អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ក្រុម​ប្រទេស​ផ្តល់​ជំនួយ ៖ ស្ថានការណ៍​ទូទៅ​នៅ​ក្នុង​ប្រទេស​ម៉ាលី​មាន​លក្ខណៈ​វិជ្ជមាន

សំឡេង ០៥:០៣
ប្រធានក្រុមប្រឹក្សា​អឺរ៉ុប​លោក Herman Van Rompuy (ស្តាំ) និង​លោក Oumar Tatam Ly នាយករដ្ឋមន្ត្រី​ម៉ាលី នៅ​ព្រុចសែល ថ្ងៃទី ៥កុម្ភៈ២០១៤
ប្រធានក្រុមប្រឹក្សា​អឺរ៉ុប​លោក Herman Van Rompuy (ស្តាំ) និង​លោក Oumar Tatam Ly នាយករដ្ឋមន្ត្រី​ម៉ាលី នៅ​ព្រុចសែល ថ្ងៃទី ៥កុម្ភៈ២០១៤ REUTERS/Francois Lenoir
៣២ នាទី

កាល​ពី​ជិត​មួយ​ឆ្នំា​មុន ពោល​គឺ​នៅ​ថ្ងៃទី១៥ ឧសភា ឆ្នំា ២០១៣ សន្និសីទ​នៃ​ក្រុមប្រទេស​ផ្តល់ជំនួយ​ឲ្យ​​ម៉ាលី​បាន​រៀបចំ​ធ្វើ​ម្តង​ហើយ​នៅ​ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក។ គឺ​នៅ​កន្លែង​ដដែល​នោះ​ឯង​ដែល​ក្រុមប្រទេស​ផ្តល់ជំនួយ​ឲ្យ​ម៉ាលី​បាន​រួម​ប្រជុំ​គ្នា​ជា​ថ្មី​នៅ​ថ្ងៃ​ពុធ ទី៥ កុម្ភៈ ឆ្នំា ២០១៤។ កម្មវត្ថុ​នៃ​សន្និសីទ​លើកទី២ ពេល​នេះ គឺ​ដើម្បី​ស្វែង​យល់​អំពី​ស្ថានភាព​ជំនួយ​ដែល​បាន​សន្យា​កាល​ពី​លើកទី១ ក្នុង​ខែ​ឧសភា ឆ្នំា ២០១៣ ពិសេស​ចង់​ដឹង​ថា តើ​មាន​ចំនួន​លុយ​ប៉ុន្មាន​ដែល​រដ្ឋម៉ាលី​បាន​ទទួល និង​ថា តើ​ការ​ចំណាយ​ទំាង​អស់​មាន​បាន​បម្រើ​ចំ​គោលដៅ​របស់​វា ឬ​អត់។

ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​បាន​ជួបប្រជុំ​គ្នា​ចុង​ក្រោយ​កាល​ពី​ខែ​វិច្ឆិកា ឆ្នំា ២០១៣ ក្នុង​ទីក្រុង​បាម៉ាកូ ប្រទេស​ម៉ាលី ក្រុមតំណាង​រដ្ឋាភិបាល​ម៉ាលី និង​ក្រុមតំណាង​ប្រទេស​ផ្តល់ជំនួយ​បាន​រួមប្រជុំ​គ្នា​ជាថ្មី​នៅ​ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក។ កម្មវត្ថុ​នៃ​កិច្ចប្រជុំ​លើកទី២​ក្នុង​ទីក្រុង​ប្រទេស​បែលហ្ស៊ិក​លើក​នេះ​ មិនមែន​ដើម្បី​ស្វែង​រក​ជំនួយ​បន្ថែម​ទេ តែ​គឺ​ដើម្បី​ផ្ទៀងផ្ទាត់ ពិនិត្យ​អំពី​ទឹកប្រាក់​ជំនួយ​ចំនួន ៣ ៣០០លានអឺរ៉ូ​ដែល​ប្រទេស​ផ្តល់ជំនួយ​បាន​សន្យា​ផ្តល់​ឲ្យ​ម៉ាលី​កាល​ពី​ខែ​ឧសភា ឆ្នំា ២០១៣ កន្លង​ទៅ។ ក្នុង​ចំនួន​ទឹកប្រាក់ ៣ ៣០០លានអឺរ៉ូ​នោះ មាន​ប្រាក់​ជំនួយ​​ឥតសំណង និង​ប្រាក់កម្ចី​មាន​អត្រា​ការប្រាក់​ទាប។ តុល្យការ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា មាន​ប្រាក់​ចំនួន ២ភាគ៣​នៃ​ចំនួន​ទឹកប្រាក់​សន្យា​សរុប​ទំាង ៣ ៣០០លានអឺរ៉ូ​ត្រូវ​បាន​បញ្ជូន​រួច​ហើយ។

ដូច្នេះ​ជំហាន​បន្ទាប់​សម្រាប់​ក្រុមប្រទេស​ផ្តល់​ជំនួយ គឺ​ការ​ពិនិត្យ ផ្ទៀងផ្ទាត់​ការ​ចាយវាយ​លើ​ប្រាក់ជំនួយ និង​ប្រាក់កម្ចី​ពី​សំណាក់​រដ្ឋាភិបាល​ទីក្រុង​បាម៉ាកូ។ ជា​ទូទៅ ក្រុមប្រទេស​ផ្តល់ជំនួយ​បាន​សម្តែង​ការ​ពេញចិត្ត​ចំពោះ​ការងារ​ប្រកប​ដោយ​តម្លាភាព​របស់​ម៉ាលី។ អ្នក​ដែល​បាន​កោតសរសើរ​មុន​គេ គឺ​លោក​អនុប្រធាន​គណៈកម្មការ​អឺរ៉ុប​ម៉ាគូស ករណារ៉ូ (Markus Cornaro)។ លោក​ករណារ៉ូ​ដែល​បាន​គូសបញ្ជាក់​ថា រដ្ឋាភិបាល​ម៉ាលី​ត្រូវ​តែ​ទទួល​បាន​ការ​សរសើរ​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ។ ការ​ប្រឹងប្រែង​នៅ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆំាង​នឹង​អំពើ​ពុករលួយ បង្កើន​បរិយាកាស​នៅ​ក្នុង​សង្គមទូទៅ និង​វិធានការ​ចំា​បាច់​មួយ​ចំនួន​ជា​លើក​ដំបូង​ក្នុង​ការ​នំា​ជនភៀសខ្លួន និង​អ្នក​ផ្លាស់ប្តូរ​លំនៅដ្ឋាន​ឲ្យ​វិល​មក​កាន់​ផ្ទះសម្បែង​វិញ​ជា​ដើម។

បច្ចុប្បន្ន​នេះ កម្មវិធី​រៀបចំ​នំា​ជនភៀសខ្លួន និង​អ្នក​ផ្លាស់ប្តូរ​លំនៅដ្ឋាន​ចំនួន ៤២៣ ០០០នាក់​កំពុង​មាន​ដំណើរការ​ទៅ​មុខ​គួរ​ឲ្យ​កត់សម្គាល់។ ក្នុង​ខែ​តុលា​កន្លង​ទៅ មាន​ជនភៀសខ្លួន​ចំនួន ៦ ០០០នាក់​បាន​វិល​ទៅ​កាន់​លំនៅដ្ឋានដើម​របស់​ខ្លួន​វិញ​ហើយ។ ក្រៅ​ពី​វិធានការ​នំា​ជនភៀសខ្លួន និង​អ្នក​ផ្លាស់ប្តូរ​លំនៅដ្ឋាន​ទៅ​កាន់​កន្លែង​ដើម​វិញ រដ្ឋាភិបាល​ក៏​បាន​បង្កើត​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ដោយ​ផ្តោត​សំខាន់​លើ​ការ​បង្កើត​ប៉ូលអភិវឌ្ឍន៍​វិស័យ​កសិកម្ម។ ទន្ទឹម​គ្នា​នេះ រដ្ឋាភិបាល​ក៏​បាន​កសាង និង​ដាក់​ឲ្យ​ដំណើរការ​ឡើង​វិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​ដែល​ខូចខាត​ដោយសារ​សង្រ្គាម ពិសេស​សាលារៀន។

សម្រាប់​អង្គការ​មនុស្សធម៌ Oxfam ដែល​បាន​តាមដាន​ស្ថានការណ៍​នៅ​ម៉ាលី​នា​ប៉ុន្មាន​ខែ​ក្រោយ​ការ​បោះឆ្នោត ក៏​បាន​ទទួល​ស្គាល់​ពី​ស្ថានការណ៍​ចម្រើន​ទៅ​មុខ​របស់​ម៉ាលី​ដែរ។ តែ​ទន្ទឹម​គ្នា​នេះ Oxfam ក៏​បាន​ផ្តល់​អនុសាសន៍​អាទិភាព​មួយ​ចំនួន​ដើម្បី​អាច​ទទួល​បាន​អភិបាលកិច្ច​ល្អ ទី១ រៀបចំ​ពង្រឹង​ប្រព័ន្ធ​តុលាការ​សម្រាប់​គ្រប់​គ្នា ទី២ អនុវត្តន៍​នយោបាយ​ផ្សះផ្សាជាតិ​ដោយ​រួមសហការណ៍​ជាមួយ​គ្រប់​សហគមន៍ ទី៣ បន្ត​យុទ្ធនាការ​ប្រយុទ្ធប្រឆំាង​នឹង​អំពើ​ពុករលួយ និង​ទី៤ ជំរុញ​ស្រី្តភេទ​ឲ្យ​ចូលរួម​ច្រើន​កុះករ​នៅ​ក្នុង​ជីវិតនយោបាយ។ គឺ​នៅ​ចំណុច​ទី៤ នេះ​ហើយ​ដែល​នាយក​អង្គការ Oxfam លោក Mohamed Coulibady បាន​ព្យាយាម​និយាយ​សង្កត់​ហើយ សង្កត់​ទៀត​ថា វត្តមាន​ស្រ្តី​នៅ​ក្នុង​សង្គម​ជា​រឿង​មួយ​ចំាបាច់​មិន​អាច​ខ្វះ​បាន មិនថា​នៅ​ក្នុង​ផ្នែក​អប់រំ សុខភាព ឬ​​ក៏​នយោបាយ​ឡើយ។

សូម​ជម្រាប​ជូន​ថា គឺ​ទើប​តែ​នៅ​ប៉ុន្មាន​ខែ​ក្រោយ​ការ​ជាប់​ឆ្នោត​ប្រធានាធិបតី​របស់​លោក​អ៊ីប្រាហ៊ីម ប៊ូបាការ កេតា (Ibrahim Boubacar Keïta) ទេ ដែល​ស្ថានការណ៍​ទូទៅ​នៅ​ម៉ាលី​បាន និង​កំពុង​វិល​មក​រក​ភាព​ប្រក្រតី​ឡើង​វិញ​បន្តិច​ម្តងៗ។ មាន​អាយុ ៦៨ឆ្នំា លោក​អ៊ីប្រាហ៊ីម ប៊ូបាការ កេតា គឺ​ជា​ឥស្សរជន​ម្នាក់​ដែល​មាន​ភាព​ចាស់ទុំច្រើន​ខាង​នយោបាយ និង​ដែល​ប្រជាជន​ម៉ាលី​ទូទៅ​ចាត់​ទុក​លោក ជា​មនុស្ស​ស្គាល់​ស្ថានការណ៍​ប្រទេស​ច្បាស់លាស់ ព្រម​ទំាង​យល់ដឹង​អំពី​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​ពលរដ្ឋ​ម៉ាលី។ សក្ខីកម្ម​ជាក់ស្តែង​មិន​អាច​ប្រកែក​បាន គឺ​ស្ថានការណ៍​ល្អប្រសើរ​របស់​ម៉ាលី​ដែល​បាន និង​កំពុង​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​បង្កើន​ជំនឿ​ទុកចិត្ត​នា​ពេល​សព្វថ្ងៃ​នេះ​ឯង។

តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី នៅ​មាន​បញ្ហា​ចម្បង​មួយ​ដែល​លោក​អ៊ីប្រាហ៊ីម​ត្រូវ​ព្យាយាម​សម្រេច​ឲ្យ​បាន​នា​ពេល​ខាង​មុខ នោះ​គឺ​ព្យាយាម​ផ្សះផ្សា​ប្រជាជន​ម៉ាលី​នៅ​ក្នុង​ប្រទេស​មួយ​ដែល​បាន និង​កំពុង​បន្ត​ហែកហួរ​គ្នា រហូត​ដល់​គំរាម​ពុះ​ប្រទេស​ជា​ពីរ​បំណែក ខាង​ជើង និង​ខាង​ត្បូង។ បំណង​របស់​លោក​អ៊ីប្រាហ៊ីម គឺ​រៀបចំ​តុមូល​មួយ​ដោយ​ប្រមែប្រមូល​ភាគីជម្លោះ​គ្រប់​ស្រទាប់​វណ្ណៈ និង​គ្រប់ជំនាន់​ឲ្យ​មក​អង្គុយជជែក​គ្នា​ដើម្បី​ស្វែង​រក​ផ្លូវកណ្តាល​មួយ​ដោយ​មាន​ការ​យល់ព្រម​ទំាង​អស់​គ្នា។ ថ្មីៗ​នេះ គណៈប្រតិភូ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​ក៏​បាន​ទៅ​ធ្វើ​ទស្សនកិច្ច​រយៈពេល ២ថ្ងៃ​នៅ​ប៉ែក​ខាងជើង​ម៉ាលី។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ ក្រុម​គណៈប្រតិភូ​បាន​ជួប​ជជែក​ជាមួយ​ក្រុមប្រដាប់អាវុធ​សំខាន់ៗ​ចំនួន ៣ក្រុម ដែល​បាន និង​កំពុង​ទាមទារ​កាន់កាប់​តំបន់​ប៉ែកខាងជើង​ផ្តាច់​ចេញ​ពី​រដ្ឋាភិបាល​ក្រុង​បាម៉ាកូ។ ជា​លទ្ធផល ក្រុមប្រដាប់​អាវុធ​ទំាង ៣ ក្រុម​បាន​និយាយ​សម្លេង​តែ​មួយ​ដូច​គ្នា គឺ​ការ​បើក​កិច្ចចរចា​ជាមួយ​រដ្ឋាភិបាល​ក្រុង​បាម៉ាកូ​ភ្លាមៗ និង​ការ​គោរព​អធិបតេយភាព​របស់​ម៉ាលី។ ឃើញ​ថា ទំាង​នេះ​សុទ្ធសឹង​ជា​ចំណុច​វិជ្ជមាន​មួយ​ដែល​បាន​បើក​ផ្លូវ​ឲ្យ​គ្រប់ភាគី​ជម្លោះ​បន្ត​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​រវាង​គ្នា​នៅ​ពេល​ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ