលាការកំពូល។ ក៏ប៉ុន្តែ នៅថ្ងៃចន្ទនេះ តុលាការកំពូលម៉ាឡេស៊ី ដែលមានចៅក្រមជំនុំជម្រះ ៧រូប បានសម្រេចដោយសំឡេង ៤ទល់នឹង៣ច្រានចោលបណ្តឹងរបស់កាសែតកាតូលិកនេះ។
សេចក្តីសម្រេចរបស់តុលាការកំពូល ដែលជាសេចក្តីសម្រេចបិទផ្លូវតវ៉ា គឺជាការបិទបញ្ចប់ជម្លោះតាមផ្លូវច្បាប់ ជុំវិញការប្រើពាក្យ “អាឡាហ៍”នេះ ក៏ប៉ុន្តែ វាមិនប្រាកដថានឹងអាចដោះស្រាយភាពតានតឹងរវាងអ្នកកាន់សាសនាអ៊ីស្លាម និងអ្នកកាន់សាសនាគ្រិស្តបាននោះទេ។ ក្រុមអ្នកកាន់សាសនាអ៊ីស្លាមបាននាំគ្នាអបអរសាទរចំពោះសេចក្តីសម្រេចរបស់តុលាការកំពូលនៅថ្ងៃចន្ទនេះ។ ក៏ប៉ុន្តែ ក្រុមអ្នកកាន់គ្រិស្តសាសនាវិញបានរិះគន់តុលាការកំពូលថាមិនបានគិតគូរទៅដល់សិទ្ធិជាមូលដ្ឋានរបស់ជនជាតិភាគតិច៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ