អ៊ីស្រាអែល-អាល្លឺម៉ង់

លោកស្រីមែរគែល ជួប​លោក​ណេតាន់យ៉ាហ៊ូ នៅ​ហ្ស៊េរុយសាឡឹម បើ​ទោះ​បី​មិនសូវ​ត្រូវគ្នា

លោកស្រី Angela Merkel ខំផ្ទៀងស្តាប់សម្តីរបស់លោក​ Benjamin Netanyahu។ សារៈមន្ទីរក្រុងហ្ស៊េរុយសាឡឹម ថ្ងៃទី៤ តុលា ២០១៨
លោកស្រី Angela Merkel ខំផ្ទៀងស្តាប់សម្តីរបស់លោក​ Benjamin Netanyahu។ សារៈមន្ទីរក្រុងហ្ស៊េរុយសាឡឹម ថ្ងៃទី៤ តុលា ២០១៨ Abir Sultan/Pool via REUTERS

លោកស្រី អង់ហ្គេឡា មែរគែល អធិការបដីអាល្លឺម៉ង់ បានអញ្ជើញទៅដល់ក្រុង​ហ្ស៊េរុយសាឡឹម កាលពីល្ងាចថ្ងៃពុធទី៣ តុលា។ នៅថ្ងៃព្រហស្បតិ៍នេះ លោកស្រីត្រូវអញ្ជើញទៅកាន់ទីបូជនីយដ្ឋាន រំលឹកវិញ្ញាណក្ខន្ធជនជាតិជ្វីហ្វ ដែលស្លាប់ដោយសារអំពើ​ប្រល័យពូជសាសន៍ របស់ពួកណាហ្ស៊ីសអាល្លឺម៉ង់។ បន្ទាប់មកទៀត លោកស្រី ត្រូវជួបជាមួយលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនយ៉ាមីន ណេតាន់យ៉ាហ៊ូ។ វាគឺជាទស្សនកិច្ច​មួយ​ ដែលស្ថិតក្នុងបរិបទដ៏តានតឹងបំផុត រវាងអាល្លឺម៉ង់ និងអ៊ីស្រាអែល ព្រោះមានសំណុំរឿង ជាច្រើន ដែលលោកស្រីមែរគែល និង លោកណេតាន់យ៉ាហ៊ូ និយាយមិនត្រូវគ្នា។

ផ្សាយពាណិជ្ជកម្ម

ប្រវត្តិសាស្ត្របានចងអាល្លឺម៉ង់ និងអ៊ីស្រាអែល ឲ្យស្ថិតក្នុងអនុស្សាវរីយ៍ ដ៏សែនជូរចត់បំផុត។ ប្រជាជនជ្វីហ្វ​​ប្រមាណ៦លាននាក់ បានស្លាប់បាត់បង់ជីវិត ដោយស្នាដៃនៃ​របប​ណាហ្ស៊ីស របស់អ៊ីទ្លែ។ នៅចំពោះមុខទីបូជនីយដ្ឋានYad Vashem នៅក្រុង​ហ្ស៊េរុយសាឡឹម​ លោកស្រីមែរគែល បានលើកឡើងថា វាគឺជាកាតព្វកិច្ចជារៀងដរាប របស់​អាល្លឺម៉ង់ ក្នុងការប្រយុទ្ធប្រឆាំង និងចរន្តរើសអើងប្រកាន់ពូជសាសន៍ លើជនជាតិជ្វីហ្វ។

គួរកត់សំគាល់ថា ទស្សនកិច្ចរបស់លោកស្រី មែរគែល នៅអ៊ីស្រាអែលពេលនេះ គឺវាស្ថិតក្នុងបរិបទដ៏តានតឹងបំផុត រវាងអ៊ីស្រាអែល និងអាល្លឺម៉ង់។ មានសំណុំរឿងច្រើនរាប់មិនអស់ ដែលលោកស្រីមែរគែល យល់ឃើញខុសពីលោកណេតាន់យ៉ាហ៊ូ ហើយការបញ្ចេញយោបល់ រិះគន់ទៅវិញទៅមក អាចក្លាយជាជម្លោះការទូត បានគ្រប់ពេល។

មុននឹងចេញដំណើរទៅ លោកស្រីមែរគែល បានអះអាងថា លោកស្រីនឹងនិយាយអំពិស្ថានភាពដ៏សែនស្មុគស្មាញនៅអ៊ីស្រាអែល។ ក្នុងនោះលោកស្រីសន្យាថា លោកស្រីនឹងលើកមកនិយាយជាមួយលោកណេតាន់យ៉ាហ៊ូ អំពីបញ្ហាប៉ាឡេស្ទីន បញ្ហាតំបន់ហ្កាហ្សា ហើយលោកស្រីនឹងអះអាងជាថ្មីថា ក្នុងនាម​ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ លោកស្រីគាំទ្រគំនិត ក្នុងការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ជារដ្ឋ​ឯករាជ្យអធិបតេយ្យ ស្មើភាពគ្នាជាមួយអ៊ីស្រាអែល។ តែយ៉ាងណា ក្នុងទស្សនកិច្ចលើកនេះ លោកស្រីមែរគែល មិនមានគំរោង ធ្វើដំណើរចូលទៅដែនដីប៉ាឡេស្ទីនទេ។

សំណុំរឿងមួយទៀត ដែលអ៊ីស្រាអែល ខឹងខ្លាំងនឹងអាល្លឺម៉ង់ គីបញ្ហាអ៊ីរ៉ង់។ លោកណេតាន់យ៉ាហ៊ូ ធ្លាប់បានលើកឡើងថា តើពេលណា ទើបថ្នាក់ដឹកនាំនៅអឺរ៉ុប អាចយកមេរៀនប្រវត្តិសាស្ត្រមករំលឹកការចងចាំ? តើពេលណា មេដឹកនាំអឺរ៉ុប នឹងបានភ្លឺភ្នែក? សម្តីទាំងនេះ គឺលោកណេតាន់យ៉ាហ៊ូ បាននិយាយរិះគន់ ដោយចំពោះ ទៅលើលោកស្រីមែរគែល និងលោកម៉ាក្រុង ដែលកាន់ជើងអ៊ីរ៉ង់ ហើយបន្តអនុវត្តកិច្ចព្រមព្រៀងនុយក្លេ។

បន្ថែមពីនេះទៀត លោកណេតាន់យ៉ាហ៊ូ កាន់តែមិនពេញចិត្ត នៅពេលថ្នាក់ដឹកនាំអឺរ៉ុប និយាយរិះគន់រដ្ឋាភិបាលលោក ទាក់ទិននឹង​គោលនយោបាយវាទទីទឹកដី ដាក់អាណានិគមលើដែនដីប៉ាឡេស្ទីន។ កាលពីឆ្នាំ២០១៧ លោកណេតាន់យ៉ាហ៊ូ បានលុបចោលជំនួប ជាមួយលោករដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ ដោយសារ​តែ​លោកម្នាក់នេះ បានទៅ​ជួប​នឹង​អង្គការ ដែលតែងតែនិយាយរិះគន់រដ្ឋាភិបាលអ៊ីស្រាអែល។ យ៉ាងណាក៏ដោយ ទស្សនកិច្ចរបស់លោកស្រីមែរគែលនាពេលនេះ វាបានបង្ហាញពីបំណងចង់ផ្សះផ្សារឡើងវិញ នៃទំនាក់ទំនងរវាងប្រទេសទាំង២នេះ បើទោះបីជាមានការ​ខ្ទាស់គំនិតគ្នាខ្លះក៏ដោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI