អារ៉ាប៊ីសាអ៊ូឌីត បើកសម្ភោធឆ្នាំថ្មី ដោយប្រហារជីវិតមនុស្ស៤៧នាក់
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអ៊ូឌីត បានបើកស្វាគមន៍ឆ្នាំថ្មីនេះ ជាមួយនឹងការកាត់ទោសប្រហារជីវិតមនុស្ស ចំនួន៤៧នាក់ ដែលក្នុងចំណោមនោះ ភាគច្រើនគឺជាសកម្មជននិកាយឈីអ៊ីត និងមានម្នាក់ជាមនុស្សដ៏សំខាន់ នៅក្នុងចលនាប្រឆាំងនេះ។ មនុស្សទាំងអស់នេះ ត្រូវបានកាត់ទោសប្រហារជីវិត ពីបទបានប្រព្រឹត្តិអំពើភេរវកម្ម ក្នុងចេតនាផ្តួលរំលំរបបរាជានិយមអារ៉ាប៊ីសាអ៊ូឌីត ដែលរបបនេះ ត្រូវគេស្គាល់យ៉ាងច្បាស់ ថាជារបបផ្តាច់ការនិយមនិកាយអ៊ីស្លាមស៊ុនីត។
ការកាត់ទោសប្រហារជីវិត បានធ្វើឡើងនៅក្នុងទីកន្លែង១២កន្លែង ផ្សេងគ្នា នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ ក្នុងចំណោមអ្នកទោសចំនួន ៤៧នាក់ គឺមានមនុស្សម្នាក់ ឈ្មោះ នីមៀរ អាល់នីមៀរ អាយុ៥៦ឆ្នាំ។ មនុស្សម្នាក់នេះ ជាមេដឹកនាំក្រុមអ៊ីស្លាមឈីអ៊ីត នៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត ហើយដែលកន្លងមក បានដឹកនាំការតស៊ូមតិ រិះគន់របបផ្តាច់ការរបស់រដ្ឋាភិបាលអារ៉ាប៊ីសាអ៊ូឌីត។ រាជវង្ស អាល់សាអ៊ូដ ដែលគ្រប់គ្រងអារ៉ាប៊ីសាអ៊ូឌីតបច្ចុប្បន្ន គឺជារាជវង្សអ៊ីស្លាមស៊ុនីត ហើយដែលត្រូវបានសហគមឈីអីត ចោទប្រកាន់ថាបានធ្វើទុក្ខបុកម្នេញទៅលើពួកគេ។
អារ៉ាប៊ីសាអ៊ូឌីត បានចោទប្រកាន់ក្រុមសកម្មជនឈីអ៊ីត ថាជាក្រុមអ៊ីស្លាមភេរវកម្ម ដែលមានបំណងផ្តួលរំលំរបបគ្រប់គ្រងអារ៉ាប៊ីសាអ៊ូឌីតតាមបែបនិកាយស៊ុនីត។ ជាការពិត ក្នុងចំណោមអ្នកទោសទាំងនោះ មានមួយចំនួនគឺជាក្រុមភេរវកម្ម កូនចៅរបស់ក្រុមជីហាដអាល់កាអ៊ីដា ដែលបានធ្វើភេរវកម្ម នៅឆ្នាំ២០០៣ និង ២០០៤។
អ៊ីរ៉ង់ ដែលជាអគ្គមគុទេសអ៊ីស្លាមនិកាយឈីអ៊ីត បានធ្វើការបរិហារ និងចង្អុលមុខអារ៉ាប៊ីសាអ៊ូឌីត ជាច្រើនលើកមកហើយ ថាបានយកលេសភេរវកម្ម ដើម្បីបោសសម្អាតសកម្មជនឈីអ៊ីត ដែលបានប្រឆាំងរិះគន់របបផ្តាច់ការស៊ុនីត។ ដោយឡែក កាលពីដើមខែធ្នូ ក្រុមឧទ្ទាមជីហាដអាល់កាអ៊ីដា ដែលមានមូលដ្ឋាននៅយ៉េមែន បានប្រកាសថាពួកគេនឹងធ្វើការបង្ហូរឈាម នៅលើទឹកដីអារ៉ាប៊ីសាអ៊ូឌីត បើសិនជាអារ៉ាប៊ីសាអ៊ូឌីត ធ្វើការប្រហារជីវិតក្រុមជីហាដមិត្តរួមអាវុធរបស់គេ។
យ៉ាងណាក៏ដោយ ការកាត់ទោសប្រហារជីវិត នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ត្រូវបានមជ្ឈដ្ឋានទូទៅ មានការព្រួយបារម្ភ ដោយសារតែរបបផ្តាច់ការអារ៉ាប៊ីសាអ៊ូឌីត បានត្រួតត្រាទាំងស្រុងទៅលើប្រព័ន្ធតុលាការ។ សកម្មជនប្រឆាំងដែលជាអ្នកកាន់សាសនាអ៊ីស្លាមឈីអ៊ីត ត្រូវគេលាបពណ៌លាយឡំជាមួយនឹងក្រុមជីហាដជ្រុលនិយម ដែលជាក្រុមភេរវកម្ម។ យោងតាមតួលេខរបស់ទីភ្នាក់ងារព័ត៌មានបារាំង កាលពីឆ្នាំ២០១៥កន្លងទៅ អារ៉ាប៊ីសាអ៊ូឌីត បានប្រហារជីវិតមនុស្សចំនួន ១៥៣នាក់។ ៤៧នាក់ ដែលត្រូវគេប្រហារជីវិតនាពេលនេះ គ្រាន់តែជាការបើកទំព័រឆ្នាំថ្មីតែប៉ុណ្ណោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ