រុស្ស៊ី-ស៊ីរី-សហរដ្ឋអាមេរិក

អាមេរិក​ និង​រុស្ស៊ី ​អំពាវនាវ​ឲ្យ​គ្រប់គ្នា​គោរព​ការ​ដាក់​អាវុធ​បណ្តោះអាសន្ន​នៅ​ស៊ីរី

ក្រសែរភ្នែក​​ប្រកប​ដោយ​​ការ​ប្រុុងប្រយ័ត្ន ចំពោះគ្នា​​ទៅវិញ​ទៅមក ​រវាង​មេដឹកនាំ​​មហាអំណាច​​ទាំង​ពីរ
ក្រសែរភ្នែក​​ប្រកប​ដោយ​​ការ​ប្រុុងប្រយ័ត្ន ចំពោះគ្នា​​ទៅវិញ​ទៅមក ​រវាង​មេដឹកនាំ​​មហាអំណាច​​ទាំង​ពីរ REUTERS/Kevin Lamarque
ដោយ៖ ម៉ម ពិសី
៤០ នាទី

ថ្វីបើ​ស្ថានភាព​នៅ​ប្រទេស​ស៊ីរី ​នៅតែ​មិន​ទាន់​ប្រសើរ​ឡើង​ក្តី ​ ក៏​ប៉ុន្តែ​អ្វីៗ​ហាក់​កំពុងតែ​បត់​ទៅរក​ច្រកចេញ​ ដោយសារ​មហាអំណាច​ពីរ​នាក់ ​សហរដ្ឋ​អាមេរិក ​និង​រុស្ស៊ី ​បាន​អំពាវនាវ​ជា​ថ្មី​ម្តង​ទៀត ​ ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ​គោរព​កិច្ច​ទម្លាក់​អាវុធ​បណ្តោះ​អាសន្ន ​ដែល​នឹង​ចូល​ជា​ធរមាន​ចាប់​ពី​យប់​ថ្ងៃ​សុក្រ​ នៅ​ម៉ោង​១២​រំលង​អាធ្រាត្រ។ ដោយឡែក ​កាល​ពី​ថ្ងៃ​ពុធ​ ទី​២៤​កុម្ភៈ ​ក្រុម​បេសកកម្ម​មនុស្សធម៌​របស់​អង្គការ​សហប្រជាជាតិ ​ បាន​ទំលាក់​ស្បៀង​អាហារ​ចំនួន​ ២១​តោន​ជា​លើក​តំបូង​ ប្រកប​ដោយ​ជោគជ័យ ​ដើម្បី​ជួយ​សង្រ្គោះ​ប្រជាជន​ស៊ីរី​ ដែល​ហ៊ុំព័ទ្ធ​ដោយ​ក្រុម​ជីហាដ​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​តំបន់​ ដៀរ អេហ្ស ហ្ស័រ ​ភាគ​ខាង​កើត​ស៊ីរី។

ផ្សាយពាណិជ្ជកម្ម

កិច្ចសន្យា​ព្រមព្រៀង​ដាក់​អាវុធ ​ ដែល​អាមេរិក​ និង​រុស្ស៊ី​បាន​ព្រមព្រៀង​គ្នា​នៅ​ក្រុង​មុយនិច ​ជាមួយ​នឹង​ប្រទេស​១៥​ផ្សេង​ទៀត ​ ដែល​មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​វិបត្តិ​ស៊ីរី ​តាម​ធម្មតា ​នឹង​ចូល​ជា​ធរមាន​នៅ​យប់​ថ្ងៃ​សុក្រ​ ​ទី​ ២៦​ កុម្ភៈ​នេះ ​នៅ​ម៉ោង​១២​រំលង​អាធ្រាត្រ។ កាល​ពី​ដើម​សប្តាហ៍​នេះ ​លោក​អូបាម៉ា ​និង​លោក​ពូទីន​ បាន​អះអាង​រួម​គ្នា ​អំពី​ឆន្ទៈ​របស់​មហាអំណាច​ទាំង​ពីរ​ ដែល​ចង់​ឲ្យ​ការ​ដាក់​អាវុធ​នេះ ​ មាន​ប្រសិទ្ធិភាព​១០០%។ ការ​នេះ​អាច​សម្រេច​ទៅ​បាន​ទាល់តែ​ភាគី​ទាំង​អស់​ នាំគ្នា​គោរព។

 
ក្រុម​សម្ព័ន្ធ​ប្រឆាំង​រដ្ឋាភិបាល​បាស្ឆា ​ទទួល​ស្គាល់​បទ​ឈប់បាញ់៖
សួរថា​តើ​ភាគី​ណាខ្លះ​ព្រម​ ភាគី​ណា​មិន​ព្រម? ដូច​យើង​ដឹង​ហើយ​ថា ​មាន​ភាគី​ច្រើន​ណាស់ ​ជា​ពិសេស​គឺ​ក្រុម​ចលនា​តស៊ូ ​ដែល​ចែក​បក្សពួក​ជា​ច្រើន​ក្រុម ​ មាន​ទីតាំង​ខុសៗ​គ្នា។ កាល​ពី​ថ្ងៃ​ពុធ ​ទី ២៤​កុម្ភៈ​នេះ ​ ក្រុម​គណកម្មាធិការ​ជាន់ខ្ពស់​ដើម្បី​ការ​ចរចា ​ដែល​ជា​បក្សសម្ព័ន្ធ​ក្រុម​ប្រឆាំង​នឹង​រដ្ឋាភិបាល​បាស្ឆា ​ បាន​ប្រកាស​ថា​ពួកគេ​សុខចិត្ត​ ទទួល​យក​ការ​ទម្លាក់អាវុធ​បណ្តោះ​អាសន្ន​នេះ។

អ្វី​ដែល​ពួក​គេ​ចង់​បាន ​ គឺ​ការ​ផ្អាក​ការ​បាញ់បោះ ​ក្នុង​គោលការណ៍​បណ្តោះ​អាសន្ន​រយៈពេល​២​សប្តាហ៍​ ​ដើម្បី​ឲ្យ​មាន​ការ​បើកផ្លូវ​ ដឹក​ជញ្ជូន​ស្បៀង​ទៅ​ជួយ​ប្រជាជន​ស៊ីរី។ ហើយ​ចំណុច​មួយ​ទៀត​ ការ​ផ្អាក​ឈប់​បាញ់​បណ្តោះ​អាសន្ន​នេះ ​ ក៏​ជា​ឱកាស​មួយ​ ​ដើម្បី​ស្ទៀបស្ទង់​មើល ​ពី​ភាព​ស្មោះត្រង់​របស់​ប្រធានាធិបតី​បាស្ឆា ​ ថា​ពិត​ជា​ចង់​ស្វែង​រក​ច្រក​ចេញ​ដោយ​សន្តិវិធី ​ រឺមួយ​យ៉ាង​ណា។ ក៏​ប៉ុន្តែ​បើ​និយាយ​ឲ្យ​ត្រង់​ទៅ​ តាម​ពិត​ក្រុម​ឧទ្ទាម​ប្រឆាំង​ គ្មាន​ជម្រើស​អី​ផ្សេង ​ ក្រៅពី​គាំទ្រ​ការ​ទម្លាក់​អាវុធ​ទេ​ ព្រោះថា​នៅ​សមរភូមិ​ពួក​គេ ​បាន​វាយ​ដកថយ ​បាត់បង់​កម្លាំង​ច្រើន​ណាស់ ​ ដោយសារ​តែ​ចាញ់​កងទ័ព​រដ្ឋាភិបាល​បាស្ឆា ​និង​គ្រាប់​បែក​របស់​រុស្ស៊ី។
 

កុមារស៊ីរី ខំប្រឹង​សម្លឹង​​កេស​​ជំនួយស្បៀង​អាហារ​ ​​ដែល​គេ​​កំពុង​​ជញ្ជូន​​ចុះ​​ពី​​រថយន្ត
កុមារស៊ីរី ខំប្រឹង​សម្លឹង​​កេស​​ជំនួយស្បៀង​អាហារ​ ​​ដែល​គេ​​កំពុង​​ជញ្ជូន​​ចុះ​​ពី​​រថយន្ត REUTERS/Bassam Khabieh

បាស្ឆា ​សន្យា​ព្យាយាម​គោរព៖
សម្រាប់​ភាគី​រដ្ឋាភិបាល​បាស្ឆា​វិញ ​ត្រូវ​បាន​ខាង​រុស្ស៊ី​អះអាង​ថា​ លោក​បាស្ឆា អាល់អាសាដ ​បាន​ធានា​ជាមួយ​លោក​ប្រធានាធិបតី​ពូទីន​រួចរាល់​ហើយ ​ថា​សុខចិត្ត​ធ្វើ​គ្រប់យ៉ាង ​ដើម្បី​គោរព​ការ​ឈប់បាញ់​បណ្តោះ​អាសន្ន។ ចំណែក​កងទ័ព​រុស្ស៊ី​បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ខាង​គេ​បាន​ចាប់ផ្តើម​ចរចា​ទម្លាក់​អាវុធ​ ជាមួយ​ក្រុម​កម្លាំង​ឧទ្ទាម​ នៅ​តំបន់​៥​ផ្សេងៗ​គ្នា ​មាន​តំបន់​ Hama  Homs  Lattaquié  Damas ​និង  ​Deraa
 
ក្រៅ​ពី​ភាគី​ទាំង​នេះ ​អារ៉ាប៊ីសាអូឌីត ​និង​អ៊ីរ៉ង់​ ក៏​បាន​ព្រមព្រៀង​ទទួល​យក​កិច្ច​ឈប់បាញ់​បណ្តោះ​អាសន្ន​នេះ​ដែរ ​ បន្ទាប់​ពី​ប្រធានាធិបតី​ពូទីន​ បាន​ទូរស័ព្ទ​ទៅ​បញ្ចុះបញ្ចូល​ម្តង​មួយៗ។ ប៉ុន្តែ​សូម​បញ្ជាក់​ជា​ថ្មី​ម្តង​ទៀត​ ថា​ការ​ទម្លាក់​អាវុធ​បណ្តោះ​អាសន្ន​នេះ ​ គឺ​មិន​អនុវត្ត​ជាមួយ​នឹង​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម ​ និង​ក្រុម​អាល់ន័រស្រា ​ដែល​ជា​ក្រុម​អាល់កាយដា​ទេ។ ក្រុម​ទាំង​ពីរ​នេះ​ ជា​ក្រុម​ភេរវកម្ម​ ដូច្នេះ ​ ការ​វាយ​ប្រហារ​ទៅ​លើ​ក្រុម​នេះ​នឹង​នៅ​តែ​បន្ត​ដដែល។

ផ្អាក​ឈប់បាញ់​១០០% ​ទូទាំង​ស៊ីរី ​ជា​រឿង​សុបិន្ត៖
ចំណុច​ដែល​នៅតែ​ជា​មន្ទិល​សង្ស័យ​ គឺថា​ទន្ទឹម​នឹង​ការ​ដាក់​អាវុធ​ត្រូវ​ផ្អាក​ទូទាំង​ប្រទេស ​ក៏​ប៉ុន្តែ​ការ​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម ​ និង​ក្រុម​អាល់ន័រស្រា ​នៅតែ​បន្ត​ដដែល។ មេទ័ព​ម្នាក់​របស់​កងទ័ព​រដ្ឋាភិបាល ​បាស្ឆា ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ទីក្រុង​ដារ៉ាយ៉ា ​ដែល​ធ្លាប់​ជា​មូលដ្ឋាន​ធំ​មួយ​របស់​ក្រុម​ឧទ្ទាម ​នឹង​មិន​ត្រូវ​ចាត់​បញ្ចូល​ក្នុង​បទ​ឈប់បាញ់​នេះទេ​ ព្រោះនៅ​ទីក្រុង​នេះ ​ មាន​ក្រុម​ឧទ្ទាម​អាល់ន័រស្រា ​ បើ​ទោះបី​ជា​ចំនួន​កម្លាំង​របស់​ក្រុម​នេះ​នៅ​ទី​នោះ​មាន​តិចតួច​ក៏​ដោយ ​ ​ក៏​កងកម្លាំង​រដ្ឋាភិបាល​ស៊ីរី​ នឹង​បន្ត​វាយ​កម្ទេច​ដដែល។

ក្រៅ​ពីនេះ ​ នៅ​មាន​តំបន់​មួយ​ចំនួន ​ ដែល​ក្រុម​ឧទ្ទាម​ប្រឆាំង​ស៊ីរី​ មាន​ទំនាក់ទំនង​រួម​កម្លាំង​គ្នា​ជាមួយ​នឹង​ក្រុម​ឧទ្ទាម​អាល់ន័រស្រា។ អញ្ចឹង​កងទ័ព​រដ្ឋាភិបាល ​អាច​យក​លេស​នេះ ​បន្ត​វាយ​ទៅ​លើ​ក្រុម​ឧទ្ទាម​ប្រឆាំង​បន្តទៀត។ ដូច​គ្នា​ដែរ ​តួកគី​ ក៏​នៅ​មិន​ទាន់​បាន​សន្យា​ថា ​នឹង​ឈប់​ទំលាក់​គ្រាប់​ទៅ​លើ​ក្រុម​ឧទ្ទាមគួដ​ទេ។

ធ្វើម្តេច​តាមដាន​ថា ​បទ​ឈប់បាញ់​ត្រូវ​គេ​គោរព?
សួរថា​តើ​ត្រូវ​មាន​យន្តការ​អី្វ​ ដើម្បី​តាមដាន​បទ​ឈប់បាញ់​នេះ? តាម​ការ​ឲ្យដឹង​ ​ពី​លោក​ចន ឃែរី​ ក្រុម​អ្នក​ជំនាញ​អាមេរិក ​ និង​រុស្ស៊ី ​នឹង​ជួប​ប្រជុំ​គ្នា​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ ​ ដើម្បី​បង្កើត​ក្រុម​ការងារ​ពិសេស​មួយ ​ដែល​មាន​តួនាទី​តាម​ដាន​ឃ្លាំមើល​ ការ​គោរព​បទ​ឈប់​បាញ់​នេះ។

ឃ្លាំមើល​ដោយ​វិធី​ណា ​យើង​នៅ​មិន​ទាន់​ដឹង​ទេ។ ក៏​ប៉ុន្តែ​អ្វី​ដែល​អ្នក​វិភាគ​យល់​ថា​ចាំបាច់​នា​ពេល​នេះ ​ គឺ​ត្រូវ​កំណត់​ឲ្យ​ច្បាស់​លាស់ ​ថា​ក្រុម​ណា ​ភាគី​ណា​ត្រូវ​គោរព ​ទីតាំង​តំបន់​ណាខ្លះ​ដែល​ត្រូវ​គោរព។ ព្រោះ​ថា​បើ​នៅ​តែ​មាន​ការ​ប្រយុទ្ធ​នៅ​ត្រង់​នេះ​នៅ​ត្រង់​នោះ ​ដោយ​ម្នាក់ៗ​អះអាង​ថា​ដោយសារ​មាន​វត្តមាន​ក្រុម​ជីហាដ ​រឺ​ក្រុម​អាល់ន័រស្រា ​នោះ​មាន​ន័យ​ថា ​គ្មាន​ការ​ឈប់បាញ់​បណ្តោះ​អាសន្ន​ស្អី​ទេ។

លោក​ ចន ឃែរី ​គម្រាម​ថា​នឹង​ប្រើ​ជម្រើស​ចុង​ក្រោយ៖
អ្វីដែល​លោក ចន ឃែរី ​បាន​ថ្លែង​កាល​ពី​ពុធទី ​២៤​កុម្ភៈ​ ​គឺ​លោក​សំដៅ​ថា​ ការ​ដាក់​អាវុធ​ត្រូវតែ​គោរព​ ហើយ​បន្ទាប់​មក​ទៀត ​ បាស្ឆា ​ត្រូវតែ​ចូល​តុ​ចរចា​ដើម្បី​ដោះស្រាយ​វិបត្តិ​ដោយ​សន្តិវិធី។ តែ​បើ​នៅ​តែ​បរាជ័យ ​គេ​នឹង​ប្រើ​ជម្រើស​ទី​ពីរ។

តាំង​ពី​ដើម​ទី​មក​ រដ្ឋាភិបាល​លោក​អូបាម៉ា ​ព្យាយាម​ដោះស្រាយ​បញ្ហា​តាម​រយៈ​ការ​អំពាវនាវ​ ឲ្យ​ភាគី​ទាំងអស់​មក​ចរចា​ដោយ​សន្តិវិធី ​ខុស​ពី​ចំណាត់​ការ​កាល​ពី​ជំនាន់​ប្រធានាធិបតី​ប៊ូស ​ដែល​ចូល​ទៅ​ប្រើ​កម្លាំង​ទ័ព​វាយ​ភ្លាមៗ​តែម្តង។ ក៏​ប៉ុន្តែ​ដល់​ដំណាក់​កាល​នេះ ​អ្វីៗ​ហាក់​នៅ​តែ​ជាប់​គាំង។ ដូច្នេះ​ហើយ​ ​បានជា​គេ​គិត​​សង្ស័យ​ថា ​លោក​អូបាម៉ា ​អាច​នឹង​ប្តូរ​យុទ្ធសាស្ត្រ​ លេង​ធម្មក្តៅ​ម្តង ​តាម​រយៈ​ការ​ប្រើ​កម្លាំង​ជា​ទ្រង់ទ្រាយ​ធំ ​ បើសិន​ការ​ទម្លាក់​អាវុធ​បណ្តោះ​អាសន្ន​ជួប​បរាជ័យ។

យក​សង្រ្គាម​ ទៅ​បញ្ចប់​សង្រ្គាម?
សម្រាប់​ពេល​នេះ ​ អ្វីៗ​គ្រាន់តែ​ជា​ការ​ប៉ាន់ស្មាន​របស់​អ្នក​វិភាគ​ប៉ុណ្ណោះ។ តែ​លោក​ចន ឃែរី ​ បាន​ឆ្លើយ​ទៅ​អ្នក​កាសែត​ដែរ​ថា ​ នរណា​ដែល​គិត​ចង់​បំផ្លាញ​បទ​ឈប់បាញ់​បណ្តោះ​អាសន្ន​នេះ ​ និង​ស្តាយ​ក្រោយ​ជាក់ជា​មិន​ខាន។ អ្នក​កាសែត​សួរ​គាត់​ទៀត​ថា ​ជម្រើស​ទី​ពីរ​នោះ ​មាន​ពិត​ប្រាដក​មែន​រឺ​អត់? គាត់​ឆ្លើយ​ថា​ ចាំ​តែ​តាម​ដាន​មើល​ទៅ ​ក្នុង​ពេល​ខាងមុខ ​ថាវា​មាន​មែន​រឺ​ក៏​អត់។ សរុប​ទៅ ​ យើង​អាច​សន្និដ្ឋាន​បានថា​ រដ្ឋាភិបាល​លោក​អូបាម៉ា ​អាច​នឹង​ប្រើ​កម្លាំង​ជា​ទ្រង់ទ្រាយ​ធំ ​ដោយ​ប្រើ​ទ័ព​ថ្មើរជើង​ ជាមួយ​សម្ព័ន្ធ​មិត្ត​ផ្សេង​ទៀត ​ ដើម្បី​បញ្ចប់​បញ្ហា​ស៊ីរី។ គឺ​មាន​ន័យ​ថា ​ ដើម្បី​បញ្ចប់​សង្រ្គាម ​ គឺ​​ត្រូវ​ធ្វើ​សង្រ្គាម ​ ដោយ​ចៀស​មិន​រួច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI