អាល្លឺម៉ង់

ខ្សែរថភ្លើង​ដឹក​កាក​សំណល់​នុយក្លេអ៊ែរ​បន្ត​ដំណើរ​ខ្លួន​ឡើង​វិញ​បន្ទាប់​ពី​ត្រូវ​បាន​រាំងស្ទះ

ប៉ូលិស​អាល្លឺម៉ង់​កំពុង​ចាប់​ពួក​ប្រឆាំង​​ចេញ​ពី​ផ្លូវ​ ដើម្បី​ឲ្យ​រថ​ភ្លើងដឹក​​កាក​សំណល់​នុយក្លេអ៊ែរ​បន្ត​ដំណើរ​បាន​
ប៉ូលិស​អាល្លឺម៉ង់​កំពុង​ចាប់​ពួក​ប្រឆាំង​​ចេញ​ពី​ផ្លូវ​ ដើម្បី​ឲ្យ​រថ​ភ្លើងដឹក​​កាក​សំណល់​នុយក្លេអ៊ែរ​បន្ត​ដំណើរ​បាន​ REUTERS/Kai Pfaffenbach

ខ្សែ​រថភ្លើង​ដឹក​កាក​សំណល់​នុយក្លេអ៊ែរ​ នៅ​ប្រទេស​អាល្លឺម៉ង់​ ដែល​ត្រូវ​បាន​ពួក​អ្នក​ប្រឆាំង​បិទខ្ទប់​ធ្វើ​ឱ្យ​រាំង​ស្ទះ​ពេញ​មួយ​យប់​ បាន​បន្ត​ដំណើរ​ខ្លួន​ឡើង​វិញ​ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​៨​វិច្ឆិកា​នេះ​ បន្ទាប់​ពី​ពួក​យុទ្ធិកជន​ប្រឆាំង​នុយក្លេអ៊ែរ​ត្រូវ​បាន​ប៉ូលិស​ដេញ​កំចាត់ ​ចេញ​ពី​ផ្លូវ​ដែក។

ផ្សាយពាណិជ្ជកម្ម

 

សេចក្តី​រាយការណ៍​របស់ វីនស្តុន រតនា

“ការជម្លៀស​ចេញ​បាន​ចប់​ហើយ​ ​ ​ គ្មាន​នរណា​ម្នាក់​នៅ​លើ​ផ្លូវ​ដែក​ទៀត​ឡើយ” -​នេះ​ជា​សំដី​របស់​អ្នក​នាំ​ពាក្យ​នៃ​ប៉ូលិស​ នៅ​ទីក្រុង​Lunebourg​នៃ​ប្រទេស​អាល្លឺម៉ង់។ស្រប​តាម​ប៉ូលិស​ ​ មាន​ជន​ប្រមាណ​ជា​៣០០០នាក់​បាន​ធ្វើ​ឱ្យ​រាំង​ស្ទះ​ខ្សែ​រថភ្លើង​ នៅ​លើ​ផ្លូវ​ដែក​នៅ​ស្ថានីយ​Harlingen​ ចម្ងាយ​ប្រមាណ​ជា​១៥​គីឡូម៉ែត្រ​ពី​ស្ថានីយ​Dannenberg។

នៅ​ស្ថានីយ​Dannenberg​ ​ បន្ទុក​ក្នុង​ខ្សែ​រថភ្លើង​គឺ​ហិប​ដែក​container​ធំៗ​ចំនួន​១១​ផ្ទុក​ទៅ​ដោយ​កាក​សំណល់​នុយក្លេអ៊ែរ​ដែល​បាន​ចាក​ចេញ​ពី​ប្រទេស​បារាំង​ នៅ​ថ្ងៃ​សុក្រ​៥​វិច្ឆិកា​នឹង​ត្រូវ​ផ្ទេរ​ទៅ​ដាក់​ក្នុង​ឡាន​camion​វិញ​ ដើម្បី​ដឹក​វា​ក្នុង​ចម្ងាយ​២០គីឡូម៉ែត្រ​ចុង​ក្រោយ​រហូត​ដល់​ទី​កន្លែង​ស្តុក​វា​ទុក​ នៅ​អណ្តូង​រ៉ែ​Gorleben។

ដោយ​សរុប​ មាន​ប៉ូលិស​ចំនួន​ជិត​២ម៉ឺន​នាក់​ត្រូវ​បាន​អាជ្ញាធរ​អាល្លឺម៉ង់​កេណ្ឌ​ ដើម្បី​តាម​ឃ្លាំ​ការពារ​ខ្សែ​រថភ្លើង។

គឺ​ជា​ខ្សែ​រថភ្លើង​ទី១២​ហើយ​ ចាប់​តាំង​ពី​ឆ្នាំ​១៩៩៥​មក​ដែល​ដឹក​មក​កាន់​ប្រទេស​អាល្លឺម៉ង់​វិញ​នូវ​កាក​សំណល់​នុយក្លេអ៊ែរ​អាល្លឺម៉ង់​ដែល​បាន​ទទួល​រង​ប្រព្រឹត្តិកម្ម​ឡើង​វិញ​ នៅ​ប្រទេស​បារាំង។អំពើ​ហិង្សា​បាន​កើត​មាន​ នៅ​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​៧​វិច្ឆិកា​រវាង​ពួក​បាតុករ​និង​ប៉ូលិស។

ឩប្បត្តិហេតុ​ហិង្សា​ខ្លាំង​បំផុត​បាន​លេច​ចេញ​មក​ពី​ពួក​សមាជិក​នៃ​ “​ ចលនា​ស្វយ័ត​ “​ (​ ជា​ពួក​ឆ្វេងនិយម​ជ្រុល​និង​ពួក​អនាធិបតេយ្យ​ )​ដែល​បាន​បាញ់​កាំជ្រួច​បំភ្លឺ​និង​គ្រាប់​បែក​ផ្សែង​បង្ហូរ​ទឹក​ភ្នែក​ទៅ​លើ​ប៉ូលិស​ដែល​បាន​ឆ្លើយ​តប-ត​វិញ​ដោយ​ប្រើ​ដំបង​កៅស៊ូ​
និង​កាណុង​បាញ់​ទឹក​ នៅ​តំបន់​Dannenberg​ជា​ហេតុ​បណ្តាល​ឱ្យ​មាន​អ្នក​ត្រូវ​របួស​ទាំង​ក្នុង​ចំណោម​ពួក​បាតុករ​ ​ ទាំង​ក្នុង​ចំណោម​ពួក​ប៉ូលិស។

អង្គការ​ប្រឆាំង​នុយក្លេអ៊ែរ​បាន​កេណ្ឌ​មនុស្ស​រាប់​ម៉ឺន​នាក់​ នៅ​ចុង​សប្តាហ៍​ទើប​កន្លង​ផុត​ទៅ​នេះ​ ​ ដើម្បី​ពន្យឺត​ការទៅ​ដល់​នៃ​ហិប​container​នៅ​អណ្តូង​រ៉ែ​Gorleben​ នៅ​តំបន់​Basse-Saxe​ជា​ទី​ដែល​កាក​សំណល់​នុយក្លេអ៊ែរ​ត្រូវ​បាន​ស្តុក​ទុក​ ចាប់​ពី​ឆ្នាំ​១៩៩៥​ ក្រោម​ដំបូល​ដោម​អំបិល​រាង​ក្រឡូម។

ពួក​អ្នក​ប្រឆាំង​នឹង​នុយក្លេអ៊ែរ​គិត​បន្ត​ការតាម​រំខាន​យាយី​រហូត​ដល់​Gorleben​ជា​ទី​ដែល​ពួក​គេ​ចាត់​ទុក​ថា​ប្រកប​ដោយ​គ្រោះ​ថ្នាក់​និង​ជា​ទី​ដែល​ការធ្លាយ​ជ្រាប​ចេញ​វិទ្យុ​សកម្ម​ត្រូវ​បាន​សង្កេត​ឃើញ។

ត្រូវ​បាន​គ្រាំ​គ្រា​ចិត្ត​ដោយ​គ្រោះ​មហន្តរាយ​ នៅ​Tchernobyl​ ឆ្នាំ​១៩៨៦​ ​ បណ្តាជន​អាល្លឺម៉ង់​ភាគ​ច្រើន​បដិសេធ​ទាត់​ចោល​ថាមពល​នុយក្លេអ៊ែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI