បោះឆ្នោតសភាអ៊ីស្រាអែល៖ជ័យជម្នះគួរឲ្យភ្ញាក់ផ្អើលរបស់លោកនាយករដ្ឋមន្រ្តីផុតអាណត្តិនេតាន់យ៉ាហ៊ូ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅប្រទេសអ៊ីស្រាអែល លទ្ធផលនៃការបោះឆ្នោតសភានាថ្ងៃអង្គារ ទី១៧ មីនាបានផ្តល់ជោគជ័យធំធេងដល់លោកនាយករដ្ឋមន្រ្តីផុតអាណត្តិបិនយ៉ាមីន នេតាន់យ៉ាហ៊ូ។ លទ្ធផលប្រកាសដោយគណៈកម្មការជាតិរៀបចំបោះឆ្នោតនៅថ្ងៃនេះឲ្យដឹងថា គណបក្សស្តំានិយម Likoud របស់លោកនេតាន់យ៉ាហ៊ូទទួលបានអសនៈចំនួន ២៩កៅអីនៅក្នុងចំណោម ១២០អសនៈដែលមាននៅក្នុងរដ្ឋសភា។ ចំណែកគណបក្សស្ថិតលំដាប់ទី២ គឺគណបក្សពលករ Union sioniste របស់លោក អ៊ីហ្ស៉ាក់ អ៊ែរហ្សូទទួលបាន ២៤អសនៈ។ អ្វីជាការកត់សម្គាល់ គឺការស្ទុះឡើងរបស់គណបក្សអារ៉ាប់ Liste commune ដោយទទួលបានដល់ទៅ ១៤អសនៈ។
ជ័យជម្នះរបស់លោកនេតាន់យ៉ាហ៊ូនៅក្នុងការបោះឆ្នោតពេលនេះបានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លំាង នេះក៏ដោយសារថា នៅមុនការបោះឆ្នោត លទ្ធផលនៃការស្ទង់មតិធ្វើឡើងដោយវិទ្យាស្ថានស្ទង់មតិនានាបានផ្តល់ជោគជ័យយ៉ាងធំធេងដល់គណបក្សកណ្តាលឆ្វេងនិយម Union sioniste របស់លោក អ៊ីហ្ស៉ាក់ អ៊ែរហ្សូដែលជាបក្សប្រឆំាង។ ចំណែកគណបក្សស្តំានិយម Likoud របស់លោកនាយករដ្ឋមន្រ្តីផុតអាណត្តិបិនយ៉ាមីន នេតាន់យ៉ាហ៊ូស្ថិតនៅលំដាប់ទី២។ តែទីបំផុត លទ្ធផលផ្លូវការបានផ្តល់ជោគជ័យឲ្យលោកនេតាន់យ៉ាហ៊ូដោយទទួលបាន ២៩អសនៈទល់នឹង ២៤អសនៈសម្រាប់លោកអ៊ែរហ្សូ។ លោកអ៊ែរហ្សូបានទទួលស្គាល់បរាជ័យរបស់ខ្លួន និងថ្លែងសាទរចំពោះលោកនេតាន់យ៉ាហ៊ូ។
ប្រជាពលរដ្ឋអ៊ីស្រាអែលទូទៅក៏មានការភ្ញាក់ផ្អើលចំពោះលទ្ធផលនេះដែរ ព្រោះរហូតដល់នាទីចុងក្រោយនៃការបិទទ្វារមណ្ឌលបោះឆ្នោតនៅយប់មិញ ពួកគេនៅតែមានជំនឿលើជោគជ័យរបស់គណបក្សកណ្តាលឆ្វេងនិយម Union sioniste របស់លោក អ៊ីហ្ស៉ាក់ អ៊ែរហ្សូ។ ការភ្ញាក់ផ្អើលមួយទៀត គឺការស្ទុះឡើងរបស់គណបក្សអារ៉ាប់ Liste commune ដែលទទួលបានដល់ទៅ ១៤អសនៈ។ តែកិច្ចការដំបូងដែលលោកត្រូវធ្វើពេលនេះ គឺទៅចរចាជាមួយគណបក្សតូចតាចដើម្បីអាចបង្កើតរដ្ឋាភិបាលចម្រុះថ្មីបាន។
លោកនេតាន់យ៉ាហ៊ូអាចធ្វើសម្បទានខ្លះដើម្បីយកសម្លេងពីគណបក្សផ្សេង
តាមលទ្ធផលបោះឆ្នោតឲ្យដឹងថា មានគណបក្សនយោបាយចំនួន ១០ ដែលទទួលបានអសនៈតិច ឬច្រើន ពោលតំាងគណបក្សទទួលបាន ២៩អសនៈដល់គណបក្សទទួលបាន ៤អសនៈ។ តែដើម្បីអាចឲ្យលោកនេតាន់យ៉ាហ៊ូបង្កើតរដ្ឋាភិបាលចម្រុះបាន លោកត្រូវការសម្លេងគំាទ្រយ៉ាង៦១សម្លេងនៅក្នុងរដ្ឋសភាដែលមាន ១២០អសនៈ។ ឥឡូវនេះ គណបក្ស Likoud របស់លោករបស់លោកនេតាន់យ៉ាហ៊ូដែលមានសម្លេងក្នុងដៃចំនួន ២៩សម្លេងរួចហើយនោះ លោកត្រូវទៅចែចូវជាមួយគណបក្សដែគូផ្សេងដើម្បីស្វែងរកសម្លេងគំាទ្របន្ថែមយ៉ាងតិច ៣២សម្លេង។ បើផ្អែកតាមលទ្ធផលដែលគណបក្សនីមួយៗទទួលបាន លោកនេតាន់យ៉ាហ៊ូប្រហែលជាមិនជួបការលំបាកក្នុងការរកគណបក្សដៃគូទេ តែលោកត្រូវតែហ៊ានធ្វើសម្បទានខ្លះ ពោលត្រូវប្រគល់តំណែងក្រសួងមួយចំនួនឲ្យគណបក្សដៃគូ ពិសេសក្រសួងហិរញ្ញវត្ថុ។
មានគណបក្សចំនួន ៥ ដែលអាចចូលរួមនៅក្នុងរដ្ឋាភិបាលចម្រុះថ្មីរបស់លោកនេតាន់យ៉ាហ៊ូ គឺគណបក្សកណ្តាលនិយមមួយដែលមាន ១០អសនៈ គណបក្សជាតិនិយម និងជាតិនិយមជ្រុលដែលសរុបមាន ១៤អសនៈ ព្រមទំាងគណបក្សសាសនា orthodoxe ចំនួនពីរដែលមានអសនៈសរុប ១៣អសនៈ។ បើបូកសរុបទៅឃើញថា លោកនេតាន់យ៉ាហ៊ូអាចទទួលបានសម្លេងគំាទ្រដល់ទៅ ៦៥សម្លេង។ នៅក្នុងករណីណាដែលលោកនេតាន់យ៉ាហ៊ូមិនអាចរកគណបក្សដៃគូដើម្បីអាចបង្កើតរដ្ឋាភិបាលចម្រុះថ្មីបាន លោកប្រធានាធិបតីអាចស្នើឲ្យប្រធានគណបក្សជាប់ឆ្នោតលំដាប់ទី១ និងទី២ រួមគ្នាបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិមួយដោយប្តូរវេនគ្នាធ្វើនាយករដ្ឋមន្រ្តីម្តងម្នាក់។
សេដ្ឋកិច្ច និងសង្គម ជាសំណុំរឿងអាទិភាពថ្មីរបស់លោកនេតាន់យ៉ាហ៊ូ
បើប្រជាជនអ៊ីស្រាអែលបានបោះឆ្នោតឲ្យគណបក្ស Likoud របស់លោកនេតាន់យ៉ាហ៊ូជាថ្មីពេលនេះមានន័យថា ប្រជាជនអ៊ីស្រាអែលពេញចិត្តនឹងនយោបាយដឹកនំាដោយលោកនេតាន់យ៉ាហ៊ូក្នុងរយៈពេល ២អាណត្តិកន្លងមក។ ចូរកុំភ្លេចថា បើលោកនេតាន់យ៉ាហ៊ូបន្តកាន់តំណែងនាយករដ្ឋមន្រ្តីជាថ្មីពេលនេះ គឺជាអាណត្តិទី៣របស់លោក បើគិតតំាងពីឆ្នំា ២០០៩ និងជាអាណត្តិទី៤ បើគិតតំាងពីឆ្នំា ១៩៨៧។
សម្រាប់អាណត្តិថ្មីពេលនេះ លោកនេតាន់យ៉ាហ៊ូប្រាកដជាបន្តអនុវត្តន៍នយោបាយដែលលោកបានធ្វើកន្លងមក និងដែលលោកត្រូវបន្តបញ្ចប់កំណែទម្រង់ខ្លះដែលបានចាប់ផ្តើមក្នុងអាណត្តិកន្លងមក។ តែអ្វីដែលថ្មី និងដែលលោកនេតាន់យ៉ាហ៊ូត្រូវគិតគូរបន្ថែមនោះ គឺបញ្ហាសេដ្ឋកិច្ច និងសង្គមដែលជាការទាមទាររបស់ប្រជាជន និងដែលជាប្រធានបទចម្បងនៃយុទ្ធនាការឃោសនាបោះឆ្នោត។ សូមជម្រាបជូនថា នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត លោកនេតាន់យ៉ាហ៊ូបានផ្តល់អាទិភាពលើបញ្ហាសន្តិសុខរបស់ប្រជាជន ពោលខុសពីបេក្ខជនរបស់បក្សប្រឆំាងដែលផ្តោតសំខាន់លើបញ្ហាសេដ្ឋកិច្ច និងសង្គម ពិសេសពីបញ្ហាជីវភាពរស់នៅប្រចំាថ្ងៃរបស់ប្រជាជន។
ទាក់ទងនឹងសំណុំរឿងអន្តរជាតិវិញ លោកនេតាន់យ៉ាហ៊ូនឹងបន្តចេញមុខប្រឆំាងនឹងកិច្ចព្រមព្រៀងស្តីពីនុយក្លេអ៊ែរអ៊ីរ៉ង់ដែលសហគមន៍អន្តរជាតិកំពុងបន្តពិភាក្សាជាមួយអ៊ីរ៉ង់ និងដែលលោកនេតាន់យ៉ាហ៊ូបានចាត់ទុកជាកិច្ចព្រមព្រៀងដ៏អាក្រក់រួចជាស្រេច។ និយាយពីជម្លោះជាមួយប៉ាឡេស្ទីន លោកនេតាន់យាហ៊ូត្រូវតែគោរពពាក្យសន្យានៅថ្ងៃឃោសនាចុងក្រោយដែលថា លោកនឹងបន្តប្រឆំាងមិនឲ្យមានការបង្កើតរដ្ឋប៉ាឡេស្ទីនជាដាច់ខាត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ