ពន្ធនាគារខេត្តបន្ទាយមានជ័យកំពុងត្រូវបានសំអាតដើម្បីបញ្ជួនអ្នកទោសមកវិញ
បន្ទាប់ពីត្រូវជំនន់ទម្លាយជញ្ជាំងពន្ធនាគារខេត្តបន្ទាយមានជ័យ អ្នកទោសទាំងអស់ត្រូវបានជម្លៀសទៅកាន់ខេត្តបាត់ដំបង និងសៀមរាបកាលពីថ្ងៃទី ១០ តុលា ឆ្នាំ២០១៣ កន្លងទៅ។ មកដល់ថ្ងៃចន្ទ ទី២៨ តុលា នេះ អ្នកទោសទាំងនោះមិនទាន់ត្រូវបានគេបញ្ជូនមកវិញនៅឡើយទេ ប៉ុន្តែលោក ហ៊ីម សុផល ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ បានប្រាប់វិទ្យុបារាំងឲ្យដឹងថា ក្រុមការងារពន្ធនាគារ និងអ្នកទោសកម្រិតស្រាលមួយចំនួនកំពុងតែជួសជុល និងសំអាតពន្ធនាគារ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ក្រុមការងារពន្ធនាគារ និងអ្នកទោសកម្រិតស្រាលប្រមាណ៥០នាក់ កំពុងតែជួសជុល និង សំអាតពន្ធនាគារខេត្តបន្ទាយមានជ័យឡើងវិញ បន្ទាប់ពីទឹកជំនន់កម្ពស់ជាង១ម៉ែត្រ បានបុកបំបាក់ជញ្ជាំងពន្ធនាគារអស់ប្រមាណ៣០ ម៉ែត្រ កាលពីពាក់កណ្ដាលខែតុលា។ នេះបើតាមលោក ហ៊ីម សុផល ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ។
ប្រធានពន្ធនាគារខេត្តរូបនេះ បានបញ្ជាក់ថា ការបោសសម្អាត និងជួសជុលជញ្ជាំងឡើងវិញនេះ គឺជាការត្រៀមលក្ខណៈសម្រាប់បញ្ជូនអ្នកទោស ដែលត្រូវជម្លៀសទៅខេត្តបាត់ដំបង និង សៀមរាបទាំងអស់ត្រលប់មកវិញ។ គួររម្លឹកថា អ្នកទោសដែលត្រូវបានជម្លៀសទាំងអស់មានសរុប ៨៤២នាក់ ក្នុងនោះ ៥០០នាក់បានជម្លៀសទៅខេត្តសៀមរាប និង ៣៤២នាក់ទៅបាត់ដំបង។ ក្នុងចំណោមអ្នកទោសសរុប មានស្ត្រី១២៤ នាក់។
យ៉ាងណាក៏ដោយ លោក ហ៊ីម សុផល មិនទាន់អាចបញ្ជាក់ពីពេលវេលាដែលអ្នកទោសទាំងអស់នោះត្រូវបញ្ជូនមកវិញទេ ពីព្រោះសំរាមនៅក្នុងបរិវេណពន្ធនាគារមានចំនួនច្រើន។
សូមបញ្ជាក់ថា ក្រុមអ្នកសំអាតពន្ធនាគារនេះ ភាគច្រើនជាអ្នកទោសកម្រិតស្រាល ដែលត្រូវបំពេញការងារបញ្ចេញពលកម្ម។ ហើយមូលហេតុដែលគេជ្រើសរើសយកក្រុមអ្នកទោសកម្រិតស្រាលនេះ ពីព្រោះក្នុងការសំអាតនេះ មានការចេញទៅក្រៅរបងយកសំរាមចាក់ចោលញឹកញាប់។ ការចេញក្រៅរបងញឹកញាប់ ជាហេតុដែលធ្វើអោយមន្ត្រីពន្ធនាគារមិនអាចប្រើប្រាស់អ្នកទោសកម្រិតធ្ងន់បាន។ នេះបើតាមសម្ដីរបស់លោក ហ៊ីម សុផលដដែល។
គួររម្លឹកថា មកដល់ពេលនេះ ក្រុមអ្នកទោសខេត្តបន្ទាយមានជ័យទាំងអស់ ត្រូវបានជម្លៀសទៅខេត្តបាត់ដំបង និងសៀមរាប អស់រយៈពេលជាងកន្លះខែហើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ