អានតួអត្ថបទ
ស៊ីរី-ជីហាដអ៊ីស្លាម

ទីក្រុងបេតិកភណ្ឌ​ប៉ាល់មៀរ ​ត្រូវបាន​រំដោះ​ទាំងស្រុង​ពី​ដៃ​ពួក​ជីហាដ​អ៊ីស្លាម

កងកម្លាំងរដ្ឋាភិបាល​ ត្រេកអរ​នឹង​​ជោគ​ជ័យ​​នៅ​​ប៉ាល់មៀរ ក្បែរ​ជើង​ប្រាសាទ​បូរាណ ថ្ងៃទី​២៦ មីនា ២០១៦
កងកម្លាំងរដ្ឋាភិបាល​ ត្រេកអរ​នឹង​​ជោគ​ជ័យ​​នៅ​​ប៉ាល់មៀរ ក្បែរ​ជើង​ប្រាសាទ​បូរាណ ថ្ងៃទី​២៦ មីនា ២០១៦ Maher AL MOUNES / AFP
ដោយ៖ ម៉ម ពិសី
២១ នាទី

យោង​តាម​ការរាយការណ៍ ​របស់​ប្រព័ន្ធ​ឃោសនា​ព័ត៌មាន​រដ្ឋាភិបាល​ស៊ីរី ​គឺ​នៅ​ថ្ងៃ​ទី​២៧​មីនា​នេះ​ ទីក្រុង​បូរាណ​ប៉ាល់មៀរ ​ដែល​មាន​ប្រាសាទ​បូរាណ​ចំណាស់​តាំង​ពី​មុន​សតវត្ស​ទីមួយ​ទៀត​នោះ ​ ត្រូវ​បាន​រំដោះ​ទាំងស្រុង​មក​វិញ​ហើយ ​ ពី​ដៃ​ពួក​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម។ ​កងទ័ព​រដ្ឋាភិបាល​ស៊ីរី​ បាន​ធ្វើការ​វាយ​សម្រុក ​ដេញ​ពួក​ឧទ្ទាម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម ​ដោយ​មាន​ការ​ជួយ​អន្តរាគមន៍​ពី​ទាហាន​អាកាស​របស់​រុស្ស៊ី ​ក្នុង​រយៈពេល​៣​សប្តាហ៍​ចុង​ក្រោយ​នេះ ​ដើម្បី​ដណ្តើម​យក​ទីក្រុង​និម្មិតរូប​នេះ​មកវិញ។

ផ្សាយពាណិជ្ជកម្ម

ទូរទស្សន៍​ជាតិ​ស៊ីរី​ បាន​ផ្សាយ​ថា ​ទីក្រុង​បូរាណ​ប៉ាល់មៀរ ​បាន​រំដោះ​មកវិញ​ទាំង​ស្រុង​ហើយ​ ដោយ​កងទ័ព​រដ្ឋាភិបាល​ស៊ីរី។ ដោយ​ឡែក​ក្រុម​អ្នក​សង្កេតការ​សិទ្ធិ​មនុស្ស ​​បាន​ផ្តល់​ដំណឹង​ថា ​ការ​ប្រយុទ្ធ​នៅ​មិន​ទាន់​ស្ងាត់​គ្រាប់​នៅ​ឡើយ​ទេ ​ដោយសារ​គេ​នៅ​តែ​ឮ​សូរ​សំឡេង​បាញ់​បោះ ​នៅ​​ភាគ​ខាងកើត​ តំបន់​ប៉ាល់មៀរ​នៅឡើយ។ តែយ៉ាង​ណាក៏​ដោយ ​ក្រុម​ឧទ្ទាម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម ​បាន​ដកថយ​ចេញ​ពី​តំបន់​នេះ​ស្ទើរតែ​ទាំង​អស់​ហើយ​ ដោយ​ពួក​វា​បាន​រត់គេច​ទៅ​ទិស​ខាង​កើត។

 
យោង​តាម​ប្រសាសន៍​លោក​Rami Abdoulrahman ​ ប្រធាន​អ្នក​សង្កេតការ​សិទ្ធិ​មនុស្ស ​បាន​ឲ្យ​ដឹង​ថា​នៅ​សមរភូមិ​ប៉ាល់មៀរ​នេះ ​ ពួក​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម ​បាន​ស្លាប់​មនុស្ស​អស់​៤០០​នាក់ ​ហើយ​ចំណែក​កងទ័ព​រដ្ឋាភិបាល​ស៊ីរី​វិញ ​មាន​ស្លាប់​ប្រមាណ​ជា​១៨០​នាក់។ នេះ​គឺ​ជា​ការ​បាត់បង់​កម្លាំង​ដ៏​ធំ​បំផុត​មិន​ធ្លាប់​មាន​ទេ ​ សម្រាប់​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម ​ដែល​បាន​បាត់បង់​កម្លាំង​ភ្លាមៗ ​ដល់ទៅ​៤០០​នាក់​ នៅ​សមរភូមិ​តែមួយ​ដូច្នេះ។ ជោគ​ជ័យ​របស់​កងទ័ព​រដ្ឋាភិបាល​ស៊ីរី  ​គឺ​មួយ​ផ្នែក​ធំ​បាន​មក ​ដោយសារ​តែ​ជំនួយ​ទាហាន​អាកាស​រុស្ស៊ី ​ដែល​បាន​ជួយ​ទំលាក់​គ្រាប់​បែក​ប្រហែល​ជា​១៥០​គ្រាប់​ ក្នុង​រយៈ​ពេល​៣-៤ថ្ងៃ​ចុងក្រោយ​នេះ។

សូម​បញ្ជាក់​ថា ​ វាសនា​ទីក្រុង​ប៉ាល់មៀរ ​ត្រូវ​បាន​គេ​ព្រួយ​បារម្ភ​ជា​ខ្លាំង​នៅ​ពេល​ដែល​ទីក្រុង​បូរាណ​នេះ​ ត្រូវ​បាន​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម​វាយ​យក​បាន ​កាល​ពី​​ខែ​ឧសភា ​ឆ្នាំ​២០១៥។ ទីក្រុង​នេះ ​ មាន​ប្រាសាទ​បូរាណ​ជា​ច្រើន ​តាម​បែប​រចនាបទ​ក្រិក​ រ៉ូម៉ាំង ​ដែល​មាន​ចំណាស់​ជាច្រើន​សតវត្ស​មុន​គ្រឹស្ត​សករាជ​ទៅទៀត។ ទៅក្រុង​នេះ ​ត្រូវ​បាន​ចាត់​បញ្ចូល​ជា​សម្បតិ្ត​បេតិកភណ្ឌ​មនុស្សជាតិ​ ដោយ​អង្គការ​យូណេស្កូ​ផងដែរ។ ការ​បាញ់ផ្លោង ​ទំលាក់​គ្រាប់បែក​ រួម​ទាំង​ការ​គាស់​កកាយ ​យក​រូប​ចម្លាក់​ទៅ​លក់​ដោយ​ខុសច្បាប់ ​បាន​បំផ្លាញ​ទីក្រុង​នេះ​យ៉ាង​ដំណំ។
 

សរសរប្រាសាទបូរាណ​នៅ​ប៉ាល់មៀរ ​ដែល​មាន​អាយុ​​មុន​គ្រឹស្តសករាជ​ ត្រូវ​​បាន​​ក្រុម​​ជីហាដ​​​វាយ​​កម្ទេច​​មួយ​ផ្នែក​ធំ
សរសរប្រាសាទបូរាណ​នៅ​ប៉ាល់មៀរ ​ដែល​មាន​អាយុ​​មុន​គ្រឹស្តសករាជ​ ត្រូវ​​បាន​​ក្រុម​​ជីហាដ​​​វាយ​​កម្ទេច​​មួយ​ផ្នែក​ធំ REUTERS/Sandra Auger

ក្រៅ​ពីមាន​តំលៃ​ជា​និម្មិតរូប ​ការ​កាន់កាប់​ទីក្រុង​នេះ​ឡើងវិញ ​ ​ក៏​គឺ​ជា​យុទ្ធសាស្ត្រ​របស់​កងទ័ព​រដ្ឋាភិបាល​បាស្ហា អាល់អាសាដ​។​ តាម​រយៈ​ការ​យកឈ្នះ​ពេលនេះ ​ រដ្ឋាភិបាល​ស៊ីរី​ចង់​បង្ហាញ​ថា ​មាន​តែ​កង​កម្លាំង​ខ្លួន​មួយ​គត់​ដែល​សហគមន៍​អន្តរជាតិ​អាច​ទុកចិត្ត​បាន ​ដើម្បី​ធ្វើការ​ប្រយុទ្ធ​យក​ឈ្នះ​ទៅ​លើ​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម។ ហេតុផល​នេះ ​នឹង​ជួយ​ឲ្យ​គេ​បន្ធូរបន្ថយ ​មិន​សូវ​កៀប​សង្កត់​លើ​ប្រធានាធិបតី​បាស្ហា អាល់អាសាដ ​នៅ​ក្នុង​តុ​ចរចា​សន្តិភាព​នៅ​ឯក្រុង​ហ្សឺណែវ។

ជា​ការពិត​ណាស់ ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​ ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម​បាន​បាត់បង់​ទឹកដី​ជា​ច្រើន ​ហើយ​កំពុង​ឈាន​ទៅ​បាត់បង់​តំបន់​មូស៊ូល ​ដែល​ជា​ស្នូល​មូលដ្ឋាន​ធំ​របស់​ពួក​វា​ប្រចាំ​នៅ​អ៊ីរ៉ាក់។ កាល​ពី​ដើម​ឆ្នាំ​នេះ​ដែរ ​ កងទ័ព​អ៊ីរ៉ាក់​បាន​វាយ​ដណ្តើម​យក​វិញ ​នូវ​ទីក្រុង​រ៉ាម៉ាឌី ​និង​ទីក្រុង​ទីគ្រីត។ ចំណែក​កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ ​ ទីក្រុង​អាល់ ឆាដាឌី ​ក៏​បាន​ធ្លាក់​មក​ក្នុង​ដៃ​កងទ័ព​រដ្ឋាភិបាល​ស៊ីរី ​វិញ​ដែរ​។ ទីក្រុង​ទាំងអស់​នេះ​គឺ​ជាទី​ក្រុង​យុទ្ធសាស្ត្រ  ​ដើម្បី​បិទ​ច្រក​ចេញចូល​កាត់ផ្តាច់​ទំនាក់ទំនង ​រវាង​តំបន់​ មូស៊ូល ​និង​តំបន់​រ៉ាកា ​ទីក្រុង​ធំ​របស់​ពួកវា​នៅ​ស៊ីរី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ