ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វី​អារ៉ាប៊ីសាអូឌីត​ និង​បក្សពួក ​ទាមទារ​ឲ្យ​កាតា​បិទ​ស្ថានីយ៍​ទូរទស្សន៍​Al-Jazeera?

សំឡេង ០៧:១៤
ផ្លាកសញ្ញារបស់​ទូរទស្សន៍ Al-Jazeera
ផ្លាកសញ្ញារបស់​ទូរទស្សន៍ Al-Jazeera Reuters
ដោយ៖ ម៉ម ពិសី
៥១ នាទី

កាតា ​ប្រទេស​មហាសេដ្ឋី​អារ៉ាប់​ដ៏តូច​ កំពុង​ត្រូវ​បាន​ប្រទេស​ជិត​ខាង ​ដែល​មាន​អារ៉ាប៊ីសាអូឌីត​ ជា​អ្នក​នាំមុខ ​នាំគ្នា​បិទ​ទំនាក់ទំនង​ការទូត ​និង​ព្រំដែន ​ដោយ​គេ​ចោទ​ថា​កាតា ​បាន​ចូលរួម​ទំនុកបំរុង​ក្រុម​ជីហាត​ភេរវកម្ម។ ក្រុម​ប្រទេស​អារ៉ាប់​ឈូងសមុទ្រ​ពែក្ស ​មាន​អារ៉ាប៊ីសាអូឌីត​ បារ៉ែន​ អេមៀរ៉ាត់​អារ៉ាប់រួម​ និង​អេហ្ស៊ីប ​បាន​ដាក់​លក្ខខណ្ឌ​១៣​ចំណុច ​ឲ្យ​កាតា​គោរព​ធ្វើ​ឲ្យ​បាន។ ក្នុង​ចំណោម​លក្ខខណ្ឌ ​ទាំង​១៣​ចំនុច​នោះ ​មាន​ចំនុច​មួយ​ ដែល​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​ជាង​គេ ​គឺ​ការ​ទាមទារ ​ឲ្យ​កាតា ​បិទ​ស្ថានីយ៍​ទូរទស្សន៍​Al Jazeera។​ តើហេតុអ្វី ​បាន​ជា​ស្ថានីយ៍​ទូរទស្សន៍​ដ៏​ធំ ​របស់​កាតា​នេះ​ ក្លាយ​ជា​ចំណុច​ស្នូល ​នៃ​ជម្លោះ​ រវាង​កាតា ​និង​ប្រទេស​អារ៉ាប់​ក្នុង​តំបន់?

ផ្សាយពាណិជ្ជកម្ម

កាតា ត្រូវ​បាន​អារ៉ាប៊ីសាអូឌីត ​និង​ក្រុម​ប្រទេស​អារ៉ាប់​ផ្សេងទៀត ​ ចោទ​ប្រកាន់​ថា ​បាន​ទំនុកបំរុង​ សាប​ព្រួស​ទ្រឹស្តី​អ៊ីស្លាម​ជីហាត​ជ្រុល​និយម​​​ តាម​រយៈ​កម្មវិធី​ផ្សាយ​របស់​ទូរទស្សន៍ ​Al-Jazeera។ តាមពិត​ទៅ ​ វា​មិនមែន​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ណាស់​ណា​ទេ ​ដែល​ក្នុង​ពេល​នេះ ​ ក្រុម​ប្រទេស​អារ៉ាប់​ឈូង​សមុទ្រ​ពែក្ស ​បាន​បង្ខំ​ឲ្យ​កាតា ​បិទ​ស្ថានីយ​ទូរទស្សន៍​មួយ​នេះ។ បង្កើត​ឡើង​នៅ​ឆ្នាំ​ ១៩៩៦ ស្ថានីយ៍​ទូរទស្សន៍​Al-Jazeera ​ត្រូវ​បាន​គេ​រិះគន់ ​ជាច្រើន​ឆ្នាំ​មក​ហើយ ​ថា​មាន​ទំនោរ​នយោបាយ ​ផលិត​កម្មវិធី ​និង​ផ្សព្វផ្សាយ​ព័ត៌មាន​ ដែល​លំអៀង ​ទៅ​ខាង​ក្រុម​អ៊ីស្លាម​ជ្រុល​និយម។

Al-Jazeera ល្បីស្មើ BBC ឬ CNN

មហិច្ឆិតា​របស់​កាតា ​តាម​រយៈ​ទូរទស្សន៍​នេះ ​គឺ​ធ្វើ​វា​ឲ្យ​ទៅ​ជា​ឧបករណ៍​ផ្សព្វផ្សាយ ​និង​បំពង​សម្លេង​ទូទាំង​ពិភព​អារ៉ាប់។ គឺ​ដោយសារ​ភេរវកម្ម​ថ្ងៃ​ទី​ ​១១​ កញ្ញា​ ២០០១ ​នៅ​ទីក្រុង​ញូយ៉ក ​ដែល​ពិភពលោក​ទាំងមូល ​បាន​ចាប់​ផ្តើម​ស្គាល់​ស្ថានីយ​ទូរទស្សន៍​ Al-Jazeera ​នេះ។ ​មាន​តែ​​​ស្ថានីយ​​នេះ​មួយគត់​ ដែល​បាន​ផ្សាយ​សារ​វីដេអូ​ របស់​ប៊ីនឡាដេន ​ ថត​ពី​កន្លែង​លាក់ខ្លួន​ នៅ​ក្នុង​រូង​ភ្នំ​ខាង​ជើង​អាហ្វហ្កានីស្ថាន។ គ្មាន​នរណា ​ដឹង​ទេ ​ថា​ហេតុអ្វី ​ទូរទស្សន៍នេះ ​មាន​ខ្សែ​អាត់​វីដេអូ ​ដ៏​ពិសេស​នេះ។ សម្រាប់​មនុស្ស​ទូទៅ ​ក៏​គ្មាន​នរណា​ចោទ​សួរ​ដែរ​ថា​ហេតុអ្វី ​ ​គឺគេ​គ្រាន់​តែ​នាំ​គ្នា​និយាយ​ថា​ ទូរទស្សន៍​មួយ​នេះ ​មិន​ធម្មតា​ទេ!

២០ឆ្នាំ​មក​នេះ ​កាតា​ បាន​ជះប្រាក់​រាប់​រយ​លាន​ដុល្លារ ​ ដើម្បី​អភិវឌ្ឍន៍​ស្ថានីយ៍​ទូរទស្សន៍ ​Al-Jazeera ​ឲ្យ​ទំនើប ​ សំបូរបែប​ ​មាន​កេរ្តិ៍ឈ្មោះ​ស្មើនឹង​ CNN ​ឬ​ក៏​ BBC។ Al-Jazeera ​បាន​អូសទាញ​អ្នក​ជំនាញ ​ពី​ស្ថានីយ៍​ទូរទស្សន៍​ធំៗ ​និង​អ្នក​សារព័ត៌មាន​ទូទាំង​សកល​លោក ​ឲ្យ​ទៅ​ធ្វើការ​ឲ្យ​ខ្លួន​ ជាមួយ​នឹង​ប្រាក់​ខែ​មួយ​គុណ​ជាពីរ។

បន្តិច​ម្តងៗ ​ Al-Jazeera​ ជា​ភាសា​អារ៉ាប់ ​និង​ជា​ភាសា​អង់គ្លេស បាន​ក្លាយ​ជា​ស្ថានីយ​ទូរទស្សន៍​ដែល​ប្រជាជន​អារ៉ាប់​ទូទាំង​ពិភពលោក ​ប្រមាណ​៣៥០​លាន​អ្នក ​​ចូលចិត្ត​ទស្សនា​បំផុត។ ភាព​ពេញ​និយម ​ឡើង​រហ័ស ​ដោយសារ​ទូរទស្សន៍​នេះ ​មាន​កម្មវិធី​ថ្មី​ប្លែក ​ទំនើប ​ដែល​មើលទៅ​ ហាក់​មាន​ភាព​បើក​ទូលាយ ​លើក​ឡើង​ពី​បញ្ហា​ជាក់ស្តែង គ្រប់​ជំពូក​ ពោល​គឺ​ខុស​ពី​ស្ថានីយ​ទូរទស្សន៍​សាមញ្ញ​ផ្សេងទៀត ​ក្នុង​តំបន់​អារ៉ាប់ ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ ​ហើយ​ពុំមាន​កម្មវិធី​សំបូរ​បែប។

កេង​ចំណេញ​ពី​ស្ថា​នភាព​ចលាចល ​ដើម្បី​បំផុស​ចរន្ត​ជ្រុល​និយម

ភាព​ល្បីល្បាញ​​របស់​ទូរស្សន៍នេះ ​នៅ​ក្នុង​ពិភព​អារ៉ាប់ ​និង​ក្នុង​ចំណោម​អ្នក​កាន់​សាសនា​អ៊ីស្លាម​ទូទៅ ​បាន​ចោទ​ជា​សំណួរ ​និង​ការ​ព្រួយបារម្ភ ​ បើសិន​ជា​យើង​ក្រឡេក​មក​មើល​ខ្លឹមសារ​ ​នៃ​កម្មវិធី​ផ្សាយ ​ក៏ដូច​ជា​របៀប​ចាត់ចែង​ធ្វើព័ត៌មាន​របស់ ​ទូរទស្សន៍​នេះ។ អ្នកវិភាគ​ អ្នក​ស្រាវជ្រាវ​អន្តរជាតិ​ជាច្រើន ​​បាន​សរសេរ​សៀវភៅ ​ពន្យល់​ពី​ផល​ប៉ះពាល់ ​ដោយ​ផ្ទាល់​ទៅ​លើ​ចរន្ត​អ៊ីស្លាម​ជ្រុល​និយម ​នៅ​ទូទាំង​ពិភពលោក ​ ដោយសារ​តែ​ទូរទស្សន៍​មួយ​នេះ។

ក្នុង​អំឡុង​ពេល​ផ្ទុះ​បដិវត្តន៍​រដូវ​ផ្ការីក ​តាម​ប្រទេស​នៅ​តំបន់​អារ៉ាប់ ​ចុងឆ្នាំ​២០១០ ​ទូរទស្សន៍​Al-Jazeera​ បាន​បង្ហាញ​ឲ្យ​គ្រប់​គ្នា​បាន​ឃើញ​ ពី​សមត្ថភាព​ ដ៏​មហិមា​របស់​ខ្លួន ​ក្នុង​ការ​ផលិត ​និង​ផ្សព្វផ្សាយ​ព័ត៌មាន​ទាន់​ហេតុការណ៍។ គឺ​ពេល​នោះ​ហើយ ​ដែល​ប្រជាជន​ពិភព​អារ៉ាប់ ​នាំគ្នា​តាម​ដាន​ព័ត៌មាន ​និង​កម្មវិធី​ផ្សាយ​ផ្សេងៗ​របស់​ទូរទស្សន៍​នេះ ​កាន់តែ​ច្រើន។

ទន្ទឹម​គ្នា​នោះ ​Al-Jazeera ​បាន​បង្ហាញឲ្យ​គេ​ឃើញ​ថា ​ទូរទស្សន៍​ខ្លួន ​​មាន​ភាព​លំអៀង​ទៅ​រក​សកម្មជន​ប្រឆាំង​បះបោរ ​ដែល​បន្តិចម្តងៗ ​សកម្មជន​ទាំង​នោះ ​បាន​ក្លាយ​ជា​ជន​អ៊ីស្លាម​ជ្រុល​និយម ​ដៃជើង​របស់​ក្រុម​ជីហាត​អង្គការដ្ឋ​អ៊ីស្លាម ​ ​ឬ​ក្រុម​អាក់កាយ​ដា។ Al-Jazeera​ បាន​ប្រកាន់​គោល​ជំហរ​ជួយ​គាំទ្រ ​ក្រុម​ភាតរៈ​អ៊ីស្លាម ​នៅ​អេហ្ស៊ីប​យ៉ាង​ពេញ​មុខ។ ដូចគ្នា​ដែរ​ ទូរទស្សន៍​នេះ ​បាន​ឆក់​យក​ឱកាស ​សង្រ្គាម​នៅ​ស៊ីរី ​ធ្វើ​ជា​ទី​ផ្សព្វផ្សាយ ​អំពី​ការ​ឈឺចាប់​របស់​ប្រជាជនស៊ីរី អ្នកកាន់សាសនា​អ៊ីស្លាម​និកាយ​ស៊ូនីត ​ដែល​ត្រូវ​ក្រុម​អាឡាវីត​របស់​​ប្រធានាធិបតី​បាឆា ​អាល់អាសាដ ​កាប់​សម្លាប់។

កម្មវិធី​ផ្សាយ​ពន្យុះ​អំពើ​ហិង្សា និង​គាំទ្រ​ចលនា​ជីហាត​អ៊ីស្លាម​ យ៉ាង​ច្បាស់​នឹងភ្នែក

មាន​ឧទាហរណ៍​ជាច្រើន​រាប់​មិន​អស់ ​ដែល​សំអាង​ថា ​ទូរទស្សន៍​Al-Jazeera ​បាន​ចូលរួម​ជំរុញ ​ឲ្យ​អ្នក​កាន់​សាសនា​អ៊ីស្លាម​ក្រោក​ឈរ​ឡើង​ ធ្វើ​បដិវត្តន៍​សាសនា ​ហើយ​សងសឹក​រាល់​អ្នក​ណា ​ដែល​រារាំង​បដិវត្តន៍​នេះ។ ជាក់ស្តែង ​កម្មវិធី​ផ្សាយ​មួយ ​របស់​ទូរទស្សន៍​នេះ ​តែងតែ​អញ្ជើញ​វាគ្មិន​ម្នាក់​ឈ្មោះ ​Al Qaradawi​ ដែល​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​អ៊ីស្លាម​បែប​ផ្តាច់ការ​ដ៏​ល្បី​ម្នាក់។

មេផ្សព្វផ្សាយ​សាសនាអ៊ីស្លាម​ជ្រុុលនិយម និងហិង្សា​​ឈ្មោះ Jusuf ​Al-Qaradawi ជាមួយ​​នឹង​ក្បាល​​មីក្រូ​​របស់ ​ទូរទស្សន៍​ Al-Jazeera
មេផ្សព្វផ្សាយ​សាសនាអ៊ីស្លាម​ជ្រុុលនិយម និងហិង្សា​​ឈ្មោះ Jusuf ​Al-Qaradawi ជាមួយ​​នឹង​ក្បាល​​មីក្រូ​​របស់ ​ទូរទស្សន៍​ Al-Jazeera

ជននេះ ​តែងតែ​ស្រែក​ផ្សព្វផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍ ​Al-Jazeera ​ អំពាវនាវ ​ឲ្យ​យុវជន​អ៊ីស្លាម​ទាំង​អស់ ​នាំគ្នា​ទៅ​ធ្វើ​ជា​ជន​ជីហាត ​នៅ​ស៊ីរី ​នៅ​អ៊ីរ៉ាក់ ​ហើយ​បាន​អំពាវនាវ​ឲ្យ​អ្នក​កាន់​សាសនា​អ៊ីស្លាម ​សងសឹង ​សម្លាប់​ពួក​អ្នក​កាន់​និកាយ​អាឡាវីត ​ឬ​ក៏​ឈីអ៊ីត​ ​កុំ​ប្រណី​ឲ្យ​សោះ ​ទោះ​បី​ជា​កូនក្មេង​ក៏​ដោយ។ ជននេះ ​ក៏​បាន​អំពាវនាវ ​ឲ្យ​សហគម​អ៊ីស្លាម ​នាំគ្នា​ចូល​ប្រាក់ ​ដើម្បី​ជួយ​ទំនុកបំរុង​ក្រុម​ជីហាត​អ៊ីស្លាម។ គឺ​ជន​ឈ្មោះនេះ​ឯង​ ដែល​បាន​អំពាវនាវ ​ឲ្យ​ក្រុម​បះបោរ​នៅ​លីប៊ី ​សម្លាប់​កាដាហ្វ៊ី។

ជន​ឈ្មោះ ​Al Qaradawi ​​នេះ បាន​អំពាវនាវ​នៅ​ខែ​មីនា​ ឆ្នាំ​២០១៣ ​នៅ​លើ​កញ្ចក់​ទូរទស្សន៍ ​Al-Jazeera ​ថា ​ត្រូវតែ​សម្លាប់​ចោល​ទាំងអស់ ​អ្នកណា​ក៏​ដោយ​ ដែល​គាំទ្រ​បាឆា​ អាល់អាសាដ ​មិន​ថា​ទាហាន ​ប្រជាជន​សាមញ្ញ ​កូនក្មេង ​រឺ​ប្រមុខ​សាសនា​អ៊ីស្លាម​ទេ។ មិន​ដល់​ប៉ុន្មាន​ថ្ងៃ​ផង ​ភេរវកម្ម​មួយ​បានកើត​ឡើង ​នៅ​វិហារ​មូស្កេ​របស់​ អ៊ីម៉ាំ ​Al Bouti​ ​ដែលជា​ប្រមុខ​សាសនា​អ៊ីស្លាម​កណ្តាល​និយម​ម្នាក់ ​នៅក្រុង​ដាម៉ាស។ ភេរវកម្ម ​បាន​សម្លាប់​មនុស្ស​​៤៩នាក់​ រួមទាំង​អ៊ីម៉ាំ​ កណ្តាល​និយម​រូបនោះ​ផង។

ព្រំដែន​រវាង​សេរីភាព​សារព័ត៌មាន ​និង​ការ​សាបព្រួស​ចរន្ត​អ៊ីស្លាម​ជ្រុល​និយម

នៅ​រវាង​ឆ្នាំ ​២០១១ ​និង​២០១២ ​ទូរទស្សន៍​Al Jazeera ​បាន​បាត់បង់​អ្នក​កាសែត​មួយ​ចំនួន​ធំ ​ដោយសារ​តែ​ពួក​គេ ​បាន​នាំ​គ្នា​លា​ឈប់។ បើតាម​ការ​ឲ្យ​ដឹង​ គឺ​ ដោយសារ​តែមាន​ភាព​មិន​ចុះ​សម្រុង​គ្នា ​កើត​ចេញ​ពី​បន្ទាត់​នយោបាយ ​ដឹកនាំ ​ផលិត​កម្មវិធី​ ដែល​កាន់តែ​លំអៀង​ទៅ​ៗ​ ទៅរក​ក្រុម​អ៊ីស្លាម​ជ្រុល​និយម។ អ្នក​កាសែត​ល្បីៗ ​ជនជាតិ​លីបង់ ​ជន​ជាតិ​អេហ្ស៊ីប ​និង​ជនជាតិ​ស៊ីរី ​បាន​នាំគ្នា​លា​ឈប់។

អ្នកខ្លះ ហ៊ាន​ចាត់ទុកថា​ ទូរទស្សន៍​Al Jazeera ​គឺជា​ឧបករណ៍​ឃោសនា​របស់​កាតា ដើម្បីពង្រីក​ចរន្ត​អ៊ីស្លាម​ជ្រុលនិយម ​និង​បំផុស​បំផុល​ ឲ្យ​គាំទ្រ​ក្រុម​ជីហាត​ភេរវកម្ម។ Wikileaks ​និង ​The Guardian ​បាន​ចុះផ្សាយ​ថា ​ទូរទស្សន៍ ​នេះ​​ បាន​ផលិត​ កាត់ត​ បំប៉ោង​ ព័ត៌មាន ​ដើម្បី​ពន្យុះ​ ឲ្យ​កើត​ជា​​ការ​ក្តៅ​ក្រហាយ ​តវ៉ា​ពុះ​កញ្ជ្រោល​នានា ​នៅតាម​ប្រទេស​អារ៉ាប់។ គឺ​កត្តា​ទាំង​នេះ​ហើយ​ ដែល​ធ្វើ​ឲ្យ​ប្រទេស​អារ៉ាប់​ក្បែរខាង​ មាន​ដូច​ជា​អារ៉ាប៊ីសាអូឌីត​ បារ៉ែន ​អេហ្ស៊ីប ​និង​អេមៀរ៉ាត់ ​អារ៉ាប់រួម ​កើត​ទុក​មិន​សុខចិត្ត​ ចង់​ឲ្យ​បិទ​ស្ថានីយ​ទូរទស្សន៍​នេះ​ចោល។

តែ​យ៉ាងណា ​ការ​បញ្ជារ​ឲ្យ​ប្រទេស​មួយ​បិទ​ស្ថានីយ៍​ទូរទស្សន៍ ​គឺ​ជា​រឿង​មួយ​ហួស​ហេតុ​ពេក​ណាស់ ​បើសិន​ជា​យើង ​ឈរ​លើ​គោលការណ៍​សេរីភាព​សារព័ត៌មាន។ នៅក្នុង​វិបតិ្ត​នេះ ​គ្មាន​ភាគី​ណាមួយ​ស ​ភាគី​ណាមួយ​ខ្មៅ​ទាំង​ស្រុង​ទេ។ វិបត្តិ​តំបន់​ដើម​បូព៌ា ​គឺមាន​ប្រភព​ចេញ​ពី​ចរន្ត​សាសនា​អ៊ីស្លាម​ទាំងស្រុង។ មិនមែន​កាតា ​តែ​ម្នាក់​ឯងទេ ​ដែល​បាន​ទំនុកបំរុង​ ជួយ​ផ្សព្វផ្សាយ ​ចរន្ត​អ៊ីស្លាម​ជ្រុល​និយម។ អារ៉ាប៊ីសាអូឌីត ​ក៏មាន​ចំណែក​ដែរ។

ចរន្ត​ជ្រុលនិយម​អ៊ីស្លាម ជា​ការ​ទទួល​ខុសត្រូវ​រួម​ របស់​ប្រទេស​តំបន់​អារ៉ាប់

អ្នក​ខ្លះ​យល់ថា​ អារ៉ាប៊ីសាអូឌីត ​បាន​អូសទាញ​ប្រទេស​ក្នុង​តំបន់​ផ្សេង​ទៀត ​ឲ្យ​ធ្វើ​សង្រ្គាម​ការទូត​ ជាមួយ​កាតា ​ក៏​ដោយសារ​តែ​អារ៉ាប៊ីសាអូឌីត ​ច្រណែន​នឹង​ភាព​មានបាន​ ភាព​ល្បីល្បាញ​របស់​កាតា ​នៅ​លើ​ឆាក​អន្តរជាតិ។ ហេតុផល​នេះ​ ក៏​វា​បាន​គួប​ផ្សំ ​ជាមួយ​ទំនោរ​របស់​កាតា ​ដែល​ចេះ​តែ​ខិត​ទៅជិត​​អ៊ីរ៉ង់ ​ដែល​ធ្វើ​ឲ្យ​អារ៉ាប៊ីសាអូឌីត ​ក្តៅ​ក្រហាយ។

ទោះ​មាន​ហេតុផល​ចាក់ស្រែស​យ៉ាង​ណា ក៏​​ប៉ុន្តែ​មាន​ហេតុផល​ធំ​មួយ ​ដែល​ជា​ស្នូល​នោះ ​គឺ​ចរន្ត​ផ្សព្វផ្សាយ​ទ្រឹស្តី​សាសនា​អ៊ីស្លាម ​ក្នុង​ពិភព​អារ៉ាប់។​ អារ៉ាប៊ីសាអូឌីត ​តាំងខ្លួន​ ជា​កំពូល​ប្រទេស ​ដែល​ផ្សព្វផ្សាយ​ទ្រឹស្តី​អ៊ីស្លាម​គំរូ។ ក៏​ប៉ុន្តែ​ទន្ទឹម​គ្នា​នោះ ​ពិភពលោក ​កំពុង​តែ​ឆ្លងកាត់​វិបត្តិ​យ៉ាង​ធ្ងន់ធ្ងរ​ ជាមួយ​នឹង​សង្រ្គាម​ក្នុង​ពិភព​អារ៉ាប់​ នៅ​ស៊ីរី​ នៅ​អ៊ីរ៉ាក់ ​នៅ​យេម៉ែន ​ដែល​សុទ្ធ​តែ​​ជា​សង្រ្គាម​រវាង​និកាយ​អ៊ីស្លាម​ខុសគ្នា។ ចរន្ត​ភេរវកម្ម​ជីហាត​អ៊ីស្លាម ​បាន​រីក​សាយ​ភាព​ អូសទាញ​យុវជន​មក​ពីគ្រប់​ទិសទី ​ដែល​បាន​គំរាម​កំហែង ​ដល់​សន្តិសុខ​ពិភពលោក។

នេះ​គឺជា​ការ​ទទួល​ខុសត្រូវ​រួម ​របស់​ប្រទេស​អ៊ីស្លាម​ធំៗ ​ដែល​សុទ្ធ​តែ​បាន​តាំង​ខ្លួន​ ជា​មេ​ផ្សព្វផ្សាយ​សាសនា​អ៊ីស្លាម​ មិន​ថា​កាតា ​ឬ​អារ៉ាប៊ីសាអូឌីត។ ដល់ពេល​ហើយ ​ដែល​ប្រទេស​អ៊ីស្លាម​ទាំង​នោះ ​ត្រូវ​ផ្សព្វផ្សាយ​សារ ​សន្តិភាព​និយម ​បញ្ចប់​ការ​សងសឹក ​និង​រើសអើង​ ស្អប់​ខ្ពើម​គ្នា​ទៅវិញ​ទៅមក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI