សំណុំរឿងហុងកុង៖ ចិនប្រតិកម្មចោទ ឧត្តមស្នងការសិទ្ធិមនុស្ស ថាជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
តាមរយៈសេចក្តីថ្លែងការណ៍ពីក្រុងប៉េកាំង រដ្ឋអំណាចចិន យល់ឃើញថា ឧត្តមស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោកស្រី Michelle Bachelet បានប្រព្រឹត្តកំហុស និងបានជ្រៀតជ្រែកលូកដៃកកូរកកាយកិច្ចការផ្ទៃក្នុងរបស់ចិន។ ប្រតិកម្មវាយបករបស់រដ្ឋបាលក្រុងប៉េកាំងយ៉ាងដូច្នេះ គឺបន្ទាប់ពីលោកស្រីបានជំរុញឱ្យរដ្ឋបាលហុងកុងបើកការអង្កេតចំពោះហិង្សារបស់ប៉ូលីសទៅហ្វូងបាតុករ។
តាមការផ្សាយរបស់កាសែត The South China Morning Post គឺឧត្តមស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោកស្រី Michelle Bachelet បានធ្វើរឿងមិនសមរម្យ ហើយរដ្ឋអំណាចចិនយល់ថាលោកស្រីបានធ្វើកំហុស ដោយបានជ្រលក់ដៃជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋបាលក្រុងប៉េកាំង។ របបទីក្រុងប៉េកាំង ប្រតិកម្មដូច្នេះ ដោយសំអាងទៅលើគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ ដែលមានចែងនៅក្នុងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។
សូមរម្លឹកជូនថា ឧត្តមស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោកស្រី Michelle Bachelet បានថ្លែងពីក្រុងហ្សឺណែវប្រទេសស្វីស ពីថ្ងៃសៅរ៍ម្សិលមិញនេះ ដោយលោកស្រីជំរុញអាជ្ញាធរហុងកុងបើកការស៊ើបអង្កេតឱ្យឯករាជ្យយុត្តិធម៌ ចំពោះសំណុំរឿងហិង្សាដែលប៉ូលីសហុងកុងបានធ្វើជ្រុលជ្រួសលើក្រុមបាតុករ ហើយការអង្កេតនេះ ត្រូវដឹកនាំដោយចៅក្រមដែលមានភាពអព្យាក្រឹត្យ។
ដោយសារតែការលើកឡើងបែបនេះហើយ ទើបរបបកុម្មុយនីស្តចិន យល់ឃើញថា លោកស្រីឧត្តមស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ មានការខុសឆ្គងចំពោះសម្តីរបស់ខ្លួន ហើយសម្តីនេះ គឺនឹងបញ្ឆេះកំហឹង ព្រមទាំងជំរុញទឹកចិត្តដល់ហ្វូងបាតុករហុងកុង ឱ្យកាន់តែផុសផុលឡើង ងើបឡើងប្រឆាំងនឹងរដ្ឋអំណាច។
មកដល់ខែធ្នូ២០១៩នេះ គឺជាគម្រប់ខែទី៦ហើយ ដែលបាតុករហុងកុងចុះផ្លូវតវ៉ាស្រែកទាមទារសេរីភាពនិងប្រជាធិបតេយ្យ ប្រឆាំងនឹងរដ្ឋបាលហុងកុងដែលរណបចិនប៉េកាំង។ ក្នុងការបោះឆ្នោតថ្នាក់មូលដ្ឋាន ប៉ុន្មានថ្ងៃមុននេះ ក្រុមគណបក្សខាងអ្នកប្រជាធិបតេយ្យ បានឈ្នះសំឡេងច្រើនសន្ធឹក។ ថ្ងៃអាទិត្យនេះទៀត មានមនុស្សខាប់ដូចទឹកគ្រឿង ទាំងចាស់ទាំងក្មេង ច្រើនកុះករបានផ្តុំគ្នាធ្វើបាតុកម្ម។ ក៏ប៉ុន្តែ ទាំងក្រុងប៉េកាំង និងរដ្ឋបាលស្វ័យតហុងកុង តែងចោទក្រុមបាតុករថា កំពុងតែធ្វើកុប្បកម្ម ហិង្សា ហើយនិងកំពុងធ្វើ«បដិវត្តន៍ពណ៌» ដែលនេះគឺបានទទួលឥទ្ធិពលមនោគមន៍វិជ្ជាពីបរទេស ហើយប្រុងតែនឹងបង្កអស្ថិរភាពដល់ការដឹកនាំរបស់ប៉េកាំងនិងហុងកុង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ