ភូមា

ភូមា៖ ប្រធានាធិបតី​ថ្មី​ស្បថ​ចូល​កាន់​តំណែង របប​យោធា​ត្រូវ​រំលាយ​ជា​ផ្លូវការ

ឧត្តមសេនីយ៍​ថាន់ ស្វេ បោះឆ្នោត​ កាលពីថ្ងៃ៧ វិច្ឆិកា ២០១០
ឧត្តមសេនីយ៍​ថាន់ ស្វេ បោះឆ្នោត​ កាលពីថ្ងៃ៧ វិច្ឆិកា ២០១០ ©REUTERS/Myanmar News Agency

យោងតាម​ការផ្សាយ​របស់​ទូរទស្សន៍​រដ្ឋភូមា របបយោធាភូមា​ត្រូវ​រំលាយ​ចោល​ជាផ្លូវការ នៅថ្ងៃ​ពុធ​៣០​មីនា​២០១១​នេះ ក្រោយ​ពី​សមាជិក​សភា និង​ប្រធានាធិបតី​ថ្មី បាន​ស្បថ​ចូល​កាន់តំណែង។ ប្រភព​ព័ត៌មាន​ក្រៅផ្លូវការ​ខ្លះ​បាន​​ឲ្យដឹង​ទៀត​ថា ឧត្តមសេនីយ៍​ ថាន់ ស្វេ ដែល​កាន់អំណាច​ នៅភូមា អស់រយៈពេល​ពីរទសវត្សរ៍​មកហើយ​នោះ ទំនង​ជា​​លែង​មាន​មុខតំណែង​​ផ្លូវការ​ណាមួយ​ទៀតហើយ។

ផ្សាយពាណិជ្ជកម្ម

សេចក្តីរាយការណ៍​របស់ សេង ឌីណា

“ក្រុមប្រឹក្សា​រដ្ឋ​​ ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍” ឈ្មោះ​ផ្លូវការ នៃ​របបយោធា​ភូមា ត្រូវ​បាន​រំលាយ​​ជាផ្លូវការ ចាប់​ពីថ្ងៃ​នេះ​ពុធ​នេះ​តទៅ។ សមាជិក​សភា និង​​រដ្ឋាភិបាល​ស៊ីវិល ដែល​កើតចេញ​ពី​ការបោះឆ្នោត​ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១០​កន្លងទៅ បាន​ស្បថចូល​កាន់​មុខ​តំណែង។

គួររំឭកឡើងវិញ​ថា នៅ​ក្នុងការបោះឆ្នោត​​កាលពី​ខែ​វិច្ឆិកា​២០១០​នេះ គណបក្ស​ដែល​បង្កើត​ឡើង​ដោយ​អតីត​ឧត្តមសេនីយ៍​យោធា​បាន​ទទួល​សំឡេង​ភាគច្រើន​លើសលុប នៅ​ក្នុង​រដ្ឋសភា។ ប៉ុន្តែ គណបក្ស​ប្រឆាំង​ភូមា ព្រមទាំង​សហគមន៍​អន្តរជាតិ​បាន​នាំគ្នា​រិះគន់​ថា ការបោះឆ្នោត​នេះ មិនបាន​រៀបចំ​ធ្វើ​ឡើង​ដោយ​សេរី និង​យុត្តិធម៌ តាម​ស្តង់ដា​ប្រជាធិបតេយ្យ​នោះទេ។ ការបោះឆ្នោត​នេះ គ្រាន់តែ​ជា​ឆាកល្ខោន​មួយ ដើម្បី​ឲ្យ​មេដឹកនាំ​យោធា​ភូមា អាច​ប្រែមុខមាត់​ពី​របបសឹក​ មកជា​របបសីវិលវិញ ប៉ុន្តែ អំណាច​នៅតែ​ស្ថិត​ក្នុង​ដៃ​ពួក​គេ​ដដែល។

លោក​ថេន សេន (Thein Sein) អតីត​ឧត្តមសេនីយ៍ និង​ជា​អតីត​នាយករដ្ឋមន្រ្តី​នៃ​របបសឹកភូមា បាន​​ស្បថ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​ថ្មី។ តំណែង​ជា​អគ្គបញ្ជាការ​កងទ័ព​ជាតិ​របស់​ឧត្តមសេនីយ៍ ថាន់ ស្វេ ត្រូវ​បាន​ផ្ទេរ​ទៅ​ឲ្យ​​ឧត្តមសេនីយ៍ មីន អ៊ុង ឡាំង (Min Aung Hlain)។

សំណួរ​ដែល​គេ​ចោទសួរ​ខ្លាំង​ជាងគេ គឺ​ទាក់ទង​នឹង​អនាគត​របស់​ឧត្តមសេនីយ៍ ថាន់ ស្វេ។ មាន​សេចក្តីរាយការណ៍​ខ្លះ​ថា ឧត្តមសេនីយ៍​ថាន់ ស្វេ បាន​ចូលនិវត្តន៍ ហើយ​​លាឈប់​ពី​រាល់​មុខងារ​ទាំងអស់។ ក៏ប៉ុន្តែ គេ​មិន​ទាន់​អាច​បញ្ជាក់​បានថា ព័ត៌មាន​នេះ​ពិត ឬ​មិនពិត​នោះទេ។

ទោះជាយ៉ាងណា​មាន​មនុស្ស​តិចតួចណាស់ ដែល​ជឿថា ឧត្តមសេនីយ៍​ថាន់ ស្វេ ដែល​កាន់អំណាច​អស់រយៈពេល​ពីរទសវត្សរ៍មកហើយ​នោះ ស្រាប់តែ​​សុខចិត្ត​លះបង់​អំណាច​ចោលទាំងស្រុង​នៅពេលនេះ។ បើសិន​ជា​ឧត្តមសេនីយ៍​ថាន់ ស្វេ ពិត​ជា​លាឈប់​ពី​មុខតំណែង​ផ្លូវការ​មែន ក៏​គាត់​ប្រហែល​ជា​នៅតែ​បន្ត​កាន់អំណាច​ពី​ក្រោយ​ឆាក​​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI