ទោះជាមានទណ្ឌកម្មអន្តរជាតិក៏ដោយ ក៏អ៊ីរ៉ង់នៅតែពង្រឹងសកម្មភាពនុយក្លេអ៊ែរ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ទោះបីជាសហគមន៍អន្តរជាតិបានដាក់ទណ្ឌកម្មយ៉ាងណាក៏ដោយ ក៏ប្រទេសអ៊ីរ៉ង់នៅតែបន្តពង្រឹងពង្រីកទ្វេសកម្មភាពចម្រើនធាតុ uranium នៅមជ្ឈមណ្ឌល ហ្វ័រដូ។ ហើយបើយោងតាមរបាយការណ៍នៅថ្ងៃព្រហស្បតិ៍ម្សិលមិញរបស់ទីភ្នាក់ងារអន្តរជាតិខាងថាមពលនុយក្លេអ៊ែរ AIEA ដែលបានចោទយ៉ាងធ្ងន់ៗទៅលើទីក្រុងតេហេរ៉ង់ថា បានបង្កឧបសគ្គខាឃាំងដល់ការត្រួតពិនិត្យមើលរបស់ AIEA នៅមជ្ឈមណ្ឌល Parchin ។
សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ធ្លាប់បានរៀបចំឲ្យមានឧបករណ៍ centrifugeuses ប្រមាណ២ ០០០នៅមជ្ឈមណ្ឌលនុយក្លេអ៊ែរ ហ្វ័រដូនៅថ្ងៃទី១៨សីហាកន្លងទៅ ទល់នឹងប្រមាណជា១ ០០០នៅខែឧសភា នេះបើយោងតាមឯកសាររបស់ ទីភ្នាក់ងារអន្តរជាតិខាងថាមពលនុយក្លេអ៊ែរ AIEA ។ ក្នុងចំណោមនេះ មានប្រមាណជា៧០០កំពុងមានសកម្មភាព នេះជាការគូសបញ្ជាក់បន្ថែមរបស់ AIEA។
សហរដ្ឋអាមេរិកឯណោះបានព្រមានប្រទេសអ៊ីរ៉ង់ថា “ពេលវេលាសម្រាប់ការរិះរកដំណោះស្រាយតាមផ្លូវទូត មានកម្រិត” នេះជាសេចក្តីប្រកាសរបស់លោក Jay Carney អ្នកនាំពាក្យរបស់លោកប្រធានាធិបតីបារ៉ាក់អូបាម៉ា។
គួរកត់សម្គាល់ថា uranium ចម្រើនធាតុអាចត្រូវគេយកមកប្រើសម្រាប់ផលិតអគ្គិសនីឬយកមកប្រើក្នុងវិស័យវេជ្ជសាស្ត្រសម្រាប់ព្យាបាលជម្ងឺមហារីក។ ក៏ប៉ុន្តែបើគេចម្រើនធាតុរហូតដល់ទៅ៩០% នោះគេអាចយកមកប្រើសម្រាប់ផលិតអាវុធនុយក្លេអ៊ែរ។
រីឯប្រទេសលោកខាងលិចនិងប្រទេសអ៊ីស្រាអែលសង្ស័យទីក្រុងតេហេរ៉ង់ថា កំពុងបន្តសកម្មភាពផលិតអាវុធនុយក្លេអ៊ែរ ដោយយកកម្មវិធីនុយក្លេអ៊ែរស៊ីវិលមកធ្វើជារនាំងសម្រាប់បិទបាំង។
ទីក្រុងតេហេរ៉ង់បានឆ្លើយបដិសេធការចោទប្រកាន់ខាងលើនេះជាផ្លូវការ។ សូមបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខអ.ស.ប.បានចេញសេចក្តីសម្រេចចិត្ត៦លើករួចហើយប្រឆាំងនឹងសកម្មភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដែលក្នុងនោះមានសេចក្តីសម្រេចចិត្ត៤ដែលមានភ្ជាប់មកជាមួយនូវទណ្ឌកម្ម ដោយហេតុតែសកម្មភាពចម្រើនធាតុ uranium របស់ប្រទេសអ៊ីរ៉ង់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ