អានតួអត្ថបទ
ជប៉ុន-អាមេរិក

សមយុទ្ធ​ផ្លូវអាកាស​រវាង​អាមេរិក និង​ជប៉ុន​ធ្វើ​ឡើង​ក្នុង​បរិយាកាស​តានតឹង​រវាង​ចិន និងជប៉ុន

ទ័ព​ជប៉ុន និង​អាមេរិក​ត្រៀម​ចេញ​បើក​សមយុទ្ធ​នៅ​សមុទ្រ​ប៉ាស៊ីហ្វិក
ទ័ព​ជប៉ុន និង​អាមេរិក​ត្រៀម​ចេញ​បើក​សមយុទ្ធ​នៅ​សមុទ្រ​ប៉ាស៊ីហ្វិក ©Reuters
១៦ នាទី

នៅ​ថ្ងៃ​អង្គារ ទី១៥ មករា​នេះ សហរដ្ឋអាមេរិក និង​ជប៉ុន​បាន​បើក​សមយុទ្ធ​ផ្លូវអាកាស​រួម​គ្នា។ សមយុទ្ធ​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​ជប៉ុន និង​ចិន​កំពុង​មាន​ភាព​តានតឹង​រវាង​គ្នា​ពាក់ព័ន្ធ​នឹង​ជម្លោះ​ដណ្តើម​ទីប្រជុំកោះ​សេនកាគុ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​កើត។

ផ្សាយពាណិជ្ជកម្ម

សមយុទ្ធ​ផ្លូវអាកាស​រវាង​សហរដ្ឋអាមេរិក និង​ជប៉ុន​បាន​រៀបចំ​ធ្វើ​នៅ​ក្នុង​សមុទ្រ​ជប៉ុន​ក្បែរ​កោះ​ស៊ីកូគុ (Shikoku) ដែល​ជា​កោះ​ដ៏សំខាន់​ទី៤​របស់​ជប៉ុន។ សមយុទ្ធ​ផ្លូវអាកាស​នេះ​ចូល​រួម​ដោយ​យន្តហោះប្រដេញ​អាមេរិកំាង​ប្រភេទ FA-១៨ ចំនួន ៦គ្រឿង និង​មាន​ទាហាន​អាមេរិកំាង​ចំនួន ៩០នាក់ ចំណែក​នៅ​ខាង​ភាគី​ជប៉ុន​វិញ មាន​យន្តហោះប្រដេញ​ប្រភេទ F-៤ ចំនួន ៤គ្រឿង តែ​គេ​បាន​មិន​ដឹង​អំពី​ចំនួន​ទាហាន​ជប៉ុន​ដែល​ចូលរួម​ទេ។ ឃើញ​ថា ជាមួយ​នឹង​វត្តមាន​យន្តហោះ ក៏​ដូច​វត្តមាន​ទាហាន​ដែរ សមយុទ្ធ​នោះ​ហាក់​ដូច​ជា​មិន​សូវ​មាន​ទ្រង់ទ្រាយ​ធំ​ប៉ុន្មាន​ទេ។ តែ​សម្រាប់​ទីក្រុង​តូក្យូ វា​បាន​បង្កប់​ដោយ​អត្ថន័យ​ធំធេង​ណាស់ ពិសេស​នៅ​ក្នុង​បរិយាកាស​នៃ​ភាព​តានតឹង​ជាមួយ​ប្រទេស​ចិន​ពាក់ព័ន្ធ​នឹង​ជម្លោះ​ដណ្តើម​ទីប្រជុំកោះ​សេនកាគុ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​កើត។

ការ​កត់សម្គាល់​មួយ​ទៀត សមយុទ្ធ​ផ្លូវអាកាស​រវាង​ជប៉ុន និង​សហរដ្ឋអាមេរិក​ពេល​នេះ​បាន​ធ្វើ​ឡើង មួយ​ខែ ក្រោយ​ពី​ការ​ឈ្នះ​ឆ្នោត​របស់​លោក Shinzo Abé នៅ​ក្នុង​ការ​បោះឆ្នោត​សភា​កាល​ពី​ថ្ងៃទី ១៦ ធ្នូ​កន្លង​ទៅ។ លោក Shinzo Abé ដែល​បាន​ប្រកាស​ភ្លាមៗ បិទទ្វារ​នៅ​រាល់​ការចរចារ​ជាមួយ​ប្រទេស​ចិន​ទាក់ទង​នឹង​សំណុំរឿង​ទីប្រជុំកោះ​សេនកាគុ ជា​ភាសា​ជប៉ុន និង​ទាវយូ ជា​ភាសា​ចិន។ សម្រាប់​លោក Shinzo Abé ទីប្រជុំកោះ​សេនកាគុ​ជា​អធិបតេយ្យ​របស់​ជប៉ុន​ដែល​មិន​អាច​ចរចា​បាន​ឡើយ។ ទន្ទឹម​គ្នា​នេះ លោក Abé ក៏​បាន​បញ្ជាក់​ពី​ឆន្ទៈ​របស់​លោក​ក្នុង​ការ​បង្កើន​ទំនាក់ទំនង​ជាមួយ​សហរដ្ឋអាមេរិក​ឡើង​វិញ។ ទំនាក់ទំនង​ដែល​បាន​ស្គាល់​ភាព​រកំារកូស​អស់​រយៈពេល ៣ឆ្នំា នៅ​ក្រោម​ការ​កាន់​អំណាច​របស់​គណបក្ស​ប្រជាធិបតេយ្យ​ជប៉ុន​ពី​ឆ្នំា ២០០៩ ដល់​ឆ្នំា ២០១២។

នៅ​ថ្ងៃ​អាទិត្យ ទី១៣ មករា​កន្លង​ទៅ កងកម្លំាង​ស្វ័យការពារ​ជប៉ុន​បាន​បើក​ធ្វើ​សមយុទ្ធ​ជាលើកទីមួយ​ជាមួយ​នឹង​ទ័ពចំនួន ៣០០នាក់ និង​យន្តហោះចម្បំាង បូក​នឹង​ឧទ្ធម្ភាកចក្រ​សរុប ២០គ្រឿង។ សមយុទ្ធ​ក្រោម​ឈ្មោះ​ថា « ដណ្តើម​យក​វិញ​នូវ​កោះមួយ​កាន់កាប់​ដោយ​កម្លំាង​សត្រូវ »។

សូម​រម្លឹក​ជូន​ថា កាល​ពី​ខែ​តុលា​ឆ្នំា ២០១២ សហរដ្ឋអាមេរិក និង​ជប៉ុន​បាន​លុប​ចោល​សមយុទ្ធ​មួយ ដោយ​ចង់​បន្ថែម​ឲ្យ​មាន​ទ័ព​ឡើង​លើ​កោះ។ ការ​សម្រេច​លុបចោល​កាលណោះ មក​ពី​​មិន​ចង់​ឲ្យ​មាន​ការ​ប៉ះទង្គិច​ជាមួយ​ប្រទេស​ចិន។ យ៉ាង​ណា​ក៏​ដោយ ការ​ដែល​ជប៉ុន​បាន​យល់ព្រម​ធ្វើ​សមយុទ្ធ​ជាមួយ​សហរដ្ឋអាមេរិក​ពេល​នេះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា រដ្ឋាភិបាល​ទីក្រុង​តូក្យូ ក្រោម​អំណាច​របស់​លោក Shizo Abé នឹង​មិន​បន្ត​ទុក​បណ្តោយ​ឲ្យ​ទីក្រុង​ប៉េកំាង​ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត​នៅ​ក្នុង​រឿង​ទីប្រជុំកោះ​សេនកាគុ​នោះ​ទៀត​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ