អានតួអត្ថបទ
ស៊ីរី-អ៊ីរ៉ាក់

បរាជ័យ​កាន់តែ​ខ្លាំង​របស់​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម​នៅ​ស៊ីរី ​និង​អ៊ីរ៉ាក់

កងទ័ពរដ្ឋាភិបាលស៊ីរី វាយ​សម្រុក​ទៅមុខ ក្បែរតំបន់​ប្រាសាទ​បូរាណ ប៉ាល់មៀរ ថ្ងៃទី​២៥ មីនា ២០១៦
កងទ័ពរដ្ឋាភិបាលស៊ីរី វាយ​សម្រុក​ទៅមុខ ក្បែរតំបន់​ប្រាសាទ​បូរាណ ប៉ាល់មៀរ ថ្ងៃទី​២៥ មីនា ២០១៦ REUTERS/SANA/Handout
ដោយ៖ ម៉ម ពិសី
៤៨ នាទី

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ​គេ​សង្កេត​ឃើញ​ស្ថានភាព​នៅ​ស៊ីរី ​និង​នៅ​អ៊ីរ៉ាក់ ​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង ​ដោយសារ​តែ​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម ​កំពុង​តែ​បាក់​កំលាំង​ម្តង​បន្តិចៗ។ កងទ័ព​អ៊ីរ៉ាក់​ កំពុង​តែ​វាយ​សង្រ្គុប ​ហ៊ុំព័ទ្ធ​ទីក្រុង​មូស៊ូល ​ដើម្បី​ដណ្តើម​ទីក្រុង​ទីពីរ​របស់​អ៊ីរ៉ាក់​នេះ ​ពី​ដៃ​របស់​ពួក​ជីហាដ​វិញ។ ឯ​ចំណែក​កងទ័ព​រដ្ឋាភិបាល​ស៊ីរី ​បាន​កំពុងតែ​ដណ្តើម​ទីក្រុង​ប៉ាល់មៀរ ​ដែល​ជា​ទីក្រុង​បិតិកភណ្ឌ​វប្បធម៌​របស់​ស៊ីរី ​មក​វិញ​ផងដែរ។ បន្ថែម​ពី​នេះ​ទៀត ​បងធំ​ទីពីរ​នៃ​ក្រុម​ជីហាដ​អង្គការ​រដ្ឋអ៊ីស្លាម ​ត្រូវ​បាន​កងទ័ព​អាមេរិក ​សម្លាប់​ចោល​បាន​សម្រេច​ហើយ ​នេះបើ​តាម​ការ​ប្រកាស ​របស់​ក្រសួង​ការពារ​ជាតិ​អាមេរិក ​កាលពី​ថ្ងៃ​សុក្រ​ទី​២៥​មីនា។

ផ្សាយពាណិជ្ជកម្ម

ជា​ការពិត​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម ​កំពុងតែ​បាក់​កម្លាំង​ ដកថយ​ ហើយ​បាត់បង់​មូលដ្ឋាន​ធំៗ​ជា​បណ្តើរ​ហើយ​ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។ នៅ​ស៊ីរី ​ ក្រុម​ជីហាដ​អង្គការរដ្ឋ​អ៊ីស្លាម ​កំពុង​តែបរាជ័យ​នៅ​តំបន់​ប៉ាល់មៀរ ​ បន្ទាប់​ពី​កងទ័ព​រដ្ឋាភិបាល​ស៊ីរី ​និង​កងទ័ព​អាកាស​រុស្ស៊ី​បាន​ធ្វើ​ការ​វាយ​សង្រុប​ ក្នុង​រយៈពេល​២ -៣​ថ្ងៃ​ចុង​ក្រោយ​នេះ។

 
ប៉ាល់មៀរ ​និម្មិតរូប​បិតិកភណ្ឌ​ស៊ីរី ​រំដោះ​បាន​មក​វិញ​មួយ​ផ្នែក៖
ប្រាសាទ​ Deir Ezzor ​ដែល​ជា​សម្បតិ្ត​វិប្បធម៌​បិតិកភណ្ឌ​ស៊ីរី​​ និង​ជា​និមិ្មតរូប​នៃ​ទីក្រុង​ប៉ាល់មៀរ​  ត្រូវ​បាន​រំដោះ ​ ហើយ​តំបន់​ប៉ាល់មៀរ​ជាង​ពាក់​កណ្តាល ​ក៏ត្រូវ​បាន​រំដោះ​មក​វិញ​ផង​ដែរ។ រវាង​ពី​ថ្ងៃ​អង្គារ​ ដល់​ថ្ងៃ​ព្រហស្បតិ៍ ​កងទ័ព​រុស្ស៊ី ​បាន​ទម្លាក់​គ្រាប់​បែក​ចំនួន​ប្រមាណជា​ ១៤៦​គ្រាប់ ​នៅ​ជុំវិញ​តំបន់​ប៉ាល់មៀរ​នេះ ​ ដើម្បី​បើកផ្លូវ​ឲ្យ​កងទ័ព​រដ្ឋាភិបាល​បាស្ឆា ​រុល​ទៅ​មុខ។

អ្វី​ដែល​ខាង​អង្គការ​យូណេស្កូ ​សំណូមពរ ​ គឺ​សុំ​ធ្វើ​យ៉ាងណា ​អភិរក្ស​ប្រាសាទ​បូរាណ​ជាច្រើន​នៅ​ប៉ាល់មៀរ​ ដែល​ជា​សម្បតិ្ត​បិតិកភណ្ឌ​មនុស្សជាតិ។ ចាប់តាំង​ពី​ពាក់​កណ្តាល​ឆ្នាំ​២០១៥​ ដែល​ក្រុម​ជីហាដ​បាន​ចូល​ទៅ​គ្រប់គ្រង​តំបន់​ប៉ាល់មៀរ​នេះ ​ប្រាសាទ​បូរាណ ​និង​រូប​ចម្លាក់​ជាច្រើន ​ត្រូវ​បាន​ក្រុម​នេះ​បំផ្លេច​បំផ្លាញ​ គាស់​កកាយ​ ​បញ្ជូន​យក​ទៅ​លក់​ដោយ​ខុស​ច្បាប់​ ស្ទើរតែ​គ្មាន​សល់។
 

ប្រាសាទបូរាណ​នៅតំបន់​ប៉ាល់មៀរ ​មាន​ចំណាស់​​មុន​គ្រឹស្តសករាជ​ ត្រុវ​រង​ការ​ខូចខាត​​ស្ទើរតែ​ទាំងស្រុង
ប្រាសាទបូរាណ​នៅតំបន់​ប៉ាល់មៀរ ​មាន​ចំណាស់​​មុន​គ្រឹស្តសករាជ​ ត្រុវ​រង​ការ​ខូចខាត​​ស្ទើរតែ​ទាំងស្រុង REUTERS/RURTR

បញ្ហា​ចោទ​នៅ​ពេល​នេះ ​គឺ​ក្រុម​ជីហាដ​អ៊ីស្លាម ​បាន​ដាក់​បង្កៃ​គ្រាប់បែក​ជា​ច្រើន​ នៅ​​ពាសពេញ​នោះ ​ដែល​ធ្វើ​ឲ្យ​ការ​រុល​ទៅ​មុខ​របស់​កងទ័ព​ស៊ីរី​ មាន​ការ​យឺតយ៉ាវ។ ខាង​កងទ័ព​រដ្ឋាភិបាល​ស៊ីរី ​មាន​ស្លាប់​១៨នាក់ ​ក្នុង​ពេល​ប្រយុទ្ធ ​និង​ដោយសារ​គ្រាប់​មីន ​ ឯ​ចំណែក​ក្រុម​ជីហាដ​វិញ​មាន​ស្លាប់​២៤​នាក់ ​ នេះ​បើ​តាម​អ្នក​សង្កេតការណ៍​ពិសេស​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​ស៊ីរី។

ចំណែក​នៅ​អ៊ីរ៉ាក់​ ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម​នេះ ​កំពុងតែ​ប្រឈមមុខ​នឹង​ការ​បាត់បង់​ទីក្រុង​មូស៊ូល​ ដែល​ជា​ទីក្រុង​ធំ​ទីពីរ​របស់​អ៊ីរ៉ាក់។ តំបន់​មូស៊ូល ​គឺ​ជា​ទីតាំង​ធំ​ របស់​ក្រុម​ជីហាដ​នេះ ​ នៅ​ក្នុង​ទឹកដី​អ៊ីរ៉ាក់។ តាមការ​ឲ្យ​ដំណឹង​ កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ​ម្សិលមិញ ​កងទ័ព​អ៊ីរ៉ាក់ ​បាន​ចូល​ទៅ​ដល់​ខាង​ត្បូង​ទីក្រុង​មូស៊ូល​ នៅ​ចំងាយ​ប្រហែល​ជា​៦០​គីឡូម៉ែត្រ។ ភូមិ​ចំនួន​៤ ​នៅ​តំបន់​នោះ ​ត្រូវ​បាន​កងទ័ព​អ៊ីរ៉ាក់​រំដោះ​បាន​ ហើយ​កងទ័ព​អ៊ីរ៉ាក់​ កំពុងតែ​រំកិល​ទៅមុខ​ទៀត​ដើម្បី​ឈាន​ទៅ​ដណ្តើម​យក​ទីក្រុង​មូស៊ូល​មក​វិញ។ ប្រតិបត្តិការ​វាយ​ដណ្តើម​តំបន់​មូស៊ូល​នាពេល​នេះ​ គឺ​កងទ័ព​អ៊ីរ៉ាក់​ បាន​ទទួល​ជំនួយ​របស់​កងទ័ព​អាមេរិក​ផងដែរ។ កងទ័ព​អាមេរិក​ មិន​ចូល​ទៅ​វាយ​ដោយ​ផ្ទាល់​ទេ ​តែ​កងទ័ព​អាមេរិក​ ជួយ​ផ្តល់​ព័ត៌មាន ​រៀបចំ​យុទ្ធសាស្ត្រ ​ព្រមទាំង​ធ្វើការ​ដឹក​ជញ្ជូន​សម្ភារៈ​ ដើម្បី​រុល​ទៅ​មុខ។

មក​ត្រឹមពេលនេះ ​ទាំង​តំបន់​ប៉ាល់មៀរ​នៅ​ស៊ីរី ​ទាំង​តំបន់​មូស៊ូល​នៅ​អីរ៉ាក់ ​នៅ​មិន​ទាន់​បាន​រំដោះ​មក​វិញ​ទាំង​ស្រុង​ទេ ​ តែ​មិន​យូរ​ទេ​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម ​និង​ដកថយ​ទាំង​ស្រុង។ នេះ​គឺ​ជា​ដំណឹង​ល្អ​ណាស់។

បងធំ​ទីពីរ​របស់​ជីហាដ​អង្គការ​រដ្ឋអ៊ីស្លាម ​ត្រូវ​បាន​សម្លាប់​ចោល៖

បងធំទីពីរ របស់​ក្រុមជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម​ Abdel Rahmane al-Qadouli ត្រូវ​ទាហាន​​អាមេរិក​​សម្លាប់
បងធំទីពីរ របស់​ក្រុមជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម​ Abdel Rahmane al-Qadouli ត្រូវ​ទាហាន​​អាមេរិក​​សម្លាប់ REUTERS/U.S. Department of State

ក្រសួង​ការពារ​ជាតិ​អាមេរិក​ បាន​ធ្វើ​សន្និសីទ​កាសែត​ជា​ផ្លូវការ ​ កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ​ទី២៥ មីនា​ ដើម្បី​ប្រាប់​ពី​ដំណឹង​នេះ។ លោក ​Ashton Carter​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក ​បាន​បញ្ជាក់​ថា​ជន​ឈ្មោះ ​Abdel Rahmane al-Qadouli  ​ត្រូវ​បាន​កងទ័ព​ពិសេស​របស់​អាមេរិក​ សំលេស​ចោល​បាន​សម្រេច​ហើយ។ ជន​នេះ​ត្រូវ​បាន​គេ​ស្រាវជ្រាវ​ដឹង​ ថា​ ជា​បងធំ​ទី​ពីរ​ មាន​តួនាទី​ប្រៀប​បាន​នឹង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ ​ចាត់ចែង​លុយ​កាក់ ​នៅក្នុង​ក្រុម​ជីហាដ​នេះ។

ក្នុង​ពេល​សន្និសីទ​កាសែត ​ថ្នាក់​ដឹកនាំ​អាមេរិក​បាន​រំលឹក​អំពី​ យុទ្ធសាស្ត្រ​ក្នុង​ការ​វាយ​កម្ទេច​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម​ តាម​រយៈ​ការ​វាយ​បំបែក​គ្រោងឆ្អឹង ​សរសរ​ទ្រូង​របស់​ក្រុម​ភេរវកម្ម​នេះ។ ការ​វាយ​កម្ទេច​គ្រោងឆ្អឹង​នេះ ​ធ្វើ​ឡើង​តាម​រយៈ​ការ​សម្លាប់​មេក្លោង​ធំៗ​ម្តង​មួយៗ ​រួម​ជាមួយ​នឹង​ការ​កម្ទេច​ប្រព័ន្ធ​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ​របស់​ក្រុម​នេះ។ ជាក់ស្តែង​កាល​ពី​ដើម​ខែ​ មីនា​នេះ ​ សហរដ្ឋ​អាមេរិក ​បាន​សម្លាប់​មេ​ពួក​វា​ម្នាក់​ទៀត​ ដែល​ល្បីថា​ជា​មេ​បញ្ជាការ​ធំ​បំផុត​របស់​ពួក​ជីហាដ ​គឺ​ជន​ដែល​មាន​រហ័សនាម​ថា​ Oma le Tchétchène។ ហើយ​ក្នុង​ពេល​កន្លង​មក​នេះ​ដែរ ​ កងទ័ព​អាកាស​អាមេរិក​ បាន​ទម្លាក់​គ្រាប់បែក​ នៅ​តាម​កន្លែង​ឃ្លាំង​ស្តុក​សាច់ប្រាក់​របស់​ក្រុម​ជីហាដ​នេះ។

អាមេរិក​អាច​បន្ថែម​ជំនួយ​យោធា​ដល់​អ៊ីរ៉ាក់​ ដើម្បី​យក​ឈ្នះ៖
ក្នុង​ឱកាសសន្និសីទ​កាសែត​ដែរ​ លោក​មេ​បញ្ជាការ​កងទ័ព​អាមេរិក​ បាន​ថ្លែង​ថា​លោក​មាន​យោបល់​ជា​ច្រើន ​ដែល​នឹង​ដាក់​ស្នើរ​សុំ​ទៅ​រដ្ឋាភិបាល ​ដើម្បី​បង្កើន​ជំនួយ​យោធា​របស់​អាមេរិក​នៅ​អ៊ីរ៉ាក់។ តាម​ការ​ប៉ាន់ស្មាន ​អាមេរិក​អាច​នឹង​បន្ថែម​កម្លាំង ​ ព្រមទាំង​សម្ភារៈ ​ដើម្បី​ទំនុកបំរុង​ដល់​កងទ័ព​អ៊ីរ៉ាក់។
 

លោករដ្ឋមន្ត្រីក្រសួង​ការពារជាតិ​អាមេរិក​ Ashton carter ​និងលោក​មេបញ្ជាការ​ Joseph Dunford ក្នុងពេល​សន្និសីទកាសែត​ថ្ងៃទី​២៥ មីនា​ ២០១៦
លោករដ្ឋមន្ត្រីក្រសួង​ការពារជាតិ​អាមេរិក​ Ashton carter ​និងលោក​មេបញ្ជាការ​ Joseph Dunford ក្នុងពេល​សន្និសីទកាសែត​ថ្ងៃទី​២៥ មីនា​ ២០១៦ REUTERS/U.S. Department of State

យ៉ាងណាមិញ ​មេ​បញ្ជាការ​កងទ័ព​អាមេរិក​ បាន​ទទួល​ស្គាល់​ដែរ​ថា ​ពិត​ជា​មាន​ការ​ដាក់​បញ្ឈរ​កាំភ្លើង​ធំ​ទំហំ​គ្រាប់​១៥៥​មីលីម៉ែត្រ ​ចំនួន​៤គ្រឿង​នៅ​ភាគ​ខាងជើង​អ៊ីរ៉ាក់ ​ហើយ​នឹង​មាន​ទាហាន​ម៉ារីន​ចំនួន​២០០​នាក់​នៅ​ប្រចាំការ​ផងដែរ។ បច្ចុប្បន្នននេះ ​ទាហាន​អាមេរិក​នៅ​អ៊ីរ៉ាក់ ​មាន​ប្រហែល​ជា​៥ពាន់​នាក់។ យ៉ាង​ណាក៏​ដោយ​ វា​ជា​ការ​លំបាក​សម្រាប់​លោក​អូបាម៉ា​ដែរ​ ព្រោះ​គាត់​ធ្លាប់​សន្យា​ថា​នឹង​ដក​ទ័ព​ចេញ​ពី​អ៊ីរ៉ាក់​ តែ​ពេល​នេះ ​បែរ​ជា​កាលៈទេសៈ​តម្រូវ​ឲ្យ​បញ្ជូន​ទៅ​បន្ថែម​ទៅ​វិញ។ ប៉ុន្តែ​បើ​គ្មាន​អាមេរិក​ទេ ​ជោគជ័យ​លើពួក​ជីហាដ​អ៊ីស្លាម​ជ្រុល​និយម ​ គឺ​មិន​អាច​ទៅ​រួចទេ។
 
ពួកជីហាដ ​សន្យា​បង្ហូរ​ឈាម​ពាសពេញ​ពិភពលោក៖
យើង​ថា​ជា​​យុទ្ធសាស្ត្រ​ថ្មី​ក៏​មិន​សូវ​ជាត្រូវ ​ ព្រោះ​ពួក​នេះ​តែងតែ​ធ្វើ​ភេរវកម្ម​នៅ​បរទេស​ជា​រឿយ។ គ្រាន់តែថា ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​ភេរវកម្ម​បាន​កើត​មាន​ កាន់តែ​ញឹក ​ និង​កាន់​តែ​សាហាវ។ ជាក់ស្តែង​ដូច​ជា​កាល​ពី​ថ្ងៃ​សុក្រ​ទី ២៥មីនា​ ភេរវកម្ម​ស្នាដៃ​ពួក​ជីហាដ​អង្គការរដ្ឋ​អ៊ីស្លាម​បាន​សម្លាប់​មនុស្ស​២២​នាក់​ នៅក្រុង​អាដេន​ ប្រទេស​យេមែន ​ និង​ស្លាប់​៣០​នាក់​នៅ​ក្រុង​បាដាត​ប្រទេស​អ៊ីរ៉ាក់។ ភេរវកម្ម​នៅ​អឺរ៉ុប​ នៅ​ក្រុង​ព្រុចសែល​ថ្ងៃ​ទី​២២​ មីនា ​ ​ក៏​ជា​ស្នាដៃ​ពួកនេះ​ដែរ។

បើ​យើង​វិភាគ​ទៅ ​ គឺ​មិន​ខុស​ពី​សត្វ​សាហាវ​ដែល​កំរោល​ចូល​ ក្នុង​កាលៈទេសៈ​ទ័លច្រក​ទេ។ ឥឡូវ​នេះ ​នៅ​សមរភូមិ​ពួកវា​កំពុង​ធ្លាក់ដៃ ​ ដូច្នេះ​ពួកវា​ត្រូវ​បន្ថែម​ការ​វាយ​ប្រហារ​ភេរវកម្ម​នៅ​ខាងក្រៅ​វិញ។ នេះ​ជា​ជំនាញ​របស់​ពួកនេះ​តែម្តង។ អ្វី​ដែល​ពួក​វា​ចង់​បាន ​ គឺ​ធ្វើ​យ៉ាងណា​ធ្វើ​ឲ្យ​មនុស្ស​ទូទាំង​ពិភពលោក​ភ័យខ្លាច ​ ញញើត​នឹង​ពួកវា។

ជាក់ស្តែង ​នៅ​ក្រុង​រ៉ាខា ​ទីតាំង​ធំ​របស់​ក្រុមនេះ​នៅ​ស៊ីរី ​ កាល​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ ​មេដឹកនាំ​សាសនា​ដ៏​ធំ​របស់​ពួកវា​ឈ្មោះ ​Abou Ali al-Charii ​បាន​ប្រកាស​គម្រាម​ថា ​ ពួកវា​នឹង​បង្ហូរឈាម​នៅ​លើ​ទឹកដី​អឺរ៉ុប​ និង​អាមេរិក។ ដូច្នេះ​មាន​ន័យ​ថា​ក្រុម​ពួកវា ​មាន​គម្រោង​ធ្វើ​ភេរវកម្ម​បន្ថែម​ទៀត ​មិន​ថា​នៅ​អឺរ៉ុប​រឺ​នៅ​អាមេរិក​ទេ។ ដូច្នេះ​ទោះ​ភ័យ​រឺ​ មិន​ភ័យ ​អាជ្ញាធរ​ប្រទេស​ទាំងអស់ ​ជា​ពិសេស​បារាំង ​និង​បែកហ្ស៊ិក ​ដែល​មាន​សំបុក​ពួកនេះ​ច្រើន​ជាង​គេ ​ ត្រូវតែ​ចាត់​វិធានការ​ក្តៅ ​ដើម្បី​បំបែក​បណ្តាញ​ភេរវកម្ម​ឲ្យ​ទាន់​ពេល​វេលា។ យ៉ាងណា​មិញ ​យើង​ឃើញ​លទ្ធផល​ខ្លះ​ហើយ ​បន្ទាប់​ពី​ភេរវកម្ម​នៅ​ព្រុចសែល ​អាជ្ញាធរ​បារាំង​និង​បែលហ្ស៊ិក​ បាន​ចាប់​មាន​មនុស្ស​៩នាក់​ ដែល​សុទ្ធ​ជា​បណ្តាញ​ជីហាដ ​ហើយ​ដែល​ពួកវា​ត្រៀម​ធ្វើ​ភេរវកម្ម​ថ្មី​ទៀត​នៅ​អឺរ៉ុប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ