ភូមា

ព្រះសង្ឃ​ភូមា​ទាមទារ​ឲ្យ​មាន​វិធានការ​ប្រឆំាង​នឹង​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា

ទូក​កំពុងដឹកជនភាគខ្លួន​រ៉ូហ៊ីងយ៉ា
ទូក​កំពុងដឹកជនភាគខ្លួន​រ៉ូហ៊ីងយ៉ា Reuters/Andrew Biraj

នៅ​ថ្ងៃ​អាទិត្យ ទី៣ កញ្ញា​ម្សិលមិញ មាន​ព្រះសង្ឃ​ភូមា​រាប់រយអង្គ​បាន​នំា​គ្នា​ដង្ហែរ​ក្បួនបាតុកម្ម​គំាទ្រ​គំនិតផ្តួចផ្តើម​របស់​លោក​ប្រធានាធិបតី​ភូមា ថេន សេន។ លោក ថេន សេន​ដែល​បាន​លើក​ឡើង​ថា សហគមន៍​រ៉ូហ៊ីងយ៉ា​ដែល​ជា​អ្នក​​​កាន់​សាសនា​អ៊ីស្លាម​ត្រូវ​តែ​បណ្តេញ​ចេញ​ពី​ប្រទេស​ភូមា ឬមួយ​ក៏​ប្រមូលផ្តុំ​ឲ្យ​រស់នៅ​ក្នុង​ជំរំ ក្រោម​ការ​ត្រួតត្រា​របស់​អង្គការសហប្រជាជាតិ។

ផ្សាយពាណិជ្ជកម្ម

ក្បួន​បាតុកម្ម​របស់​ព្រះសង្ឃ ចូល​រួម​ដោយ​ប្រជាជន​ភូមា​រាប់សិបពាន់​នាក់​បាន​ត្រូវ​ធ្វើ​ឡើង​នៅ​តាម​ដងផ្លូវ Mandalay ស្ថិត​ប៉ែកកណ្តាល​ប្រទេស។ ក្រៅ​ពី​សម្រែក ក្រុម​បាតុករ​ខ្លះ​ក៏​បាន​លើក​បដា​ព្រោងព្រាត​ដោយ​សរសេរ​ថា " ការពារ​ម្តាយ​របស់​យើង គឺ​ភូមា ដោយ​គំាទ្រ​លោក​ប្រធានាធិបតី "។ ចំណែក​ក្រុម​បាតុករ​ខ្លះ​ទៀត​បាន​ចោទ​លោក Tomas Ojea Quintana អ្នកនំាពាក្យ ពិសេស​របស់​អង្គការសហប្រជាជាតិ​ថា បាន​កាន់​ជើង​ពួក​រ៉ូហ៊ីងយ៉ា។ ព្រះសង្ឃ វីរ៉ាធូ មាន​ព្រះជន្ម ៤៥ព្រះវស្សា​ដែល​បាន​នំា​មុខ​ក្បួន​បាតុកម្ម​បាន​បញ្ជាក់​ថា មាន​បាតុករ​ព្រះសង្ឃ​ចូលរួម ៥ ០០០អង្គ និង​បាតុករ​ជា​ប្រជាជន​សាមញ្ញ​រាប់សិបពាន់នាក់​ផ្សេង​ទៀត។ ព្រះអង្គ​បាន​មាន​សង្ឃដីកា​ថា កម្មវត្ថុ​នៃ​បាតុកម្ម គឺ​ដើម្បី​ចង់​បង្ហាញ​ពិភពលោក​ថា រ៉ូហ៊ីងយ៉ា​មិន​មែន​ជា​ជនជាតិ​ភាគតិច​របស់​ប្រទេស​ភូមា​ទេ។

គួរ​រំលឹក​ជូន​ឡើង​វិញ​ថា ចលនា​ងើប​បះបោរ​ប្រឆំាង​នឹង​សហគមន៍​រ៉ូហ៊ីងយ៉ា​ពេល​នេះ​បាន​កើត​មាន​ឡើង ក្រោយ​ពី​ការ​ផ្ទុះ​អំពើ​ហិង្សា​រវាង​ក្រុម​រ៉ូហ៊ីងយ៉ា​អ្នក​កាន់​សាសនា​អ៊ីស្លាម និង​ក្រុម​ជនជាតិ​ភាគតិច​រ៉ាក់ឃីន​អ្នកកាន់​ព្រះពុទ្ធសាសនា​ក្នុង​រដ្ឋ​រ៉ាក់ឃីន​កាល​ពី​ខែ​មិថុនា​កន្លង​មក។ បើ​តាម​តួលេខ​ផ្លូវការ អំពើ​ហិង្សា​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ៩០នាក់។ តែ​បើ​យោង​តាម​ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស ចំនួន​អ្នក​ស្លាប់​មាន​ច្រើន​ជាង​នេះ​ឆ្ងាយ​ណាស់។ តំាង​ពី​ពេល​នោះ​មក អំពើ​ហិង្សា​រវាង​សហគមន៍​ទំាង​ពីរ​នេះ​បាន​បញ្ឆេះ​​ឲ្យ​មាន​កំហឹង​នៅ​ទូទំាង​ប្រទេស​ភូមា​ដែល​ប្រជាជន​ភាគ​ច្រើន ជា​អ្នកកាន់​ព្រះពុទ្ធសាសនា។

កន្លង​មក រដ្ឋាភិបាល​ទីក្រុង​ណៃពីដ៏​បាន​បើក​ការ​ស៊ើបអង្កេត​ជុំវិញ​អំពើ​ហិង្សា​នេះ។ រីឯ​លោក​ប្រធានាធិបតី​ថេន សេន​ក៏​ធ្លាប់​បាន​ចោទ​ព្រះសង្ឃ និង​ថ្នាក់ដឹកនំា​នៅ​ក្នុង​រដ្ឋ​រ៉ាក់ឃីន​ថា ជា​អ្នក​អុជអាល​ឲ្យ​មាន​ការ​ប្រឆំាង​ពួក​រ៉ូហ៊ីងយ៉ា។ ប៉ុន្តែ​ស្រាប់​តែ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ចេញ​ផ្សាយ​ក្នុង​ខែ​កក្កដា​កន្លង​ទៅ លោក ថេន សេន​បែរ​ជា​អះអាង​ថា គេ​មិន​អាច​ទទួល​យក​ពួក​រ៉ូហ៊ីងយ៉ា​បាន​ទេ ពីព្រោះ​ពួក​គេ​មិន​មែន​ជា​ជនជាតិ​ភាគតិច​របស់​ភូមា​ទេ។ ជាមួយ​គ្នា​នេះ លោក​ថេន សេន​ក៏​បាន​លើក​ឡើង​ពី​លទ្ធភាព​ក្នុង​ការ​ចាប់​បញ្ជូន​ពួក​រ៉ូហ៊ីងយ៉ា​ទៅ​កាន់​ប្រទេស​ទី៣ ឬមួយ​ក៏​ប្រមូលផ្តុំ​ពួក​គេ​ដាក់​នៅ​ក្នុង​ជំរំ ក្រោម​ការ​គ្រប់គ្រង​របស់​អង្គការសហប្រជាជាតិ។

សូម​ជម្រាប​ជូន​ថា មាន​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​រស់នៅ​ប្រមាណ ៨០ម៉ឺននាក់​នៅ​ក្នុង​រដ្ឋ​រ៉ាក់ឃីន និង​មិន​ត្រូវ​រដ្ឋាភិបាល​ភូមា​ទទួល​ស្គាល់ ជា​ជនជាតិ​ភាគតិច ឬមួយ​ក៏​ជា​ពលរដ្ឋ​ភូមា​ទេ តែ​ជា « ជនអន្តោប្រវេសន៍​ខុសច្បាប់ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI