រុស្ស៊ី-អូតង់

ម៉ូស្គូ​​អះអាងជាថ្មីថា លំហាត់សឹករួម​ជាមួយ​បេឡារុស​នៅ​ថ្ងៃមុខ​ គឺ​តែ​ក្នុង​គោលដៅ​ការពារ​សុទ្ធសាធ​​

ទាហាន​រុស្ស៊ី
ទាហាន​រុស្ស៊ី AFP PHOTO/VASILY BATANOV

ថ្ងៃអង្គារ​ម្សិលមិញ ម៉ូស្គូ​បានថ្លែង​បញ្ជាក់​ជាថ្មី​ទៅ​បក្សសម្ព័ន្ធ​អូតង់ថា លំហាត់សឹក​ដែល​រុស្ស៊ី គ្រោងធ្វើ​ ក្នុងខែ​កញ្ញា​ខាងមុខ ដោយរួម​ជាមួយ​បេឡារុស នៅនឹង​មាត់់ទ្វារ​សហភាពអឺរ៉ុប​ គឺ ដក់ជាប់​ដោយលក្ខណៈ​"ការពារ​សុទ្ធសាធ"​ ហើយ​ឥតតម្រង់​ប្រឆាំង​នឹង​ប្រទេស​ណាមួយ​ជាក់លាក់ឡើយ។​

ផ្សាយពាណិជ្ជកម្ម

លំហាត់សឹក​ក្រោមឈ្មោះថា​"បស្ចិមទិស-២០១៧" តាំងគោលដៅប្រឆាំងភេរវនិយម ហើយ ផ្តិតជាប់ដោយលក្ខណៈការពារសុទ្ធសាធ”-សេចក្តីនេះ ថ្លែងក្នុង​សន្និសីទ​​សារព័ត៌មាន​ ដោយ​អនុរដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី លោក Alexandre Fomine ។ ​គាត់បាន​បរិហារ​ប្រព័ន្ធផ្សព្វផ្សាយ និង​បណ្តារដ្ឋធានី​ប្រទេសខាងលិច​ ដែលគាត់​ចោទថា ​បាន​ប្រឌិត​ចេញមកនូវ អភូតកថា ​ស្តីអំពី”ការគម្រាម​ស្អីណា​ពីខាង រុស្ស៊ី” ​តាមរយៈ​សមយុទ្ធ​នោះ​ ដែលនឹងប្រព្រឹត្ត​ទៅ ពីថ្ងៃ​១៤ ដល់​២០​កញ្ញាខាងមុខ។​

តាមសំដី​ លោក​អនុរដ្ឋមន្ត្រី Fomine ​ប្រព័ន្ធផ្សព្វផ្សាយ​និងមជ្ឈដ្ឋាន​ដឹកនាំខ្លះ​ នៅ​បស្ចិមលោក​ បានបំផ្លើស​ រហូតដល់​អះអាងថា​ លំហាត់សឹកនេះ​ នឹង​បម្រើ​ជាមូលដ្ឋាន​ សម្រាប់​វាយលុក​ចូលទៅ​កាន់កាប់​ទឹកដី​លីទុយអានី​ ប៉ូឡូញ រឺ​​អ៊ុយក្រែន​ជាដើម។​

តាមការ​រ៉ាយរ៉ាប់​នៃលោក​អនុរដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី ៖ សេណារីយ៉ូ​លំហាត់នោះ ​ប្រមើល​ថា កងទ័ពត្រូវ​ប្រយុទ្ធ​ទល់នឹង ​“ពពួក​ក្រុមជ្រុលនិយម” ​ដែលបាន​ជ្រៀតចូល​ក្នុង​ដែនដី​បេឡារុស និងដែនដី​ Kaliningrad ​ខេត្ត​ប៉ែកខាងលិច​បង្អស់​របស់រុស្ស៊ី ​នៅ​អឺរ៉ុបខាងកើត​ ដើម្បី​វា”ចាត់ចែង​ជា​អំពើភេរវកម្ម​ និង​បង្កអស្ថិភាព​ ក្នុង​ប្រទេស​ទាំងពីរ។ ប្រាកដណាស់​ ដែល​ខ្មាំងនោះ​ជារូបភាព​ប្រឌិតឡើង​ ហើយ​វា​​គ្មាន​និស្ស័យ​អ្វី​ពាក់ព័ន្ធ​​នឹង តំបន់​ជាម្ចាស់ផ្ទះ​ ដែលនឹង​ទទួល​សមយុទ្ធឲ្យ​ប្រព្រឹត្ត​ទៅឡើយ ប៉ុន្តែ​ខ្មាំងបែបនេះ ​អាច​កើតមាន​នៅត្រង់​​កន្លែងណា​ក៏ដោយ​ក្នុងលោក។​

ទន្ទឹមគ្នានេះ​ នៅឯ​ក្រុងមិនស្ក៏​ លោកអនុរដ្ឋមន្ត្រី​ការពារជាតិ​បេឡារុស Oleg Belokonev ដោយថ្លែង​ទៅពួក​អ្នកកាសែត បានលំអិតថា​ សេណារីយ៉ូ​នោះ​ ប្រមើលថា​ ការប៉ុនប៉ង​បង្ក​អស្ថិរភាព​នៅ​រុស្ស៊ី​និង​បេឡារុស មាន​ប្រភពវា​ គឺ ​ចេញមកពី​ខាង​សម្ព័ន្ធ​ប្រទេស​ខាងលិច ដែលក្នុងនោះ​មាន​ប៉ូឡូញ លីទុយអានី និង​ឡេតូនី។

នឹងដាក់ឲ្យ​សកម្មក្នុង​លំហាត់សឹក​នោះ ដែលនឹង​ប្រព្រឹត្តទៅ​​លើដែនដី​បេឡារុស​ផង​ រុស្ស៊ី​ផង គឺ​យោធា ១២.៧០០នាក់​ ក្នុងនោះ​បេឡារុស​ ៧.២០០នាក់​ រុស្ស៊ី​៥.៥០០នាក់​ ហើយ​គ្រឿងចម្បាំង​សរុបទៅ​ គឺ​យន្តហោះ​និង​ឧទ្ធម្ភាគចក្រ​ ប្រមាណ​៧០គ្រឿង​ ​យានយន្ត​ប្រយុទ្ធ​៦៨០គ្រឿង​ ក្នុងនោះ​មាន​២៥០ រថក្រោះ​ ២០០​ប្រព័ន្ធ​កាំភ្លើងធំ ​ព្រមទាំង​នាវាចម្បាំង​១០គ្រឿង៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI