អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ចាប់​បាន​មេក្រុម​ជីហាត ​ជនជាតិ​បារាំង​ច្រើន​នាក់ ​នៅ​ខាង​ជើងស៊ីរី

សំឡេង ០៦:២៦
ទង់​របស់​ក្រុម​ជីហាតអង្គការរដ្ឋអ៊ិស្លាម​
ទង់​របស់​ក្រុម​ជីហាតអង្គការរដ្ឋអ៊ិស្លាម​ DELIL SOULEIMAN / AFP
ដោយ៖ ម៉ម ពិសី

យោងតាមប្រភពព័ត៌មានច្បាស់ការ​ បានឲ្យដឹងថា មានជនជីហាតបារាំង ជាច្រើននាក់ ត្រូវបានចាប់ខ្លួនបាន នៅភាគខាងជើងស៊ីរី ដោយក្រុមកងកម្លាំងរំដោះ កួដស៊ីរី។ ក្នុងចំណោមជនជីហាត ដែលគេចាប់បាននោះ គឺមានជនជាតិបារាំងម្នាក់ ដែលត្រូវនគរបាលបារាំង ស្គាល់ថា គឺជាមេក្រុមបណ្តុះបណ្តាល បញ្ជូនក្រុមជីហាតមកពីបារាំង​ និងជាអ្នកផ្តួចផ្តើមគំនិត ធ្វើភេរវកម្ម ជាច្រើនករណី។ បញ្ហាចោទនាពេលនេះ គឺសួរថា តើគេនឹងចាត់វិធានការយ៉ាងណា ទៅលើជនជីហាតបារាំងទាំងនេះ?

ផ្សាយពាណិជ្ជកម្ម

ដូចយើងដឹងហើយ ថាបច្ចុប្បន្ននេះ អង្គការរដ្ឋអ៊ីស្លាម បានបាត់បង់ដែនដីកាន់កាប់ទាំងស្រុងហើយ  មិនថានៅអ៊ីរ៉ាក់ ឬនៅស៊ីរី។ ក៏ប៉ុន្តែកម្លាំងជីហាតរបស់ក្រុមនេះ បានរត់ទៅលាក់ខ្លួន រាយប៉ាយ​ជាច្រើនកន្លែង ហើយមានអ្នកខ្លះ ក៏កំពុងតែធ្វើដំណើរទៅប្រទេសផ្សេងទៀត ឬក៏ត្រលប់មកប្រទេសដើមវិញ។ ជនជីហាតដែលបាក់ទ័ព សរុបទាំងអស់ មិនតិចជាង៣ពាន់នាក់ទេ។

ក្រុមកួដស៊ីរី ចាប់ជនជីហាតបារាំងបាន៦នាក់

ដំណឹងនៃ ការចាប់ខ្លួនជនជីហាតដែលផ្សាយចេញកាលពីព្រឹក ថ្ងៃព្រហស្បតិ៍នេះ គឺបានមកពីប្រភពព័ត៌មាន របស់ទូរទស្សន៍ TFI - LCI របស់បារាំង។ ហើយក្រោយការផ្ទៀងផ្ទាត់ ជាមួយអ្នកតំណាងតំបន់កួដឌីស្ថានស៊ីរី ប្រចាំនៅបារាំង គេបានអះអាងថា ព័ត៌មាននេះ មានប្រភពច្បាស់ការហើយ។ បើតាមប្រភពនេះ គឺមានជនជីហាត ៦នាក់ ត្រូវបានក្រុមកងកម្លាំងរំដោះជនជាតិកួដស៊ីរី ចាប់ខ្លួនបាន ក្រោយការប្រយុទ្ធ​តដៃ​គ្នា នៅរវាងពាក់កណ្តាលខែធ្នូនេះ នៅតំបន់Hassaké ភាគខាងជើង ឆៀងខាងកើត ស៊ីរី។ តំបន់​នេះ ស្ថិតនៅចន្លោះ ពីក្រុងមូស៊ូល និងក្រុងរ៉ាខា ដែលជាអតីតសំបុកធំៗ របស់ក្រុមជីហាតនេះ។

បើ​តាមការអះអាង ជនជីហាតទាំង៦នាក់នេះ​ សុទ្ធតែជនជាតិបារាំងទាំងអស់ ហើយក្នុងចំណោមនោះ មានម្នាក់ គឺជាមេធំក្នុងក្រុមអង្គការរដ្ឋអ៊ីស្លាមតែម្តង។ ជននោះឈ្មោះថា Thomas Barnouin អាយុ៣៦ឆ្នាំ និងជនម្នាក់ទៀតជាដៃស្តាំ ឈ្មោះ Thomas Collange។

Thomas Barnouin ជាមេក្រុមជីហាតធំ ដែលអាជ្ញាធរបារាំងបណ្តោយឲ្យរបូតបាន

ជនឈ្មោះ Thomas Barnouin នេះជាជនជាតិបារាំង ដើមកំណើតបារាំង ធ្លាប់រស់នៅក្រុងAlbi ក្បែរក្រុងToulouse ភាគនិរតីប្រទេសបារាំង។ ជននេះបានចូលសាសនាអ៊ីស្លាម នៅរវាងឆ្នាំ២០០០ ហើយបានសម្រេចចិត្តទៅរៀនមុខវិជ្ជាសាសនា នៅសកលវិទ្យាល័យក្រុងម៉េឌីន ប្រទេសអារ៉ាប៊ីសាអូឌីត រវាងឆ្នាំ២០០៣-២០០៦។ ពេលត្រលប់មកវិញ ជននេះបានសម្រេចចិត្តទៅធ្វើជាជនជីហាតនៅអ៊ីរ៉ាក់។

ឆ្នាំ២០០៦ ជនឈ្មោះ Thomas Barnouin នេះ​ត្រូវបានសមត្ថកិច្ចស៊ីរី ​ចាប់ខ្លួនបាន ជាមួយនឹងជនម្នាក់ទៀតឈ្មោះ Sabri Essid ហើយ​បានបញ្ជូនខ្លួនមកឲ្យបារាំងវិញ។ ជនទាំងពីរនេះ ត្រូវបានតុលាការបារាំង ផ្តន្ទា​ទោស​ ឲ្យជាប់ពន្ធនាគារ៥ឆ្នាំ ពីបទរៀបចំបណ្តាញភេរវកម្ម។ ក្រោយចេញពីគុក ជន​ Thomas Barnouin បានបន្តដើរតាមទ្រឹស្តីអ៊ីស្លាមជ្រុលនិយមដដែល ដោយបានទៅរាប់អាន ជាមួយក្រុមសាល់អាហ្វីសមួយក្រុម នៅក្រុងToulouse។ គឺក្រុមនេះហើយ ដែលមានទំនាក់ទំនង បក្សពួកជាមួយជនជីហាតពីរនាក់បងប្អូន ឈ្មោះ Jean-Michel Clain និង Fabien Clain។ ហើយក្រុមដដែលនេះដែរ ក៏គឺជាបក្សពួក របស់ភេរវជនឈ្មោះ Mohamed Merah ដែលជាឃាតករបាញ់រះ នៅក្រុងToulouse កាលពីឆ្នាំ២០១២។

នៅរវាងខែកុម្ភៈ ឆ្នាំ២០១៤ Thomas Barnouin ព្រមទាំងបក្សពួក មួយចំនួនខាងលើនេះ បាននាំប្រពន្ធកូន ធ្វើដំណើរទៅស៊ីរី​ ដើម្បីធ្វើជីហាតនៅទីនោះ ដោយគ្មានការចាប់អារម្មណ៍តាមដានពីសម្ថកិច្ចបារាំង ទាល់តែសោះ។ Thomas Barnouin Jean-Michel Clain Fabien Clain និង Thomas Collange បានក្លាយជាជនជីហាត មានតួនាទីធំ រៀបចំភេរវកម្មផ្សេងៗ នៅក្នុងក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម។

បើតាមកំណត់ត្រា របស់កម្លាំងស៊ើបការណ៍សំងាត់បារាំង ជនឈ្មោះ Thomas Barnouin ត្រូវជនជីហាតផ្សេងទៀត ចាត់ទុកថាអ្នកចេះដឹងផ្នែកទ្រឹស្តី ហើយត្រូវគេគោរពខ្លាំងណាស់ ព្រោះដោយហេតុថាបានទៅរៀនទ្រឹស្តីនៅអារ៉ាប៊ីសាអូឌីត។ តាមការសន្និដ្ឋាន គឺជននេះហើយ ដែលមានតួនាទីបណ្តុះបណ្តាលស្មារតី លាងខួរក្បាល និងឃោសនា​ប្រមែរប្រមូលជនជីហាតក្មេងៗ ពីបារាំងទៅ។ ជនជីហាត មានប្រភពនៅបារាំង សឹងតែទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីខ្មៅ របស់សមត្ថកិច្ចបារាំង សុទ្ធតែមានទំនាក់ទំនង​ និងស្គាល់ជនឈ្មោះ Thomas Barnouin នេះទាំងអស់។

សម្លាប់ចោល ឬចាប់ដាក់ឃុំ?

សួរថា តើត្រូវយកជនជីហាតទាំងនោះត្រលប់មកបារាំងវិញ ឬក៏ត្រូវសម្លាប់ចោល នៅទីនោះ? អ្នកខ្លះលើកឡើងថា បើយកមកដាក់ឃុំ រួចលែងទៅវិញ នៅថ្ងៃណាមួយ ជនទាំងនោះ នឹងបង្កើតបណ្តាញជីហាតថ្មីទៀតដដែល។ រឿងទាំងនេះធ្លាប់បានកើតឡើងរួចមកហើយ។

ដោយឡែក លោករដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេស បាននិយាយ កាលពីដើមខែធ្នូនេះថា ជនជីហាត​អង់គ្លេស ប្រមាណ២៧០នាក់ ដែលទៅធ្វើជីហាតនៅអ៊ីរ៉ាក់ នៅស៊ីរី បើសិនជាគេចាប់ខ្លួនបាន គឺត្រូវតែសម្លាប់ចោលនៅទីនោះទាំងអស់។ លោកពន្យល់ថា ជនទាំងនោះ មិនបានចាត់ទុកថាខ្លួនឯង ជាជ​នជាតិអង់គ្លេសទេ។  ផ្ទុយទៅវិញពួកនេះ ស្អប់ប្រទេសអង់គ្លេស ចង់សម្លាប់ប្រជាជនអង់គ្លេសទៀតផង។ ដូច្នេះ តើទទួលយកមកវិញ បានប្រយោជន៍អ្វី?

ក៏បន្តែនៅបារាំង វាផ្សេង។ អ្នកនយោបាយ អ្នកច្បាប់បារាំង មិនអាចធ្វើដូច្នេះបានទេ។​ បារាំងមានប្រវត្តិ ជាប្រទេសមានមនុស្សធម៌ណាស់ ដែលពេលខ្លះមានគេរិះគន់ ថា ចិត្តល្អពេក ដូចធ្វើបាបខ្លួន អញ្ចឹង។ បារាំងផ្តល់អាទិភាព ដល់ការគោរពសិទ្ធិមនុស្ស។ យ៉ាងណាមិញ អំពីគំរោងដកសញ្ជាតិបារាំង ចេញពីជនជីហាត ដែលគេជជែកគ្នា តឹងសរសៃក តែទីបំផុតត្រូវបរាជ័យ បោះបង់ចោលវិញ ដោយសារ តែបារាំងគិតពីបញ្ហាសិទ្ធិមនុស្ស នេះជាចំបង។

ទាក់ទិននឹងចំណាត់ការ លើជនជីហាត ដែលគេចាប់ខ្លួនបាននេះ បើតាមការសន្និដ្ឋាន ជំហានដំបូង រដ្ឋាភិបាលបារាំង អាចនឹងទៅចរចា ជាមួយក្រុមកម្លាំងកួដស៊ីរី ដើម្បីយកជនជីហាតនោះមកឃុំខ្លួននៅបារាំង។ យ៉ាងណាមិញ អ្នកតំណាងក្រុមកួដស៊ីរី ក៏បានអះអាងដែរថា ក្រុមកួដស៊ីរី ធានាគោរពនិងអនុវត្តច្បាប់អន្តរជាតិ ហើយធានាថានឹងមិនធ្វើអំពើព្រៃផ្សៃណាមួយ ទៅលើជនជីហាតទាំងនោះទេ។ តែយ៉ាងណា ភាគីកួដស៊ីរី សុំឲ្យបារាំងបន្តគាំទ្រ ការតស៊ូដើម្បីសិទ្ធិសេរីភាព របស់ប្រជាជនកួដនៅស៊ីរីផង។

គួរបញ្ជាក់ដែរថា បើតាមតួលេខចុងក្រោយគេ បច្ចុប្បន្ននេះ មានជនជីហាត ដែល​ត្រឡប់​មក​បារាំងវិញ ចំនួន ៣០៣នាក់ ក្នុងនោះ មានស្ត្រី ៦៦នាក់ និងកុមារ ៥៩នាក់។ ១៣៩នាក់ ត្រូវបានគេដាក់ឃុំឃាំង និង៣៩នាក់ ត្រូវដាក់ឲ្យនៅក្រៅឃុំ តែស្ថិតក្រោមការតាម​ដាន​ពីសមត្ថកិច្ច។ ​បញ្ហាកុមារ ដែលជាកូនៗរបស់ជនជីហាតទាំងនោះ ក៏កំពុងត្រូវបាន​រដ្ឋាភិបាលបារាំង យកចិត្តទុកដាក់ដែរ។ បារាំងគ្មានទោសប្រហារជីវិតទេ។ បើ​ជន​ជីហាត​ត្រូវស្លាប់ ក្នុងប្រតិបត្តិការបង្រ្កាប នោះជារឿងផ្សេង។ តែពេលចាប់ខ្លួនបាន គឺបារាំង មិនអាចសម្លាប់ពួកគេបានទេ ត្រូវតែបង្ខំចិត្ត យកទៅតុលាការកាត់ទោស ហើយដាក់ឃុំ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ