នៅម៉ូស្គូ អន្តរជាតិអារកាត់វាសនា កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
អារកាត់នេះ គឺក្នុងកិច្ចចរចា ដែលចាប់ផ្តើមថ្ងៃនេះ ហើយពន្យារទៅដល់ស្អែក ដោយមានការចូលរួមនៃ ៦អន្តរការីអន្តរជាតិ និងភាគីអ៊ីរ៉ង់ផ្ទាល់។ នៅលើតុចរចា មានសំណើ២ឆ្ពោះទៅរកច្រកចេញ ឲ្យដំណោះស្រាយ កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ដើម្បីបញ្ចៀស កម្មវិធីនេះ ឲ្យ ផុតពីការបម្រើ ដល់គោលដៅយោធា។
ជាបឋម ក្នុង៦អន្តរការីអន្តរជាតិនោះ គឺ គ្រប់តែ៥ប្រទេស សមាជិកអចិន្ត្រៃយ៍ នៃ ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. មាន ស.រ.អា. រុស្ស៊ី ចិន បារាំង អង់គ្លេស និងដោយឡែក អាល្លឺម៉ង់ ដែលតំណាងឲ្យ សហភាពអឺរ៉ុប ព្រមទាំងសាមីភាគីអ៊ីរ៉ង់ផ្ទាល់។
ជំនួបចាប់ផ្តើមឡើងពីសម័យប្រជុំពេញអង្គ ដែលឡើងថ្លែង គឺលោកស្រី Catherine Ashton ជាប្រមុខការទូតរបស់សហភាពអឺរ៉ុប គឺ នាយកផ្នែកនយោបាយរបស់ ៦អន្តរការីអន្តរជាតិ
ព្រមទាំង លេខានៃឧត្តមក្រុមប្រឹក្សាសន្តិសុខជាតិអ៊ីរ៉ង់ លោក Said Jalili។
សំណើនៅលើតុចរចា មានពីរ៖ មួយពីខាង ៦អន្តរការីអន្តរជាតិ, មួយទៀតពីខាងអ៊ីរ៉ង់។
ភារកិច្ចដែលចោទ គឺត្រូវស្វែងរករូបមន្ត ដែលម្ខាងៗអាចទទួលយកបានដូចគ្នា។ ក្នុងរូបមន្តនេះ មានចំណុច២ជាគន្លឹះ ៖ ទី១- អ៊ីរ៉ង់ត្រូវកម្រិត ការចម្រើនធាតុអ៊ុយរ៉ានីយ៉ូម ឲ្យចុះពី២០% មក នៅត្រឹម៣,៥% ឫ ៥%។ ទី២- អ៊ីរ៉ង់ត្រូវបញ្ឈប់ទាំងស្រុង ការងារខាងចម្រើនធាតុអ៊ុយរ៉ានីយ៉ូម នៅរោងចក្រក្រោមដី “ Fordo “ ឫ ថែមទាំងបិទរោងចក្រនេះ ឲ្យឈប់ដំណើរការតែម្តង។
ជាថ្នូរ អ៊ីរ៉ង់ នឹងត្រូវអនុញ្ញាត ឲ្យផលិតពី អ៊ុយរ៉ានីយ៉ូមចម្រើនធាតុបានដល់កម្រិតខ្ពស់ទៅហើយ ក្នុងបរិមាណ ១៤៥ គីឡូក្រាមដែលអ៊ីរ៉ង់មានស្រាប់ ទៅជា ”បំពង់ឥន្ធនៈ” សម្រាប់ប្រតិករ ស្រាវជ្រាវវេជ្ជសាស្ត្រ នៅឯជាយក្រុងTeheran ដោយស្ថិតនៅក្រោមការត្រួតពិនិត្យ របស់ “ទីភ្នាក់ងារអន្តរជាតិខាងថាមពលបរមាណូ” AIEA។ គ្រាន់តែ អ៊ីរ៉ង់បំពេញតាមចំណុចខាងលើ ដូចចិត្តមែន នោះ ទណ្ឌកម្មទល់នឹងប្រទេសនេះ នឹងត្រូវលុបទៅវិញភ្លាម។
ដូចគេដឹងស្រាប់ លោកខាងលិចតែងសង្ស័យថា កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ បង្កប់ទៅដោយ គោលដៅយោធា។ ពេលថ្មីៗ ពួកមន្ត្រីអធិការ របស់ AIEA បានរកឃើញ ក្នុងរោងចក្រ “ Fordo “ គឺស្នាមនៃធាតុអ៊ុយរ៉ានីយ៉ូមមានកម្រិតដល់ ២៧% ឯណោះ។ ប៉ុន្តែ អាជ្ញាធរអ៊ីរ៉ង់ បានដោះសា ថា ការកើនឡើងលើសពីកម្រិត២០%នោះ គឺបណ្តាលមកពី មូលហេតុបច្ចេកទេសទេតើ ហើយ នៅតែអះអាងថា កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ដក់ជាប់ទៅដោយគោលដៅស៊ីវិលសុទ្ធសាធ។
តាមកាសែតរុស្ស៊ីឈ្មោះ Kommersant លេខថ្ងៃនេះ ជំនួបក្រុងម៉ូស្គូ នៃ ៦អន្តរការីអន្តរជាតិ និង ភាគីអ៊ីរ៉ង់ផ្ទាល់ អាចនាំមកជាលទ្ធផលជាក់លាក់ ប៉ុន្តែបស្ចិមលោក នឹងខំខ្នះខ្នែង ឲ្យជំនួបនេះ ធ្លាក់ក្នុងបរាជ័យទេតើ ដ្បិត ជោគជ័យនៃកិច្ចចរចានេះ នឹងមានន័យជា អត្ថប្រយោជន៍នយោបាយ សម្រាប់លោកពូទីន ដែលក្រោយពីត្រឡប់ទៅវិមានក្រេមឡាំងវិញ បង្ហាញកាន់តែសកម្មឡើងៗ នូវគោលជំហររុស្ស៊ី នៅលើឆាកនយោបាយពិភពលោក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ