អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

នាយករដ្ឋមន្ត្រី​លីបង់​ មកដល់​ប៉ារីស ​តាម​ផែនការ​អន្តរាគមន៍​​របស់​​បារាំង

សំឡេង ០៥:២០
ប្រធានាធិបតីបារាំង ​និង​លោក ​Saad al-Hariri នាយករដ្ឋមន្ត្រី​លីបង់ នៅវិមាន​អេលីហ្សេ​ ថ្ងៃទី​១៨ វិច្ឆិកា​២០១៧
ប្រធានាធិបតីបារាំង ​និង​លោក ​Saad al-Hariri នាយករដ្ឋមន្ត្រី​លីបង់ នៅវិមាន​អេលីហ្សេ​ ថ្ងៃទី​១៨ វិច្ឆិកា​២០១៧ REUTERS/Gonzalo Fuentes
ដោយ៖ ម៉ម ពិសី

លោកសាដ ហារីរី នាយករដ្ឋមន្ត្រីលីបង់ ដែលបានប្រកាសលាលែងពីតំណែង និងដែលត្រូវគេសង្ស័យ ថា ត្រូវបានអារ៉ាប៊ីសាអូឌីត ចាប់បង្ឃាំងទុកនោះ ទើបតែបានមកដល់ទីក្រុងប៉ារីស នៅព្រឹកថ្ងៃសៅរ៍ទី១៨ វិច្ឆិកា​នេះ។ នេះ គឺជាអន្តរាគមន៍របស់លោកប្រធានាធិបតីបារាំង  ដើម្បីឈានទៅរកច្រកចេញ នៃ​វិបត្តិដ៏សាំញ៉ាំ រវាង លីបង់ និងអារ៉ាប៊ីសាអូឌីត។ វាក៏ជាឱកាស ដែលលោកប្រធានាធិបតីថ្មីរបស់បារាំង អាចហក់ទៅមានវត្តមាន ក្នុងកិច្ចការអន្តរជាតិ នៅតំបន់ដើម​បូព៌ាដែរ។

ផ្សាយពាណិជ្ជកម្ម

ដូចអ្វីដែលបានប្រកាសដោយថ្នាក់ដឹកនាំបារាំង  គឺលោក  សាដ ហារីរី នាយករដ្ឋមន្ត្រីលីបង់ បានធ្វើដំណើរ ចេញពីរាជធានីរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត មលដល់ទីក្រុង​ប៉ារីស នៅព្រឹកថ្ងៃសៅរ៍​ទី ១៨ វិច្ឆិកានេះ។ យន្តហោះបានចុះ នៅម៉ោងប្រមាណ៧ព្រឹក  បន្ទាប់មកទៀត លោក ហារីរី ព្រមទាំងភរិយា បានបន្តដំណើរ ទៅកាន់គេហដ្ឋានរបស់គាត់ នៅក្នុងក្រុងប៉ារីស។ បន្ទាប់មកទៀត លោកហារីរី បានជួបនិយាយគ្នា មួយទល់នឹងមួយ ជាមួយលោកអេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅឯវិមានអេលីហ្សេ មុននឹងបាយថ្ងៃត្រង់ជាមួយគ្នា។

រឿងរ៉ាវនេះ  មិនខុសពីក្នុងរឿងកុនទេ។ បើទោះបីជាគេមិននិយាយឲ្យចំ  តែនរណាក៏ដឹងដែរថា លោកសាដ ហារីរី ត្រូវបានអារ៉ាប៊ីសាអូឌីតបង្ឃាំងទុក ជាច្រើនថ្ងៃមកហើយ។​ មានសំណុំរឿងពុករលួយជាច្រើន ដែលអារ៉ាប៊ីសាអូឌីត បានយកជាថ្នូរ ដើម្បីសង្កត់លោកសាដ ហារីរី។ មុននឹងចេញដំណើរមក បើតាមប្រភពពីអ្នកកាសែត AFP បានឲ្យដឹងថា លោក សាដ ហារីរី បានជួបនិយាយគ្នា យ៉ាងយូរ ជាមួយនឹងព្រះអង្គម្ចាស់ រាជទាយាទអារ៉ាប៊ីសាអូឌិត Mohammed Ben Salman។

ត្រលប់ទៅលីបង់វិញ ថ្ងៃទី ២២ វិច្ឆិកា

នៅព្រឹកថ្ងៃទី ១៨​វិច្ឆិកា  នៅលើទំព័រTwitter របស់ប្រធានាធិបតីលីបង់ គេបានសរសេរសារថា លោក នាយករដ្ឋមន្ត្រីហារីរី បានទូរស័ព្ទទីកាន់ លោកប្រធានាធិបតីលីបង់ ភ្លាម ពេលមកដល់ ប៉ារីស។ លោក ហារីរី បានបញ្ជាក់ប្រាប់លោកប្រធានាធិបតីលីបង់ថា គាត់នឹងត្រលប់ទៅលីបង់វិញ នៅថ្ងៃពុធទី ២២ វិច្ឆិកា នេះ ឲ្យចំថ្ងៃបុណ្យឯករាជ្យជាតិលីបង់។

ដូច្នេះ នេះអាចជាដំណាក់ការបន្ទាប់  បន្ទាប់ពីចំណតនៅប៉ារីស ៣-៤ថ្ងៃ។ បើតាមការវិភាគ ផ្លូវដែលលោកសាដ ហារីរី អាចដើរគឺមានតែពីរទេ។​ ទីមួយ ពេលទៅដល់លីបង់ គឺគាត់អាចប្រកាសលាលែងចេញពីតំណែងជាផ្លូវការ ម្តងទៀត។ ក្នុងករណីនេះ លោកប្រធានាធិបតីលីបង់ អាចត្រូវបង្ខំចិត្តចុះហត្ថលេខាយល់ព្រម លើលិខិតលាលែងពីតំណែងនេះ។

ឯជំរើសទី២ គឺលោកសាដ ហារីរី អាចប្តូរចិត្ត មិនលាលែងពីតំណែងវិញ តែត្រូវចរចា ជាមួយនឹងក្រុមហេបូឡាលីបង់។ ជំរើសទី២នេះ ត្រូវបានគេជឿថាអាចជាជំរើស ល្អ ដើម្បីរកច្រកចេញ មិនឲ្យបាក់មុខរៀងៗខ្លួន ហើយក៏ជាជម្រើសល្អ សម្រាប់លីបង់ដែរ។ ក៏ប៉ុន្តែ អ្វីៗ គឺវាអាស្រ័យ ថាតើការចរចាជាមួយក្រុមហេសបូឡានេះ អាចមានលទ្ធផលឬទេ។ ហើយវាអាស្រ័យថា តើលោក សាដហារីរី​ បានទទួលការបង្គាប់បញ្ជារអ្វីខ្លះ ពីអារ៉ាប៊ីសាអូឌីត ដើម្បីយកចំណុចទាំងនោះមកដាក់លើតុចរចា ជាមួយក្រុមហេសបូឡា។

លីបង់ កំពុងត្រូវអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត ហែកដណ្តើមគ្នា

វិបត្តិលីបង់នេះ មានលក្ខណៈស្មុគស្មាញបំផុត ព្រោះថាប្រភពបញ្ហា គឺវាជាប់ពាក់ព័ន្ធ នឹងការប្រជែងអំណាច រវាងអារ៉ាប៊ីសាអូឌីត និង អ៊ីរ៉ង់ ឯណោះទៅវិញទេ។​ លីបង់ កំពុងត្រូវ​មហាយក្សអ៊ីស្លាមទាំងពីរនេះ ដណ្តើមគ្នា។ ក្រុមហេសបូឡាលីបង់ គឺជាកងប្រដាប់អាវុធ ដ៏មានឥទ្ធិពលហើយដែលទទួលការទំនុកបំរុងដោយផ្ទាល់​ពីអ៊ីរ៉ង់។ អារ៉ាប៊ីសាអូឌីត បានសង្កេតឃើញថា លោកនាយករដ្ឋមន្ត្រីលីបង់​ បានបណ្តែត​បណ្តោយ​ច្រើន​ណាស់​ ទុកឲ្យក្រុមហេសបូឡានេះ ធ្វើសកម្មភាពនានា និងប្រើឥទ្ធិពលវាទទីក្នុងតំបន់។

បើតាមអ្នកកាសែតម្នាក់ឈ្មោះ Adwan al-Ahmari បានឲ្យដឹងថា កាលពី៨ខែមុននេះ អារ៉ាប៊ីសាអូឌីត បានហៅលោក នាយករដ្ឋមន្ត្រីលីបង់ ទៅព្រមានម្តងរួចមកហើយ ដោយបានបង្ហាញភស្តុតាងជាច្រើន ស្តីពីសកម្មភាពរបស់ពួកហេសបូឡាលីបង់ នៅយេម៉ែន នៅបារ៉ែន និងកូវ៉ែតជាដើម។ ហើយអ្វីដែលធ្វើឲ្យអារ៉ាប៊ីសាអូឌីត អត់ទ្រាំលែងបាន គឺ មីស៊ីលបាលីស្ទីក ដែលបានបាញ់ចេញពីយេម៉ែន កាលពីថ្ងៃទី៤ វិច្ឆិកា សំដៅកំទេចក្រុងរីយ៉ាដ។ មីស៊ីលនោះ ត្រូវគេជឿថាជាមីស៊ីលរបស់អ៊ីរ៉ង់ ដែលបញ្ជូនទៅឲ្យក្រុមហ៊ូទី ហើយដឹកនាំការបាញ់បង្ហោះដោយ ក្រុមហេសបូឡានេះឯង។

បារាំងមកជួយសង្រ្គោះ មុខមាត់អារ៉ាប៊ីសាអូឌីត តែត្រូវអ៊ីរ៉ង់ចោទថាលំអៀង

បើនិយាយឲ្យត្រង់ទៅ អារ៉ាប៊ីសាអូឌីត បានចាត់ទុកថាលោកសាដ ហារីរី ដូចជាពស់មួយក្បាលពីរ។ ហេតុដូច្នេះហើយ បានជាគេរកវិធីដាក់សំពាធ ឲ្យទ័លច្រក។ ក៏ប៉ុន្តែអារ៉ាប៊ីសាអូឌីត បានដើរដល់ចំណុចមួយ ដែលគ្មានច្រកចេញ។ ត្រង់កន្លែងនេះហើយ​ ទើបអារ៉ាប៊ីសាអូឌីត បានសុខចិត្ត ឲ្យបារាំងធ្វើអន្តរាគមន៍ភ្លាម។ តែបើតាមប្រភពពីអ្នកជំនួញធំម្នាក់ នៅអារ៉ាប៊ីសាអូឌីត បានឲ្យដឹងថា មុននឹងចេញដំណើរពីរីយ៉ាដ  លោក សាដ ហារីរី បានចុះហត្ថលេខា ទទួលស្គាល់ ប្រាក់ជំពាក់អារ៉ាប៊ីសាអូឌីត រាប់រយលានដុល្លារ។ ដូច្នេះហើយ លោកហារីរី គ្មានជំរើសអ្វី ក្រៅតែធ្វើតាមការបង្គាប់របស់អារ៉ាប៊ីសាអូឌីត​ទេ។

សម្រាប់​ពេលនេះ បារាំង គ្រាន់តែបានរំដោះ លោកហារីរី ចេញពីអារ៉ាប៊ីសាអូឌីត។​ អន្តាគមន៍​នេះ អាចស្រោចស្រង់មុខមាត់ របស់លោកហារីរី និងអារ៉ាប៊ីសាអូឌីតមែន។ តែបញ្ហាមិនទាន់ចប់ត្រឹមនេះទេ។​ អ្វីៗ វាអាស្រ័យលើអ៊ីរ៉ង់ដែរ។ បារាំង ត្រូវតែប្រុងប្រយ័ត្ន ព្រោះអ៊ីរ៉ង់ បានចោទបារាំងបាត់ទៅហើយ ថាលំអៀងទៅខាងអារ៉ាប៊ីសាអូឌីត បន្ទាប់បីបានសម្រេចពន្យាពេលទស្សនកិច្ចរបស់លោកម៉ាក្រុង នៅអ៊ីរ៉ង់។ បារាំង ត្រូវតែរកវិធី ធ្វើយ៉ាងណា រកទំនុកចិត្តពីសងខាងឲ្យបាន បើសិនជាចង់ធ្វើអាជ្ញាកណ្តាល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ