កម្ពុជា

សាលា​រាជធានី​ភ្នំពេញ​អាច​នឹង​រំសាយ​ការ​ប្រជុំ​ បើ​គ្មាន​វត្ត​មាន​លោក​ កឹម​ សុខា​

ជាថ្មី​ម្តងទៀត មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ឲ្យ​ដឹង​ពី ជំហរ​របស់ខ្លួន​ថា កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​គ្រោង​ធ្វើ​ឡើងជា​លើក​ទី២ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី២១ តុលា ជុំវិញ​ការធ្វើ​បាតុកម្ម​នៅ​ថ្ងៃទី២៣ តុលា​ខាងមុខ ទំនងជា​នឹងមិន​អាចធ្វើ​ឡើង​បានទេ ប្រសិនបើ​មិនមាន​វត្តមាន របស់លោក កឹម សុខា អនុប្រធាន​គណបក្ស​ចូលរួម​ប្រជុំ​នោះ។ ជាការ​ឆ្លើយតប កឹម សុខា បញ្ជាក់ថា លោក​មិនទៅ​​ចូលរួម​ក្នុង​កិច្ចប្រជុំ​នោះទេ ប៉ុន្តែ​លោក​បាន​ចាត់​តំណាង​ក្រុមការងារ​របស់​បក្ស​ចូលរួម ដោយ​ចាត់ទុកថា ជាការ​ងារ​អាច​សម្រេច​ធ្វើទៅបាន។

លោក​ កឹម​ សុខា​ អនុប្រធាន​គណបក្សសង្គ្រោះជាតិ​។
លោក​ កឹម​ សុខា​ អនុប្រធាន​គណបក្សសង្គ្រោះជាតិ​។ © សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

ការប្រជុំ​ពិភាក្សា​រវាង​លោកប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ ជាមួយនឹង​លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ ជុំវិញ​គម្រោង​ធ្វើ​មហា​បាតុកម្ម​របស់​គណបក្ស​ប្រឆាំង​មួយ​នេះ ហាក់ដូចជា​មិនអាច​ទៅរួច ​ដូច​ការគ្រោងទុក​នៅ​ថ្ងៃ​ចន្ទ​ទី២១ តុលា​នេះ​ទេ។

ហេតុផល​នៃ​កិច្ចពិភាក្សា​រវាង​ភាគី​ទាំងពីរ ដែល​មិនអាច​កើតឡើង​ដូច​ពេល​គ្រោងទុក​យ៉ាង​ដូច្នេះ ត្រូវបាន​ភាគី​ទាំងសងខាង​លើក​ហេតុផល​មក​ពន្យល់រៀងៗខ្លួន។ កិច្ចប្រជុំ​ពិភាក្សា បាន​រំសាយ​ម្តង​រួចហើយ​រវាង​ភាគី​ទាំងពីរ​ជុំវិញ​សំណើសុំ​រៀបចំ​បាតុកម្ម​នេះ ដោយសារ​មិនមាន​វត្តមាន​លោក កឹម សុខា អនុប្រធាន​គណបក្ស​ចូលរួម ដែល​សាលា​រាជធានី​ទាមទារ​ឲ្យ​មាន​ជា​ចាំបាច់​នោះ។

លោក ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​ប្រាប់​វិទ្យុ​បារាំង​ នៅ​រសៀល​ថ្ងៃ​អាទិត្យ​ថា កិច្ចប្រជុំ​រវាង​លោក​អភិបាល​រាជធានី ជាមួយនឹង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បានលើក​ពេល​​ម្តង​រួចទៅហើយ កាលពី​ថ្ងៃទី១៩ តុលា​នោះ អាច​នឹងត្រូវ​រំសាយ​ភ្លាមៗ​ម្តង​ទៀត​ នៅ​ថ្ងៃទី២១តុលា​នេះ ប្រសិនបើ​លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​មិន​មក​ចូលរួម​ប្រជុំពិភាក្សា​គ្នា​នោះ។

មន្ត្រី​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ដដែល​បញ្ជាក់ថា ជា​ជំហរ​របស់​សាលា​រាជធានី​ភ្នំពេញ និង​ជា​ជំហរ​របស់លោក​អភិបាល​រាជធានី គឺថា​ប្រសិនបើ​លោក កឹម សុខា មិន​ចូលរួម​ប្រជុំ​តាម​ការអញ្ជើញ​របស់លោក​អភិបាលក្រុង​ទេ នោះ​ក៏​មិនមាន​ការជួបប្រជុំ​អ្វី​ដែរ ពីព្រោះ​ការ​ស្នើសុំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ហួស​ដែន​សមត្ថកិច្ច​គ្រប់គ្រង​របស់​សាលា​រាជធានី។

តាម​ការគ្រោងទុក​ គណ​បក្ស​សង្គ្រោះ​ជាតិ នឹងធ្វើ​មហា​បាតុកម្មអហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ដោយ​រំពឹងថា​ មាន​អ្នកចូលរួម​ជាង២ម៉ឺន​នាក់។ បាតុកម្ម មាន​គម្រោង​ដង្ហែ​ក្បួន​យក​ញត្តិ ទៅ​ប្រគល់ ជូន​អង្គការសហប្រជាជាតិ តាមរយៈ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិ មនុស្ស​ប្រចាំ​កម្ពុជា និង ស្ថានទូត​នានា ប្រចាំ​នៅ​កម្ពុជា​ផងដែរ។

លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី កាលពី​ថ្ងៃទី១៩ ខែតុលា បានចេញ​លិខិត អញ្ជើញ​មួយច្បាប់​ទៀត​ផ្ញើជូន​លោក កឹម សុខា ឲ្យ​ចូលខ្លួន​មក​ពិភាក្សាគ្នា ជុំវិញ​គម្រោង​ធ្វើ​មហា​បាតុ​កម្ម​របស់​គណបក្ស សង្គ្រោះ​ជាតិ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី២៣ ដល់​ថ្ងៃទី២៥ ខែតុលា។ ជា​បាតុ​កម្ម ដែលមាន​ទ្រង់ទ្រាយ​ធំ​ជាង​មុន។ ប៉ុន្តែ លោក​កឹម សុខា បាន​ចាត់តាំង​តំណាង​មក​ចូលរួម។

លោក កឹម សុខា​បានបញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​នៅ​ថ្ងៃអាទិត្យ​ថា លោក​មិន​អាចចូលរួម​ប្រជុំ​បានទេ​ នៅ​ថ្ងៃ​ចន្ទ​ទី២១នេះ ដោយ​ជាប់​បំពេញបេសកកម្ម​ចុះ​ជួប​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​នៅតាម​ខេត្ត។ លោក​បាន​បន្តថា លោក​បានប្រគល់​សិទ្ធិ​ឲ្យ​តំណាង ដើម្បី​ធ្វើការ​ជជែក និង​សម្រេច។

លោក​បាន​ថ្លែង​បែប​ចំអក​ថា មិនមែន​គ្រប់​ការងារ​សុទ្ធតែ​ត្រូវការ​ទាមទារ​ឲ្យ​មាន​ប្រធាន និង​អនុប្រធាន​ចូលរួម​នោះទេ។

យ៉ាងណាក៏ដោយ លោក ឡុង ឌី​ម៉​ង់ បាន​ឆ្លើយតប​វិញ​ថា វា​គ្រាន់តែ​ជា​ហេតុផល​របស់​លោក កឹម សុខា ដែល​មិន​ចង់​ទទួលខុសត្រូវ​ប៉ុណ្ណោះ។ លោក ឌី​ម៉​ង់ បាន​លើក​ជា​សំនួ​រថា បើ​លោក កឹម សុខា ជាប់រវល់​ពិតប្រាកដ​ នៅ​ថ្ងៃទី២១ តុលា ក្នុង​ការជួយ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នោះ​ថ្ងៃទី២៣ ដល់​ថ្ងៃទី២៥តុលា ក៏​គាត់​មិនចាំបាច់​ធ្វើបាតុកម្ម​នោះដែរ? លោក​បញ្ជាក់ លោក កឹម សុខា គួរតែ​យក​ពេលវេលា​នេះ និង​នាំ​អ្នកគាំទ្រ​របស់គាត់​ទៅ​ចុះជួយ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​នោះ វា​ជា​រឿង​ដែល​ប្រសើរ​ជាង៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI