ទិវាគ្រូបង្រៀនបានក្លាយជាអំពើហិង្សា
ដូចដែលបានគ្រោងទុក លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានដឹកនាំមនុស្សប្រមាណជា២០០នាក់ ជួបជុំគ្នានៅទីលានប្រជាធិបតេយ្យហើយ នៅព្រឹកថ្ងៃអាទិត្យទី១៣ តុលានេះ ដើម្បីប្រារព្ឋទិវាគ្រូបង្រៀនពិភពលោក លើកទី១២ បើទោះបីជាគ្មានការអនុញ្ញាតរបស់សាលារាជធានីភ្នំពេញក៏ដោយ។ ប៉ុន្តែ អំពើហិង្សាមួយបានផ្ទុះឡើងក្នុងពិធីជួបជុំនេះរវាងអ្នកចូលរួមក្នុងទិវាគ្រូបង្រៀន ជាមួយបុរសម្នាក់ដែលជាអ្នកសារព័ត៌មាន ព្រោះថា បុរសម្នាក់នោះបានយកកាំភ្លើងចូលក្នុងពិធីជួបជុំ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
មនុស្សប្រមាណជា២០០នាក់ដែលមានគ្រូបង្រៀន ជាកម្មករ និងសហគមន៍ទាមទារសិទ្ធដីធ្លីក្នុងក្រុងភ្នំពេញ រួមទាំងលោក ស៊ុន ឆ័យ និងលោកស្រីមូ សុខហួរមន្ត្រីគណបក្សសង្គ្រោះជាតិផងនោះ បានចូលរួមប្រារព្ឋទិវាគ្រូបង្រៀនពិភពលោកលើកទី១២ ដែលដឹកនាំដោយលោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ។
ប៉ុន្តែបន្ទាប់ពីការឡើងថ្លែងរបស់លោក រ៉ុង ឈុន ពីគោលបំណង នៃការប្រារព្ឋទិវាគ្រូបង្រៀនពិភពលោកនេះ និង ថ្លែងទាមទារឱ្យរដ្ឋាភិបាកំណែទម្រង់នៃវិស័យអប់រំរួចមក អំពើហិង្សាមួយបានផ្ទុះឡើងរវាងក្រុមអ្នកចូលរួមទិវាគ្រូបង្រៀនមួយចំនួន និងបុរសម្នាក់ដែលពាក់កាតជាអ្នកសារព័ត៌មាន ព្រោះតែបុរសនេះ បាននាំយកកាំភ្លើងមកជាមួយ។
ក្នុងអំពើហិង្សានេះ បុរសម្នាក់ដែលពាក់កាតសារព័ត៌នោះ មានឈ្មោះថា ប៉ឹង ជឿន មានអាយុ៣៥ឆ្នាំ បានទទួរងរបួសយ៉ាងដំណំ។ បើតាមលោកឡុង ឌីម៉ងអ្នកនាំពាក្យសាលារាជធានីភ្នំពេញ ក្រោយការជួយពីកម្លាំសមត្ថកិច្ច បុរសអ្នកសារព័ត៌មាននោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យ ប៉ុន្តែមិនដឹងថាមន្ទីពេទ្យមួយណានោះទេ។
លោកអំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃអង្កការលីកាដូ ដែលចូលរួមអង្កេតការជួបជុំទិវាគ្រូបង្រៀនេះ បានឱ្យដឹងថាការប្រើប្រាស់អំពើហិង្សានេះ គឺជារឿងមួយគួរឱ្យសោកស្តាយ។ សោកស្តាយព្រះថាការជួបជុំនៅលើទីលានប្រជាធិបតេយ្យនេះ គឺជាការជួបជុំដោយសន្តិវិធី មិនគួរមានអ្នកយកកាំភ្លើងចូលរួមនោះឡើយ។ ហើយបាតុករ មិនគួរប្រើប្រាស់អំពើហិង្សានោះទេ គួរតែឃាត់ជនខ្លួនហើយប្រគល់ជូនសមត្ថកិច្ចវិញជាការប្រសើរជាង។
ចំណែកឯកាំភ្លើងដែលបាតុករយកបាននោះត្រូវបានលោកស៊ុន ឆ័យតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលបានចូលរួមក្នុងពិធីជួបជុំនោះ បានប្រគល់ជូន ព្រះរាជអាជ្ញាមាស ចន្ទពិសិដ្ឋិហើយ។
លោក ឡុង ឌីម៉ង់អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានថ្លែងប្រាប់វិទ្យុបារាំងRFIនៅថ្ងៃនេះ តាមពិតការជួបជុំគ្នាក្នុងទិវាគ្រួបង្រៀនឯករាជ្យដែលស្នើឱ្យរដ្ឋាភិបាលកែប្រែចំនុចខ្វះខាតនៃវិស័យអប់រំ ដូចជាការតំម្លើងប្រាក់ខែ និងបង្កើនថវិកាដល់វិស័យគ្រូបង្រៀននោះ គឺជាការលើកទឹកចិត្ត។ ប៉ុន្តែលោកថា ទិវាគ្រូបង្រៀនដែលប្រព្រឹត្តនៅថ្ងៃទីអាទិត្យនេះ បានធ្វើឱ្យបាត់បង់តម្លៃគ្រូបង្រៀនព្រោះតែមានអំពើហិង្សា និងមានអ្នកដទៃទៀតក្រៅពីគ្រូបង្រៀន ដូចជាកម្មករ សកម្មជនដីធ្លីចូលរួមទៅវិញ ហើយបានប្រែក្លាយអត្ថន័យនៃវេទិកាបញ្ចេញមតិក្នុងទិវាគ្រូបង្រៀននេះ ទៅជាវេទិកាជួបជុំមួយផ្សេងទៀតទៅវិញ។
យ៉ាងណាក៏ដោយ ការជួបជុំនៃទិវាគ្រូបង្រៀនពិភពលោកនៅថ្ងៃអាទិត្យនេះ បានបិទបញ្ចប់នៅម៉ោងប្រមាណជា១១ព្រឹកក្រោយបាតុករទាំងអស់បានរំសាយ និងកងកម្លាំងជាច្រើននាក់ ដែលបានបិទផ្លូវព័ទ្ធជុំវិញទីលានប្រជាធិបតេយ្យ ត្រូវបានដកចេញដែរ។
គួររំលឹកថា ក្នុងទិវាគ្រូបង្រៀននៅថ្ងៃទី១៣តុលា សំណើ៩ចំនុច ក្នុងនោះរួមមានការដំឡើងប្រាក់ខែអប្បរមាចំនួន១លានរៀល ក្នុងមួយខែ។ ការបង្កើនថវិកាជាតិ សម្រាប់វិស័យអប់រំ និងកំចាត់អំពើពុករលួយជាដើមនោះគឺសំណើយ៉ាងទទួចរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ