អតីតនាយករដ្ឋមន្រ្តីអ៊ីស្រាអែល ជាប់គុក១៨ខែពីបទស៊ីសំណូក
តុលាការកំពូលអ៊ីស្រាអែល បានសម្រេចផ្តន្ទាទោស លោក អេហ៊ូដ អុលមែរ អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ឲ្យជាប់ពន្ធនាគាររយៈពេល ១៨ខែ ពីបទទទួលសំណូកសូកប៉ាន់ ក្នុងករណីគម្រោងសាងសង់អាគារអចលនទ្រព្យដ៏ធំមួយ នៅទីក្រុងហ្សេរូសាឡឹម។ នេះជាលើកទីមួយហើយនៅអ៊ីស្រាអែល ដែលអតីតមេដឹកនាំប្រទេសម្នាក់ ត្រូវបានកាត់ទោសដោយតុលាការពីបទបានប្រព្រឹត្តិអំពើពុករលួយ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
លោក អេហ៊ូដ អុលមែរ ក្នុងវ័យ៦៩ឆ្នាំ ក្នុងសំលៀកបំពាក់យ៉ាងហឺហា តម្លៃថ្លៃកប់ពពក បានចេញពីតុលាការ ក្នុងទឹកមុខញញឹម ដោយសារតុលាការកំពូលអ៊ីស្រាអែល បានកាត់បន្ថយទោសរបស់លោក មកត្រឹមតែ១៨ខែ។ កាលពីមុនតុលាការដំបូងអ៊ីស្រាអែល បានផ្តន្ទាទោសលោកអតីនាយករដ្ឋមន្ត្រីរូបនេះ ឲ្យជាប់គុក ៦ឆ្នាំ ដោយឈរលើបទចោទប្រកាន់ពីរ។
បទចោទប្រកាន់ទាំងពីរនេះ គឺសុទ្ធសឹងតែជាករណីទទួលប្រាក់សំណូកក្រោមតុ ដែលទីមួយមានទឹកប្រាក់ចំនួន ៥សែនស្ហែគែល គឺស្មើនឹងជាង១១ម៉ឺនអឺរ៉ូ និងទីពីរ មានទឹកប្រាក់ចំនួន ៦ម៉ឺនស្ហែគែល ស្មើនឹងជាង១៤០០០អឺរ៉ូ។ បទចោទប្រកាន់ទាំងពីរនេះ គឺទាក់ទិននឹងករណីស៊ីសំណូក ក្នុងការសុំច្បាប់អនុញ្ញាតសាងសង់អាគារអចនទ្រព្យដ៏ធំមួយ នៅក្រុងហ្សេរូសាឡឹម កាលពីចុងទសវត្សទី៩០ ដែលកាលនោះ លោកអេហ៊ូដ អុលមែរ ធ្វើជាអភិបាលក្រុងនេះ។
តុលាការកំពូលបានច្រានចោលបទចោទប្រកាន់ទីមួយ ហើយបានរក្សាទុកតែបទចោទប្រកាន់ទីពីរ ដែលធ្វើឲ្យទោសជាប់ពន្ធនាគារ នៅសល់ត្រឹមតែ១៨ខែប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ នេះជាលើកទីមួយហើយ ដែលអតីតមេដឹកនាំម្នាក់ ត្រូវបានតុលាការផ្តន្ទាទោសឲ្យជាប់គុក ស្តីពីបទពុករលួយ នៅអ៊ីស្រាអែល។ លោក អេហ៊ូដ អុលមែរ នឹងត្រូវប្រគល់ខ្លួន ដើរចូលគុកនៅថ្ងៃទី១៥ ខែ កុម្ភៈ ខាងមុខនេះហើយ។
សូមបញ្ជាក់ថា លោក អេហ៊ូដ អុលមែរ ធ្លាប់ធ្វើជាអភិបាលក្រុងហ្សេរូសាឡឹម មុននឹងក្លាយជានាយករដ្ឋមន្ត្រីនៅរវាងឆ្នាំ២០០៦ ដល់ឆ្នាំ២០០៩។ នៅឆ្នាំ២០១០ សំណុំរឿងពុករលួយនេះ ត្រូវបានបញ្ជូនទៅដល់តុលាការ ដោយក្នុងនោះមានមនុស្ស១៥នាក់ ដែលជាប់ពាក់ព័ន្ធ។ ថៅកែក្រុមហ៊ុនសំណង់ដ៏ធំ ជនជាតិអអាមេរិកម្នាក់ ត្រូវបានគេសង្ស័យថា បានចាយលុយក្រោមតុ រាប់សែនដុល្លារ ដើម្បីបានច្បាប់សាងសង់អាគារផ្ទះធំៗ នៅក្រុងហ្សេរូសាឡឹម។ រឿងអាស្រូវនេះ បានបង្ខំឲ្យលោក អេហ៊ូដ អុលមែរ បោះបង់ចោលបេក្ខភាពឈរឈ្មោះបោះឆ្នោតជានាយករដ្ឋមន្ត្រីអាណត្តិទីពីរ។ លោក អេហ៊ូដ អុលមែរនេះ ត្រូវបានគេស្គាល់ថាជាមនុស្សចូលចិត្តសប្បាយហឺហា ប្រើប្រាស់របស់ថ្លៃៗ ជក់ស៊ីហ្គា និងជប់លៀងផឹកស៊ី ចំនាយប្រាក់ដ៏សន្ធឹកសន្ធាប់។ បើទោះជាលោក ប្រកែកថាមិនដែលបានធ្លាប់ទទួលសំណូក ក៏គ្មាននរណាជឿដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ