កម្ពុជា

ប្រមុខ​ការ​ទូត​កម្ពុជា​-ថៃ​បង្ហាញ​ជំហរ​ដូចគ្នា​ច្រើន​ លើ​ការ​រក្សា​សន្តិសុខ​តាម​ព្រំដែន​

ក្នុង​កិច្ច​ប្រជុំក្រុមការងារ​រួម​លើកទីពីរ​កម្ពុជា-ថៃ​អនុវត្ត​ដីកា​បង្គាប់តុលាការ​យុត្តិធម៌​អន្តរជាតិ
ក្នុង​កិច្ច​ប្រជុំក្រុមការងារ​រួម​លើកទីពីរ​កម្ពុជា-ថៃ​អនុវត្ត​ដីកា​បង្គាប់តុលាការ​យុត្តិធម៌​អន្តរជាតិ RFI/Siv Channa

កិច្ច​ប្រជុំ​ទ្វេភាគី​ថ្នាក់​រដ្ឋមន្ត្រី​ការ​បរទេស​​កម្ពុជា និង​ថៃ​ នៅ​ថ្ងៃ​ចន្ទ​នេះ​បាន​បញ្ចប់​ដោយចំនុចត្រូវ​គ្នា​ច្រើន​ ទាក់ទង​នឹង​ការ​អភិវឌ្ឍន៍ និង​រក្សា​សន្តិសុខ​តាម​ព្រំដែន។ តំណាងរដ្ឋាភិបាល​ជិត​ខាង​​​​​ទាំងពីរ​បាន​សន្យា​អនុវត្ត​សាលដីកា​តុលាការ​ឡាអេ​ ដែល​នឹង​ត្រូវ​ប្រកាស​នៅថ្ងៃ​ទី​១១វិច្ឆិកា​ខាង​មុខ​នេះ ស្តីពីភាព​ជា​ម្ចាស់​កម្មសិទ្ធិ​នៃ​តំបន់​ប្រាសាទ​ព្រះវិហារ។

ផ្សាយពាណិជ្ជកម្ម

ជំនួប​រវាង​ប្រមុខ​ការទូត​នៃប្រទេស​ជិតខាង​ទាំងពីរ កម្ពុជាថៃ នៅ​ថ្ងៃ​ចន្ទ​ បាន​អនុញ្ញាត​អោយ​ភាគី​ទាំង​ពីរ​បាន​សន្យា​ជា​ឧឡារិក និង​ជា​ផ្លូវការ​អំពី​ជំហរ​ដូចគ្នា​ក្នុង​ការ​រក្សា​ទំនាក់ទំនង​អោយ​កាន់តែ​ល្អ​​រវាង​ប្រទេស​ទាំងពីរ​ បើទោះជា​សាលដីកា​នៅ​ថ្ងៃ​ខាង​មុខ​ បែប​ណា​ក៏ដោយ​នោះ។ ភាគី​ទាំងពីរ​ក៏​បាន​សន្យា​ ស្វែង​រក​មធ្យោបាយ និង​សហការ​គ្នា​អនុវត្ត​​សាលដីកា​តុលាការ​យុត្តិធម៌​អន្តរជាតិ​ថ្ងៃទី​១១​វិច្ឆិកា ស្តីពី​តំបន់​ប្រាសាទ​ព្រះវិហារ​នោះ​ទៀត​ផង។

ទាំង​នេះ​គឺ​ជា​ខ្លឹមសារ​ដែល​ត្រូវបាន​រកឃើញ​នៅ​ក្នុង​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា ថៃ នៅ​ព្រឹក​ថ្ងៃចន្ទ​នេះ។ កិច្ចប្រជុំ​ដែល​ត្រូវបាន​រៀបចំ​ធ្វើ​នៅ​ក្នុង​សណ្ឋាគារ Holiday Palace ក្នុង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មានជ័យ​របស់​កម្ពុជា មុន​នឹង​ភាគី​ទាំងពីរ​ធ្វើ​ដំណើរ​ទៅ​ធ្វើ​សន្និសីទ​សារព័ត៌មាន​ស្តីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​នេះ នៅ​លើទឹកដី​ថៃ។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក​ កុយ គួង ​បាន​អត្ថាធិប្បាយ​ប្រាប់​វិទ្យុបារាំង​អន្តរជាតិថា កិច្ច​ប្រជុំ​ដែល​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ការទេស​ទាំងពីរ​នោះ បាន​បង្ហាញ​ចំនុច​វិជ្ជមាន​ច្រើន​ ក្នុង​បរិយាកាស​រីករាយ ដោយ​ភាគីទាំងពីរបង្ហាញ​ជំហរ​ដូចគ្នា​ថា ត្រូវ​អនុវត្តន៍​សេចក្តី​សម្រេច​​របស់​តុលាការ​ឡាអេ​ នៅ​ថ្ងៃ​ទី​១១​វិច្ឆិកា ​ខាង​មុខ​នេះ។

គួរ​បញ្ជាក់​ផងដែរថា ភាគី​ទាំងពីរ​ក៏​បាន​សន្យា​​ពន្យល់​ប្រជាជន​ទាំង​សងខាង ​អំពី​សាលដីកា​តុលាការ​ខាង​មុខនេះ ដើម្បី​ចៀសវាង​ការ​យល់​ច្រឡំ ដែល​អាច​នាំ​អោយ​ឈាន​ទៅ​ការ​ប៉ះពាល់​នៃ​ទំនាក់ទំនង​នៃ​ប្រទេស​ទាំងពីរ។

សូមរម្លឹកឡើង​វិញ​ថា ការ​ជួប​គ្នា​រវាង​ប្រមុខ​ការទូតទាំងពីរ​ ត្រូវបាន​រៀបចំឡើង​ភា្លម តែ​២​សប្តាហ៍​មុន​ការ​ប្រកាស​សាលដីកា​តុលាការ​ឡាអេ​ នៅ​ថ្ងៃទី​១១​វិច្ឆិកា។ គឺ​ជា​សេចក្តី​សម្រេច​លើ​បណ្តឹង​របស់​កម្ពុជា។ កម្ពុជា​ដែល​បាន​ស្នើអោយ​តុលាការ​អន្តរជាតិ​មួយ​នេះ​បកស្រាយ​ឡើងវិញ សាលក្រម​របស់​ខ្លួន​ឆ្នាំ​១៩៦២ ដែល​និយាយ​អំពីភាព​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​​ប្រាសាទ​ព្រះវិហារ។ កម្ពុជា​ត្រូវ​បង្ខំ​ចិត្ត​ដាក់​ពាក្យ​បណ្តឹង​នេះ ​កាល​ពីចុង​ខែ​មេសា ​ឆ្នាំ​២០១១ បន្ទាប់ពី​រដ្ឋាភិបាលថៃ​របស់​លោក​អាប់ភីស៊ីត វេចាជីវ៉ា​ បាន​ទាមទារ​កាន់កាន់​តំបន់​៤,៦ គីឡូម៉ែត្រ​ក្រឡា​​ជុំវិញ​ប្រាសាទ​ព្រះវិហារ។

នៅ​ក្នុង​កិច្ចប្រជុំ​គណៈ​រដ្ឋមន្ត្រី​នៅ​ថ្ងៃ​សុក្រ​កន្លងទៅ លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ បាន​អំពាវនាវ​រួចហើយ ដល់​កង​កម្លាំង​ប្រដាប់អាវុធ​នៅ​តាម​ព្រំដែន អោយ​រក្សាភាពស្ងប់ស្ងាត់ និង​រង់ចាំ​អនុវត្ត​សាលដីកា​របស់​តុលាការ​ឡាអេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI