តួកគី-អ៊ីស្រាអែល

លោក​អ៊ែកដូហ្កាន់​ ថា តួកគី​ត្រូវការ​អ៊ីស្រាអែល

លោក អ៊ែកដូួហ្កាន់  ប្រធានាធិបតីតួកគី ពេល​ថ្លៃង​សន្ទរកថា
លោក អ៊ែកដូួហ្កាន់ ប្រធានាធិបតីតួកគី ពេល​ថ្លៃង​សន្ទរកថា REUTERS/Umit Bektas

ថ្ងៃសៅរ៍ទី ​២ ​មករា​ ​លោក​អ៊ែកដូហ្កាន់ ​ប្រធានាធិបតី​តួកគី ​ បាន​ប្រកាស​ក្តែងក្តែង​ថា ​ តួកគី​ត្រូវការ​អ៊ីស្រាអែល ​ហើយ​អ៊ីស្រាអែល​ក៏​ត្រូវការ​តួកគី​ដែរ។ នេះ​ជា​សម្តី​មួយ​ដែល​ បង្ហាញ​ពី​ចេតនា​ ជានា​ជាមួយ​នឹង​អ៊ីស្រាអែល​វិញ ​បន្ទាប់​ពី​ប្រទេស​ទាំងពីរ​មើល​មុខ​គ្នា​លែង​ត្រង់ ​ចាប់​តាំង​ពី​ឆ្នាំ​២០១០​មក។ កាយ​វិការ​ចង់​ខិត​ទៅ​អែប​ជាមួយ​អ៊ីស្រាអែល ​ ក៏​ជា​លទ្ធផល​នៃ​កម្តៅ​នយោបាយ​ការបរទេស ​រវាង​តួកគី​ និង​រុស្ស៊ីនា​ពេល​ថ្មីៗ​នេះ​ដែរ។

ផ្សាយពាណិជ្ជកម្ម

“អ៊ីស្រាអែល​ត្រូវការ​ប្រទេស​ដូចជា​តួកគី ​នៅ​ក្នុង​តំបន់ ​ហើយ​យើង​ក៏​ត្រូវ​ទទួល​ស្គាល់​ដែរ​ថា ​ការពិត​ជាក់ស្តែង​ យើង​ក៏​ត្រូវការ​អ៊ីស្រាអែល​វិញ​ដែរ”។ ​នេះគឺ​ជា​ប្រសាសន៍ ​របស់​លោក ​អ៊ែកដូហ្កាន់ ​ប្រធានាធិបតី​តួកគី។ សម្តី​នេះ ​ត្រូវ​បាន​កាសែត​តួកគី ​និង​អ៊ីស្រាអ៊ែល ​យក​ទៅ​ចុះ​ផ្សាយ​វិភាគ​ព្រោងព្រាត ​កាល​ពី​ថ្ងៃ​សៅរ៍​ទី ២​ មករា។ លោក​ប្រធានាធិបតី​តួកគី​ ឆ្លៀត​បញ្ជាក់​ទៀត​ថា ​បើ​សិន​ជា​ទាំង​សងខាង​ព្រម​អនុវត្ត​វិធានការ​រួមគ្នា ​ដោយ​ស្មោះអស់​ពី​ចិត្ត​ នោះ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ នឹង​ប្រសើរ​ឡើង។

 
ការ​ប្រកាស​ក្តែងៗ​ បង្ហាញ​ពី​ចេតនា​ខិត​ចូល​ទៅ​អែប​ជាមួយ​អ៊ីស្រាអែល​បែបនេះ ​ ត្រូវ​បាន​អ្នក​វិភាគ​យល់​ឃើញ​ថា ​ ក៏​ដោយសារ​តែ​តួកគី​ចង់​បាន​បង្អែក​ថ្មី​ដែល​រឹងមាំ ​ក្រោយ​ពេល​ដែល​ខ្លួន​ នឹង​រុស្ស៊ី​មើល​មុខ​គ្នា​លែង​ត្រង់។ តួកគី​ចង់​បាន​បង្អែក​ថ្មី ​ដើម្បី​កុំ​ឲ្យ​រុស្ស៊ី​គិត​ថា ​អស់​ពី​រុស្ស៊ី​ទៅ ​ពាណិជ្ជកម្ម​ និង​វិស័យ​ថាមពល​ហ្គាស​របស់​តួកគី ​នឹង​ត្រូវ​ដាច់ខ្យល់។

គួររំលឹក​ដែរ​ថា ​ពីមុន​មក​ តួកគី​ ​គឺ​ជា​ប្រទេស​តែមួយ​គត់​ក្នុង​តំបន់ ​ ដែល​ត្រូវ​បាន​អ៊ីស្រាអែល​ចាត់​ទុក​ថា​ជា​មិត្ត​ ដោយសារ​តែ​តួកគី​ជា​ប្រទេស​សមាជិក​របស់​អូតង់។ ក៏​ប៉ុន្តែ​ហេតុការណ៍​នៅ​ឆ្នាំ​២០១០ ​បាន​ធ្វើឲ្យ​ប្រទេស​ទាំង​ពីរ​ឈ្លោះ​ប្រកែក ​មើល​មុខ​គ្នា​លែង​ត្រង់។ កាល​នោះ ​កងទ័ព​អ៊ីស្រាអែល ​បាន​ធ្វើការ​បាញ់​កម្ទេច​នាវា​តួកគី​ជា​ច្រើន​គ្រឿង ​ដែល​កំពុង​ធ្វើ​ដំណើរ​សំដៅ​ទៅ​តំបន់​ហ្កាហ្សា ​ដោយ​ច្រឡំ​ថា​តួកគី​បញ្ជូន​អាវុធ​ទៅ​ជួយ​ក្រុម​ហាម៉ាស។ ក្រោយមក ​នៅ​ឆ្នាំ​២០១៣​ ដោយ​មាន​អន្តរាគមន៍​ពី​ប្រធានាធិបតី​អូបាម៉ា ​អ៊ីស្រាអែ​ល ​បាន​ធ្វើការ​សុំទោស​ទៅ​តួកគី​ ក៏​ប៉ុន្តែ​ដំណើរការ​ផ្សះផ្សារ​គ្នា ​មិន​បាន​ធ្វើឡើង​ជា​ស្ថាពរ​ទេ ​ ដោយ​ប្រទេស​ទាំងពីរ​បន្ត​ផ្តាច់​ទំនាក់ទំនង​ការទូត​រវាង​គ្នា​ដដែល។

កាលពី​ខែ​ ធ្នូ​កន្លង​ទៅ​នេះ ​ មាន​ការ​ចរចា​ជា​សម្ងាត់​មួយ ​ ធ្វើឡើង​នៅ​ប្រទេស​ស្វីស ​ ដើម្បី​រក​ផ្លូវ​ជានា​គ្នា​ឡើងវិញ។ ខាង​អ៊ីស្រាអែល ​បាន​អះអាង​ថា ​តួកគី​និង​រដ្ឋាភិបាល​គេ ​បាន​ព្រម​ព្រៀង​គ្នា​លើ​ចំណុច​ជាច្រើន  ​ដូចជា​ការ​សង​សំណង​ខូចខាត​ដល់ ​នាវា​តួកគី​ដែល​រង​ការ​បាញ់​កម្ទេច​កាល​ពី​ឆ្នាំ​២០១០ ​ ការ​បើក​ស្ថានទូត​ឡើង​វិញ​ ព្រម​ទាំង​តួកគី​សុខចិត្ត​បោះបង់​ចោល​បណ្តឹង​នៅ​តុលាការ ​ និង​ចុងក្រោយ ​តួកគី​ត្រូវ​ហាម​មិន​ឲ្យ​មេដឹកនាំ​ហាម៉ាស ​ឈ្មោះ ​សាឡាស ​អាល់ អារូរី ​ចូល​ទឹកដី​ទួកគី។

ចំណែក​ខាង​តួកគី​វិញ ​បាន​អះអាង​ថា ​ឆ្លង​កាត់​ការ​ចរចា​កន្លង​មក ​អ៊ីស្រាអែល ​សុខចិត្ត​ឲ្យ​តួកគី​ នាំចូល​ផលិតផល​ខ្លួន ​ដូច​ជា​ឧបករណ៍​សម្ភារៈ​សំណង់​ជាដើម​ ចូល​ទៅ​តំបន់​ហ្កាហ្សា។ តែ​យ៉ាង​ណាក៏​ដោយ ​លោក​ប្រធានាធិបតី​តួកគី ​បាន​បញ្ជាក់​ថា ​អ្វីៗ​ត្រូវ​រងចាំ ​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​ជា​លាយលក្ខណ៍​អក្សរ​ ព្រោះ​ពេល​នេះ ​វា​ស្ថិត​នៅ​ក្នុង​តំណាក់​កាល​ចរចា​តែ​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI