ម៉ាលី

តុលាការ​ក្រុងឡាអេ​កាត់ទោស​សកម្មជន​ជីហាត​ម៉ាលី​​​​​ អោយជាប់គុក​​​​ ពីបទ​បំផ្លាញ​ចេតិយ​បតិកភណ្ឌ​ពិភពលោក

Ahmad Al Faqi Al Mahdi ក្នុង​សវនាការ​កាត់ទោស នៅ​ក្រុងឡាអេ
Ahmad Al Faqi Al Mahdi ក្នុង​សវនាការ​កាត់ទោស នៅ​ក្រុងឡាអេ PATRICK POST / ANP / AFP

សកម្មជន​ជីហាត​ជនជាតិ​ម៉ាលី​មួយរូប អាយុ​៤១ឆ្នាំ ត្រូវបាន​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ កាត់ទោស​នៅ​ថ្ងៃអង្គារ​ម្សិលមិញ ​អោយ​ជាប់​ពន្ធនាគារ​៩ឆ្នាំ ពី​បទបំផ្លាញ​ចេតិយ​​បតិកភណ្ឌ​ពិភពលោក​របស់​មនុស្សជាតិ​ ​​ជាច្រើនខ្នង នៅ​ក្រុង​​​តុំប៊ុកទូ ​Tombouctou ប្រទេស​ម៉ាលី កាលពី​​ឆ្នាំ២០១២។ ​នេះ​ជាសាលក្រម​​​​​​ប្រវត្តិសាស្ត្រ​ ចំពោះ​ជនល្មើស​ដែ​លបំផ្លាញ​បតិកភណ្ឌ​ពិភពលោកនៃ​មនុស្សជាតិ។ 

ផ្សាយពាណិជ្ជកម្ម

ចេតិយ​​នៅ​ក្រុង​​តុំប៊ុកទូ ប្រទេស​ម៉ាលី ​​ត្រូវបាន​ចាត់ចូល​ជា​​បតិកភណ្ឌ​ពិភពលោក​របស់​មនុសុ្សជាតិ។ ប៉ុន្តែ ​សកម្មជន​ជីហាត​ជនជាតិ​ម៉ាលី ឈ្មោះ​អាម៉ាត អាល់ ហ្វាគី អាល់ ម៉ាឌី ​Ahmad Al Faqi Al mahdi ​ដែល​​ជា​មេក្រុម​កងកម្លាំង​​​ជីហាត​មួយក្រុម បាន​ដឹកនាំ​កូន​ទាហាន​ ទៅ​​​​បំផ្លាញ​​អស់​ច្រើនខ្នង កាលពី​​​ឆ្នាំ២០១២។ ​

ថ្ងៃអង្គារ​ម្សិលមិញ ​ចៅក្រមនៅ​​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ​​បាន​​សម្រេច​អោយ​​ ​សកម្មជន​ជីហាតអាល់ ម៉ាឌី ​​រូបនេះ​មានទោស​​​ ដោយសារ​តែ​​ អាល់ ម៉ាឌី ​​រូបនេះ បាន​ចូល​ប្រឡូក​ផ្ទាល់ ​ក្នុង​ហេតុការណ៍​បំផ្លាញ​ចេតិយ​ ​បតិកភណ្ឌពិភពលោក​ ​​ជាច្រើនខ្នង។ ​មិនត្រឹម​តែ​​ប៉ុណ្ណោះ​​ ​អាល់ ម៉ាឌី ថែមទាំង​​បាន​​ចេញមុខ​ជា​អ្នកនាំពាក្យ​​ ប្រាប់ពីហេតុការណ៍​ទាំងនេះ ទៅ​​ក្រុម​​សារព័ត៌មានទៀតផង។

បុរស​ជីហាត​ម៉ាលី​រូបនេះ បាន​ងក់ក្បាល​ច្រើនដង ក្នុង​ពេលស្តាប់​​តុលាការ​អាន​​សាលក្រម​។ គាត់បានសូមទោស​​ប្រជាជន​គាត់ ហើយ​​​ប្រាប់ថា ​គាត់​មានវិប្បដិសារី​ខ្លាំងណាស់។ ​កាលនោះ​ គាត់​កំពុង​ស្ថិត​ក្រោម​ឥទ្ធិពល​នៃ​ក្រុម​ជីហាត។ ​

អាល់ ម៉ាឌី ជា​សមាជិក​ក្រុមជីហាត​ អាន់សា ឌីន ជាក្រុម​ជាប់ពាក់ព័ន្ធ​​ក្រុមអាល់កៃដា ដែល​បាន​គ្រប់គ្រង​ភាគខាងជើង​ម៉ាលី រយៈពេល​​១០ខែ​ ក្នុង​ឆ្នាំ២០១២ មុននឹង​ត្រូវ​​កងទ័ព​អន្តរជាតិ​​ដឹកនាំ​ដោយ​​បារាំងចូលទៅ​បណ្តេញ​ចេញ​ពី​ម៉ាលី។ ​

សកម្មជនជីហាត​អាល់ ម៉ាឌី ​​ជា​មេដឹកនាំ​ទាហាន​​​​​ជីហាត​មួយក្រុម។ ​កងពល​នេះ រងការ​ចោទ​ប្រកាន់​​ពី​ក្រុមសិទ្ធិមនុស្ស​ថា ​បាន​បង្ក​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ បែបយ៉ាង​ ការធ្វើ​ទារុណកម្ម​ ចាប់រំលោភ​ភេទ រឺ​ក៏​ចាប់ស្រីៗ នៅ​ស្រុក​តុំប៊ុកទូ ធ្វើជា​ទាសករ​ផ្លូវភេទ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI