អាមេរិក អំពាវនាវឱ្យចិនឈប់បញ្ចេញសកម្មភាពឈ្លានពានក្នុងដែនសមុទ្ទចិនខាងត្បូង
រដ្ឋបាលក្រុងវ៉ាស៊ីនតោន នៅចុងសប្តាហ៍នេះ បានសម្តែងក្តីបារម្ភ ចំពោះសកម្មភាពឈ្លានពានរបស់ចិន នៅក្នុងសមុទ្រចិនខាងត្បូង ដោយសារតែសកម្មភាពជីកខួងរុករកឧស្ម័ន និងការដឹកប្រេងពីសំណាក់នាវាចិន។ ក្តីបារម្ភរបស់អាមេរិក គឺបន្ទាប់ពីវៀតណាមប្រកាសចង្អុរមុខចិនថាបានឈ្លានពានចូលដែនអធិបតេយ្យភាពរបស់ខ្លួន។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ការទន្ទ្រានកាន់កាប់ដែនសមុទ្ទចិនខាងត្បូង ដែលធ្វើឡើងជារឿយៗពីសំណាក់ចិន គឺប្រឆាំងនឹងការអភិវឌ្ឍសកម្មភាពទាញយកប្រេងនិងឧស្ម័នរបស់ប្រទេសជិតខាងផង ហើយវាក៏ប៉ះពាល់ដល់សន្តិសុខផ្នែកថាមពលនៅក្នុងតំបន់ទាំងមូលផងដែរ។ នេះគឺជាការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Morgan Ortagus។
បន្ថែមពីនេះ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានសង្កត់ធ្ងន់ថា ចិនបានរំខានគ្រប់មធ្យោបាយដល់ប្រទេសជិតខាង ដើម្បីអាចខ្លួនឯងទាញយកផលចំណេញផ្នែកថាមពល ដែលវាមានតម្លៃ ដល់ទៅជាង២ពាន់៥រយពាន់លានដុល្លារ។
ប្រមុខការទូតអាមេរិក ថែមទាំងចោទប្រកាន់ចិនថាប្រើប្រាស់កងនាវាជីវពល ដើម្បីបំភិតបំភ័យ និងដាក់សម្ពាធដល់ប្រទេសផ្សេងៗទៀតនៅក្នុងជម្លោះដែនទឹក ក្នុងសមុទ្ទចិនខាងត្បួង ដែលសកម្មភាពដូច្នេះ គឺអាមេរិកស្នើសុំឱ្យចិនឈប់ជាបន្ទាន់។
សម្តីធ្ងន់ៗរបស់អាមេរិកបែបនេះ គឺផ្ទុះប្រតិកម្មឡើង បន្ទាប់ពីវៀតណាមជាសម្ព័ន្ធមិត្ត បានស្រែកប្រកូកប្រកាសកាលពីថ្ងៃសុក្រ ថានាវាចិនបានរុករុលឈ្លានពានចូលដែនអធិបតេយ្យភាពរបស់ខ្លួន នៅក្នុងប្រជុំកោះស្ព្រាត់លី (Spratly)។
ចំណែកភាគីចិនវិញ គឺច្រានចោលរាលការចោទប្រកាន់ ហើយនៅតែអះអាងថា ចិនបានធ្វើត្រឹមត្រូវតាមច្បាប់របស់ខ្លួន។ ចិនក៏ប្រាប់ឱ្យវៀតណាមស្ងាត់មាត់ និងកុំកកូរកកាយនាំឱ្យស្ថានការណ៍ធ្ងន់ធ្ងរជាងនេះ។
គួរគូសបញ្ជាក់ថា ក្នុងសំណុំរឿងដែនសមុទ្ទចិនខាងត្បួង មហាយក្សចិនឈ្លោះគ្នាជាមួយប្រទេសជិតខាងជាច្រើន ដូចជា ហ្វីលីពីន ម៉ាឡេស៊ី ព្រុយណេ វៀតណាម។ ជម្លោះនេះ បានអូសបន្លាយច្រើនឆ្នាំមកហើយ។ ហេតុដែលពួកប្រទេសទាំងនេះឈ្លោះគ្នា គឺរឿងធំ ចង់ដណ្តើមភោគផលធម្មជាតិ ពិសេស រ៉ែ ឧស្ម័ន ប្រេង នៅក្នុងដែនសមុទ្ទនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ