កម្ពុជា

អ្នកពាក់ព័ន្ធវិស័យសារព័ត៌មាន និងកសិកម្ម បើកវេទិកាស្វែងរកដំណោះស្រាយលើការផ្សព្វផ្សាយបញ្ហានៅជនបទ

អ្នកពាក់ព័ន្ធវិស័យសារព័ត៌មាន និងកសិកម្ម បើកវេទិកាស្វែងរកដំណោះស្រាយលើការផ្សព្វផ្សាយបញ្ហានៅជនបទ។
អ្នកពាក់ព័ន្ធវិស័យសារព័ត៌មាន និងកសិកម្ម បើកវេទិកាស្វែងរកដំណោះស្រាយលើការផ្សព្វផ្សាយបញ្ហានៅជនបទ។ @RFI

ក្រុម​អ្នក​ជំនាញ​លើ​បញ្ហា​កសិកម្ម រួម​ទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​បារាំង និង​អ្នក​សារព័ត៌មាន​ខ្មែរ​ជា​ច្រើន​នាក់ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​បើក​វេទិកា​ពិភាក្សា​គ្នា​មួយ ក្រោម​ប្រធាន​បទ «តើ​គេ​អាច​រួម​បញ្ចូល​បញ្ហា​ជន​បទ​ទៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សា​ដោយ​របៀប​ណា​?» ។ វេទិកា​ ដែល​ធ្វើ​ឡើង​ក្នុង​ទី​ក្រុង​ភ្នំពេញ​ជា​លើក​ដំបូង​នេះ មាន​គោល​ដៅ​ជម្រុញ​ឲ្យ​មាន​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ទាក់​ទង​នឹង​បញ្ហា​នៅ​ជនបទ ពាក់​ព័ន្ធ​នឹង​វិស័យ​កសិកម្ម​ ឲ្យ​បាន​កាន់​តែ​ទូលំ​ទូលាយ​បន្ថែម​ទៀត​។

ផ្សាយពាណិជ្ជកម្ម

វេទិកា​ដែល​មាន​ការ​ចូល​រួម​ពី​តំណាង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ខ្មែរ បារាំង ឥណ្ឌូនេស៊ី ថៃ តំណាង​ពី​ក្រសួង​ព័ត៌មាន​ និង​អ្នក​តំណាង​ជំនាញ​កសិកម្ម​ ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជា​ច្រើន​ផង​នេះ ធ្វើ​ឡើង​ដើម្បី​ផ្តល់​ឱកាស​ឲ្យ​មាន​ការ​ពិភាក្សា​ទៅ​លើ​របៀប​ចម្រាញ់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ សម្រាប់​ដោះស្រាយ​ជាមួយ​ប្រជាជន​តាម​ជនបទ ជា​ពិសេស​យុវជន​។ លើស​ពី​នេះ កិច្ច​ប្រជុំ​ក៏​បាន​លើក​ឡើង​ពី​របៀប​នៃ​ការ​បង្កើត​ខ្លឹម​សារ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ដែល​ទាក់​ទង​នឹង​កត្តា​ប្រឈម​នានា ក្នុង​វិស័យ​កសិកម្ម និង​បញ្ហា​នានា​របស់​ប្រជាជន​ជនបទ ដែល​មាន​ដូច​ជា​ការ​បង្កើត​បច្ចេកទេស​ថ្មី បរិស្ថាន ការ​បន្សុំា​នឹង​ការ​ប្រែ​ប្រួល​អាកាសធាតុ និង​សន្តិសុខ​ស្បៀង​អាហារ​ជា​ដើម​។

លោក​ គី សុខ​លីម តំណាង​ស្ថាប័ន​ព័ត៌មាន​ថ្មី​ៗ បាន​លើក​ឡើង​ថា កង្វះ​ខាត​ពី​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​កសិកម្ម គឺ​ដោយ​សារ​តែ​នៅ​មិន​ទាន់​មាន​ទំនាក់​ទំនង​ល្អ រវាង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ដែល​ធ្វើ​ការ​លើ​ផ្នែក​កសិកម្ម ជាមួយ​នឹង​អ្នក​សារព័ត៌មាន បូក​រួម​នឹង​ស្ថាប័ន​ព័ត៌មាន​មួយ​ចំនួន ខ្វះ​លទ្ធភាព​ក្នុង​ការ​ធ្វើ​សេចក្តី​រាយការណ៍​ពី​រឿង​រ៉ាវ​ពាក់ព័ន្ធ​នឹង​ជន​បទ​។

ចំណែក​លោក ជា ចន្ទ​បរិបូរណ៌ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន បាន​បញ្ជាក់​ថា បញ្ហា​កសិកម្ម នៅ​មិន​ទាន់​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ច្រើន ​ពី​សំណាក់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ឡើយ ដោយ​បញ្ហា​នេះ អាច​មក​ពី​អ្នក​សារព័ត៌មាន​មួយ​ចំនួន មិន​មាន​ជំនាញ​យល់​ច្បាស់​ពី​កសិកម្ម​ផង ឬ មួយ​មក​ពី​ប្រជាពលរដ្ឋ​ខ្លួន​ឯង មិន​ទាន់​កែ​ប្រែ​ឥរិយាបថ​ក្នុង​ការ​ចង់​ទទួល​យក​ចំណេះ​ដឹង​ពី​កសិកម្ម​នេះ​។

លោក Florent Signifredi ប្រធាន​គម្រោង​នៃ​បណ្តាញ​សារព័ត៌មាន​បារាំង​ហៅ​កាត់​ថា CFI បាន​បញ្ជាក់ថា ក្រុម​អ្នក​ជំនាញ​ នឹង​យក​មតិ​យោបល់​ទាំង​អស់​ពី​វេទិកា​នៅ​ថ្ងៃ​នេះ ដើម្បី​ទៅ​ពិចារណា​ស្វែង​រក​ដំណោះស្រាយ​ និង​ផលិត​ចេញ​ជា​សមិទ្ធិផល​អ្វី​មួយ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ស្ថានភាព​ជាក់​ស្តែង​ក្នុង​តម្រូវ​ការ​កសិកម្ម​។

សូម​បញ្ជាក់​ថា បើ​តាម​របាយការណ៍​នៅ​ក្នុង​វេទិកា​នេះ គឺ​មាន ៧៨​ភាគរយ​នៃ​ប្រជាពលរដ្ឋ​កម្ពុជា កំពុង​រស់​នៅ​តាម​តំបន់​ជនបទ ហើយ​មាន​ប្រហែល ៤៥​ភាគ​រយ​នៃ​កម្លាំង​ពលកម្ម​សរុប​ បាន​ចូលរួម​ដោយផ្ទាល់​ក្នុង​កិច្ច​ការងារ​ ក្នុង​វិស័យ​កសិកម្ម កាល​ពី​ឆ្នាំ ២០១៤​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI