ស៊ីរី៖ ដំណាក់កាលថ្មីនៃកិច្ចចរចាសន្តិភាព ស្របពេលការបាញ់បោះចាប់ផ្តើមរើឡើងវិញ
ចុះផ្សាយនៅថ្ងៃ៖
ថ្ងៃទី ១៣មេសានេះ កិច្ចចរចាសន្តិភាពដើម្បីប្រទេសស៊ីរី បានចាប់ផ្តើមចូលដល់ដំណាក់កាលថ្មី ដែលកំពុងតែប្រព្រឹត្តិទៅនៅក្នុងទីក្រុងហ្សឺណែវ។ ស្របពេលដែល រដ្ឋាភិបាលស៊ីរីកំពុងរៀបចំការបោះឆ្នោត ដោយអត្តនោម័ត នៅតាមតំបន់ដែលខ្លួនកាន់កាប់ ការបាញ់បោះឯណោះ ក៏ហាក់បានកំរើកឡើងវិញ រវាងកងទ័ពរដ្ឋាភិបាល ក្រុមឧទ្ទាម និងក្រុមជីហាដអ៊ីស្លាម នៅតំបន់អាឡិប។ គេសង្ឃឹមថា ការចរចានៅក្រុងហ្សឺណែវពេលនេះ នឹងនាំភាគីទាំងអស់ឲ្យព្រមព្រាងគ្នា លើរបៀបវារៈ ដើម្បីរៀបចំសម័យអន្តរកាល មុននឹងឈានទៅដល់ការបោះឆ្នោតដោយសេរី និងមានការចូលរួមពីគ្រប់ភាគីទាំងអស់។
សម័យអន្តរកាលនៅតែគ្មានរូបរាង្គ៖
ការចរចាលើកមុន នៅរវាងពីថ្ងៃទី១៤ ដល់ថ្ងៃទី២៤ មីនា បានបិទបញ្ចប់ទៅដោយ គ្មានលទ្ធផលជាដុំកំភួនទេ ដោយសារតែខាងភាគីប្រឆាំងស៊ីរី និងភាគីរដ្ឋាភិបាលស៊ីរី មានគោលជំហរខុសគ្នាដាច់ស្រលះតែម្តង។ គោលជំហរខុសគ្នាគឺស្ថិតលើដំណាក់កាលនៃការកសាងសម័យអន្តរកាលនៅស៊ីរី។ ខាងក្រុមប្រឆាំង ដែលគាំទ្រដោយបារាំង និងសហរដ្ឋអាមេរិក គេទាមទារថា ត្រូវបង្កើតរដ្ឋាភិបាលសម័យអន្តរកាលមួយថ្មី ហើយដោយគ្មានការចូលរួមពីប្រធានាធិបតី បាស្ឆា អាល់អាសាដ ជាដាច់ខាត។ តែសម្រាប់ភាគីរដ្ឋាភិបាលស៊ីរីវិញ នៅតែចចេស ហើយស្នើថា គេមិនចាំបាច់បង្កើតរដ្ឋាភិបាលថ្មីសម្រាប់សម័យអន្តរកាលទេ គឺគេគ្រាន់តែបញ្ចូលក្រុមប្រឆាំងមួយចំនួនទៅក្នុងរដ្ឋាភិបាលបច្ចុប្បន្នទៅ វាគ្រប់គ្រាន់ហើយ។
កាលពីបិទបញ្ចប់ការចរចាដំណាក់កាលមុន លោកស្តេហ្វាន ដឺមីស្ទូរ៉ា គ្រាន់តែបានប្រគល់ជូនភាគីទាំងសងខាងនូវឯកសារសំយោគ ដែលមាន១២ចំណុច ស្តីពីគោលការណ៍រួមធំៗ ដែលភាគីទាំងអស់បានយល់ព្រមគ្នា មានដូចជា អធិបតេយ្យភាព និងបូរណភាពដែនដីរបស់ស៊ីរី ដោយគ្មានការពុះច្រៀកដណ្តើមគ្នា ការបោសសំអាតបណ្តាញភេវកម្មអ៊ីស្លាមជ្រុលនិយម ព្រមទាំងការទទួលត្រលប់មកវិញនូវប្រជាជនស៊ីរី ដែលបានរត់ភៀសខ្លួនទៅក្រៅប្រទេសជាដើម។ បន្ថែមពីនេះ គេមានទាំងព្រមព្រាងគ្នា ឲ្យមានកូតា៣០% នៃចំនួនអ្នកនយោបាយជាស្ត្រីទៀតផង។ ក៏ប៉ុន្តែក្នុងឯកសារនេះ មិនមានកំណត់អំពីវាសនានយោបាយរបស់លោកប្រធានាធិបតីបាស្ឆា អាល់អាសាដ រឺពីការបង្កើតរដ្ឋាភិបាលសម័យអន្តរកាលទេ។
គ្មានសម័យអន្តរកាល គ្មានរដ្ឋធម្មនុញ្ញថ្មី គ្មានការបោះឆ្នោត គឺគ្មានសន្តិភាព៖
រហូតមកដល់ពេលនេះ យើងនៅមិនទាន់ដឹងថា បញ្ហានេះនឹងត្រូវដោះស្រាយយ៉ាងណាទេ ព្រោះថាបើគ្មានភាគីណាមួយបន្ទន់ទេ គឺថាអ្វីៗនឹងនៅជាប់គាំងរហូត។ គ្មានរដ្ឋាភិបាលសម័យអន្តរកាល គ្មានរដ្ឋធម្មនុញ្ញថ្មី គ្មានការរៀបចំបោះឆ្នោតជាសកលនិងដោយសេរី គឺគ្មានសន្តិភាពនៅស៊ីរីទេ។ តាមការឲ្យដឹង ដំណាក់កាលចរចានៅពេលនេះ គឺគេសង្កត់ធ្ងន់ទៅលើបញ្ហាទាំងអស់នេះឯង។ ទីមួយ គឺគេនឹងសង្កត់ធ្ងន់ទៅលើរបៀបវារៈ នៃដំណើរការសម័យអន្តរកាល ទីពីរអំពីអភិបាលកិច្ចក្នុងសម័យអន្តរកាលនេះ ហើយចុងក្រោយគឺ ជជែកគ្នាពីគោលការណ៍គ្រិះធំៗ ដែលនឹងត្រូវបញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញថ្មីរបស់ស៊ីរី។
សូមបញ្ជាក់ថា ចាប់តាំងពីមានដំណើរការចរចាមក ភាគីទាំងសងខាងនៅមិនទាន់ចូលអង្គុយតុចរចាទល់មុខគ្នាដោយផ្ទាល់ទេ។ គេធ្វើការចរចាដោយប្រយោល ដោយមានក្រុមការងារអង្គការសហប្រជាជាតិ ជាអាជ្ញាកណ្តាល ជាអ្នកនាំពាក្យទៅវិញទៅមក។ គេសង្ឃឹមថាដំណាក់កាលថ្មីនេះ លោកស្តេហ្វាន ដឺមីស្ទូរ៉ា និងអាចនាំយកភាគីទាំងពីរឲ្យចូលតុចរចាតែមួយជាមួយគ្នា។ នៅថ្ងៃពុធនេះ ភាគីក្រុមប្រឆាំងបានទៅដល់ទីក្រុងហ្សឺណែវហើយ តែភាគីរដ្ឋាភិបាល នឹងទៅដល់ក្នុង២ រឺ៣ថ្ងៃទៀត ដោយយកលេសថា នៅស៊ីរី កំពុងតែមានការបោះឆ្នោតសភា។
ហេតុផលពិតនៃការបោះឆ្នោតជាឯកត្តោភាគី របស់រដ្ឋាភិបាលស៊ីរី៖
ការបោះឆ្នោតនេះ គឺកំពុងតែប្រព្រឹត្តិទៅ នៅតាមតំបន់ ដែលស្ថិតក្រោមការកាន់កាប់ របស់រដ្ឋាភិបាលលោកបាស្ឆា អាល់អាសាដ។ នេះជាលើកទៅពីរហើយ ដែលមានការបោះឆ្នោត ជាលក្ខណៈអត្តនោម័ត តែម្នាក់ឯង រៀបចំដោយរដ្ឋាភិបាលស៊ីរី ទាំងដែលប្រទេសកំពុងស្ថិតក្នុងកាលៈទេសៈសង្រ្គាមបែបនេះ។
សួរថា រដ្ឋាភិបាលស៊ីរី មានឆន្ទៈអ្វីឲ្យពិតប្រាដកដែលរៀបចំការបោះឆ្នោតនេះ? យើងអាចឆ្លើយបានថា គឺគ្មានអ្វីក្រៅពីចង់បង្ហាញពីភាពស្របច្បាប់ ឲ្យដល់អំណាចរដ្ឋបាលរបស់ខ្លួននោះទេ។ រដ្ឋាភិបាលស៊ីរី ចង់បង្ហាញថារដ្ឋាភិបាលគេ តំណាងរាស្ត្រគេ គឺកើតឡើងពីការបោះឆ្នោតជ្រើសរើសរបស់ប្រជាជនស៊ីរី។ ដូច្នេះ សហគមអន្តរជាតិរឺក្រុមប្រឆាំង ចង់មករំលាយរដ្ឋាភិបាលគេ បង្កើតរដ្ឋាភិបាលថ្មីមួយទៀត សម្រាប់សម័យអន្តរកាល គឺមិនអាចទៅរួចទេ។ តែធាតុពិត សួរថាការបោះឆ្នោតដែលរដ្ឋាភិបាលស៊ិរី កំពុងតែធ្វើនេះ វាប្រព្រឹត្តិទៅដោយសេរីយុត្តិធម៌ ដែររឺទេ? ចម្លើយគឺថា វាអត់ទាល់តែសោះ។ រដ្ឋាភិបាលស៊ីរីចាប់សកម្មជនប្រឆាំងរាប់ពាន់នាក់ដាក់គុក ធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ។ ការបោះឆ្នោតនេះ គ្មានការចូលរួមពីភាគីនយោបាយផ្សេងទេ ហើយមិនបានធ្វើឡើងនៅទូទាំងប្រទេសស៊ីរី ទេ គឺធ្វើតែនៅតាមតំបន់ក្រោមការកាន់កាប់របស់រដ្ឋាភិបាលតែប៉ុណ្ណោះ។
លទ្ធផលបោះឆ្នោតមិនថា លើកមុនរឺលើកនេះ គឺគ្មាននរណាទទួលស្គាល់ទេ ក្រៅពីរដ្ឋាភិបាលលោកបាស្ឆាខ្លួនឯង។ ដោយឡែក ការដែលលោកស្តេហ្វាន ដឺមីស្ទូរ៉ា ធ្វើការកោះប្រជុំបើកការចរចានៅក្រុងហ្សឺណែវ ចាប់ពីថ្ងៃនេះ គឺលោកចង់បង្ហាញឲ្យច្បាស់ថា ក្នុងនាមអង្គការសហប្រជាជាតិ លោកទាត់ចោលទាំងស្រុងនូវការបោះឆ្នោតឆាកល្ខោន ដែលរដ្ឋាភិបាលស៊ីរីកំពុងតែរៀបចំ។ ដំណើរការស្វែងរកសន្តិភាពពិតប្រកាដ គឺប្រព្រឹត្តិទៅនៅហ្សឺណែវ ក្នុងតុចរចាជាមួយភាគីទាំងអស់ផ្សេងទៀត។
រដ្ឋាភិបាលបាស្ឆា បន្តអូសក្រឡា ដើម្បីយកឈ្នះនៅសមរភូមិ៖
ពីរថ្ងៃចុងក្រោយនេះ សមរភូមិតំបន់អាឡិប ភាគពាយ័ព្យស៊ីរី ហាក់កំពុងតែកំរើកឡើងវិញ។ ភាពស្មុគស្មាញគឺ ថាការទំលាក់អាវុធឈប់បាញ់ គឺគេមិនអនុវត្តជាមួយនឹងក្រុមជីហាដអង្គការរដ្ឋអ៊ីស្លាម និងក្រុមអាល់ន័រស្រា របស់អាល់កាអ៊ីដាទេ។ អញ្ចឹងហើយបានជាការប្រយុទ្ធជាមួយក្រុមនេះ នៅតែបន្តមាន។ ប៉ុន្តែនៅតាមតំបន់ខ្លះ ក្រុមអាល់ន័រស្រានេះ វាចូលលាយឡំគ្នាជាមួយនឹងពួកឧទ្ទាមប្រឆាំងរដ្ឋាភិបាល ដែលធ្វើឲ្យកងទ័ពរដ្ឋាភិបាលស៊ីរី ធ្វើការវាយទៅលើទាំងអស់។
បន្ថែមពីនេះ នៅមានអន្តរាគមន៍ពីកងទ័ពរុស្ស៊ីទៀត។ តែយ៉ាងណាក៏ដោយ ខាងកងទ័ពរុស្ស៊ី បានបញ្ជាក់ថា គេធ្វើប្រតិបត្តិការនៅតំបន់អាឡិបនាពេលនេះ គឺដើម្បីការពារខ្សែឆ្លងបញ្ជូនស្បៀង និងសម្ភារៈឲ្យតំបន់ ដែលស្ថិតក្រោមការកាន់កាប់របស់រដ្ឋាភិបាលស៊ីរី នៅភាគខាងលិច ពីពួកអាល់ន័រស្រាតែប៉ុណ្ណោះ។
អ្វីដែលគេព្រួយបារម្ភនៅពេលនេះ គឺគេខ្លាចក្រុមឧទ្ទាមនៅតំបន់អាឡិប នាំគ្នាកាន់កាំភ្លើងចូលសមរភូមិវិញ ហើយវាធ្វើឲ្យការដាក់អាវុធបណ្តោះអាសន្នរលាយក្លាយជាផេះ។ ក្រុមអាល់ន័រស្រា ដែលមិនត្រូវបានគេរាប់បញ្ចូលក្នុងកិច្ចចរចានោះ កំពុងតែញុះញង់ឲ្យក្រុមឧទ្ទាមស៊ីរីចូលប្រយុទ្ធវិញ។ ហើយបើតាមការវិភាគ រដ្ឋាភិបាលស៊ីរី ក៏ចង់បានអញ្ចឹងដែរ ដើម្បីធ្វើការវាយសង្រ្គប់នៅសមរភូមិ។ ធ្វើអញ្ចឹងដើម្បីឲ្យភាគីប្រឆាំងស៊ីរីក្តៅក្រហាយ ហើយដើរចេញពីតុចរចានៅហ្សឺណែវ។
អញ្ចឹងហើយ បានជាយើងឃើញរដ្ឋាភិបាលស៊ីរី បន្តបង្អូសដំណើរ ដើម្បីរងចាំក្រែងនៅសមរភូមិតំបន់អាឡិបមានការផ្លាស់ប្តូរថ្មី ដែលអាចជះឥទ្ធិពលដល់ការចរចា។ បើតំបន់អាឡិបធ្លាក់ក្នុងដៃរដ្ឋាភិបាលស៊ីរី មានន័យថារដ្ឋាភិបាលស៊ីរី គ្មានអ្វីត្រូវចរចាទៀតទេ ព្រោះគេសឹងតែឈ្នះទាំងស្រុងទៅហើយ ដូច្នេះមានរឿងអីត្រូវចរចាបែងចែកអំណាច ជាមួយពួកឧទ្ទាម? លទ្ធផលយើងកំពុងតែរងចាំមើល ថាបើការចរចាសន្តិភាពនៅហ្សឺណែវបរាជ័យ តើរុស្ស៊ីបន្តគាំទ្ររដ្ឋាភិបាលបាស្ឆាដល់ពេលណា ហើយថាតើអាមេរិកអាចបន្តមិនធ្វើអ្វីសោះជាមួយបាស្ឆា ដល់ពេលណាដែរ?
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ