អាល្លឺម៉ង់​

ក្រោយ​​​បរាជ័យ​​​​​ការ​បោះឆ្នោត​​តំបន់ប៊ែរឡាំង លោកស្រី​​មែរកិល​​ទទួលស្គាល់​​កំហុស​​នយោបាយ​អន្តោប្រវេសន៍​​

លោកស្រី អាន់ហ្កឺឡា មែរកិល
លោកស្រី អាន់ហ្កឺឡា មែរកិល REUTERS/Fabrizio Bensch

គណបក្ស​កាន់អំណាច​របស់​លោកស្រី​មែរកិល បាន​ជួបបរាជ័យ​ជាថ្មី​ទៀត ក្នុង​ការបោះឆ្នោត​តំបន់​នៅ​ប៊ែរឡាំង កាលពីថ្ងៃ​អាទិត្យ។ ​គណបក្ស​​​CDU របស់​លោកស្រី ​បានទទួលសម្លេង​តែ​១៧,៦​ភាគរយ​​ប៉ុណ្ណោះ ខណៈ​បក្ស​ស្តាំជ្រុលនិយម​​ក្មេងខ្ចី AfD បន្ត​​ឡើងកូត ក្នុង​ប្រទេស ដោយ​​ទទួលបាន​សម្លេង​​ឆ្នោត​​១៤,២ភាគរយ។ ​ថ្ងៃចន្ទ​នេះ លោកស្រី​មែរកិល បាន​​ទទួល​ស្គាល់​​ពីកំហុស​នយោបាយ​​​​អន្តោប្រវេសន៍របស់​បក្ស​កាន់អំណាច ដោយលើកឡើង​ថា​ រដ្ឋាភិបាល​​មិនបានត្រៀម​ខ្លួនគ្រប់គ្រាន់​ក្នុងការទទួលជនភៀសខ្លួន។

ផ្សាយពាណិជ្ជកម្ម

ថ្ងៃចន្ទ​នេះ ប្រមុខដឹកនាំ​អាល្លឺម៉ង់ អាន់ហ្កឺឡា មែរកិល មិនបាន​ចេញដំណើរ​ទៅ​ចូលរួម​កិច្ចប្រជុំ​អង្គការ​សហប្រជាជាតិនៅ​ក្រុងញូវយក​ទេ។ លោកស្រី​មែរកិល សុខចិត្ត​នៅ​ក្នុងស្រុក ដើម្បី​ថ្លែង​ទទួលស្គាល់​ពី​កំហុស​បក្ស​កាន់អំណាច​​​CDU ​ ក្នុង​នយោបាយ​អន្តោប្រវេសន៍​ទទួល​ជន​ភៀសខ្លួន។ គេ​រំពឹងថា ដោយសារ​នយោបាយ​អន្តោប្រវេសន៍នេះ​ បក្សកាន់អំណាច​​​​​CDU បាន​ជួបបរាជ័យក្នុង​ការ​បោះឆ្នោត​តំបន់​ជាបន្តបន្ទាប់។

បក្ស​កាន់អំណាច​ទើប​បរាជ័យ ​ក្នុង​​ការ​បោះឆ្នោត​នៅ​ ​​​​​Mecklembourg-​Poméramie​ ​តំបន់​ភាគ ខាងជើង​ប្រទេស កាលពី​ថ្ងៃ៤កញ្ញា ​​ប៉ុណ្ណោះ។ ដោយសារ​បក្ស​កាន់អំណាច​បរាជ័យ​ឆ្នោត​តំបន់​នៅ​ប៊ែរឡាំង កាលពីថ្ងៃអាទិត្យ បក្ស​CSU ជាបក្ស​ដៃគូបានទាមទារ​អោយ​​រឹតបន្តឹង​នយោបាយ​​​អន្តោប្រវេសន៍​អោយ​កាន់តែខ្លាំង។

ថ្ងៃចន្ទ​នេះ ​លោកស្រី​មែរកិល​លើកឡើងថា ​​បើ​សិនជាអាច ​លោកស្រី​​នឹង​​​រុញពេលវេលា​​​អោយ​ដើរថយទៅ​ក្រោយ​វិញអោយបាន​ច្រើនឆ្នាំ ដើម្បីអោយ​បក្ស​កាន់អំណាច​​​​ត្រៀម​ដោះស្រាយ​​ស្ថានភាព​ដែល​បានកើតឡើង កាលពី​ចុងរដូវក្តៅ​ឆ្នាំ២០១៥ អោយបាន​ប្រសើរ​ជាងនេះ។

កាលពី​ខែកញ្ញា​ឆ្នាំ២០១៥ អាល្លឺម៉ង់​បានបង្ហាញ​ទង្វើ​​​មនុស្សធម៌ ដោយ​បាន​​​បើកទ្វារ​ព្រំដែន ទទួលយក​ជនភៀសខ្លួន ពី​សង្គ្រាម​ស៊ីរី​សន្ធឹកសន្ធាប់។ កន្លងមក ​លោកស្រី​មែរកិល​បាន​អួតច្រើនដង​​ថា អាល្លឺម៉ង់​មាន​សមត្ថភាព​បណ្តុះបណ្តាល​ជនភៀសខ្លួន​អោយចូលចុះ​ក្នុង​សង្គម។ ​

ហេតុការណ៍​បំពាន​ភេទស្រីៗ បង្កឡើង​ដោយ​ជនភៀសខ្លួន ​ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​សកល កន្លងទៅ ​បូករួម​នឹង​ការវាយប្រហារ​ភេរវកម្ម​ក្នុងស្រុក​ កន្លងមក​ បានធ្វើអោយ​ប្រជាជន​អាល្លឺម៉ង់​លែង​ពេញចិត្ត​​​នយោបាយ​អន្តោប្រវេសន៍​ជាតិតទៅទៀត។ ពេលនេះ ​លោកស្រី​មែរកិលលែង​អួតអាង​ពី​នយោបាយ​អន្តោប្រវេសន៍​ទៀតហើយ លោកស្រី​ប្រែសម្រួល​ពាក្យពេចន៍​​ទៅវិញថា ​ក្នុងពិភពលោក ​អាល្លឺម៉ង់​មិនមែន​ជាជើងឯក ​​ជួយ​អោយ​ជន​អន្តោប្រវេសន៍​​រស់នៅ​ចុះក្នុងសង្គម​ទេ។

បក្ស​កាន់អំណាច​កំពុង​ភ័យខ្លាច​បរាជ័យ​ការបោះឆ្នោត​សភា​ឆ្នាំក្រោយនេះ។ ​បក្ស​ស្តាំ​ជ្រុលនិយម ​ AfD ដែល​​ទើប​តែបង្កើត​ឡើង​​នៅឆ្នាំ២០១៣ កំពុង​ឡើង​ប្រជាប្រិយភាព ក្នុងស្រុក អាច​បំបែក​សម្លេងឆ្នោត​បក្ស​ផ្សេងៗ​បាន។ បក្ស​ស្តាំជ្រុល​​បាន​​ ទទួល​សម្លេងឆ្នោត​​​លំដាប់ទី២ ឈ្នះ​បក្ស​លោកស្រី​មែរកិល ក្នុង​ការបោះឆ្នោត​តំបន់ Mecklembourg ​ភាគ​ខាងជើង​​ កាលពី​ដើមខែ។ បក្ស​ស្តាំជ្រុល​​​ ​ប្រហែល​​អាច​ទទួលបានកៅអី​​សភា ជា​លើកដំបូង​ សម្រាប់​ការបោះឆ្នោត​ឆ្នាំ២០១៧៕  

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI