កម្ពុជា

ក្រសួង​មហាផ្ទៃ​ចាត់​វិធានការ​លុប​បំបាត់​ការ​កាត់​ប្រាក់​ខែ​របស់​នគរបាល​

លោក ស ខេង រដ្ឋមន្ត្រី​​ក្រសួងមហាផ្ទៃ​ ថ្លែង​ទៅកាន់​កង​កម្លាំង​នគបាល​ ​នៅ​ព្រឹក​ថ្ងៃ​ទី៩ តុលា នេះ នៅ​ក្រ​សួង​មហា​ផ្ទៃ។
លោក ស ខេង រដ្ឋមន្ត្រី​​ក្រសួងមហាផ្ទៃ​ ថ្លែង​ទៅកាន់​កង​កម្លាំង​នគបាល​ ​នៅ​ព្រឹក​ថ្ងៃ​ទី៩ តុលា នេះ នៅ​ក្រ​សួង​មហា​ផ្ទៃ។ @rfi/ siv channa

ជា​ផ្នែក​មួយ​នៃ​កំណែទម្រង់​របស់​រដ្ឋាភិបាល​ក្នុង​អាណ​ត្តិ​ថ្មី​នេះ លោក ស ខេង រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ និង​ជា​នាយករដ្ឋមន្ត្រី​ស្តីទី បានប្រកាស​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ថា កងកម្លាំង​នគរបាលជាតិ​ទាំងអស់​នឹងត្រូវ​បើកប្រាក់​ខែ​តាម​ប្រព័ន្ធធនាគារ។ នេះ​ជា​វិធានការ​មួយ​ដើម្បី​លុបបំបាត់​ទម្លាប់​ដែល​មេ​ប៉ូលិស​តែង​កាត់​ប្រាក់ខែ​ពី​កូនចៅ។ រដ្ឋាភិបាល​កំពុង​ទាក់ទង​ជាមួយ​ធនាគារ ANZ Royal ដើម្បី​សម្រួល​ឲ្យ​មាន​ទូរ ATM នៅតាម​ស្នងការដ្ឋាននីមួយៗ។

ផ្សាយពាណិជ្ជកម្ម

នៅ​ពេល​ខាងមុខនេះ ​ប្រាក់​ខែ​របស់​កង​នគរបាល​នឹង​មិន​ត្រូវ​បាន​គេ​កាត់​ទៀត​ឡើយ ​ពីព្រោះ​ពួកគេ​ត្រូវ​បើក​ប្រាក់​ខែ​តាម​ប្រព័ន្ធធនាគារ។ ម៉ាស៊ីន ATM អាច​នឹង​ត្រូវ​គេ​បំពាក់​នៅ​តាម​ស្នងការដ្ឋាន​នគរបាល​នីមួយៗ​ដោយ​ផ្ទាល់ ​ដើម្បី​ជួយ​សម្រួល​ដល់​ការ​បើក​ប្រាក់​ខែ​របស់​កង​កម្លាំង​នគរបាល។ នេះ​​បើ​យោង​​តាម​​ការ​ប្រកាស​​ឲ្យ​ដឹង​​របស់​​ លោក ស ខេង​ ឧបនាយក​រដ្ឋមន្ត្រី​​ និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ។

លោក ស ខេង ដែល​ពេល​នេះ​កំពុង​បំពេញ​តួនាទី​ជា​នាយករដ្ឋមន្ត្រី​ស្តី​ទី ​ក្នុង​ពេល​អវត្តមាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នោះ បាន​ពន្យល់ថា ការតម្រូវ​ឲ្យ​កងកម្លាំង​នគរបាល​បើកប្រាក់​បាន​តាម​ម៉ាស៊ីន ATM នេះ គឺ​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មានការ​កិបកេង ឬ​កាត់លុយ​ពីមេៗរបស់​ពួកគេ​ ដូចជា​ទម្លាប់​ដែល​បានធ្វើ​កន្លង​ទៅ។

វិធានការ​នេះ​ត្រូវ​បាន​ប្រកាស​ឡើង​ក្នុង​ពិធី​ជួបជុំ​នគរបាល​ប្រមាណ​ជា ៣០០០ នាក់​ នៅ​ឯ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ។ កងកម្លាំង​នគរបាល​ទាំងនោះ​​ត្រូវ​បាន​លើក​ទឹកចិត្ត​សម្រាប់​កិច្ចការងារ​របស់​ពួកគេ​ ជាពិសេស​ សម្រាប់​ការ​ការពារ​សន្តិសុខ​ក្នុងអំឡុងពេល​បោះឆ្នោត។ ពួកគេ​បានទទួល​ប័ណ្ណ​សរសើរ និង​ប្រាក់រង្វាន់​មួយ​ចំនួនទៀត។

គួរ​កត់​សម្គាល់​ថា វិធាន​ការ​បើក​ប្រាក់​ខែ​តាម​ប្រព័ន្ធធានាគារ​ ត្រូវ​បាន​ចាត់​ឡើង​បន្ទាប់ពី​បញ្ហា​កាត់​ប្រាក់ខែ​ពី​នគរបាល​បាន​ក្លាយ​ជា​ទម្លាប់​មួយ​ ដែល​ដោះស្រាយ​មិន​ចេញ​ជា​យូរ​ណាស់​មក​ហើយ។ កងកម្លាំង​នគរបាល​ដែល​មាន​ប្រាក់ខែ​តិច​តួច​ស្រាប់​ផង​នោះ​ ត្រូវ​បាន​មេ​កើយ​របស់​ពួកគេ​កាត់​ប្រាក់ខែ​មួយ​ចំណែក​ថែម​ទៀត ​ដោយ​គ្មាន​មូលហេតុ​ច្បាស់លាស់។

ការ​កាត់​ប្រាក់​ខែ​ពី​បុគ្គលិក​ថ្នាក់​ក្រោម​ដែល​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​អំពើ​ពុករលួយ​នេះ ​បាន​កើតឡើង​ស្ទើរ​តែ​គ្រប់​ស្ថាប័នរដ្ឋ។ នេះ​ក៏​ជា​មូល​ហេតុដែល​ធ្វើ​ឲ្យ​គណបក្ស​កាន់​អំណាច ​បាត់​បង់​សំឡេងឆ្នោត​យ៉ាង​សន្ធឹក​សន្ធាប់​ផងដែរ។ ដូច្នេះ វិធានការ​នេះ​ត្រូវគេ​មើលឃើញថា ជា​កិច្ចខិតខំ​ប្រឹងប្រែង​ស្តារ​ប្រជាប្រិយភាព​ឡើងវិញ​របស់​រដ្ឋាភិបាល។

យ៉ាងណាក៏ដោយ​ ការ​កាត់​ប្រាក់ខែ​គ្រាន់​តែ​ជា​បញ្ហា​មួយ​ក្នុងចំណោម​បញ្ហា​រាប់រយ​ជំពូក​ដែល​រដ្ឋាភិបាល​ថ្មី​ត្រូវ​ធ្វើ​កំណែទម្រង់។ ប្រាក់ខែ​តិចតួច ការដំឡើង​ឋានន្តរស័ក្តិ​តាម​សែស្រឡាយ ជីវភាព​ខុសគ្នា​ដាច់ស្រឡះ រវាង​មេៗនិង​កូនចៅ ការ​បំពាន​អំណាច និង​អំពើពុករលួយ​ក្នុង​ជួរ​មន្ត្រី​មាន​បុណ្យ​ស័ក្តិ។ល។ សុទ្ធតែជា​បញ្ហាធំៗ ដែល​ត្រូវ​ដោះស្រាយ​ដើម្បី​លើកស្ទួយ​កិត្តិយស​និង​សេចក្តី​ថ្លៃថ្នូរ​របស់​កង​នគរបាលជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI