អានតួអត្ថបទ
អារ៉ាប៊ីសាអីឌីត-កាតា

អារ៉ាប៊ីសាអូឌីត​ គំរាម​ប្រើ​កម្លាំង​យោធា​លើ​កាតា បើ​កាតា​ហ៊ាន​ទិញ​ប្រព័ន្ធ​ខែល​មីស៊ីល​ពី​រុស្ស៊ី

ប្រព័ន្ធបាញ់មីស៊ីល ​កំទេច​មីស៊ីល S-400 របស់​រុស្ស៊ី តាំងបង្ហាញ​​នៅ​ក្រុង​មូស្គូ ថ្ងៃ​ទី២២​​សីហា ​២០១៧។
ប្រព័ន្ធបាញ់មីស៊ីល ​កំទេច​មីស៊ីល S-400 របស់​រុស្ស៊ី តាំងបង្ហាញ​​នៅ​ក្រុង​មូស្គូ ថ្ងៃ​ទី២២​​សីហា ​២០១៧។ Alexander NEMENOV / AFP
ដោយ៖ ម៉ម ពិសី
1 នាទី

បើតាមការចុះផ្សាយរបស់កាសែតLe Monde របស់បារាំងបានឲ្យដឹងថា ព្រះចៅសាល់ម៉ាន់របស់អារ៉ាប៊ីសាអូឌីត បានផ្ញើរលិខិតមួយទៅកាន់លោកប្រធានាធិបតីបារាំង សុំឲ្យបារាំង ជួយធ្វើអន្តរាគមន៍ អូសទាញនឹងពន្យល់មេដឹកនាំប្រទេសកាតា កុំឲ្យទិញប្រព័ន្ធខែលមីស៊ីលការពារផ្លូវអាកាស ពីរុស្ស៊ីឲ្យសោះ។ ពុំនោះទេ អារ៉ាប៊ីសាអូឌីត នឹងបំផ្លាញប្រព័ន្ធខែលនោះចោល បើទោះបីជាត្រូវប្រើកម្លាំងយោធា ទៅលើកាតាក៏ដោយ។

ផ្សាយពាណិជ្ជកម្ម

យោងតាមប្រភពចុះផ្សាយ ដោយសាព័ត៌មានដ៏ល្បីបំផុតរបស់បារាំង ឈ្មោះ Le Monde បានឲ្យដឹងថា ព្រះចៅសាល់ម៉ាន់ របស់អារ៉ាប៊ីសាអូឌីត បានផ្ញើរលិខិតមួយទៅកាន់ប្រធានាធិបតីបារាំង។ ក្នុងលិខិតនោះ បានសរសេរថា អារ៉ាប៊ីសាអូឌីត មានការព្រួយបារម្ភណាស់ ទាក់ទិននឹងបំណងរបស់កាតា ដែលចង់ទិញប្រព័ន្ធខែលមីស៊ីលរបស់ រុស្ស៊ី។ព្រះចៅសាល់មាន់ បានលើកឡើង ក្នុងលិខិតនោះថា ក្នុងនាមបារាំង ជាដៃគូមានទំនាក់ទំនងនឹងកាតា ត្រូវជួយពន្យល់កាតា កុំឲ្យធ្វើដូច្នោះ។ បើសិនជាកាតា នៅតែរឹងទទឹង ទិញប្រព័ន្ធខែលមីស៊ីលនេះ ពីរុស្ស៊ីមែន នោះអារ៉ាប៊ីសាអូឌីត នឹងត្រៀមខ្លួន ប្រើកម្លាំងយោធា ទៅលើកាតា។

ទោះជាយ៉ាងណាក្តី ទីភ្នាក់ងារព័ត៌មានបារាំង AFP បានព្យាយាមទាក់ទងទៅក្រសួងការបរទេសបារាំង និងវិមានប្រធានាធិបតីបារាំង ក៏ប៉ុន្តែពុំបានចម្លើយអ្វីទាំងអស់ ទាក់ទិននឹងលិខិត ដែលកាសែត Le Monde  បានលើកឡើងនេះ។

សូមរំលឹកថា ប្រទេសកាតា មានជម្លោះរកាំរកូសជាមួយនឹងអារ៉ាប៊ីសាអ៊ូឌីត មួយឆ្នាំមកហើយ។ អារ៉ាប៊ីសាអូឌីត បានចោទប្រកាន់កាតា ថាមានទំនោរខិតទៅរកអ៊ីរ៉ង់ ហើយបានចំណាយលុយទំនុកបំរុងក្រុមភេរវកម្មមួយចំនួនទៀតផង។ កាលពីថ្ងៃទី៥ មិថុនា ឆ្នាំ​២០១៧ អារ៉ាប៊ីសាអូឌីត អេហ្ស៊ីប បារ៉ែន យេម៉ែន និងអេមៀរ៉ាតអារ៉ាប់រួម បានព្រួតគ្នាផ្តាច់ចំណងការទូតជាមួយកាតា និងបិទច្រកព្រំដែនទាំងអស់ ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស។

ថ្វីត្បិតតែមានការព្យាយាមចរចានឹងគ្នា តែភាពរកាំរកូសនេះ នៅមិនទាន់ដោះស្រាយបាននៅឡើយ។ ចាប់តាំងពីដើមឆ្នាំ២០១៨មក កាតា បានព្យាយាមធ្វើប្រតិបត្តិការការទូត និងសេដ្ឋកិច្ច ដើម្បីងើបខ្លួនចេញពីការកៀបសង្កត់ របស់អារ៉ាប៊ីសាអូឌីត និងប្រទេសជុំវិញខ្លួន។ នៅខែមករា ឯកអគ្គរដ្ឋទូតកាតាប្រចាំក្រុងមូស្គូ បានអះអាងប្រាប់ទីភ្នាក់ងារព័ត៌មាន​រុស្ស៊ីថា កាតាកំពុងតែចរចា ទិញប្រព័ន្ធមីស៊ីល កំទេចមីស៊ីល ប្រភេទ S-400 របស់រុស្ស៊ី។ បើតាមការប្រកាសរបស់ភាគីទាំង២ ការចរចារវាងកាតា និងរុស្ស៊ី បានដើរដល់ដំណើរការជិតបានសម្រេច១០០%ទៅហើយ។

ការគំរាមប្រើកម្លាំងយោធា លើកាតា ពីសំណាក់អារ៉ាប៊ីសាអូឌីតនេះ គឺជារឿងមួយធ្ងនធ្ងរណាស់​ ហើយអាចត្រូវភាគីកាតា ចាត់ទុកថាជាការលូកលាន់បំពានសិទ្ធិរបស់កាតា។ ជាងនេះទៅទៀត កាលពីខែកុម្ភៈ អារ៉ាប៊ីសាអូឌីត ខ្លួនឯង ក៏បានទទួលស្គាល់ថា ខ្លួនក៏បានស្នើសុំទិញប្រព័ន្ធខែលមីស៊ីល របស់​រុស្ស៊ី​នេះដែរ។ តែយ៉ាងណា វាគឺជាសិទ្ធិរបស់កាតា ដែលអាចមានប្រព័ន្ធខែលមីស៊ីលការពារខ្លួន ខណៈដែលអារ៉ាប៊ីសាអូឌីតខ្លួនឯង ក៏មានប្រព័ន្ធខែលមីស៊ីលមួយទិញពីអាមេរិកដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ