ម៉ាលី៖ ពួកជីហាតទទួលខុសត្រូវលើការវាយប្រហារសម្លាប់ទាហាន៤៩នាក់ មានបារាំងម្នាក់ផង
ថ្ងៃសៅរ៍ ទី២វិច្ឆិកា ពួកភេរវជនអង្គការរដ្ឋអ៊ីស្លាមជីហាត បានប្រកាសទទួលស្គាល់ថាប្រតិបត្តិការវាយប្រហារសម្លាប់ទាហាន៤៩នាក់ នៅប្រទេសម៉ាលីកាលពីថ្ងៃសុក្រ គឺជាស្នាដៃរបស់ខ្លួន។ ក្នុងចំណោមទាហានដែលបាត់បង់ជីវិតទាំងនោះ គឺទាហានបារាំងម្នាក់ផង។ ប្រធានាធិបតីបារាំង និងរដ្ឋមន្ត្រីការពារជាតិបារាំង សម្តែងក្តីសោកស្តាយជាខ្លាំង។
ចុះផ្សាយនៅថ្ងៃ៖
ប្រតិបត្តិការសម្លាប់ទាហាននៅម៉ាលីអស់ជិត៥០នាក់កាលពីថ្ងៃសុក្រ គឺមានគោលដៅសម្លាប់កងកម្លាំងរក្សាសន្តិភាព និងទាហានអន្តរជាតិដែលដឹកនាំដោយកងទ័ពបារាំង នៅក្នុងតំបន់អាហ្វ្រិក ដើម្បីប្រឆាំងនឹងពួកភេរវជន។ នេះបើតាមខ្លឹមសារនៃសេចក្តីថ្លែងការណ៍របស់ពួកភេរវជនជីហាត ដែលប៉ូលីសស៊ើបអង្កេតរកឃើញនៅក្នុងប្រព័ន្ធតេឡេក្រាម។ ប្រភពព័ត៌មានជាច្រើនបញ្ជាក់ថា ប្រតិបត្តិការវាយប្រហារសម្លាប់ទាហានលើកនេះ គឺរៀបចំដឹកនាំដោយមេភេរវជនជីហាតលំដាប់ទី២ គឺ Abdel Hakim al-Sahraoui ដែលគេស្គាល់ច្បាស់ថាក្បាលម៉ាស៊ីនជីហាតមានឥទ្ធិពលខ្លាំងនៅក្នុងទីតាំងនោះ។
នៅប្រទេសម៉ាលី តំបន់ភាគខាងជើងដែលជាកន្លែងរងគ្រោះនេះ ជាទីតាំងគ្មានសុវត្តិភាពទេ ពីព្រោះតំបន់នេះ ធ្លាប់បានត្រូវធ្លាក់ក្នុងកណ្តាប់ដៃកាន់កាប់ដោយពួកឧទ្ទាមភេរវករអាល់កៃដា នៅឆ្នាំ២០១២។ ហើយតាំងតែពីឆ្នាំ២០១៣រហូតមក បារាំងបានបញ្ជូនកងទ័ពទៅឈរជើងទីនោះ ដើម្បីជួយកងទ័ពប្រទេសម៉ាលី ប្រយុទ្ធប្រឆាំងនឹងភេរវជន និងស្វែងរកសន្តិភាពឱ្យក្នុងតំបន់។ ក្នុងប្រតិបត្តិការនៅម៉ាលី រហូតមកដល់ពេលនេះ ទាហានបារាំង បានបាត់បង់ពលីជីវិត អស់២៥នាក់ហើយ រាប់ទាំងទាហានបារាំងម្នាក់ ស្លាប់ពីថ្ងៃសុក្រនោះផង។ ម៉ាលី ក្នុងមួយខែចុងក្រោយនេះ មានការវាយប្រហារភេរវកម្មផ្ទួនៗគ្នា។ តំណាងបេសកជនពិសេសអង្គការប្រជាជាតិ នៅម៉ាលី បញ្ជាក់ថា ទិន្នន័យចុងក្រោយ នៅឆ្នាំ២០១៨ មានការវាយប្រហារ២៣៧ដង សម្លាប់ទាហាននិងមនុស្ស អស់ជាច្រើន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ