អារ៉ាប៊ីសាអូឌីត

អារ៉ាប៊ីសាអូឌីតរញ្ជួយ ដោយសារ​ព្រះអង្គ​ម្ចាស់​ទាយាទ​MSB ​បើក​ប្រតិបត្តិការ​សំអាត​អំពើ​ពុករលួយ

ព្រះអង្គម្ចាស់​រាជទាយាទ​ Mohammed ben Salmane
ព្រះអង្គម្ចាស់​រាជទាយាទ​ Mohammed ben Salmane FAYEZ NURELDINE / AFP

នៅអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់រាជទាយាទ Mohammed Ben Salmane បានបើកប្រតិបតិ្តការ បោសសំអាតអំពើពុករលួយដ៏ធំ មិនធ្លាប់មាន តាមរយៈការបង្កើតគណកម្មការប្រឆាំងអំពើពុករលួយមួយ។ គ្រាន់តែបានប្រកាសបង្កើតភ្លាម  មានមនុស្សជាច្រើននាក់ ដែលបានជាប់សំណាញ់នេះ ដែលក្នុងនោះមានព្រះអង្គម្ចាស់គ្រួសារញាតិវង្សចំនួន១១នាក់ រដ្ឋមន្ត្រី អតីតរដ្ឋមន្រ្តី ព្រមទាំងអ្នកជំនួញធំៗ ជាច្រើននាក់ផ្សេងទៀត។

ផ្សាយពាណិជ្ជកម្ម

ព្រះអង្គម្ចាស់ Mohammed Ben Salmane ដែលគេតែងនិយមហៅកាត់ថា MSB កំពុងធ្វើឲ្យរញ្ជួយអារ៉ាប៊ីសាអូឌីត។ តាមរយៈគណកម្មការប្រឆាំងអំពើពុករលួយ ដែលទើបតែត្រូវបានបង្កើត ហើយស្ថិតក្រោមការដឹកនាំ របស់ខ្លួនព្រះអង្គផ្ទាល់  មានមនុស្សជាច្រើននាក់ ដែលកំពុងតែត្រូវជាប់សំណាញ់ នៃការបោសសំអាតអំពើពុករលួយនេះ។

ក្នុងចំណោម អ្នកដែលជាប់ចោទ គឺមាន ដូចជា ព្រះអង្គម្ចាស់និងជាអ្នកជំនួញដ៏ល្បីបំផុត ឈ្មោះ Al-Walid ben Talal។ បន្ទាប់មកទៀត មានព្រះអង្គម្ចាស់ Metab ben Abdallah មេបញ្ជាការកងសេនាជាតិ  ហើយដែលកន្លងមក ធ្លាប់ត្រូវបានគេសង្ស័យថាអាចជារាជទាយាទដែរ។ ព្រះអង្គម្ចាស់ Abdallah Al-Sultan មេបញ្ជាការកងទ័ពជើងទឹក និងព្រះអង្គម្ចាស់ Abdel Fakih រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ក៏ជាប់សំណាញ់អំពើពុករលួយនេះដែរ។

យោងតាមការផ្សាយរបស់ទូរទស្សន៍ Al-Arabya បានឲ្យដឹងថា ជាសរុប គឺមានព្រះអង្គម្ចាស់១១នាក់ រដ្ឋមន្ត្រី៤នាក់ និងអតីតរដ្ឋមន្ត្រីជាង១០នាក់ និងមហាសេដ្ឋីជាច្រើន ដែលត្រូវជាប់ចោទថាបានប្រព្រឹត្តិអំពើពុករលួយ។ គណកម្មការពិសេស ដែលទើបតែបានបង្កើតនេះ បានធ្វើការសើររើ ទៅដល់ករណីចាស់ៗជាច្រើន តាំងពីឆ្នាំ២០០៩។

យ៉ាងណាមិញ ព្រះរាជអាជ្ញាអារ៉ាប៊ីសាអូឌីត បានអះអាងថា ទោះជនជាប់ចោទ មានងារ មានតំណែងជាអ្វីក៍ដោយ ក៏ត្រូវតែទទួលបាននូវចំណាត់ការចំពោះមុខច្បាប់ ដូចគ្នាទៅនឹងប្រជាជនសាមញ្ញដែរ។ ចំណែករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា គណនីធនាគារ របស់ជនជាប់ចោទទាំងអស់​ ត្រូវបង្កកទុកមិនឲ្យមានចរាចរណ៍ទេ ហើយទ្រព្យសម្បត្តិ ក៏ដូចជាប្រាក់ ដែលបានមកពីអំពើពុករលួយទាំងអស់ នឹងត្រូវប្រគល់ទៅឲ្យរដ្ឋវិញ។ បើតាមប្រភពពីអាកាសចរណ៍ស៊ីវីល យន្តហោះឯកជនទាំងអស់ ត្រូវបានហាមឃាត់មិនឲ្យចេញដំណើរទេ ដើម្បីទប់ស្កាត់ កុំឲ្យមានការរត់គេចខ្លួន។

ក្នុងវ័យ៣២ឆ្នាំ ព្រះអង្គម្ចាស់ MSB គឺជារាជទាយាទ ស្នងដំណែងពីបិតា ព្រះចៅសាល់ម៉ាន់ ដែលមានព្រះជន ៨១វស្សារទៅហើយ។ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ព្រះអង្គម្ចាស់រាជទាយាទរូបនេះ បានបន្តចាត់វិធានការផ្សេងៗ ដើម្បីពង្រឹងអំណាច និងធ្វើកំណែទម្រង់នានា កាន់តែខ្លាំងឡើងៗ។ កាលពីថ្ងៃទី ២៤ តុលា ក្នុងឱកាសវេទិកាសេដ្ឋកិច្ច ព្រះអង្គម្ចាស់ បានសន្យាថា នឹងធ្វើឲ្យអារ៉ាប៊ីសាអូឌីត ក្លាយជាប្រទេសបើកចំហរ មិនជ្រុលនិយម ដើម្បីលាងជំរះនូវកេរ្តិ៍ឈ្មោះអាក្រក់កន្លងមក ដែលនិយាយថា អារ៉ាប៊ីសាអូឌីត ជាប្រទេសផ្សព្វផ្សាយអ៊ីស្លាមផ្តាច់ការ ហើយសំបូរទៅដោយមហាសេដ្ឋីពុករលួយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI