ស្ថានភាពពុះកញ្រ្ជោលនៅតំបន់ស៊ីហ្សកដានី ក្រោយការស្លាប់ទារកប៉ាឡេស្ទីនម្នាក់
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្ថានភាពកំពុងបន្តពុះកញ្ជ្រោល និងតានតឹងកាន់តែងខ្លំាងរវាងភាគីអ៊ីស្រាអែល និងប៉ាឡេស្ទីន។ ពេញមួយយប់ថ្ងៃសុក្រឆ្លងចូលថ្ងៃសៅរ៍ ទី១ សីហានេះ ប្រជាជនប៉ាឡេស្ទីនជាច្រើនរយនាក់បានបន្តធ្វើបាតុកម្មប្រឆំាងនឹងការដុតទារកប៉ាឡេស្ទីនអាយុ ១៨ខែទំាងរស់ពីសំណាក់ពួកជ្វីហ្វនិយមជ្រុល។ ការប៉ះទង្គិចគ្នារវាងបាតុករប៉ាឡេស្ទីន និងទាហានអ៊ីស្រាអែលបានបណ្តាលឲ្យស្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ២នាក់ និងរងរបួសជាច្រើននាក់។
អាលី នេះជាឈ្មោះទារកប៉ាឡេស្ទីនអាយុ ១៨ខែដែលត្រូវបានពួកជ្វីហ្វនិយមជ្រុលដុតសម្លាប់ទំាងរស់នៅក្នុងផ្ទះ។ ចំណែកឱពុក ម្តាយ និងបងប្រុសម្នាក់របស់អាលីអាយុ ៤ឆ្នំាក៏កំពុងស្ថិតក្នុងស្ថានភាពស្លាប់ រស់ដែរ។ នេះហើយជាចំណុចចាប់ផ្តើមនៃការផ្ទុះកំហឹងរបស់ប្រជាជនប៉ាឡេស្ទីននៅក្នុងទីក្រុងហ្សេរុយសាឡឹមខាងកើត និងនៅក្នុងតំបន់ស៊ីហ្សកដានី។ ពេញមួយយប់ថ្ងៃសុក្រឆ្លងចូលថ្ងៃសៅរ៍ ទី១ សីហានេះ ភាពប្រទូស្រ្តាយយ៉ាងហិង្សាកំពុងបន្តកើតមានយ៉ាងខ្លំាងរវាងបាតុករប៉ាឡេស្ទីន និងកម្លំាងប៉ូលិសអ៊ីសា្រអែល។ អំពើហិង្សាដែលមកទល់ពេលនេះបានបណ្តាលឲ្យស្លាប់ជនជាតិប៉ាឡេស្ទីនពីរនាក់ និងរងរបួសជាច្រើននាក់។
ប្រតិកម្មថ្កោលទោសលើទង្វើដុតសម្លាប់ទារកប៉ាឡេស្ទីនទំាងរស់ពីសំណាក់ជនជាតិអ៊ីស្រាអែលជ្រុលនិយមមានច្រើន រាប់ទំាងថ្នាក់ដឹកនំាអ៊ីស្រាអែលផង។ លោកនាយករដ្ឋមន្រ្តីអ៊ីសា្រអែលនេតាន់យ៉ាហ៊ូបានចាត់ទុកការដុតសម្លាប់ទារកប៉ាឡេស្ទីនទំាងរស់ថា ជាទង្វើភេរវនិយម ព្រមទំាងសន្យាតាមចាប់ជនដៃដល់ទៅកាត់ទោសតាមច្បាប់។ ទន្ទឹមគ្នានេះ លោកនេតាន់យ៉ាហ៊ូ រួមទំាងលោកប្រធានាធិបតីអ៊ីស្រាអែលក៏បានចុះទៅមន្ទីរពេទ្យដើម្បីពិនិត្យស្ថានភាពសុខភាពឱពុក ម្តាយ រួមទំាងបងប្រុសរបស់សពអាលីដែលត្រូវភ្លើងឆេះរលាកពេញខ្លួន។
បន្ទាប់មក លោកនេតាន់យ៉ាហ៊ូក៏បានទូរស័ព្ទទៅកាន់លោកប្រធានរដ្ឋអំណាចប៉ាឡេស្ទីនអាបាស់ដើម្បីចូលរួមកាន់ទុក្ខ ព្រមទំាងប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆំាងនឹងភេរវនិយមគ្រប់រូបភាព ទោះបីជាវាមានប្រភពចេញពីណាក៏ដោយ។ សម្រាប់លោកអាបាសគឺច្បាស់ណាស់ ទង្វើនេះ ជាឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆំាងមនុស្សជាតិដែលប្រជាជនប៉ាឡេស្ទីនមិនអាចបន្តទុកបណ្តោយដោយឈរឱបដៃមើលបានឡើយ។ លោកអាបាស់បានបញ្ជាក់ថា លោកនឹងយករឿងថ្មីនេះ រួមទំាងរឿងរ៉ាវកន្លងមកទៅប្តឹងតុលាការព្រហ្មទ័ណ្ឌអន្តរជាតិក្រុងឡាអេ និងថា គ្មានអ្វីដែលអាចចូលមករារំាងចំណាត់ការរបស់ប៉ាឡេស្ទីនបានឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ