យេម៉ែន

យេម៉ែន៖ភាគីជម្លោះ​ព្រមព្រៀង​បង្កើត​គណៈកម្មការ​ត្រួតពិនិត្យ​បទឈប់បាញ់

នៅ​ក្នុង​ប្រទេស​យេម៉ែន ភាគី​ជម្លោះ​ផ្ទៃក្នុង​ដែល​កំពុង​ជួប​ចរចា​គ្នា​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស​បាន​ព្រមព្រៀង​បង្កើត​ឲ្យ​មាន​គណៈកម្មការ​មួយ​ដើម្បី​ត្រួតពិនិត្យ​បទឈប់​បាញ់។ ការ​បង្កើត​ឲ្យ​មាន​គណៈកម្មការ​មួយ​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​មាន​ការ​ផ្ទុះ​អាវុធ​ដាក់​គ្នា​មួយ​ប៉្រាវ​នា​ថ្ងៃ​សុក្រ ទី១៧ ធ្នូ។ គួរ​ជម្រាប​ជូន​ថា អង្គការ​សហប្រជាជាតិ​ជា​អ្នក​រៀបចំ​ឲ្យ​មាន​កិច្ចចរចា​សន្តិភាព​រវាង​ភាគី​ជម្លោះ​យេម៉ែន​ក្នុង​ប្រទេស​ស្វីស​ពេល​នេះ។

យេម៉ែន៖ភាគីជម្លោះព្រមព្រៀងបង្កើតគណៈកម្មការត្រួតពិនិត្យបទឈប់បាញ់
យេម៉ែន៖ភាគីជម្លោះព្រមព្រៀងបង្កើតគណៈកម្មការត្រួតពិនិត្យបទឈប់បាញ់ REUTERS/Ali Owidh
ផ្សាយពាណិជ្ជកម្ម

គណៈកម្មការ​ដើម្បី​ត្រួតពិនិត្យ​បទឈប់​បាញ់​ដែល​ភាគី​ជម្លោះ​ផ្ទៃក្នុង​យេម៉ែន​បាន​ឯកភាព​គ្នា​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស​នឹង​ត្រូវ​ដឹក​នាំ​ដោយ​ឧត្តមសេនីយ​ជនជាតិ​លីបង់​ម្នាក់ និង​មាន​សមាសភាព​មក​ពី​អ្នកតំណាង​ឲ្យ​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី​យេម៉ែន​មែនស៊ូ ហាឌី ព្រម​ទាំង​ចលនា​ឈីអ៊ីត​ហ៊ូទី្ស​ដែល​គាំទ្រ​ដោយ​ប្រទេស​អ៊ីរ៉ង់។ គួរ​ជម្រាប​ជូន​ថា តាំង​ពី ៥ថ្ងៃ​មក​ហើយ​ដែល​ភាគី​ជម្លោះ​ផ្ទៃក្នុង​ទាំង​ពីរ​បាន​ជួប​ចរចា​គ្នា​ក្នុង​ប្រទេស​ស្វីស​ដើម្បី​ព្យាយាម​ស្វែង​រក​ដំណោះស្រាយ​ឲ្យ​វិបត្តិ​ផ្ទៃក្នុង​ដែល​បាន​អូសបន្លាយ​តាំង​ពី​៨ខែ​កន្លង​មក។

ម្យ៉ាង​ទៀត និង​ដើម្បី​អនុញ្ញាត​ឲ្យ​កិច្ចចរចា​មាន​ដំណើរការ​ទៅ​មុខ​ដោយ​រលូន ភាគី​ជម្លោះ​ទាំង​ពីរ​ក៏​បាន​យល់ព្រម​ផ្អាក​បាញ់​គ្នា​មួយ​រយៈ​កាល​ពី​ថ្ងៃ​អង្គារ ទី១៥ ធ្នូ។ តែ​បញ្ហា​នៅ​ត្រង់​ថា​នា​ថ្ងៃ​សុក្រ ទី១៨ ធ្នូ បទ​ឈប់​បាញ់​ត្រូវបាន​រំលោភ​បំពាន​ដោយ​ភាគី​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី​មែនស៊ូ ហាឌី។ ក្នុង​រយៈពេល​តែ ២៤ម៉ោង កម្លាំងទ័ព​រដ្ឋាភិបាល​ដែល​មាន​ការ​គាំទ្រ​ពី​កម្លាំង​សម្ព័ន្ធ​អារ៉ាប់​ដឹកនាំ​ដោយ​ប្រទេស​អារ៉ាប៊ីសាអូឌីត បាន​វាយដណ្តើម​យក​ពី​ពួក​ឧទ្ទាម​មក​វិញ​នូវ​ស្រុក​ចំនួន​ពីរ​ស្ថិត​នៅ​ប៉ែក​ខាងជើង​ប្រទេស។

ប្រភព​សាក្សី​ពី​អ្នកស្រុក​បាន​ឲ្យ​ដឹង​បន្ថែម​ថា ក្រៅ​ពី​អន្តរាគមន៍​របស់​កម្លាំងទ័ព​រដ្ឋាភិបាល ក៏​មាន​ការ​ជួយ​អន្តរាគមន៍​ទម្លាក់​គ្រាប់​បែក​ពី​កងទ័ព​អាកាស​របស់​កម្លាំង​សម្ព័ន្ធអារ៉ាប់ និង​ការ​បាញ់​គ្រាប់កាំភ្លើង​ត្បាល់​លើ​គោលដៅ​របស់​ពួក​ឧទ្ទាម​ផង​ដែរ។ ជា​ការ​ឆ្លើយ​បក​វិញ ក្រុម​ឧទ្ទាម​ក៏​បាន​បាញ់​គ្រាប់មីស៊ីល​អន្តរទ្វីប​ឆ្ពោះ​ទៅ​កាន់​ប្រទេស​អារ៉ាប៊ីសាអូឌីត។ ក្នុង​ចំណោម​មីស៊ីល​ទាំង​ពីរ​ដើម​នោះ មាន​មួយ​ដើម​ត្រូវ​បាន​ប្រព័ន្ធ​ប្រឆាំង​មីស៊ីល​អារ៉ាប៊ីសាអូឌីត​បាញ់​ទម្លាក់​ក្នុង​ខេត្ត​ម៉ារីប​របស់​យេម៉ែន និង​មួយ​ដើម​ទៀត​បាញ់​ធ្លាក់​ក្នុង​តំបន់​ណារ៉ាន​របស់​អារ៉ាប៊ីសាអូឌីត​ក្បែរ​ព្រំដែន​យេម៉ែន។

លោក​ឆែក អាមេដ បេសកជនពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សំណុំរឿង​យេម៉ែន​ក៏​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​រំលោភ​បទឈប់​បាញ់​ជា​ច្រើន​ករណី​ពី​ភាគី​ជម្លោះ​ទាំង​សង​ខាង និង​ថា លោក​កំពុង​បន្ត​ព្យាយាម​សម្របសម្រួល​ការ​ខ្វែង​គំនិត​គ្នា​រវាង​ភាគី​ទាំង​ពីរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI