តួកគី-ភេរវកម្ម

ក្រោយ​ភេវកម្ម​ នគរបាល​តួកគី​ចុះ​រាវ​ចាប់​បណ្តាញ​ក្រុម​ជីហាត​ពេញ​ប្រទេស

សន្តិសុខ​យាមការពារ​នៅជុំវិញ​វិហារ​ Sultanahmet mosque វិហារបូរាណ​ដែល​សំបូរទេសចរណ៍ និង​ជា​​កន្លែង​កើត​ហេតុ​ភេរវកម្ម
សន្តិសុខ​យាមការពារ​នៅជុំវិញ​វិហារ​ Sultanahmet mosque វិហារបូរាណ​ដែល​សំបូរទេសចរណ៍ និង​ជា​​កន្លែង​កើត​ហេតុ​ភេរវកម្ម REUTERS/Kamal Aslan

ថ្ងៃអង្គារ​ទី ​១២​ មករា​ ​ប្រទេស​តួកគី​បាន​ទទួល​រង​អំពើ​ភេរវកម្ម​មួយ​ទៀត ​ដែល​តាម​ការ​សង្ស័យ​ គឺ​ជាស្នាដៃ​របស់​ក្រុម​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម។ ភេរវកម្ម​អត្តឃាត ​ដែល​បាន​ធ្វើឡើង​នៅ​កណ្តាល​ក្រុង​អ៊ីស្តង់ប៊ូល ​ចំនុច​គោលដៅ​ទេសចរណ៍ ​បាន​សម្លាប់​មនុស្ស​យ៉ាងហោច​ណាស់​១០​នាក់​ ដែល​ក្នុង​នោះ ​មាន​៨នាក់​ជា​អ្នក​ទេសចរណ៍​អាល្លឺម៉ង់។ នគរបាល​តួកគី ​ បាន​ចេញ​ប្រតិបត្តិការ​បោស​សម្អាត​ បណ្តាញ​ភេរវកម្ម​ជីហាត ​ដោយ​បាន​ចាប់​ខ្លួន​មនុស្ស​ជាច្រើន​នាក់ ​ ក៏​ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ដឹង​ថា ​មនុស្ស​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ មាន​ជាប់​ពាក់ព័ន្ធ​នឹង​ភេរវកម្ម​ថ្មី​នេះ​ដែរ​រឺ​ទេ។

ផ្សាយពាណិជ្ជកម្ម

អ្នក​ស្លាប់​១០នាក់​ មាន​៨នាក់​ជា​ជនជាតិ​អាល្លឺម៉ង់៖

បីខែ​បន្ទាប់​ពី​មាន​ភេរវកម្ម​អត្តឃាត​នៅ​កណ្តាល​ក្រុង​អង់ការ៉ា ​ដែល​បាន​សម្លាប់​មនុស្ស​អស់​១០៣​នាក់​ ថ្ងៃ​អង្គារ​ទី ១២​ មករា​ ភេរវកម្ម​ថ្មី​មួយ​ទៀត​បាន​កើត​ឡើង​កណ្តាល​ក្រុង​អ៊ីស្តង់ប៊ូល​ម្តង ​ ដែល​ជា​ទីក្រុង​ទេសចរណ៍​ដ៏​សំខាន់​របស់​តួកគី។ ជន​រងគ្រោះ​ស្លាប់​១០​នាក់ ​ដែល​ក្នុង​នោះ​៨​នាក់​ ជា​ជនជាតិ​អាល្លឺម៉ង់។ ហើយ​ក្នុង​ចំណោម​អ្នក​រងរបួស​១៥​នាក់ ​ក៏​មាន​ជនជាតិ​អាល្លឺម៉ង់​៩នាក់​ផងដែរ។ នៅ​ថ្ងៃពុធ​នេះ ​ លោក​រដ្ឋមន្ត្រី​ក្រសួ​ងមហាផ្ទៃ​អាល្លឺម៉ង់​ បាន​អញ្ជើញ​ទៅ​ដល់​ទីក្រុង​អ៊ីស្តង់ប៊ូល​ផ្ទាល់​ផងដែរ​​ ដើម្បី​ពិនិត្យ​ស្ថានការណ៍។

យោង​តាម​ការ​សន្និដ្ឋាន​បឋម ​ភេរវកម្ម​អត្តឃាត​នេះ ​ជា​ស្នាដែ​របស់​បណ្តាញ​ភេរវកម្ម​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម។ នគរបាល​តួកគី​ បាន​វែកមុខ​ដឹង​ពី​អត្តសញ្ញាណ ​របស់​ជន​ដៃដល់​ ដែល​បាន​យក​គ្រាប់បែក​ចង​បំផ្ទុះ​ជាប់​នឹង​ខ្លួន​ នៅ​ក្នុង​កណ្តាល​ចំណោម​ក្រុម​អ្នក​ទេសចរណ៍។ ជន​ដៃដល់ ​មាន​សញ្ជាតិ​ស៊ីរី ​តែ​មាន​កំណើត​នៅ​អារ៉ាប៊ីសាអូឌីត​ ក្នុង​ឆ្នាំ​១៩៨៨។ ភេរវជន​ គឺជា​កូនចៅ​របស់​ក្រុម​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម។

ដាក់​មួយ​សំណាញ់ ​ចាប់​បាន​៦៥​នាក់ ​និង​ជនជាតិ​រុស្ស៊ី​៣​នាក់៖
ការ​វាយ​ប្រហារ​របៀប​នេះ ​ត្រូវ​បាន​គេ​យល់​ថា ​ជា​ការ​ចង់​សំដៅ​ព្រមាន​តួកគី​ផង ​និង​អាល្លឺម៉ង់​ផង​ ដែល​កំពុង​តែ​ចូលរួម​ធ្វើ​សង្រ្គាម​កម្ទេច​ក្រុម​ជីហាត​នេះ​នៅ​ស៊ីរី។ គ្រាន់តែ​មាន​ហេតុការណ៍​ភេរវកម្ម​នេះ​ភ្លាម​ តួកគី​បាន​បន្ថែម​ប្រតិបត្តិការ​តាម​កម្ចាត់​បណ្តាញ​ភេរវកម្ម​ជីហាត ​ដែល​មាន​នៅ​ពាសពេញ​តួកគី។ គ្រាន់តែ​ថ្ងៃ​អង្គារ​ នគរបាល​ប្រឆាំង​ភេរវកម្ម​តួកគី​ បាន​ចាប់​បាន​មនុស្ស​៦៥​នាក់​ នៅ​តាម​បណ្តា​ទីក្រុង​ផ្សេងៗ​គ្នា ដែ​លគេ​សង្ស័យ​ថា​ជា​បណ្តាញ​ក្រុម​ជីហាត។ ហើយនៅ​ថ្ងៃពុធ​នេះ ​ ជនជាតិ​រុស្ស៊ី​៣នាក់​ទៀត​ ត្រូវ​បាន​ចាប់​ខ្លួន​ នៅ​ទីក្រុង​អង់តាលីយ៉ា ​ភាគ​ខាង​ត្បូង​ក្បែរ​ព្រំដែន​រវាង​តួកគី​ និង​ស៊ីរី។ វត្ថុតាង ​និង​ឯកសារ​ជា​ច្រើន​ ត្រូវ​បាន​រឹបអូស​ ដែល​សំអាង​ថា​ជនជាតិ​រុស្ស៊ី​ទាំងបី​នាក់​នេះ ​ពិត​ជា​កូនចៅ​របស់​បណ្តាញ​ក្រុម​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម។ ក្រសួង​ការបរទេស​រុស្ស៊ី ​ក៏​បាន​បញ្ជាក់​ផងដែរ​អំពី​ការ​ចាប់ខ្លួន​នេះ។

តួកគី ភ្លឺភ្នែក៖
ទោះបីជា​យ៉ាងណា ​មក​ត្រឹម​ពេល​នេះ ​គេនៅ​មិន​ទាន់​ដឹង​ថា ​ក្នុង​ចំណោម​មនុស្ស​ដែល​ទើបតែ​ត្រូវ​បាន​ចាប់​ខ្លួន​ទាំងនេះ ​ មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង ​ភេរវកម្ម​កាល​ពី​ម្សិលមិញ​នោះ​ទេ។ សូម​រំលឹក​ថា ​តួកគី​កន្លង​មក​ ហេតុតែ​ចង់​ឃើញ​របប​ស៊ីរី ​របស់​បាស្ហា អាល់អាសាដ​រលំ ​សុខចិត្ត​បិទភ្នែក​ខ្ទប់​ត្រចៀក ​បើក​ផ្លូវ​ចេញ​ចូល​ឲ្យ​ក្រុម​ជីហាត​អ៊ីស្លាម​ឆ្លងកាត់​ សំងំ​ធ្វើ​សំបុក​ភ្ញាស់កូន​ពេញ​ដែនដី​តួកគី។ ប៉ុន្តែ​ពេល​នេះ ​តួកគី​ហាក់​កំពុង​តែ​ភ្ញាក់ខ្លួន​ ហើយ​សន្យា​ថា​នឹង​កម្ចាត់​បណ្តាញ​ភេរវកម្ម​ជីហាត​នេះ ​ឲ្យ​ខាង​តែបាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI