អ៊ីរ៉ង់ អាមេរិក ដៃគូចរចា ស្មើភាពគ្នា នាពេលអនាគត ?
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នាឱកាស ស្បថចូលកាន់តំណែងជាផ្លូវការនៅរសៀលថ្ងៃអាទិត្យ ទី ៤សីហា លោកប្រធានាធិបតីអ៊ីរ៉ង់ថ្មី បានប្រកាសឱ្យនិយមន័យ ពាក្យ “ទំនាក់ទំនង” ជាមួយប្រទេសអ៊ីរ៉ង់ ថា ជាការចរចា មិនមែន ការដាក់ទណ្ឌកម្មទេ ! លោកប្រធានាធិបតី ចង់សំដៅទៅលើ ទណ្ឌកម្មសេដ្ឋកិច្ច ដែលអ៊ីរ៉ង់ រងគ្រោះ តាំងពីសាធារណរដ្ឋអ៊ីស្លាមមួយនេះ ចាប់ផ្តើមអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែរ ដ៏ចម្រូងចម្រាសមក។ សារនេះបានទទួលការស្វាគមន៍ភ្លាមៗ ពីសហរដ្ឋអាមេរិក ដែលជាម្ចាស់ទណ្ឌកម្មដ៏ធំមួយ។
សហរដ្ឋអាមេរិក មិនបានចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីអ៊ីរ៉ង់ថ្មី លោក ហាសសាន រ៉ូហានី ដោយហេតុតែប្រទេសទាំងពីរគ្មានចំណងការទូតនឹងគ្នាក៏ដោយ ក៏រដ្ឋបាលរបស់លោកអូបាម៉ា បានបង្ហើរសារមួយ “ច្រានចោលរាល់ការស្អប់ខ្ពើម និងប្រឆាំងគ្នា” ទៅកាន់ក្រុងតេអេរ៉ង់ ដោយបានប្រកាសថា អាមេរិកត្រៀមខ្លួនជាស្រេចនឹងធ្វើជាដៃគូ បំណងល្អជាមួយនឹងអ៊ីរ៉ង់។ ក្លាយជា “ដៃគូនឹងគ្នា” បាន ដរាបណា រដ្ឋាភិបាលអ៊ីរ៉ង់ថ្មី សន្យាគោរពលក្ខខណ្ឌ និងកាតព្វកិច្ចអន្តរជាតិ មានតម្លាភាពផ្នែកនុយក្លេអ៊ែរ និងម៉ឺងម៉ាត់ ស្វែងរកដំណោះស្រាយដោយសន្តិវិធី។
ថ្វីដ្បិតតែចេតនាល្អរបស់អាមេរិក បង្កប់ទៅដោយលក្ខខណ្ឌក្តី ក៏កាយវិការនេះបង្ហាញយ៉ាងច្បាស់ អំពីបំណងប្រាថ្នារបស់រដ្ឋាភិបាលអូបាម៉ា ក្នុងការបង្ហើបទ្វារចំហ បន្ធូរសម្ពាធ ចង់សម្រួលឱ្យទំនាក់ទំនងជាមួយក្រុងតេអេរ៉ង់បានប្រសើរឡើង។ សម្រាប់សហរដ្ឋអាមេរិក នេះជាឱកាសដ៏ប្រពៃ ដែលត្រូវឆក់ឱ្យបាន ប្រសិនបើគេចង់ឱ្យសំណុំរឿងនុយក្លេអ៊ែរអ៊ីរ៉ង់ ចេញផុតពីភាពទ័លច្រក ព្រោះពេលនេះអ៊ីរ៉ង់ ទើបមានប្រធានាធិបតីថ្មី ជាអ្នកកណ្តាលនិយម ។
ឯចំណែកប្រធានាធិបតីថ្មីរបស់អ៊ីរ៉ង់វិញ ទោះបីជាមិនទាន់មានសកម្មភាព សម្រាប់វាយតម្លៃនយោបាយជាក់ស្តែង ថាមិនតឹងរ៉ឹងពេកដូចរដ្ឋាភិបាលមុនក៏ដោយ ក៏យ៉ាងហោចណាស់មានសំឡេងស្រទន់ជាង មានលក្ខណៈការទូតជាងដែរ។ នៅចំពោះមុខតំណាងសភាអ៊ីរ៉ង់ កាលពីរសៀលថ្ងៃអាទិត្យ លោក ហាសសាន រ៉ូហានី បានបោះដៃទៅរកបស្ចឹមលោក ដោយប្រកាសអំពាវនាវសុំឱ្យមានការចរចា ហើយជាការចរចាដោយស្មើភាពគ្នា និងក្នុងអត្ថន័យគោរពគ្នាទៅវិញមក ដើម្បីបញ្ចុះកម្តៅនៃភាពស្អប់ខ្ពើមគ្នា។ នេះជាសុន្ទរកថាសម្របសម្រួលដំបូង គិតចាប់ពី៨ឆ្នាំនៃសករាជតានតឹងរបស់អតីតប្រធានាធិបតីអភិរក្សនិយមAhmadinejad មក !
លោក ហាសសាន រ៉ូហានី ៖
“គេមិនអាចបង្ខំបណ្តាជនអ៊ីរ៉ង់ឱ្យបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ តាមរយៈការដាក់ទណ្ឌកម្ម និងគំរាមធ្វើសង្គ្រាមទេ ! វត្តមានដ៏សន្ធឹកសន្ធាប់របស់ប្រជាជនដែលចូលរួមបោះឆ្នោត ប្រធានាធិបតី កាលពីថ្ងៃទី ១៤មិថុនា បញ្ជាក់យ៉ាងច្បាស់អំពីសាមគ្គីជាតិ។ ដំណោះស្រាយតែមួយគត់ក្នុងការរក្សាទំនាក់ទំនងជាមួយអ៊ីរ៉ង់ គឺការចរចាដោយសមភាព ដោយការគោរព ដោយទំនុកចិត្ត និងគ្មានការស្អប់ខ្ពើមគ្នា។ ប្រសិនបើចង់បានលទ្ធផលសមស្រប សូមកុំប្រើភាសាទណ្ឌកម្ម តែជាការគោរពគ្នាវិញ!”។
ក្រៅអំពីបុគ្គលិកលក្ខណៈ និងបទពិសោធន៍ផ្ទាល់ខ្លួន មាននយោបាយទន់ភ្លន់ និងជាអ្នកការទូត លោក រ៉ូហានី បានជ្រើសរើសនេះបង្កើតរដ្ឋាភិបាល ដែលសុទ្ធសឹងជាអ្នកកណ្តាលនិយម ៖ លោក មហាម៉េត ហ្សាវ៉ា ស្ហារីហ្វ រដ្ឋមន្ត្រីការបរទេស ជាអតីតឯកអគ្គរដ្ឋទូតប្រចាំអង្គការសហប្រជាជាតិ និងធ្លាប់សិក្សាច្បាប់អន្តរជាតិនៅអាមេរិក។ ទាំងលោក រ៉ូហានី និងលោក ស្ហារីហ្វ ឥស្សរជនទាំងពីររូបនេះ ធ្លាប់ដឹកនាំការចរចាជាមួយបារាំងង អង់គ្លេស និងអាល្លឺម៉ង់ បានជោគជ័យ កាលពីឆ្នាំ២០០៣ និង២០០៥ ផ្អាកកម្មវិធីនុយក្លេអ៊ែរ មុននឹងត្រូវជាប់គាំងវិញ ព្រោះអាមេរិក ក្រោមរដ្ឋាបាល Beorge Bush ក៏តឹងតែង ហើយអ៊ីរ៉ង់ក៏មានប្រធានាធិបតីសែនអភិរក្ស Ahmadinejad។
មួយទសវត្សក្រោយ លោក រ៉ូហានី ផ្តល់សន្ទុះឡើងវិញដល់ការចរចា ជាមួយនឹងដៃគូខុសពីមុន ! លោក រ៉ូហានី ខុសពី លោក Ahmadinejad ឯលោក អូបាម៉ា ក៏ខុសពីលោកប៊ូស។ ប៉ុន្តែ អំណាចកំពូលនៅអ៊ីរ៉ង់ ស្ថិតលើកណ្តាប់ដៃរបស់អគ្គមគ្គុទេសក៏ Ayatollah Khameini ឯចំណែកអាមេរិកវិញ ក៏មិនប្រាកដថានឹងលើកទណ្ឌកម្មចេញពីអ៊ីរ៉ង់ដែរ ដរាបណាគ្មានវិធានការប្រកបដោយតម្លាភាពបញ្ជាក់ថាជាកម្មវិធីនុយក្លេអ៊ែរស៊ីវិល ម្យ៉ាងវិញទៀតទណ្ឌកម្មដ៏ធ្ងន់ធ្ងរសំដៅគាបកសេដ្ឋកិច្ចអ៊ីរ៉ង់ កំពុងស្ថិតក្នុងកណ្តាប់ដៃសភាអាមេរិក ដែលនឹងត្រូវសម្រេចនៅដើមខែកញ្ញាខាងមុខនេះ។ ប៉ុន្តែនរណាអាចថាទៅបាន ប្រសិនបើលោក រ៉ូហានី ពិតជាម៉ឺងម៉ាត់ អាចបង្កើតការភ្ញាក់ផ្អើលបាននោះ ?!អ៊ីរ៉ង់ ចាំបាច់ត្រូវដោះស្រាយវិបត្តិនុយក្លេអ៊ែរ ឱ្យបានកាន់តែឆាប់កាន់តែល្អ ព្រោះក៏ដើម្បីស្រោចស្រង់សេដ្ឋកិច្ចជាបន្ទាន់ដែរ។ ទណ្ឌកម្ម និងផលវិបាកនៃទណ្ឌកម្មរបស់បស្ចឹមប្រទេសបានធ្វើការនាំចេញប្រេងអ៊ីរ៉ង់ធ្លាក់ចុះអស់ពាក់កណ្តាល៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ