អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

យេមែន៖ ការចរចាសន្តិភាព ជោគជ័យរឺមិនជោគជ័យ

សំឡេង ០៤:១៤
រដ្ឋធានីសាណា ប្រទេសយេមែន បាក់ស្រុត​ដោយសារ​គ្រាប់​បែក​និងភេវកម្ម​ផ្ទួនៗ
រដ្ឋធានីសាណា ប្រទេសយេមែន បាក់ស្រុត​ដោយសារ​គ្រាប់​បែក​និងភេវកម្ម​ផ្ទួនៗ REUTERS/Khaled Abdullah
ដោយ៖ ម៉ម ពិសី
៣១ នាទី

សង្រ្គាម​នៅ​យេមែន ​មិន​សូវ​ជា​មាន​លក្ខណៈ ​ខុស​ពី​សង្រ្គាម​នៅ​ស៊ីរី​ប៉ុន្មាន​ទេ។ ក៏​ប៉ុន្តែ​សង្រ្គាម​នេះ ​ហាក់ពុំសូវ​មាន​នរណា​អើរពើរ​យក​ចិត្ត​ទុក​ដាក់ ​ដោះស្រាយ​ រឺ​ក៏​ដឹង​ឮ​ទេ​ ​ក្រៅតែ​ពី​អារ៉ាប៊ីសាអូឌីត ​ដែល​បាន​ខិតខំ​ខ្នះខ្នែង​ យក​យន្តហោះ​ទៅ​ធ្វើ​អន្តរាគមន៍​​ទម្លាក់​គ្រាប់បែក​សម្លាប់​ប្រជាជន​ស្លូតត្រង់​រាប់ពាន់​នាក់។ ការ​ដាក់​អាវុធ​​បណ្តោះ​អាសន្ន​បាន​ចូល​ជា​ធរមាន ​ជិត​១០​ថ្ងៃ​មក​ហើយ​ តែ​ការ​បាញ់​បោះ​នៅ​តែ​បន្ត​មាន​រប៉េះរប៉ោះ។ យ៉ាងណាក៏​ដោយ ​គេ​សង្ឃឹម​ថា ​កិច្ច​ចរចា​សន្តិភាព​ដែល​កំពុង​ប្រព្រឹត្តិ​ធ្វើ​ឡើង​នៅ​ ក្នុងប្រទេស​កូវ៉េត ​ នឹង​អាច​នាំ​ជោគជ័យ ​ដោយ​តំរូវ​ឲ្យ​ភាគី​ជម្លោះ​យេមែន ​ចាប់ដៃ​គ្នា​បញ្ចប់​សង្រ្គាម​នេះ។

ផ្សាយពាណិជ្ជកម្ម

 

មិន​ខុស​ពី​ជម្លោះ​ដ៏ទៃ​ក្នុង​តំបន់​ដើមបូព៌ា ​ សង្រ្គាម​នៅ​យេមែន ​ ដែល​បាន​អូស​បន្លាយ​ជិត​ពីរ​ឆ្នាំ​មក​នេះ ​គឺ​ជា​ជម្លោះ​និកាយ​សាសនា​អ៊ីស្លាម​ទាំងពីរ​ ស៊ុនីត ​និង​ឈីអ៊ីត។ រដ្ឋាភិបាល​យេមែន​ ដឹកនាំ​ដោយ​លោក ​ម៉ាន់សួរ ហាឌី ​គឺ​ជា​ក្រុម​និកាយ​ស៊ុនីត ​ដែល​មាន​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ពី​អារ៉ាប៊ីសាអូឌីត។ ក្រុម​ឧទ្ទាម​ហ៊ូទី ​ដែល​ត្រូវ​រដ្ឋាភិបាល​លោក​ហាឌី​ចោទ​ថា​ជា​ក្រុម​ភេរវកម្ម​នោះ ​តាម​ពិត​គឺ​ជា​សហគម​ជនជាតិ​យេមែន​ ដែល​កាន់​និកាយ​ឈីអ៊ីត។ ក្រុម​ហ៊ូទី​នេះ ​ មាន​អ៊ីរ៉ង់​ជា​បង្អែក ​ទាំង​ទ្រឹស្តី​យុទ្ធសាស្ត្រ ​ទាំង​ហិរញ្ញវត្ថុ​ ក្នុង​ការ​តស៊ូ​រើ​បំរាស់ ​ ទៅ​នឹង​នយោបាយ​លំអៀង ​របស់​រដ្ឋាភិបាល​ស៊ុនីត។

ខែ​កញ្ញា ​ឆ្នាំ​២០១៤ ​ក្រុម​ហ៊ូទី ​ដោយ​មាន​ការ​សហការ​ពី​កង​កម្លាំង​ដែល​ស្មោះ ​ជាមួយ​អតីត​ប្រធានាធិបតី​​ អាលី អាប់ដាឡា ​សាលេស ​បាន​វាយ​បណ្តេញ​រដ្ឋាភិបាល​លោក​ហាឌី​ ឲ្យ​រត់​ផះ​ក្រញ៉ាំ​ចេញ​ពី​រដ្ឋធានី​សាណា។ រឿងរ៉ាវ​មិន​បាន​ចប់​ត្រឹម​នេះ​ទេ ​ ព្រោះអ្វីៗ​បាន​ផ្លាស់ប្តូរ​ទាំង​ស្រុង ​ បន្ទាប់​អារ៉ាប៊ីសាអូឌីត ​ បាន​ប្រមែរ​ប្រមូល​ដឹកនាំ​ប្រទេស​អារ៉ាប់​ស៊ុនីត​មួយ​ចំនួន ​ ឲ្យ​ចូលរួម​ដើម្បី​ធ្វើ​អន្តរាគមន៍​យោធា​នៅ​យេមែន។ សង្គ្រាម​រវាង​រដ្ឋាភិបាល​យេមែន​និង​ក្រុម​ហ៊ូទី ​បាន​ក្លាយ​ជា​សង្រ្គាម​រវាង​អារ៉ាប៊ីសាអ៊ូឌីត​ និង​ក្រុមហ៊ូទី។

អន្តរាគមន៍​របស់​អារ៉ាប៊ីសាអូឌីត​ ទោះ​ស្របរឺ​មិន​ស្របច្បាប់ ​មិនដែល​មាន​នរណា​ពិចារណា៖
ដោយសារ​តែម្នាក់ៗ​ រវល់​ចាប់​អារម្មណ៍​នឹង​សង្រ្គាម​រ៉ាំរ៉ៃ​នៅ​ស៊ីរី ​ ធ្វើ​ឲ្យ​គេ​ភ្លេច​ថា ​អារ៉ាប៊ីសាអូឌីត ​បាន​ទម្លាក់​គ្រាប់បែក​យ៉ាង​ដំណំ​ដើម្បី​កម្ទេច​ក្រុម​ហ៊ូទី។ ប៉ុន្តែ​ការ​ទម្លាក់​របស់​អារ៉ាប៊ីសាអូឌីត​ ធ្វើឡើង​ដោយ​គ្មាន​យុទ្ធសាស្ត្រ​អ្វី​ទាំងអស់​ ​ ពោល​គឺ​ទម្លាក់​ទាំង​នៅ​តាម​ទីប្រជុំ​ជន ​ដែល​មាន​សុទ្ធតែ​ផ្ទះ​ប្រជាជន​ស្លូតត្រង់។ យោង​តាម​តួលេខ​ផ្លូវការ​ មាន​មនុស្ស​ស្លាប់​៦៤០០​នាក់ ​ដែល​ក្នុង​នោះ​ជាង​ពាក់​កណ្តាល​គឺ​ជា​ប្រជាជន​សាមញ្ញ ​ហើយ​អ្នក​របួស​គឺ​ជាង​៣សែន​នាក់។ ក្រៅពី​នេះ ​ប្រជាជន​ជិត​៣​លាន​នាក់ ​ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​ចំណាក​ស្រុក ​ដើម្បី​គេច​ចេញ​ពី​ការ​ទម្លាក់​គ្រាប់​ឥត​ប្រណី​ របស់​សម្ព័ន្ធ​មិត្ត​អារ៉ាប់។ យោង​តាម​តួលេខ​របស់​អង្គការ​សហប្រជាជាតិ ​ប្រជាជន​៨០%​ទូទាំង​យេមែន ​ ត្រូវការ​ជំនួយ​មនុស្សធម៌​ជា​បន្ទាន់។

ដើរ​មក​ដល់​ដំណាក់​កាល​នេះ ​ ការ​ចរចា​សន្តិភាព​ ​គឺ​ជា​ជម្រើស​តែមួយ​គត់​ ដែល​ល្អ​ប្រសើរ​ សម្រាប់​ភាគី​ទាំងអស់​ ព្រោះទាំង​ក្រុម​ឧទ្ទាម​ហ៊ូទី ​ទាំង​អារ៉ាប៊ីសាអូឌីត ​ ម្នាក់ៗ​​ហាក់​សំដែង​ការ​នឿយណាយ ​នឹង​សង្រ្គាម​ដែល​គ្មាន​ទី​បញ្ចប់​នេះ។ លោក​ អ៊ីស្មាអ៊ីល អ៊ូល ឆេកអាម៉េដ ​អាជ្ញាកណ្តាល​តែង​តាំង​ដោយ​អង្គការ​សហ​ប្រជា​ជាតិ ​បាន​សម្តែង​សុទិដ្ឋិនិយម​ ថា​ការ​ចរចា​សន្តិភាព​ ដែល​កំពុងតែ​ធ្វើ​ឡើង​នៅ​ប្រទេស​គូវ៉េត​នា​ពេល​នេះ ​គឺ​ជា​ចំណុច​ចាប់​ផ្តើម​ដ៏​ប្រសើរ។

អនុវត្ត​សេចក្តី​សម្រេចចិត្ត​លេខ២២១៦​របស់​អង្គការ​សហប្រជាជាតិ៖
សូម​បញ្ជាក់​ថា ​អង្គការ​សហប្រជាជាតិ ​បាន​ចេញ​សេចក្តី​សម្រេច​ចិត្ត​មួយ​លេខ​ ២២១៦ ​ ដោយ​បាន​កំណត់​តម្រូវ​ឲ្យ ​ក្រុម​ឧទ្ទាម​ធ្វើការ​ដកខ្លួន​ចេញ​ពី​តំបន់​ដែល​ខ្លួន​បាន​ដណ្តើម​បាន​ រួម​ទាំង​រដ្ឋធានី​សាណា​ផងដែរ។ ក្រៅពី​ការ​ដកខ្លួន​ ក្រុម​ឧទ្ទាម​ត្រូវតែ​ធ្វើការ​ប្រគល់​អាវុធ​ធន​ធ្ងន់ៗ ​មក​ឲ្យ​អាជ្ញាធរ​យេមែន ​ ហើយ​បន្ទាប់​មក​ទើប​ចាប់​ផ្តើម ​រក​ដំណោះស្រាយ​នយោបាយ​ដោយ​សន្តិវិធី។

យោង​តាម​អ្នក​នាំពាក្យ​អង្គការ​សហប្រជាជាតិ ​ កិច្ច​ចរចា​នៅ​ប្រទេស​គូវ៉េត​នា​ពេល​នេះ ​គឺ​ផ្តោត​សំខាន់​ទៅលើ​ការ​អនុវត្ត​សេចក្តី​សម្រេចចិត្ត​លេខ​២២១៦​នេះ។ ពោល​គឺ​គេនឹង​ពិភាក្សាគ្នា​លើ​៥​ចំណុច​ធំៗ៖
-ការ​ដកថយ​របស់​ក្រុម​ឧទ្ទាម​ចេញ​ពី​តំបន់​កាន់កាប់
-ការ​ប្រគល់​អាវុធ​ធន់ធ្ងន់​មក​ឲ្យរដ្ឋ
-ការ​សហការ​គ្នា​រក្សា​សន្តិសុខ​ទូទៅ
-ការ​ដាក់​ឲ្យ​ដំណើរការ​ឡើងវិញ​នូវ​ស្ថាប័ន ​និង​សេវា​សាធារណៈ
-ការ​ចាប់ផ្តើម​ចរចា​រក​យន្តការ​នយោបាយ ​ដើម្បី​ធ្វើការ​រួមគ្នា។
បន្ថែម​ពីនេះ ​ អង្គការ​សហប្រជាជាតិ ​នឹង​ស្នើឲ្យ​បង្កើត​គណកម្មការ​ពិសេស​មួយ ​ទទួល​បន្ទុក​ដោះស្រាយ​បញ្ហា​អ្នកទោស ​រឺ​អ្នក​ជាប់ឃុំ​ទាំង​សងខាង។
 

ក្រុមឧទ្ទាមហ៊ូទី ​ពេល​វាយ​​ដណ្តើម​​បាន​​ក្រុង​សាណា នៅ​​ខែ​កញ្ញា ​២០១៤
ក្រុមឧទ្ទាមហ៊ូទី ​ពេល​វាយ​​ដណ្តើម​​បាន​​ក្រុង​សាណា នៅ​​ខែ​កញ្ញា ​២០១៤ REUTERS/Khaled Abdullah

លក្ខខណ្ឌ​ដែល​តម្រូវឲ្យ​អនុវត្ត​ តែ​ក្រុម​ហ៊ូទី​តែម្ខាង៖
បើ​យើង​ពិនិត្យ​មើល ​លើ​ចំណុច​ដែល​គេ​មាន​គម្រោង​ពិភាក្សា​គ្នានេះ​​​ យើង​ឃើញ​ថា ​សុទ្ធតែ​ជា​កាតព្វកិច្ច​របស់​ក្រុម​ឧទ្ទាម​ហ៊ូទី។ សេចក្តី​សម្រេចចិត្ត​របស់​អង្គការ​សហប្រជាជាតិ ​លេខ​២២១៦ ​ហាក់​មាន​ខ្លឹមសារ​សង្កត់​ក​ខ្លាំង ​ទៅ​លើ​ក្រុម​ឧទ្ទាម​ហ៊ូទី។ តើ​គេ​ជឿ​ថា ​ក្រុម​ឧទ្ទាម​ហ៊ូទី ​អាច​ទទួល​យក​បាន​ទេ? ផ្ទុយទៅ​វិញ​បើក្រុម​ហ៊ូទី​ទទួល​យក​លក្ខខណ្ឌ​ទាំងអស់​នេះ​មិន​បាន ​មាន​ន័យ​ថា ​ក្រុម​ហ៊ូទី​នឹង​ដើរ​ចេញ​លែង​ចរចា​ ហើយ​បន្ត​ប្រយុទ្ធ​តទៅ​ទៀត។

សុទិដ្ឋិនិយម ​ នរណា​ក៏​ចង់​គិត​ដែរ ​ ក៏​ប៉ុន្តែ​ស្ថានភាព​ជាក់​ស្តែង​នៅ​យេមែន​ មាន​ភាព​ស្មុគស្មាញ ​ ដោយសារ​តែ​ភាគី​ទាំង​អស់​រង​ឥទ្ធិពល ​នឹង​ដើរ​តាម​ខ្សែ​ញ៉ាក់ ​របស់​មហាយក្ស​ធំៗ​នៃ​និកាស​អ៊ីស្លាម​ទាំង​ពីរ​ អ៊ីរ៉ង់ ​និង​អារ៉ាប៊ីសាអូឌីត។ មួយវិញ​ទៀត ​ក្រុម​សកម្មជន​មួយ​ភាគធំ​នៅ​ភាគ​ខាង​ត្បូង ​ទាមទារ​ចង់​ឲ្យ​តំបន់​ភាគ​ខាង​ត្បូង​ក្លាយ​ជា​ប្រទេស​ឯករាជ្យ ​ផ្តាច់ចេញ​ពី​ភាគ​ខាង​ជើង។ ក្រុម​ចលនា​នេះ ​ មិន​ព្រម​ចូល​រួម​ជាមួយ​ការ​ចរចា​ដែល​ដឹកនាំ​ដោយ​អង្គការ​សហ​ប្រជាជាតិ​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ